ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងថា អ្នកដែលកំពុងធ្វើសង្គ្រាមស្អប់ជាតិសាសន៍ឯង គឺលោក ហ៊ុន សែន ដោយសារលោកកំពុងចាត់ទុកខ្មែរ សកម្មជន និងមន្ត្រីបក្សប្រឆាំងថា ជាសត្រូវដែលត្រូវកម្ទេច។ ប្រតិកម្មរបស់លោក សម រង្ស៊ី ធ្វើឡើងក្រោយលោក ហ៊ុន សែន ប្រកាសធ្វើសង្គ្រាមជាមួយលោក និងក្រុមបក្សប្រឆាំង ជាសាធារណៈពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទោះជាលោកធ្លាប់បានប្រកាសច្រើនដងថា មិនខ្ចីជ្រលក់មាត់ ឬមិនខ្ចីនិយាយអំពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះក៏ដោយ។
លោក សម រង្ស៊ី ចាត់ទុក្ខសារប្រកាសសង្គ្រាមរបស់លោក ហ៊ុន សែន បែបនេះថា ជាការបង្ហាញឱ្យឃើញពីភាពបាត់ម្ចាស់ការតែប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន ដឹងខ្លួនថា កម្លាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នឹងឈរនៅខាងអ្នកនិយមប្រជាធិបតេយ្យ ជាជាងឈរនៅខាងជនផ្ដាច់ការ៖ «ភាសាដែលគាត់និយាយកាន់តែខ្លាំង បង្ហាញថា គាត់កាន់តែភ័យស្លន់ស្លោ ពីព្រោះគាត់ដឹងថា គេយល់ឃើញទាំងអស់គ្នា អំពីទង្វើអាក្រក់របស់គាត់ អំពីសកម្មភាព ដែលសម្លាប់ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»។
នៅក្នុងវេទិកានៃសន្និសីទអន្តរជាតិ ស្ដីពីអនាគតអាស៊ី ដែលមានមេដឹកនាំប្រទេសជាច្រើន នៅតំបន់អាស៊ីចូលរួម លោក ហ៊ុន សែន ឆ្លៀតឱកាសនោះ វាយប្រហារ និងប្រមាថកាតទៀនលោក សម រង្ស៊ី ថា ជាសត្វធាតុ ដោយសារតែលោក សម រង្ស៊ី ប្រកាសថា នឹងវិលត្រឡប់ទៅស្រុកខ្មែរវិញក្នុងឆ្នាំ២០១៩ នេះ៖ «អ៊ីចឹងខ្ញុំសុំប្រកាសដោយចំហពីទីនេះ ឱ្យពិភពលោកបានដឹងថា ខ្ញុំកំពុងរង់ចាំសង្គ្រាមមួយ ដែលវានឹងកើតឡើង តាមរយៈការប្រកាសរបស់ជនក្បត់ជាតិ គេហៅថា ឆ្កែមួយក្បាល ដែលស្រែកពីក្រៅប្រទេស ប្រកាសឱ្យប្រជាពលរដ្ឋចាប់ ហ៊ុន សែន។ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំកំពុងរង់ចាំធ្វើសង្គ្រាម»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនភ្ញាក់ផ្អើលទៅនឹងសម្តីរបស់លោក ហ៊ុន សែន នោះទេ ដោយលោកបញ្ជាក់ថា ចរិតរបស់មេដឹកនាំរបបឯកបក្សនេះ ជាមនុស្សបាតផ្សារ និងតែងតែប្រើភាសាបាតផ្សារបែបនេះ ជាទម្លាប់តាំងពីយូរលង់ណាស់មកហើយ។ លោក សម រង្ស៊ី បន្ថែមថា មហិច្ឆតាបង្កាត់ភ្លើងសង្គ្រាម គឺកើតចេញពីលោក ហ៊ុន សែន ឯណោះទៅវិញទេ ព្រោះរបបលោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលជាការធ្វើសង្គ្រាមជាមួយរាស្ត្រឯងនោះ៖ «ខ្ញុំបញ្ជាក់ម្តងទៀតថា អត់មានសង្គ្រាមអ្វីទេ។ សង្គ្រាម គឺសង្គ្រាមដែលលោក ហ៊ុន សែន ធ្វើឡើងប្រឆាំងប្រជារាស្ត្រខ្មែរ។ ហើយខ្ញុំក្នុងនាមគណបក្សសង្គ្រោះជាតិ ខ្ញុំនៅតែប្រកាសថា យើងអត់មានចាត់ទុកខ្មែរណាជាសត្រូវទេ។ តែយើងត្រូវតែខិតខំទាំងអស់គ្នា ដើម្បីដកបុគ្គលម្នាក់ បុគ្គលបាតផ្សារ បុគ្គល ហ៊ុន សែន