លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន ត្រូវតែបង្ខំចិត្ត ដោះលែងអ្នកទោសនយោបាយទាំងអស់ នៅពេលឆាប់ៗនេះ ក៏ដោយសារតែរបបនេះទាល់ច្រក រងសម្ពាធពីសហគមន៍អន្តរជាតិ។ អ្នកវិភាគក៏យល់ឃើញ ថាការដោះលែងអ្នកជាប់ឃុំជាបណ្ដើរៗ និងគម្រោងដោះលែងអ្នកជាប់ឃុំច្រើនបន្ថែមទៀត ដែលជាអ្នកទោសនយោបាយ គឺមិនមែនកើតឡើងដោយចៃដន្យទេ គឺកើតឡើងដោយសារ ការព្រមានដាក់ទណ្ឌកម្មបន្ថែម ពីអន្តរជាតិ ចំពោះការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនោះឯង។
លោក សម រង្ស៊ី មេដឹកនាំចលនាសង្គ្រោះជាតិ អះអាងថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ នឹងកើតមាននៅពេលឆាប់ៗខាងមុខនេះ គឺដោយសារលោក ហ៊ុន សែន ត្រូវបង្ខំចិត្ត ធ្វើ ព្រោះរបបនេះកំពុងរងសម្ពាធរបស់អន្តរជាតិ។ ម្យ៉ាងទៀតលោក ហ៊ុន សែន កំពុងខំប្រឹងរកភាពស្របច្បាប់ឲ្យរបបថ្មីនេះ ដែលកើតចេញពីការបោះឆ្នោត ខ្វះការទទួលស្គាល់ជាទូទៅបែបនេះ។
ថ្លែងសារតាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែ សីហានេះ លោក សម រង្ស៊ី ហាក់មិនចាប់អារម្មណ៍ ទៅនឹងការព្រមានរបស់លោក ហ៊ុន សែន ដែលមួយថ្ងៃមុននេះ គម្រាមថា នឹងប្ដូរចិត្ត មិនទាន់ដោះលែងអ្នកទោសទាំង ១២នាក់វិញទេ បើនរណាហ៊ានរិះគន់លោកថា គម្រោងដោះលែងទ្រង់ទ្រាយធំនេះ គឺមកពីសម្ពាធអន្តរជាតិនោះ។ លោក ហ៊ុន សែន ថាលោក ស្អប់ពាក្យថា "សម្ពាធអន្តរជាតិ នេះណាស់"។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ថែមទាំង ព្រមានឲ្យអ្នកជាប់ឃុំ ដែលលោកអះអាងថា បានសរសេរលិខិត សុំទោសលោករួចទៅហើយនោះ ត្រូវតែសរសេរលិខិតឡើងវិញ ដោយថ្កោលទោស អ្នកដែលនៅក្រៅឃុំ ហើយហ៊ានស្រែកថា ការដោះលែងនេះ កើតឡើងពីសម្ពាធបរទេស។ «»
ទោះយ៉ាងណា លោក សម រង្ស៊ី ព្រមានទៅលោក ហ៊ុន សែន ថាការគ្រាន់តែដោះលែងអ្នកជាប់ឃុំ ដែលជាអ្នកទោសនយោបាយទាំងអស់នោះ ប៉ុណ្ណឹងមិនគ្រប់គ្រាន់ ដើម្បីលុបលាងនូវការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនោះឡើយ។ លោក សម រង្ស៊ី បន្ថែមថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ គ្រាន់តែជាលក្ខខណ្ឌចាំបាច់មួយ តែមិនមែនជាលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឲ្យលោក ហ៊ុន សែន សង្ឃឹមថា សហគមន៍អន្តរជាតិប្ដូរចិត្តមកឈប់ដាក់ទណ្ឌកម្មរបបនេះនោះទេ។
