លោក សម រង្ស៊ី បង្ហើប​ថា កម្លាំង​អ្នក​​គាំទ្រ​នឹង​ធ្វើ​​ដំណើរ​ថ្មើរ​ជើង​ចូល​ប្រទេស​កម្ពុជា

ដោយ មួង ណារ៉េត
2019.10.18
សម រង្ស៊ី 101819 លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ចូលរួម​ពិភាក្សា​​ក្នុង​នាទី ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី រាត្រី​ថ្ងៃ​ទី១៨ ខែតុលា ឆ្នាំ២០១៩។
RFA

ស្របពេលដែល ថ្ងៃកំណត់​វិលចូលប្រទេសកម្ពុជាវិញ នៅសល់តែ ២១ថ្ងៃ​ទៀត ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បង្ហើបថា កម្លាំងអ្នកគាំទ្រ នឹង​ធ្វើ​​ដំណើរ​ថ្មើរ​ជើង​ចូល​ប្រទេស​កម្ពុជា ពីប្រទេសជិតខាង។

ទោះបីជាលោក សម រង្ស៊ី នៅតែអះអាង​ថា លោកមិន​ទាន់ចង់ប្រកាសឲ្យ​ដឹង​មុន អំពី​មធ្យោបាយ និងតម្រាយ​ផ្លូវ​​ធ្វើ​ដំណើរ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ក៏​ដោយ ក៏​​លោក​បាន​​បង្ហើប​ឲ្យ​​ដឹង​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី១៨ ខែតុលា ក្នុង​​វេទិកា​អ្នក​ស្តាប់​​អាស៊ី​សេរី​​ថា ​អ្នក​ចូល​រួម​អម​ដំណើរ នឹង​​ត្រូវ​​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ តាម​ច្រក​​ដែល​​អាច​​ដើរ​​ចូល​​បាន៖ «ជិះ​យន្ត​ហោះ​ម៉េច​នឹង​កើត? បើ​​គ្នា​រាប់​ម៉ឺន រាប់​​សែន រាប់​​លាន​​នាក់​ ឲ្យ​​ទៅ​​ជិះ​​យន្តហោះ​ម៉េច​នឹង​​កើត មាន​​យន្ត​ហោះ​​ឯ​ណា​​ដឹក​ពួក​យើង? មាន​​តែ​យើង​​ធ្វើ​​ដំណើរ​​ថ្មើរ​ជើង​​ទាំង​អស់​គ្នា​»។

បើតាម​លក្ខណៈភូមិសាស្រ្ត ប្រទេសកម្ពុជាមានព្រំដែនគោកជាប់ប្រទេសជិតខាង​តែ​បីប៉ុ​ណ្ណោះ គឺ​ប្រទេស​វៀតណាម ឡាវ និង ថៃ។ កន្លងមករដ្ឋាភិបាល​ឡាវ បាន​​ប្រកាស​​ជា​សាធារណៈ​រួច​​ទៅ​ហើយ​ថា រដ្ឋាភិបាល​​ប្រទេស​នេះ នឹង​​មិន​អ​នុញ្ញាត​ឲ្យ​​ក្រុម​​អ្នក​គាំទ្រ​​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក​ សម រង្ស៊ី ដើរ​ឆ្លង​ព្រំដែន​​ប្រទេស​នេះ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ។ ប្រទេសវៀតណាម​ឯ​ណោះ បើ​​ទោះ​បី​ជា​មិន​ទាន់​បាន​បង្ហាញ​​ជំហរ​ផ្លូវការ ជុំវិញ​​បញ្ហា​​នេះ​ក៏​ដោយ ក៏​មន្រ្តី​ជាន់​ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​​បញ្ជាក់​ហើយ​ថា នឹង​​មិន​​ជ្រើសរើស​​ច្រក​ចូល​​កម្ពុជា​​តាម​​ប្រទេស​វៀតណាម​នោះ​ទេ។ ដូច្នេះ ប្រទេស​ចុង​ក្រោយ​តែ​មួយ​គត់ ដែល​នៅ​ជាប់​​ព្រំដែន​ខ្មែរ គឺ​ប្រទេស​ថៃ។

លោក សម រង្ស៊ី មិន​ច្រានចោលការធ្វើដំណើរតាម​ច្រកព្រំដែនថៃនេះទេ។ តែ​លោក​អះអាង​ថា ក្រៅ​ពី​ប្រទេស​ថៃ ក៏​នៅ​មាន​​ច្រក​ផ្សេង​ទៀត​ដែរ៖ «មិន​​ចាំបាច់​តែ​ចាំ​ប្រទេស​​ថៃ​តែ​មួយ​ទេ គឺ​ចំពោះ​​ប្រទេស​​ជិត​​ខាង​​ទាំង​អស់»

បើ​ទោះបីជាលោក​ ហ៊ុន សែន អះអាង​ថា បាន​​បញ្ជូន​សាល​ដីកា​តុលាកា​រ​ ដែល​​ផ្តន្ទាទោស​លោក សម រង្ស៊ី ជា​ច្រើន​ករណី ទៅ​ប្រទេសស​មាជិក​អាស៊ាន​ទាំង​អស់ ដើម្បី​ទប់​ស្កាត់​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី យ៉ាង​​ណា​ក្តី ក៏​រដ្ឋាភិបាល​​ប្រទេស​ថៃ​មិន​ដែល​​ចេញ​​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​ណា​មួយ ជុំវិញ​ការ​​រារាំង មិន​​ឲ្យ​​លោក សម រង្ស៊ី ធ្វើ​​ដំណើរ​​កាត់​​ប្រទេស​​ថៃ ឆ្លងចូ​ល​ប្រទេស​កម្ពុជា​នោះ​ដែរ។​

