លោក សម រង្ស៊ី ហៅ​លោក ហ៊ុន សែន ថា ជា​ឃាតក

ទីន ហ្សាការីយ៉ា
2018-08-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

លោក ហ៊ុន សែន ថា បាន​ចោទ​បទ​ថ្មី​មួយ​ទៀត​ថា គណបក្សប្រឆាំង​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ឃាតកម្ម​លើ បណ្ឌិត កែម ឡី ពី​ព្រោះ​ថា ក្នុង​ជីវិត​របស់​លោក កុំ​ថា​ឡើយ​សម្លាប់​មនុស្ស សូម្បីតែ​អារ​ក​មាន់​ក៏​លោក​មិន​ធ្លាប់​ដែរ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​សហការ​ជាមួយ​ប៉ូលិស​អាំងទ័រប៉ូល ដើម្បី​ចាប់ខ្លួន​លោក​សម រង្ស៊ី។

ឆ្លើយតប​ការ​លើក​ឡើង​នេះ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ មិន​ភ័យ​ព្រួយ​ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ថា លោក​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ អាំង​ទ័រប៉ូល ដើម្បី​ចាត់ការ​លោក​នោះ​ឡើយ លោក​ថែម​ទាំង​ស្វាគមន៍​លោក ហ៊ុន សែន ក្នុង​ការ​សហការ​ជាមួយ​ប៉ូលិស​អាំងទ័រប៉ូល​ទៀត​ផង។

លោក សម រង្ស៊ី បាន​ហៅ​លោក ហ៊ុន សែន ថា ជា​ឃាតក ដោយ​លោក​អះអាង​ថា ភរិយា​លោក និង រួប​លោក និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ក៏​ជា​អ្នករងគ្រោះ ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ដោយ​ស្នាដៃ​របស់​លោក ហ៊ុន សែន ដែរ កាលពី​ជាង​២០​ឆ្នាំមុន។

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ បាន​លើក​ពី​ព្រឹត្តិការណ៍​ជាច្រើន ដែល​ចោទ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ផង និង​ជា​ឃាតក​សម្លាប់​មនុស្ស​ផង នៅ​ក្នុង​របប​គ្រប់គ្រង​របស់​លោក។ ឃាតកម្ម​ដែល​លោក សម រង្សី អះអាង​ថា ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន រួមមាន តារាភាពយន្ត​ល្បីឈ្មោះ គឺ​អ្នកនាង​ពិសិដ្ឋ ពីលិកា ប្រធាន​សហជីព លោក ជា វិជ្ជា ជាដើម។ លោក សម រង្ស៊ី បញ្ជាក់​ថា ព្រឹត្តិការណ៍​បោក​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ រូបលោក​ផ្ទាល់​បាន​រស់​ជីវិត​ទាំង​ប្រផឹតប្រផើយ​ពី​ហេតុការណ៍​បោក​គ្រាប់បែក​នោះ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ស្លាប់ ហើយ​ជាច្រើន​នាក់​ទៀត រងរបួស ដែល​អំពើ​ហិង្សា​ទាំងអស់​នេះ លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពីក្រោយ៖ «លោក ហ៊ុន សែន ជា​អតីត​មេទ័ព​ខ្មែរក្រហម​អ្នកណា​ក៏​ដឹង​ដែរ គឺ​មាន​ចរិត​ជា​ឃាតក មាន​វប្បធម៌​ហិង្សា វប្បធម៌​និទ្ទណ្ឌភាព ដូច្នេះ​ធ្លាប់​សម្លាប់​គេ គ្មាន​មធ្យោបាយ​ណា​ដែល​ឲ្យ​គេ​ខ្លាច ដើម្បី​ឲ្យ​គេ​ខ្លាច​ទាល់តែ​បំភិតបំភ័យ ដើម្បី​ឲ្យ​អ្នក​នៅ​រស់​ឲ្យ​ខ្លាច ដូច​អ្នក​គាត់​សម្លាប់​ជា​គំរូ»

ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​កម្មករ​កាលពី​ថ្ងៃទី​១៥ សីហា ថា លោក​មិនមែន​ជា​ឃាតក​សម្លាប់​មនុស្ស​ទេ លោក​ថែមទាំង​អះអាង​ថា កុំថាឡើយ​សម្លាប់​មនុស្ស សូម្បីតែ​សម្លាប់​សត្វ​មាន់ ក៏​លោក មិនដែល​ផង។ លោក ហ៊ុន សែន បន្ថែម​ថា លោក សម រង្ស៊ី ចោទប្រកាន់​លោក​ថា ជួល​ឃាតក​ទៅ​សម្លាប់​លោក​ដល់​ប្រទេស​បារាំង​នោះ គឺជា​រឿងប្រឌិត​៖ «គេ​បង្កើត​ឡើង​ថា ខ្ញុំ​ជួល​ឃាតក​ឲ្យ​តាម​សម្លាប់​គេ​នៅ​ប្រទេស​បារាំង ហើយ​គេ​សរសេរ​ទៀត​ថា គេ​ទទួល​ដំណឹង​នេះ​តាម​ចារកម្ម​បារាំង ហើយ​ខ្ញុំ​ទុក​លទ្ធភាព​ឲ្យ​ប្រធានាធិបតី​ម៉ាក្រុង (​បារាំង​) ចាត់​វិធានការ​ពិនិត្យ ព្រោះ​គេ​សញ្ជាតិ​បារាំង ហើយ​តើ​ចារកម្ម​បារាំង​រូប​ណា​ទម្លាយ​ព័ត៌មាន​បែបនេះ ពិនិត្យ​ទៅ? ពូ​សូម​ជម្រាប​ថា ក្នុង​ម៉ា​ជីវិត​ពូ​នេះ មិន​ដែល​សម្លាប់​មនុស្ស​ទេ សូម្បី​តែ​ជីវិត​មាន់ ពូ​មិន​ដែល​អារក​មាន់​ម្ដងណា​ឡើយ»

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី អះអាង​ថា លោក​មាន​ភស្តុតាង​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន ចង់​ធ្វើបាប​រូប​លោក ទោះបីជា​រួប​លោក​នៅ​ប្រទេស​បារាំង​ក្ដី​។ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មាន​មនុស្ស​នៅ​ប្រទេស​បារាំង និង​មនុស្ស​នៅ​ក្នុង​បក្ស​កាន់អំណាច​ផង ផ្ដល់​ព័ត៌មាន​អំពី​លោក ហ៊ុន សែន ចង់​សម្លាប់​លោក​នេះ​ដល់​លោក៖ «ហើយ​ពេល​ហ្នឹង​ខ្ញុំ​សូម​ឲ្យ​លោក ហ៊ុន សែន សហការ​ជាមួយ​ប៉ូលិស អាំងទ័រប៉ូល​ផង ព្រោះ​លោក​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គប់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ កាល​ហ្នឹង​មាន​ជនរងគ្រោះ​ឈ្មោះ សម រង្ស៊ី មាន​ភរិយា​ខ្ញុំ​ផង មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ អ៊ីចឹង​ហើយ​បានជា​ប៉ូលិស​បារាំង​គាត់​ការពារ​ខ្ញុំ អ៊ីចឹង​ហើយ​សុំ​ឲ្យ​លោក ហ៊ុន សែន សហការ​ជាមួយ​ប៉ូលិស​បារាំង តុលាការ​បារាំង អាហ្នឹង គាត់​ចូល​គុក​បាន​ឆាប់​ហើយ»

សង្គ្រាម​ពាក្យ​សម្ដី​របស់​មេដឹកនាំ​ទាំងពីរ ឆ្លងឆ្លើយ​គ្នា​នៅ​លើ​សង្វៀន​នយោបាយ​កម្ពុជា​កើតមាន​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​លោក សម រង្ស៊ី និង លោក ហ៊ុន សែន មិន​អាច​រក​ទី​បញ្ចប់​បាន។ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន ជា​មនុស្ស​មិន​ស្មោះត្រង់​នយោបាយ​ឡើយ។ លើស​ពី​នេះ​ទៀត នៅ​ខណៈ​លោក​គ្មាន​តួនាទី​អ្វី​ទាល់តែសោះ សូម្បីតែ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក៏​លោក​បាន​លាលែង​ទៅ​ហើយ​នោះ លោក ហ៊ុន សែន នៅតែ​តាម​វាយប្រហារ​លោក​ឥត​ឈប់ឈរ​នោះ លោក សម រង្ស៊ី បញ្ជាក់​ថា មកពី​លោក ហ៊ុន សែន ខ្លាច​ឥទ្ធិពល​លោក។