លោក សម រង្ស៊ី បន្ដថា ក្នុងចំណោមលក្ខខណ្ឌដទៃទៀត ដែលលោក ហ៊ុន សែន ត្រូវបំពេញបន្ថែម គឺត្រូវអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ត្រូវអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយ ពេញលេញដូចមុន និងការផ្តល់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទៅសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ចំនួនជាង ៥ពាន់ (៥០០៧) រូប ឡើងវិញ ព្រមទាំងការទម្លាក់ចោល រាល់ការចោទប្រកាន់ ចំពោះមន្ត្រីគណបក្សប្រឆាំងទាំងអស់ និងមន្ត្រីសង្គមស៊ីវិលទាំងអស់ ដែលលោក ហ៊ុន សែន និង តុលាការដែលលោក សម រង្ស៊ី ហៅថាជាតុលាការអាយ៉ងនៃរបបក្រុង បានរករឿងធ្វើទុក្ខបុកម្នេញ ដោយហេតុផលនយោបាយ។
លោក សម រង្ស៊ី បន្ដថា មានតែបំពេញលក្ខខណ្ឌទាំងអស់នេះទេ ទើប លោក ហ៊ុន សែន អាចផ្ដល់ជំនឿទៅសហគមន៍អន្តរជាតិ ថា លទ្ធិប្រជាធិបតេយ្យ អាចរស់ឡើងវិញបាន នៅប្រទេសកម្ពុជា។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា ការលើកឡើងរបស់ លោក សម រង្ស៊ី មិនប៉ះពាល់ ដល់គម្រោងដោះលែងអ្នកទោសនយោបាយទេ ព្រោះការដោះលែង អ្នកទោសនយោបាយ មិនមែនកើតចេញ ពីគំនិតចង់បង្រួបបង្រួមជាតិពិតប្រាកដ ដូច លោក ហ៊ុន សែន និយាយទេ ប៉ុន្ដែការដោះលែងអ្នកទោសនយោបាយ គឺកើតចេញពីសម្ពាធអន្តរជាតិ និងការចង់ឲ្យបានភាពស្របច្បាប់របស់របបថ្មី ពីសហគមន៍អន្តរជាតិ។
លោក បុង ដែត បន្ដថា អ្វីដែលក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ចង់បាននៅពេលនេះ មិនមែនការបន្ដឃុំឃាំង អ្នកទោសនយោបាយបន្ដទៀតទេ គឺពួកគេចង់បានអំណាច កិត្តិយស និងគុណតម្លៃ។ «»
ដោយសារតែសម្ពាធអន្តរជាតិ និងការខិតខំរកភាពស្របច្បាប់ ឲ្យរបបថ្មីរបស់លោក ហ៊ុន សែន ទើបអ្នកវិភាគយល់ថា ការដោះលែងបន្ថែម រហូតដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផង នឹងកើតមានផងដែរ។
អ្នកវិភាគយល់ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អាចនឹងត្រូវដោះលែងដែរ ក្នុងពេលឆាប់ៗនេះ ព្រោះរបបក្រុងភ្នំពេញ ចង់ប្រើប្រាស់សេរីភាព អ្នកទោសនយោបាយ និងសេរីភាពរបស់ប្រធានបក្សប្រឆាំង ប្ដូរយកភាពស្របច្បាប់នៃរបបថ្មី ដែលកើតចេញពីការបោះឆ្នោត គ្មានគណបក្សប្រឆាំងធំជាងគេចូលរួមនោះ។
ប៉ុន្តែ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) ក៏បានព្រមានលោក ហ៊ុន សែន ដែរថា លោកនៅតែយល់ថា ទង្វើរបស់លោក ហ៊ុន សែន ក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ រហូតអន្តរជាតិថ្កោលទោសជុំទិសបែបនេះ នឹងពិបាកលុបលាងបានណាស់ ព្រោះសហគមន៍អន្តរជាតិ ស្គាល់លោក ហ៊ុន សែន ច្បាស់ថាជាដឹកនាំផ្ដាច់ការ និងអាក្រក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
