ទស្សនៈ​សង្គម​ស៊ីវិល​ចំពោះ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ ទីន ហ្សាការីយ៉ា
2019-10-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី

អង្គការ​សង្គម​ស៊ីវិល បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​គម្រោង​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះជាតិ។ អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ព្រួយបារម្ភ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​កង កម្លាំង​របស់​របប​ក្រុងភ្នំពេញ។ រីឯ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​មិន​ជឿ​ថា លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​ការសន្យា​នោះ​ទេ ដូច្នេះ​គ្មាន​ព្រឹត្តិការណ៍​ធំ​ៗ​អ្វី​កើតឡើង​ឡើយ ហើយ​វិបត្តិ​នយោបាយ​នៅតែ រ៉ាំរ៉ៃ​ដដែល។

នៅសល់ ៣​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា វិញ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ក្តី​ព្រួយបារម្ភ​ផ្សេងៗ​គ្នា​ជុំវិញ​ផែនការ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រឆាំង​នេះ។

អ្នកនាំពាក្យ​សមាគម​ អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក សម រង្ស៊ី ពិតជា​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដោយ​គ្មាន​ការ​ចរចា​នយោបាយ​ជា​មុន​នោះ លោក​បារម្ភ​ថា អាច​នឹង​កើតមាន​អំពើ​ហិង្សា​រវាង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​កង​កម្លាំង​របស់​រដ្ឋាភិបាល។ លោក​​នៅ​តែ​ទទូច​ឱ្យ​មេដឹកនាំ​នយោបាយ​ទាំងពីរ​ភាគី វិល​ទៅ​រក​វប្បធម៌ សន្ទនា​ដោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ៖ «ដរាបណា​មិន​ទាន់​បាន​សម្របសម្រួល​នយោបាយ ដែល​ឱ្យ​គណបក្ស​ជំទាស់​បាន​មក​ចូលរួម​ប្រកួត​ប្រជែង​នយោបាយ​បាន​ដោយ​សេរី ដោយ​ត្រឹមត្រូវ​ដោយ​ស្មើ​ភាព​ទេ គឺ​កាល​ដែល​ចូល​មក​បែបនេះ យើង​ឃើញ​ថា អាច​ធ្វើ​ឱ្យ​មានការ​លំបាក​ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​ហិង្សា​នានា។ បញ្ហា​ទាំងអស់​នេះ​យើង​ដឹង​ហើ​ ខាង សហគមន៍​អន្តរជាតិ​គេ​អត់​ចង់​ឃើញ​កម្ពុជា​ធ្លាក់​ទៅ​ស្ថានភាព​អាក្រក់​បែបនេះ​ទេ គឺ​គេ​ចង់​ឃើញ កម្ពុជា​វិល​ទៅ​រក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ប្រើប្រាស់​កងកម្លាំង​ទៅ​បង្ក្រាប​ពលរដ្ឋ ដែល​គ្រាន់តែ​ក្រោកឈរ​តវ៉ា​ដោយ​សន្តិវិធី​នោះ គឺ​រដ្ឋាភិបាល​នឹង​រង​ការ​ចោទ​ប្រកាន់​ថា រំលោភច្បាប់ ជាតិ និង​អន្តរជាតិ ព្រមទាំង​ទទួល​ការរិះគន់​ថ្កោល​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត៖ «បើ​យើង​ឃើញ​ថា សកម្មភាព​តវ៉ា​ណាមួយ​ទៅលើ​រឿង នយោបាយ​ក្តី​រឿង​អ្វី​ក្តី​ហើយ​ជា​ការ​ទាមទារ​ដោយ​សន្តិវិធី​នោះ គឺជា​រឿង​ដែល​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ប៉ុន្តែ​អ្នក​បង្ក្រាប​ទៅវិញ​ទេ​ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ព្រោះថា គេ​តវ៉ា​ទាមទារ ដោយ​អហិង្សា ហើយ​យើង​ទៅ​ប្រើ​មធ្យោបាយ​ហិង្សា»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ប្រសិនបើ​ថ្ងៃ​ទី​៩ វិច្ឆិកា ពិត​ជា​មាន​ព្រឹត្តិការណ៍​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ជាពិសេស លោក សម រង្ស៊ី នោះ គឺ​នឹង​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​រវាង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​មិន​ខាន។ ការ​អះអាង​ដូច្នេះ​ព្រោះ​លោក​កត់សម្គាល់​ថា គ្រាន់តែ​លោក សម រង្ស៊ី ប្រកាស​កំណត់​ថ្ងៃ​ជាក់លាក់​វិល​ចូល​កម្ពុជា​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​បក្ស ប្រឆាំង​តាម​មូលដ្ឋាន​ជា​បន្តបន្ទាប់៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល អត់​ចង់​ឃើញ​ទិដ្ឋភាព នៃ​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ទេ ព្រោះ​យើង​សុទ្ធតែ​ខ្មែរ​ដូចគ្នា។ អ្វី​ដែល​សំខាន់​គឺ​អ្នក​នយោបាយ គួរតែ​គិត​គួរ​រក​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​ឡើង​កម្ដៅ​នេះ ដោយ​សន្តិវិធី ជាជាង​ប្រើប្រាស់​ពលរដ្ឋ​ហើយ​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​។ នេះ​គឺ​វា​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ ទោស​ធ្ងន់ធ្ងរ​។ អ្នក​នយោបាយ​ត្រូវតែ​គិត​អំពី​ឧត្ដម​ប្រយោជន៍​ជាតិ និង​ឧត្ដម​ប្រយោជន៍ ប្រជាពលរដ្ឋ​ជាធំ ជាជាង​ផលប្រយោជន៍​នយោបាយ និង​អំណាច»

