ម្ដាយ​កញ្ញា​ពៅរ៉ូហ្សេត​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ជួយ​តាមដាន​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កូនស្រី

ម្ដាយ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែល​ជា​សង្កាត់​ជាប់ឆ្នោត​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​អូរចារ លោកស្រី នួន សារ៉េន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​តាមដាន និង ផ្ដល់​កម្លាំងចិត្ត ដើម្បី​យុត្តិធម៌ ដល់​កូនស្រី​លោកស្រី ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃទី៩ ខែ ឧសភា ខាងមុខ។

ចៅសង្កាត់​អូរចារ ស៊ិន ចាន់ពៅរ៉ូហ្សេត ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដែល​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក និង​ខេត្ត​របស់​បក្ស​នេះ ចំនួន ២៥​នាក់​ហើយ គិត​មក​ត្រឹម​ថ្ងៃទី៧ ខែ ឧសភា​នេះ ដែល​តុលាការ​ខេត្ត​បាត់ដំបង កោះ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា តទៅ។

តាមរយៈ​វីដេអូ​ឃ្លីប បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត លោកស្រី នួន សារ៉េន បញ្ជាក់​ថា កូនលោក​ស្រី​រង​ការ​ធ្វើទុក្ខបុកម្នេញ ឥត​ស្រាកស្រាន្ត ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​រម្លាយ​ចោល និង​តំណែង​ចៅសង្កាត់​ជាប់ឆ្នោត​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវ​បាន​គេ​ដកហូត​ទាំង​អយុត្តិធម៌ ទៅ​ហើយ​យ៉ាង​ណា​ក្តី​។ លោកស្រី​បន្ថែម​ថា មាន​តែ​កម្លាំង​ពលរដ្ឋ ដែល​និយម​ប្រជាធិបតេយ្យ និង​យុត្តិធម៌​ប៉ុណ្ណោះ ដែល​អាច​ជួយ​ជា​ភ្នែក​ជា​ច្រមុះ ដើម្បី​ឃ្លាំមើល​ក្នុង​រឿង​ក្តី​នេះ។

សារ​អំពាវនាវ​របស់​ម្ដាយ​ចៅសង្កាត់​អូរចារ​រូប​នេះ ធ្វើឡើង​ពីរ​ថ្ងៃ មុន​ថ្ងៃ​ដែល​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា ខេត្ត​បាត់ដំបង ជុំវិញ​សកម្មភាព​នយោបាយ​របស់​កញ្ញា ដែល​តុលាការ​សង្ស័យ​ថា ជា​ការ​បំពាន​ដីកា​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៧ ខែ ឧសភា​នេះ ថា កញ្ញា បាន​ត្រៀម​មេធាវី​រួចរាល់​ហើយ ដើម្បី​ជួយ​ប្រឹក្សា​ផ្នែក​ច្បាប់ ក្នុង​ពេល​កញ្ញា​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ។

កញ្ញា​បន្ថែម​ថា កញ្ញា​ទទួល​បាន​សារ​គាំទ្រ និង​លើកទឹកចិត្ត​ជាច្រើន ពី​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក្នុង​ស្ថានភាព ដែល​កញ្ញា​ត្រូវ​ប្រឈម​នឹង​អាជ្ញាធរ​របប​លោក ហ៊ុន សែន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។