ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ អះអាងជាថ្មីថា លោកនឹងវិលទៅកម្ពុជាវិញ ហើយប្រជារាស្ត្រខ្មែរត្រូវតែផ្ដួលរំលំរបបដឹកនាំខុសច្បាប់សព្វថ្ងៃនេះ។ ការអះអាងរបស់លោក សម រង្ស៊ី នេះដោយសារតែ លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរបស់ខ្លួនចុះអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអំពីផលវិបាកនៃការផ្ដួលរំលំរដ្ឋាភិបាលតាមរយៈសកម្មភាពបដិវត្តន៍ពណ៌ ដែលដឹកនាំដោយលោក សម រង្ស៊ី។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោក ហ៊ុន សែន កំពុងភ័យស្លន់ ស្លោពីការវិលត្រឡប់របស់លោកចូលកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩ នេះ។ លោក សម រង្ស៊ី ផ្ញើសារ ប្រាប់លោក ហ៊ុន សែន ថា ប្រជារាស្ត្រខ្មែរត្រូវតែផ្ដួលរំលំរបបលោក ហ៊ុន សែន ព្រោះរបបនេះ ជារបបខុសច្បាប់កើតចេញពីការបោះឆ្នោតក្លែងក្លាយកាលពីឆ្នាំ២០១៨ ដែលជាការរំលោភឆន្ទៈប្រជារាស្ត្រទាំងស្រុង។ លោកបញ្ជាក់ថា ការបោះឆ្នោតណា ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលតំណាងឱ្យឆន្ទៈប្រជារាស្ត្រខ្មែរជាងពាក់កណ្ដាលនគរ គឺជាការបោះឆ្នោតក្លែងក្លាយ ផ្ទុយស្រឡះពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
មេដឹកនាំបក្សប្រឆាំងរូបនេះបន្តថា ប្រសិនបើលោក ហ៊ុន សែន ចង់កាត់បន្ថយកំហឹងប្រជារាស្ត្រត្រូវតែបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធប្រគល់សងដីធ្លី ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ទៀត របស់ប្រជារាស្ត្ររាប់លានគ្រួសារ ដែលលោករបប ហ៊ុន សែន បានប្លន់ពីប្រជារាស្ត្រ។ លោកបន្តថា លោក ហ៊ុន សែន ត្រូវតែណែនាំឱ្យក្រុមគ្រួសារ និងបក្ខពួក បញ្ឈប់អំពើពុករលួយប្លន់ជាតិ ហើយត្រូវតែ ប្រគល់សងប្រទេសជាតិវិញ នូវថវិការាប់ពាន់លានដុល្លារ ដែលក្រុមគ្រួសារ និងបក្ខពួកបានប្លន់ពី ប្រទេសជាតិ។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន ត្រូវតែដោះស្រាយជាបន្ទាន់នូវបញ្ហាបំណុលដ៏ធ្ងន់ធ្ងររបស់ប្រជារាស្ត្ររាប់លានគ្រួសារធ្លាក់ខ្លួនក្រ និងជំពាក់បំណុល ដោយសារតែក្រុមគ្រួសារ និង បក្ខពួកលោក ហ៊ុន សែន បានបំផ្លាញមុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅរបស់ប្រជារាស្ត្រដោយសារតែអំពើពុករលួយ និងអសមត្ថភាពរបស់ថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ។
កាលពីថ្ងៃទី៧ ឧសភា លោក ហ៊ុន សែន បានចេញលិខិតផ្ញើជូនប្រធានក្រុមការងាថ្នាក់ជាតិចុះមូលដ្ឋានរាជធានីខេត្ត ឱ្យផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ដើម្បីពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាននៅទូទាំងប្រទេស។ លោក ហ៊ុន សែន សរសេរនៅក្នុងលិខិតនោះថា កន្លងមក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានប្រកាសជាបន្តបន្ទាប់អំពីគម្រោងផែនការវិលចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ នេះ ក្នុងគោលបំណងដឹកនាំធ្វើបដិវត្តន៍ពណ៌ជាថ្មី ដោយបានអំពាវនាវកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យធ្វើការផ្ដួលរំលំរដ្ឋាភិបាល។ ដើម្បីបន្តគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាននានា ឱ្យកាន់តែល្អប្រសើរថែមទៀត លោក ហ៊ុន សែន សុំឱ្យប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីខេត្ត ដឹកនាំណែនាំដល់ក្រុមការងារ និងមន្ត្រីអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់សហការរៀបចំវេទិកាសាធារណៈគ្រប់ឃុំភូមិ ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអំពីផលវិបាកនៃការផ្ដួលរំលំរដ្ឋាភិបាលតាមរយៈសកម្មភាពបដិវត្តន៍ពណ៌នេះ។
លោក ហ៊ុន សែន បញ្ជាក់ថា ការសម្រេចវិលត្រឡប់មកកម្ពុជាវិញ ឬមិនវិលមកកម្ពុជាវិញរបស់លោក សម រង្ស៊ី និងការដឹកនាំធ្វើបដិវត្តន៍ពណ៌បានសម្រេច ឬមិនបានសម្រេចនោះ គឺមិនចំណុះទៅលើមហិច្ឆតារបស់លោក សម រង្ស៊ី ឡើយកត្តាសំខាន់ជាគន្លឹះ គឺអាស្រ័យទៅលើការគ្រប់គ្រងបានល្អប្រសើររបស់សមត្ថកិច្ចនៅទូទាំងប្រទេស។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា លោក សុំមិនឆ្លើយតបចំពោះការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ ព្រោះលោកចាត់ទុកថា ជាអ្នកនយោបាយវិកលចរិត៖ «ខ្ញុំអត់ឆ្លើយតបជាមួយ រង្ស៊ី ទេ ខ្ញុំរក្សាសិទ្ធិមិនឆ្លើយតបជាមួយ រង្ស៊ី ព្រោះគាត់ជាទណ្ឌិត ហើយនិងទី២ គាត់កំពុងតែវិលចរិតនយោបាយរួចស្រេចទៅហើយ។ គាត់និយាយ ប្រាសចាកពីការពិតប្រាក់ចាក់ពីសីលធម៌នយោបាយ»។
ទោះបីជាយ៉ាងណាលោក ផៃ ស៊ីផាន មិនចាប់អារម្មណ៍ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី និងចាត់ទុកជាអ្នកនយោបាយវិកលចរិតក្តី ប៉ុន្តែមេដឹកនាំរបបក្រុងភ្នំពេញហាក់កំពុងបារម្ភយ៉ាងខ្លាំងពីឥទ្ធិពលរបស់លោក សម រង្ស៊ី និងតែងតែរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីកម្ចាត់ និងទប់ស្កាត់កុំឱ្យលោក សម រង្ស៊ី មានឱកាសវិលចូលកម្ពុជា។ កន្លងមក លោក ហ៊ុន សែន បានហាមឃាត់មន្ត្រីរបស់លោកមិនឱ្យឆ្លើយតបនឹងលោក សម រង្ស៊ី នោះទេ ដោយលោកថា គ្មានប្រយោជន៍ប៉ុន្តែពេលខ្លះលោកខ្លួនឯងបន្តឆ្លើយតបលោក សម រង្ស៊ី ដដែល។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន លើក ឡើងថា លោក ហ៊ុន សែន គួរតែបញ្ជាកូនចៅ និងមន្ត្រីរបស់ខ្លួនឱ្យខិតខំបម្រើ និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់និន្នាការឱ្យបានល្អប្រសើរ គឺនឹងគ្មានបដិវត្តន៍ពណ៌នោះទេ។ លោកស្នើសុំឱ្យមេដឹកនាំនយោបាយទាំងពីរឈប់ឌឺដងដាក់គ្នា ដែលនាំតែឱ្យជាតិបែកបាក់កាន់តែធ្ងន់ធ្ងរ ហើយគួរតែល្មមដល់ពេលវិលចូលតុចរចាដោះស្រាយវិបត្តិនយោបាយ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីផ្ដល់ប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៖ «ខ្ញុំចង់ឃើញអ្នកនយោបាយទាំងអស់ចូលតុជជែកគ្នា ដើម្បីដោះស្រាយវិបត្តិនយោបាយ ហើយបើសិនជាអ្នកកាន់អំណាចផាត់ក្រុមមួយចោល ទុកក្រុមមួយ គឺសង្គមយើងមិនទទួលបានសន្តិភាពមិនទទួលបានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ។ បើអ្នកដឹកនាំធ្វើល្អស្គាល់សុខទុក្ខប្រជាពលរដ្ឋ ខ្ញុំគិតថា កុំព្រួយបារម្ភរឿងបដិវត្តន៍ពណ៌ ព្រោះប្រជាពលរដ្ឋមិនចង់ធ្វើនោះទេ។ ក្នុងលោក នេះប្រទេសណាក៏ដូចប្រទេសណាដែរឱ្យតែមានយុត្តិធម៌សម្រាប់គាត់ហើយរស់នៅមានសេរីភាព មានប្រជាធិបតេយ្យ គឺពេលនោះប្រទេសបានសុខសាន្តហើយ ប៉ុន្តែផ្ទុយទៅវិញ គាត់មិនទទួលបានទេហើយ អយុត្តិធម៌កាន់តែកើតឡើងធ្ងន់ធ្ងរៗ ទៅនោះបញ្ហានឹងកើតឡើងហើយ»។
លោក រ៉ុង ឈុន មើលឃើញថា លោក ហ៊ុន សែន មិនអាចផាត់លោក សម រង្ស៊ី ចេញពីឆាក នយោបាយកម្ពុជាបានរហូតនោះទេ ព្រោះលោក សម រង្ស៊ី នៅតែជាអ្នកនយោបាយមានឥទ្ធិពលមួយរូប។ លោកបន្តថា ប្រសិនបើមានលោក សម រង្ស៊ី ពិតជាវិលចូលកម្ពុជាមែន នោះប្រាកដជាមានពលរដ្ឋរាប់សែននាក់នឹងទៅទទួល។ ដូច្នេះហើយ ទើបថ្នាក់ដឹកកម្ពុជាសព្វថ្ងៃហាក់មានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានលោក សម រង្ស៊ី។ ទោះយ៉ាងណាក្ដីអ្នកឃ្លាំមើលកម្ពុជារូបនេះយល់ថា ប្រសិនបើលោក សម រង្ស៊ី វិលចូលកម្ពុជានោះ លោក ហ៊ុន សែន គួរតែយកឱកាសជួបជជែកគ្នាជាជាងរកវិធីកម្ចាត់គ្នាព្រោះ មានតែការជជែកគ្នារវាងខ្មែរ និងខ្មែរនោះទេ ទើបធ្វើឱ្យកម្ពុជាឈប់ឈ្លោះឈប់បែកបាក់គ្នា ហើយនឹងធ្វើឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍជាតិពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