ទោះ​យ៉ាង​ណា​ក្តី លោក អំ សំអាត យល់​ថា ប្រសិនបើ​មាន​ផ្ទុះ​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង គ្រោះ គឺ​រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ។ លោក​ថា រដ្ឋាភិបាល​​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​គ្រប់រូប ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ និង​មិន​អាច​បើ​ប្រាស់​អាវុធ​ទៅ​បាញ់ ឬ​បង្ក្រាប​ពលរដ្ឋ នោះ​ទេ៖ «ប្រសិនបើ​មាន​អំពើ​ហិង្សា​កើតឡើង គឺ​ទី​១ ត្រូវ​ដាក់​ប្រទេស​យើង​ក្នុង​ស្ថានភាព​ជា​អាសន្ន ដែល​រដ្ឋាភិបាល មាន​ភាព​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ ប៉ុន្តែ ប្រសិនបើ​កើត​នូវ​អំពើ​ហិង្សា​ផ្ទុះឡើង​ហើយ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ គឺជា​ធម្មតា​យើង​ឃើញ ហើយ​នៅ​លើ​ពិភពលោក គឺ​មានតែ​អ្នក​ដែល​កាន់អំណាច ឬ​រដ្ឋាភិបាល​ទេ ដែល​ជា​អ្នកទទួល​ខុសត្រូវ។ ល្មម​ដល់ពេល​គ្រប់គ្រាន់​ហើយ​មេរៀន​និង​បទពិសោធន៍​កន្លងមក​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង ឈឺចាប់ បាត់បង់ រង​ទុក្ខទោស​ដោយសារ​សង្គ្រាម និង​ការ​ឈ្លោះ​គ្នា»

