ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​វៀតណាម​ចង់​ឃើញ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​ព្រំដែន​តាម​សន្យា

ដោយ ថា កិត្យា
2016-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្លូវ​ចេញ​ពី​ច្រក​ព្រំដែន​នៃ​ប្រទេស​វៀតណាម ទៅ​ស្រុក​ចន្ទ្រា ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Choup Sereyroth
ផ្លូវ​ចេញ​ពី​ច្រក​ព្រំដែន​នៃ​ប្រទេស​វៀតណាម ទៅ​ស្រុក​ចន្ទ្រា ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Choup Sereyroth
RFA/Choup Sereyroth

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ខេត្ត​ស្វាយរៀង នៅ​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ស្ទើរ​គ្រប់​វិស័យ ដូចជា​ផ្លូវ​ថ្នល់ ប្រឡាយ​ទឹក ភ្លើង មណ្ឌល​សុខភាព និង​តម្លៃ​កសិផល​ជាដើម។ ពួក​គាត់​ចង់​ឃើញ​រដ្ឋាភិបាល អភិវឌ្ឍ​តំបន់​ព្រំដែន​ដូច​ការ​សន្យា ដើម្បី​ស្ដារ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។

ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ទៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​ជាប់​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​វៀតណាម ជាដើម ពេល​នោះ​លោក​អ្នក​នឹង​ឃើញ ឬ​ឮ​ការ​ត្អូញត្អែរ​ពី​ភាព​លំបាក​លំបិន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​កម្ពុជា មាន​ការ​យឺតយ៉ាវ​ខុស​ឆ្ងាយ​ពី​ប្រទេស​ជិត​ខាង។

នៅ​ពេល​នេះ យើង​សូម​រៀបរាប់​តែ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង មួយ​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ជា​ឧទាហរណ៍​ជាក់ស្តែង។

បើ​និយាយ​ពី​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​កាន់​សង្កាត់​ប្រាសាទ ដែល​ជាប់​ព្រំដែន​វៀតណាម នោះ យើង​សង្កេត​ឃើញ​ថា នៅ​រដូវ​ប្រាំង​ផ្លូវ​មាន​ច្រើន និង​ហុយ​ដី​ហួស​ថ្លែង។ រីឯ​រដូវ​វស្សា​វិញ​នោះ ផ្លូវ​នីមួយៗ​ជាប់​ផុង​ពិបាក​ធ្វើ​ដំណើរ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប្រាសាទ រៀបរាប់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពួក​គាត់​ទ្រាំ​រស់នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​បែប​នេះ។ នៅ​សង្កាត់​ប្រាសាទ នោះ គឺ​គ្មាន​មណ្ឌល​សុខភាព​នោះ​ទេ។ ពេល​ឈឺ​ម្តងៗ ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ពិបាក​ឆ្ពោះ​ទៅ​កាន់​មណ្ឌល​សុខភាព​នៅ​ទី​រួម​ស្រុក​ចន្ទ្រា ឬ​ទៅ​កាន់​ពេទ្យ​នៅ​ក្រុង​បាវិត ដែល​មាន​ចម្ងាយ​ប្រមាណ ៨ ទៅ ៩​គីឡូម៉ែត្រ៖ «ទី​១ ផ្លូវ ទី​២ ភ្លើង ទី​៣ ប្រឡាយ​ទឹក គឺ​អត់​មាន​សោះ ទទេ​តែម្ដង! និយាយ​រួម​ពិបាក​រហូត​ហ្មង ជា​ពិសេស​ពិបាក​សម្រាប់​ស្ត្រី​ពោះ​ធំ​ដែល​ដឹក​គ្នា​ទៅ​ឆ្ងាយ លើ​ផ្លូវ​ពិបាក អាច​ធ្លាក់​កូន​តាម​ផ្លូវ​ទៀត»ថ្វីត្បិតតែ​សង្កាត់​ប្រាសាទ ឋិត​នៅ​ក្នុង​ក្រុង​បាវិត ក្តី តែ​ប្រជាពលរដ្ឋ​ហៅ​ទីនោះ​ថា​មិន​មែន​ជា​ទីក្រុង​សម្រាប់​មនុស្ស​នោះ​ទេ គឺ​ជា​ទីក្រុង​គោ ឬ​ក្រុង​ក្របី។ ក្រៅ​តែ​ពិបាក​រឿង​ផ្លូវ​ធ្វើ​ដំណើរ និង​មណ្ឌល​សុខភាព​នោះ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ដែរ​ថា ពួក​គាត់​គ្មាន​ភ្លើង​ប្រើប្រាស់​នោះ​ទេ បើ​ទោះ​បី​ជា​ពួក​គាត់​ថា​បង្គោល​ភ្លើង ត្រូវ​បាន​គេ​បោះ​ឆ្លង​កាត់​សង្កាត់​ប្រាសាទ ពីរ​បី​ឆ្នាំ​ទៅ​ហើយ​ក្តី។ រីឯ​ប្រឡាយ​ទឹក​វិញ ក៏​គ្មាន​សម្រាប់​ធ្វើ​កសិកម្ម​ដូចជា​ប្រទេស​វៀតណាម ដែល​មាន​ផ្លូវ ភ្លើង ប្រឡាយ​ទឹក​រត់​ខ្វាត់ខ្វែង​នោះ៖ «»

ប្រជាពលរដ្ឋ​មាន​ចម្ងល់​ថា រដ្ឋាភិបាល​ហាក់​គិត​ពី​ប្រយោជន៍​គណបក្ស​ច្រើន​ជាង​ជោគវាសនា​ប្រទេស​ជាតិ និង​ប្រជាជន​ទៅ​ទៀត។

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម នោះ​រៀបរាប់​ថា ភាគច្រើន​ពួក​គាត់​ខ្ចី​លុយ​ពី​ធនាគារ ឬ​អង្គការ​ផ្សេងៗ​ដើម្បី​ទិញ​គោ​ទិញ​ក្របី​ចិញ្ចឹម គ្រាន់​បាន​ធំធាត់​យក​ទៅ​លក់​ក្រែង​បាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព។ ពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត ដើរ​រើស​អាចម៍​គោ​អាចម៍​ក្របី​លក់​ឲ្យ​វៀតណាម ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ក្លាយ​ជា​កម្មករ​ស៊ី​ឈ្នួល​ឲ្យ​ជនជាតិ​វៀតណាម។

ចំណែក​យុវជន​ពេញ​កម្លាំង​ភាគច្រើន បាន​បោះបង់​ការ​សិក្សា ហើយ​ចូល​ធ្វើ​ការ​រោងចក្រ និង​កាស៊ីណូ​នៅ​ក្រុង​បាវិត ហើយ​ផ្សេង​ទៀត​ឡើង​មក​ភ្នំពេញ​ដើម្បី​ធ្វើ​ការ​សំណង់ និង​នៅ​តាម​រោងចក្រ​ដែរ។ នៅ​តាម​បណ្តោយ​ព្រំដែន​នោះ មិន​សូវ​មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ស្រូវ​ប៉ុន្មាន​ឡើយ ដោយសារ​ពួក​គាត់​គ្មាន​ដើម​ទុន គ្មាន​ប្រឡាយ​ទឹក និង​បច្ចេកទេស​ជាដើម ហើយ​ម្យ៉ាង​ទៀត ពួក​គាត់​ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​កសិកម្ម​មិន​ទទួល​បាន​ផល​ចំណេញ៖ «វៀតណាម​គឺ​គេ​រីកចម្រើន​ណាស់ តែ​អាជ្ញាធរ​ខ្មែរ​គេ​មិន​ដែល​ចុះ​មក​ត្រួត​ពិនិត្យ​ពលរដ្ឋ​ខ្មែរ​ផង។ ពេល​បោះ​ឆ្នោត​រដ្ឋាភិបាល​សន្យា​ថា នឹង​កសាង​ផ្លូវ មាន​ប្រឡាយ​ទឹក និង​ដាក់​ភ្លើង​អោយ​ប្រើប្រាស់ តែ​ពេល​បោះឆ្នោត​រួច​ហើយ​គឺ​ទទេ អត់​មាន​ធ្វើ​អី​មួយ»

​ពេល​នេះ​ជាង​ពាក់​កណ្ដាល​អាណត្តិ​ទី​៥ ទៅ​ហើយ តែ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត លើក​ឡើង​ថា ពួក​គាត់​មិន​ទាន់​ឃើញ​មាន​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ដូច​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាជន​ឡើយ៖ «សូម​រដ្ឋាភិបាល​ជួយ​ផង សំខាន់​ទី​១ គឺ​កុំ​អោយ​វៀតណាម ចូល​មក ទី​២ អោយ​មាន​ប្រឡាយ​ទឹក ទី​៣ អោយ​មាន​មន្ទីរពេទ្យ សំខាន់​ទី​៤ អោយ​មាន​ផ្លូវ​ថ្នល់ និង​ធ្វើ​យ៉ាង​ណា​អោយ​មាន​ភ្លើង។ វៀតណាម​គេ​ល្អ​ណាស់! តែ​មិន​បាច់​ដូច​ប្រទេស​គេ​ក៏​បាន សូម​ត្រឹម​តែ​ពាក់​កណ្ដាល ឬ​ប៉ុន​ក្រចកដៃ​គេ​ក៏​បាន​ដែរ»

បើ​និយាយ​ពី​សាលា​សង្កាត់​ដែល​ជា​កន្លែង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​វិញ​នោះ ក៏​តូច​ជាង​ជា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ក្បែរ​គ្នា​នោះ​ទៅ​ទៀត។ មាន​ពេល​ខ្លះ ដោយ​សាលា​សង្កាត់​តូច​ចង្អៀត​ពេក ចៅ​សង្កាត់​ក៏​ប្រើប្រាស់​កន្លែង​ទីស្នាក់ការ​បក្ស​បណ្ដោះអាសន្ន​ម្តងម្កាល​ដែរ។

ចៅ​សង្កាត់​ប្រាសាទ លោក កែវ ឈាន ទទួល​ស្គាល់​ថា សង្កាត់​របស់​លោក​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ ហើយ​ថ្នាក់​លើ​តែងតែ​សន្យា​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​មណ្ឌល​សុខភាព​តាម​ការ​ស្នើសុំ​របស់​លោក​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ពេល​ណា​ទើប​ចាប់​ផ្តើម​ធ្វើ​នោះ​ទេ។ លោក​ថា សូម្បី​តែ​សាលា​សង្កាត់​ដ៏​តូច​នោះ ក៏​លោក​ជា​អ្នក​សុំ​ជំនួយ​ពី​សប្បុរស​ជិត​ឆ្ងាយ​កសាង​ដែរ បន្ទាប់​ពី​គម្រោង​ជួយ​កសាង​សាលា​សង្កាត់​ពី​សំណាក់​រដ្ឋាភិបាល​បាន​បាត់​ទៅ​វិញ៖ «ខ្ញុំ​បាន​ត្រឹម​តែ​រាយការណ៍ និង​សុំ​យោបល់​អ៊ីចឹង​ទេ។ សោកស្ដាយ​មហា​សោកស្ដាយ​ហើយ ព្រោះ​ខ្ញុំ​ចង់​អោយ​តែ​បង​ប្អូន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​អី​បាន​ស្រួល មិន​មាន​ល្បាប់។ ខ្ញុំ​ចង់​បាន​ល្អ​ណាស់ តែ​វា​គឺ​ជា​រឿង​ថ្នាក់​លើ​ដោះស្រាយ មិន​ដឹង​ថា វា​បាន​ឆាប់ ឬ​ក៏​យូរ​នោះ​ទេ»

លោក កែវ ឈាន ឲ្យ​ដឹង​ដែរ​ថា សង្កាត់​របស់​លោក​ឆ្នាំ​នេះ​ទទួល​បាន​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច ជាង ១០០​លាន​រៀល​សម្រាប់​ប្រើប្រាស់​រយៈពេល ១​ឆ្នាំ ហើយ​ក្នុង​នោះ​បែងចែក​សម្រាប់​ធ្វើ​ផ្លូវ​អស់ ៥៤​លាន​រៀល។ លោក​ចៅ​សង្កាត់​រូប​នេះ​បន្ថែម​ថា លោក​ក៏​មាន​បំណង​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​បាន​រឹងមាំ​ដែរ ប៉ុន្តែ​សង្កាត់​ប្រាសាទ នៅ​ពុំ​ទាន់​មាន​លទ្ធភាព​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ការ​ការពារ​ព្រំដែន​របស់​កម្ពុជា នៅ​ក្នុង​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ។ លោក ហ៊ុន សែន ឲ្យ​ដឹង​ថា លោក​ទើប​តែ​ចុះ​ហត្ថលេខា​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ភាគ​ខាង​កើត។ លោក​បន្ត​ថា ការ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សមរម្យ​តាម​ទល់ដែន គឺ​ជា​យុទ្ធសាស្ត្រ​ការពារ​មួយ​ដែល​លោក​ថា តែងតែ​ប្រាប់​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត៖ «បាន​ណែនាំ​ខេត្ត​តាកែវ ថ្ងៃ​មុន និង​បណ្ដា​ខេត្ត វិធី​ដែល​ល្អ​ជាង​គេ​គឺ​វិធី​ពង្រាយ​ប្រជាជន​ទៅ​តាម​ខេត្ត។ ទាំង​ខាង​កើត ទាំង​ខាង​លិច ទាំង​ខាង​ជើង។ ប៉ុន្តែ​មិន​អាច​យក​ប្រជាជន​ទៅ​ចោល​បាន​ទេ ត្រូវ​តែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​គាត់។ ជម្រើស​ល្អ​ជាង​គេ​ក្នុង​ការ​ការពារ​ទល់​ដែន គឺ​ជម្រើស​ដាក់​ប្រជាពលរដ្ឋ​អភិវឌ្ឍ​នៅ​តាម​ទល់​ដែន»

ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទៅ​លើ​ការ​ពង្រាយ​ប្រជាជន និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ស្វាគមន៍​ជា​ថ្មី ប៉ុន្តែ​ពួក​គេ​ចង់​ឃើញ​មាន​ការ​អនុវត្ត​ជាក់ស្តែង​ច្រើន​ជាង​និយាយ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​មាន​អភិបាលកិច្ច​ល្អ ប៉ុន្តែ​គ្មាន​ការ​អនុវត្ត​ជាក់ស្តែង​នៅ​តាម​ព្រំដែន​ឡើយ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​ព្រំដែន គឺ​មិន​មែន​មាន​តែ​នៅ​លើ​បបូរ​មាត់ និង​នៅ​លើ​ក្រដាស​នោះ​ទេ៖ «ខ្ញុំ​ចូល​ប្រជុំ ​នៅ​សាលាខេត្ត​ឃើញ​គេ​និយាយ​ល្អ​ណាស់ មាន​អភិបាលកិច្ច​ល្អ តែ​បើ​និយាយ​ហើយ​ត្រូវ​តែ​ធ្វើ​អោយ​បាន តែ​មក​ដល់​អាណត្តិ​ទី​៥​នេះ​ហើយ យើង​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​អត់​មាន​អី​ផ្លាស់ប្ដូរ។ យើង​អាច​និយាយ​បាន​ថា ពេល​យើង​ទៅ​ដល់​ទី​នោះ គឺ​ដូច​សម័យ ៧៩​ទៅ​វិញ គឺ​អត់​មាន​អី​ផ្លាស់ប្ដូរ​ទេ។ ដល់​ពេល​អត់​ផ្លូវ អណ្ដូង​ទឹក​ដូច្នេះ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​តែ​ចូល​មក​ក្នុង ហើយ​ធ្វើ​អោយ​គេ​មាន​ឱកាស​ចូល​មក​ធ្វើ​ចូល​មក​អី​អ៊ីចឹង»

ការ​អភិវឌ្ឍ​ព្រំដែន​យឺតយ៉ាវ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា​ជា​ចំណុច​ខ្សោយ​មួយ​របស់​កម្ពុជា ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន​ពី​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ ការ​មិន​សូវ​អើពើ​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាជន​នៅ​តាម​ព្រំដែន រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​តំបន់​ព្រំដែន​កាន់​តែ​ច្រើន ដើម្បី​ស្វែងរក​ការងារ​នៅ​កន្លែង​ផ្សេង ដែល​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​ក្លាយ​ជា​តំបន់​គ្មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន ដូចជា​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម កន្លង​មក​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ជួល​ដី​ស្រែ​របស់​ខ្លួន​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ។

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​តាម​ព្រំដែន​អាច​ធ្វើ​ការ​អភិវឌ្ឍ​បម្រើ​ប្រជាពលរដ្ឋ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គួរ​តែ​បោះឆ្នោត​ចេញ​ពី​បុគ្គល​មិន​ពាក់ព័ន្ធ​នឹង​បក្ស​នយោបាយ គឺ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពលរដ្ឋ។ អំណាច​មួយ​ចំនួន​គួរ​ឯករាជ្យ និង​ហិរញ្ញវត្ថុ​មួយ​ផ្នែក​ណា​មួយ ក៏​ត្រូវ​ឯករាជ្យ​ដោយ​ខ្លួន​ឯង ហើយ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​កញ្ចប់​ថវិកា​ពិសេស​បន្ថែម និង​លើក​ទឹក​ចិត្ត​តាម​រយៈ​ការ​ប្រឡង​ប្រណាំង​ភូមិ-ឃុំ​ស្អាត​ជាដើម៕

ទស្សនា​វីដេអូ​ដែល​ទាក់ទង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

This is what the CPP has to show for the past 35 years? They can't build roads for people but they sure can build 2 or 3 nice big villas for themselves. People have lose hope with this lying murderous corrupt government. Change is a must in 2017 and 2018. Please remember...

"We are poor individuals with no power, but together on election days, we will bring down this corrupt murderous government."
ពួក​យើង​គឺ បុគ្គលក្រីក្រ មិនមានអំណាច,ប៉ុន្តែជាមួយគ្នានៅថ្ងៃបោះឆ្នោត, យើងនឹងទម្លាក់រដ្ឋាភិបាលឃាតកម្មពុករលួយនេះ។
សូមប្រជាជនរួបរួមគ្នា គំអោយ លោកជាវិជ្ជា លោកឈុតវុទ្ធី លោកកែមឡី ស្លាប់នៅក្នុងការឥតប្រយោជន៍។

Aug 25, 2016 10:52 AM

អ្នក​អាន​អនាមិក

Should be done since 1985 after he rob power from Pen Sovan.

Aug 25, 2016 09:23 AM

គេហទំព័រ​ទាំងមូល