បុគ្គលក្បត់ជាតិ ពីព្រោះបើបុគ្គលហ្នឹង នៅតែដឹកនាំប្រទេសបែបហ្នឹងទៀត ជាតិយើងក៏នឹងរលាយ ហិនហោចសាបសូន្យ ប្រជារាស្ត្រខ្មែរនៅតែវេទនាដដែល»។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន ដៀលលោក សម រង្ស៊ី ថា ជាសត្វធាតុ។ លោក ហ៊ុន សែន ធ្លាប់ហៅលោក សម រង្ស៊ី ថា ជាសត្វតិរច្ឆាន បើមិនហ៊ានវិលត្រឡប់ចូលស្រុកខ្មែរនៅឆ្នាំ២០១៩ នេះដូចតាមការសន្យា។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោក ហ៊ុន សែន បានពង្រឹងការរឹតត្បិតសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត ចំពោះមន្ត្រី និងសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន ដែលស្ម័គ្រទៅគាំទ្រ និងទទួលលោក សម រង្ស៊ី ក្នុងដំណើរវិលទៅស្រុកខ្មែរវិញនោះ។
ការជួបជុំគ្នា ហូបនំបញ្ចុក ដើម្បីផ្ញើសារគាំទ្រលោក សម រង្ស៊ី ត្រូវបានរបបនេះ ចាត់ទុកថាជាអំពើឧទ្ទាម ដែលត្រូវតែបង្ក្រាប និងកម្ចាត់ឱ្យអស់ជាដើម។ អាជ្ញាធរតាមមូលដ្ឋានរបស់របបលោក ហ៊ុន សែន តាមយាយីអ្នកទាំងនោះ នៅគ្រប់ទីកន្លែង។ ជាងនេះទៅទៀត លោក ហ៊ុន សែន បានប្រកាសកម្ទេចរចនាសម្ព័ន្ធ ដែលនៅសេសសល់របស់គណបក្សសង្គ្រោះជាតិ ដូចទ្រឹស្ដីខ្មែរក្រហម ដែលថា ជីកស្មៅ ត្រូវជីកទាំងឫស។
របបនេះ បានហៅឈ្មោះមេដឹកនាំគណបក្សប្រឆាំងថា ជាជនក្បត់ជាតិ ដែលបក្សប្រឆាំងអះអាងថា ការចោទប្រកាន់នេះ គឺជាលេសរបបនេះយកមកប្រើដើម្បីរម្លាយគណបក្សនេះ និងដើម្បីធ្វើទុក្ខបុកម្នេញសកម្មជនបក្សនេះ ឥតស្រាកស្រាន្តនោះ។ ប៉ុន្តែ លោក សម រង្ស៊ី ថា អ្នកដែលក្បត់ជាតិ ក្បត់ប្រជារាស្ត្រខ្លួនឯង គឺលោក ហ៊ុន សែន និងមន្ត្រីរបបនេះទៅវិញទេ៖ «ខ្ញុំសូមឱ្យបងប្អូនជនរួមជាតិវិភាគនិយមន័យពាក្យ ក្បត់ជាតិ។ តើទង្វើណាខ្លះ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ? តើនរណាកាត់ទឹកដីប្រទេសកម្ពុជាឱ្យទៅបរទេស ? ហ្នឹងគេហៅថាក្បត់ជាតិ។ តើលោក កឹម សុខា និង សម រង្ស៊ី មានដែលកាត់ទឹកដីខ្មែរ ដូចជាកោះត្រល់ ទៅប្រទេសជិតខាង ? អ្នកកាត់ទឹកដីខ្មែរឱ្យទៅប្រទេសជាតិខាង គឺលោក ហ៊ុន សែន។ ក្បត់ជាតិ គឺធ្វើឱ្យប្រទេសយើងបាត់បង់អធិបតេយ្យជាតិ និងឯករាជ្យជាតិ ដែលធ្វើឱ្យប្រទេសយើងរណបបរទេស»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដដែលនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលនិយមប្រជាធិបតេយ្យ រួមទាំងកងកម្លាំងប្រដាប់អាវុធផង ក្រោកឡើងដើម្បីតស៊ូស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ លោកចាត់ទុកការតស៊ូ ដើម្បីដកលោក ហ៊ុន សែន ចេញពីដំណែង តាមរយៈការទាមទារឱ្យមានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិផងនោះ មិនមែនជាការធ្វើសង្គ្រាមទេ។ ប៉ុន្តែ ជាការរកសុខសន្តិភាព យុត្តិធម៌សង្គម និងភាពសុខដុមរមនា នៅក្នុងសង្គមខ្មែរសម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។