រហូត​មក​ទល់​ពេលនេះ គណបក្សប្រឆាំង និង​គណបក្ស​កាន់អំណាច​មិនទាន់​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ចរចា​នោះ​ទេ​។ ភាគី​ទាំងពីរ កំពុង​បង្កើន​វោហារសាស្ត្រ​ដាក់គ្នា​ទៅវិញទៅមក​បណ្ដាល​ឱ្យ​ស្ថានភាព​នយោបាយ​កាន់តែ​ឡើង​កម្ដៅ។ កន្លង​មក លោក សម រង្ស៊ី ធ្លាប់​បង្ហាញ​ជំហរ​ចង់​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ ប៉ុន្តែ​របប​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​ឡើយ ដោយ​និយាយ​ថា មិន​បន្ទាប​ខ្លួន​ទៅ​និយាយ​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះ​ទេ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ព្យាករណ៍​ថា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា គឺ​មិន​មាន​ព្រឹត្តិការ អ្វី​ធំដុំ ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ ព្រោះ​លោក​ជឿជាក់​ថា លោក សម រង្ស៊ី នឹង​មិន​វិល​ចូល​កម្ពុជា​វិញ តាម​ការសន្យា​ឡើយ​។ លោក​មើល​ឃើញ​ហេតុផល​ពីរ​យ៉ាង​ដែល​លោក សម រង្ស៊ី មិន​អាច​វិល​ចូល​កម្ពុជា ទី​១ អាច ដោយសារ​លោក សម រង្ស៊ី ខ្លាច ទី​២ អាច​ដោយសារ​រដ្ឋាភិបាល រារាំង​ឬ​មិន​អនុញ្ញាត​ឱ្យ​យន្តហោះ​ដឹកជញ្ជូន លោក សម រង្ស៊ី។ លោក​យល់​ថា លុះត្រា​តែ​​មាន​ការ​ចរចា​នយោបាយ​ជាមុន ទើប​មេ​បក្ស​ប្រឆាំង​រូប​នេះ មាន​ឱកាស​វិល​ចូល​កម្ពុជា ប៉ុន្តែ​ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ មាន​សង្ឃឹម​តិច​តូច​ប៉ុណ្ណោះ​ក្នុង​ការ​ចរចា៖ «ខ្ញុំ​ដូចជា​គ្មាន​ព្រួយបារម្ភ​រឿង​នេះ​ទេ ខ្ញុំ​ព្រួយបារម្ភ តែ​ពី​រឿងប្រេះឆា នៃ​ប្រទេសជាតិ​ដែល​ធ្វើ​ឱ្យ​មាន​ជម្លោះ​នយោបាយ​ធំ​ជាង​គេ​បង្អស់។ រឿង​ថ្ងៃ​ទី៩ វិច្ឆិកា ខ្ញុំ​មើល​ទៅ​គ្មាន​ព្រឹត្តិការណ៍​អី​ធំដុំ​ទេ រឿង​អ្នកនយោបាយ​នៅតែ​បន្ត​ធ្វើជា​អ្នកនយោបាយ មាន​លេស​មាន​មូលហេតុ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​អ្វី​ដែល​យើង​ព្រួយបារម្ភ​ជាងគេ​នោះ គឺ​អ្នកគាំទ្រ​ដែល​កំពុង តែ​រង​នូវ​ការ​គាប​សង្កត់​ផ្នែក​រាងកាយ​និង​ការ​គំរាមកំហែង​ផង ហើយ​យើង​មើល​កម្ពុជា​ហាក់​ដូចជា​នៅ​បន្ត​ការ​ប្រេះឆា បន្ត​នូវ​ការ​ឈ្លោះ ការ​គាប​សង្កត់​ជាង​រឿង​នយោបាយ ខ្ញុំ​អត់​ពេញចិត្ត​ទាល់តែសោះ»

កន្លង​មក​លោក សម រង្ស៊ី ធ្លាប់​ប្រកាស​ថា វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាច្រើនលើក​ច្រើន​សារ តែ​លោក​នៅ​មិនទាន់​វិល​វិញ​តាម​ការប្រកាស​នោះ​នៅ​ឡើយ​។ លើស​​ពី​​នេះ​លោក​បាន​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​នៃ​ការ​វិល​ចូល​ស្រុក​វិញ​ជា​ញឹកញយ។ តែ​ទោះជា​យ៉ាងណា លោក​ប្រកាស​ជំហរ​ចុងក្រោយ​ថា លើក​នេះ លោក នឹង​​វិល​​ចូល​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ​ឱ្យ​ខាង​តែ​បាន ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ដោះស្រាយ​បញ្ហា​នានា​ដែល​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស​រក្សា​ការ​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ។ ចំណែក​របប​ក្រុង​ភ្នំពេញ​វិញ បាន​ប្រកាស​ជា​បន្តបន្ទាប់ ដោយ​មិន​ខ្វល់​​ពី​រឿង​ខុសច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ​ថា បាន​ត្រៀម​កងទ័ព ជានិច្ច​ដើម្បី​វាយកម្ទេច​ក្រុម​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល