ចៅសង្កាត់ជាប់ឆ្នោតនៅសង្កាត់អូរចារ ពីខាងគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត កំពុងព្រួយបារម្ភថា ការធ្វើទុកបុកម្នេញមកលើកញ្ញាកាន់តែបង្ហាញរូបភាពថ្មីបន្ថែមទៀត ព្រោះកញ្ញាអះអាងថា ចាប់តាំងពីក្រោយកញ្ញាឡើងតុលាការមក មានមនុស្សឈរពីចម្ងាយ ចាំថតឃ្លាំមើលហាងលក់នំបញ្ចុករបស់កញ្ញារហូត។
កញ្ញាសម្ដែងក្តីកង្វល់នេះ តាមសារលើគណនីហ្វេសប៊ុករបស់កញ្ញា កាលពីថ្ងៃទី១១ ខែឧសភា ដោយកញ្ញាផ្ដាំទៅអ្នកយាយីកញ្ញាថា ហាងរបស់កញ្ញា មិនមែនជាកន្លែងឧទ្ទាម ឬកន្លែងប្រមូលផ្តុំនយោបាយ ធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាលអ្វីឡើយ។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សង្កត់ធ្ងន់ៗ ថា កន្លែងហាងនោះ គឺជាកន្លែងឆ្នាំងបាយ រកស៊ីដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ទើបបានចូលខ្លួនទៅបំភ្លឺតុលាការខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែឧសភា ជុំវិញការបើកហាងនំបញ្ចុក ដែលមានមន្ត្រីបក្សប្រឆាំងជាច្រើន ចូលទៅពិសាជុំគ្នា កាលពីចុងឆ្នាំ២០១៨។
ក្រោយកញ្ញាបើកហាងនំបញ្ចុកនេះបានបន្តិច គឺនៅខែមករា ឆ្នាំ២០១៨ សមាជិកសភាពីខាងគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន ចោទកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថាប្រើប្រាស់ហាងនោះ ជាកន្លែងប្រមូលផ្តុំគាំទ្រចលនាឧទ្ទាម។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ច្រានចោលការចោទប្រកាន់នេះ យ៉ាងដាច់អហង្កា។ កញ្ញាបាត់បង់អតិថិជនជាច្រើន ក្រោយសារគំរាមរបស់លោក ឈាង វុន។
អាហារដ្ឋាននេះ គឺជាគំនិតផ្ដួចផ្ដើម និងសហការគ្នារបស់មន្ត្រីគណបក្សប្រឆាំង ដែលមិនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបំណងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ក្រោយពេលពួកគេបាត់បង់តួនាទី ដោយសាររបបលោក ហ៊ុន សែន រម្លាយគណបក្សនេះ និងដកហូតដំណែងចៅសង្កាត់ និងក្រុមប្រឹក្សាទាំងអស់ ទៅចែកឱ្យបក្សផ្សេង ជាពិសេសបក្សកាន់អំណាច។
ឥឡូវរូបភាពនៃការធ្វើទុក្ខបុកម្នេញនេះ នៅតែបន្ត។ ស្ថិតក្នុងស្ថានភាពរងការធ្វើទុក្ខបុកម្នេញ ឥតស្រាកស្រាន្តនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរបន្ថែមថា តើចង់ឱ្យកញ្ញាដាច់ឆ្នាំងបាយឬ? តើមានគិតទេថា ភ្ញៀវនឹងហ៊ានចូលកន្លែងកញ្ញាទៀតដែរឬទេ បើពួកគេដឹងថា មានតាមដាន តាមឃ្លាំមើលអ៊ីចឹង?
កញ្ញាបារម្ភថា កញ្ញានឹងបាត់ភ្ញៀវបន្តទៀត ព្រោះហាងរបស់កញ្ញាបាត់ភ្ញៀវមួយចំនួនធំស្រាប់ទៅហើយ តាំងពីមានការគំរាមរបស់លោក ឈាង វុន កាលពីដើមឆ្នាំ២០១៨ នោះមក។ បើបាត់ទៀត តើឱ្យកញ្ញា និងម្ដាយកញ្ញាមានអ្វីសម្រាប់ចិញ្ចឹមក្រពះបន្តទៅទៀត។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានបាននៅឡើយទេ ជុំវិញបញ្ហានេះ។ ប៉ុន្តែ ហ៊ុន សែន នាពេលថ្មីៗ លោកបានបញ្ជាឱ្យកម្ទេចរាល់ឫសគល់នៃរចនាសម្ព័ន្ធ និងសកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលនៅសេសសល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