លោក សម រង្ស៊ី អះអាងថា អាជ្ញាធរប្រទេសជិតខាងកម្ពុជា ច្បាស់​​ជា​​មិន​​រារាំង​ដល់​ដំណើរ​នេះ​ទេ​ ដោយ​សារ​​តែ​លោក​បាន​​ធ្វើ​ទំនាក់ទំនង​​ការ​ទូត ជាមួយ​ប្រទេស​​ជា​​ច្រើន នៅ​តំបន់​​អាស៊ី ដើម្បី​​សុំ​កិច្ចសហការ​ក្នុង​បញ្ហា​នេះ។ ជាង​​នេះ​ទៅ​ទៀត លោក​អះអាង​ថា លោក​បាន​បញ្ជាក់​ច្បាស់​​ទៅ​ប្រទេស​ទាំង​នោះ​ថា ដំណើរ​​មាតុភូមិ​និវត្តន៍​នេះ គឺ​ធ្វើ​ឡើង​ដោយ​​អហិង្សា​៖ «អ្វី​ដែលយើង​ធ្វើ ដែល​យើង​មាន​គម្រោងធ្វើ ទោះជាយ៉ាងណាក៏ដោយ គឺអត់​មាន​ឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​​នៅ​​ប្រទេស​គេទេ។ អត់​ឲ្យ​មាន​ការ​រំជើប​រជួល​ ច្រួល​ច្របល់អ្វី ឲ្យ​គេបារម្ភទេ។ អត់​ទេ។ នេះគឺយើង​ធ្វើ​ដោយ​សន្តិវិធី ដោយ​ស្ងាត់​ស្ងៀម ដោយ​ស្រប​ច្បាប់​។ ចាំ​មក​ដល់​​ទឹក​​ដី​​កម្ពុជា​ ហ្នឹង​​ជា​រឿង​​រវាង​​ខ្មែរ​ និង​ខ្មែរ»

បើតាម​ការ​អះអាងរបស់​លោក សម រង្ស៊ី ក្បួនធ្វើដំណើរដោយ​ថ្មើរជើងនេះ គឺ​អាច​ចាប់​ផ្តើម​​ពី​ចំណុច​នៅ​ព្រំដែន​ថៃ ក្រោយ​​អ្នក​គាំទ្រ​ធ្វើ​ដំណើរ​រៀងៗ ខ្លួន ពី​​គ្រប់​ទិសទី​ ដោយ​មកជួបជុំគ្នា​នៅទីនោះ៖ «ពេលដែលយើង​ឆ្លងកាត់​ពីប្រទេស​នៅជុំវិញ​ប្រទេស​កម្ពុជា យើង​មកតាម​ផ្លូវ​ណា​ក៏ដោយ យើង​​មិន​​ចង់​​ឲ្យ​​គេ​​ចាប់​អារម្មណ៍។​ យើង​មិន​ចាំបាច់​ ឲ្យ​គេ​តាម​ដាន ឬ ឃ្លាំមើលទេ។ យើង​ធ្វើ​ដោយ​ស្ងាត់។ យើង​ធ្វើ​ស្អាត។ ស្ងាត់​​ដូច​​អ្នក​​ធ្វើ​​ដំណើរ​រាល់​ថ្ងៃ រាប់​​ម៉ឺន​នាក់ គេ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា គេទៅលេង​បងប្អូន គេ​ទៅ​ធ្វើការ​​ ពីភូមិមួយ​ទៅភូមិមួយ ពីតំបន់​មួយ​ទៅតំបន់មួយ គេជិះឡាន​ឈ្នួល គេ​​ជិះ​រថភ្លើង​ គេជិះអីស្រេចតែចិត្ត​គេ។ យើង​​មិន​​ទៅ​ស្រែក​ឡូឡាអី។ ខ្មែរហើយ​នឹង​ថៃមើលសម្គាល់គ្នា​មិន​អ្នកណា​ខ្មែរ អ្នកណា​ថៃទេ មុខ​ប្រហែលតែគ្នា​»។

ថ្ងៃទី៩ ខែ​វិច្ឆិកា ដែល​លោក សម រង្ស៊ី កំណត់​វិលចូលស្រុកខ្មែរវិញនោះ ប៉ះ​ចំ​​ថ្ងៃ​ឈប់​​សម្រាក​​បុណ្យ​ឯករាជ្យ​ជាតិ និង​​​ជា​ឱកាស​​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​​ព្រះ​ខែ និង​បណ្តែត​ប្រទីប​ផង។ លោក សម រង្ស៊ី សង្ឃឹមថា ប្រជា​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស ​នៅ​ប្រទេស​ថៃ និង​កូរ៉េ នឹង​​ធ្វើ​ដំណើរ​ជាមួយ​លោក​​យ៉ាង​​​ច្រើន​​កុះករ ដែល​អាជ្ញាធរ​​មិន​​អាច​បង្ក្រាប​បាន​ទេ បើ​​ងើប​ឈរ​ទាំង​អស់​គ្នា ព្រមៗ គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។