លោក ហ៊ុន សែន នៅមុន​បោះឆ្នោត បាន​ព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី បើសិនជា​លោក​ជាន់​ទឹកដី​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​នោះ ដោយសារតែ​លោក ខឹង សម្បា​លោក សម រង្ស៊ី បាន​បង្កើត​ចលនា​សង្គ្រោះជាតិ ដែល​ចោទ​ថា លោក សម រង្ស៊ី មានបំណង​ចង់​ធ្វើ​បដិវត្តន៍​ពណ៌៖ «អា​អ្នក​រត់​ចោលស្រុក​ហ្នឹង សម្ពាធ សម្ពាធ អើ​ដាក់​ទៅ វា​ត្រូវ​ក្បាល ហ៊ុន សែន ហើយ​សម្ពាធ​តិច​ប៉ះ​ខ្លួនឯង ខ្ញុំ​សូម​ផ្ដាំ​ថា​កុំ​ម​ក្បែរ​អាស៊ី​ឲ្យ​សោះ ហើយ​អ្នកឯង​តាំង​ខ្លួន​ជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់តែ​បាន ឥលូវ​នេះ អ្នកឯង​ជា​ភេរវករ​ហើយ មិនមែន​ជា​អង្គការក្រៅរដ្ឋាភិបាល​ទេ»

លោក ហ៊ុន សែន បាន​កាន់​តំណែង​ចាប់​ពី​មេបញ្ជាការ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ រហូតដល់​តួនាទី​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​កាន់​អំណាច​របស់​លោក​ជាង​៣០​ឆ្នាំ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា ជា​មេដឹកនាំ​កាន់អំណាច​យូរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើពុករលួយ។ របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​ដល់​ការប្រើប្រាស់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥។

របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុង​ចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃបន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​អោយ​កាន់​តំណែង និង​អាច​បន្ត​តំណែង​ទៅ​មុខទៀត​ស្របតាម​ការ​អះអាង​របស់​លោក ហ៊ុន សែន នៅ​ពេល​កន្លងទៅ។

រីឯ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាងហោចណាស់​មាន​មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​គេ​ធ្វើឃាត ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញមតិ​រិះគន់​របប​លោក ហ៊ុន សែន ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួមមាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ច្បាប់ លោក បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍ថា លោក ហ៊ុន សែន មិន​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​មេដឹកនាំ​ដែល​មាន​គុណធម៌​ឡើយ។ លោក​បន្ត​ថា ទោះបីជា​លោក ហ៊ុន សែន មិនបាន​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​ក៏ដោយ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នៅ​ក្នុង​របប​របស់​លោក ដោយ​ការវាយប្រហារ​គ្នា ឬ​ដោយសារ​អំពើ​ឃាតកម្ម​ក្ដី ហើយ​រដ្ឋាភិបាល​របស់​លោក​មិនបាន​អើពើ ឬ​មិនបាន​ផ្ដន្ទាទោស​ជនល្មើស ឬ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ទាំងនោះ លោក ហ៊ុន សែន ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ​ទាំងអស់៖ «ប្រមុខ​រដ្ឋាភិបាល​ជា​ក្ដាប់​រួម ជា​អ្នកគ្រប់គ្រង​ផ្ទាល់​តែម្ដង អាហ្នឹង​ឋិត​នៅ​ក្នុង​ការ​ទទួលខុសត្រូវ ការទទួលខុសត្រូវ​មាន​ន័យ​ថា ឧទាហរណ៍​បើ​សិន​ជា​មាន​អ្នកក្រោមបង្គាប់​ធ្វើ​ខុស (សម្លាប់​មនុស្ស) ប្រមុខ​រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ​លើ​ការ​វែកមុខ​ចាប់​ឃាតក​យក​មក​ផ្ដន្ទាទោស»

ឃាតកម្ម​សំខាន់ៗ រួមមាន​មក​ទល់​ពេល​នេះ អ្នកសារព័ត៌មាន​ជាង ១០​នាក់ ត្រូវ​បាន​គេ​លួច​ធ្វើឃាត ការវាយប្រហារ​គ្រាប់បែក​ដោយ​ហិង្សា កាលពី​ថ្ងៃ​ទី​៣០ មីនា​ឆ្នាំ​១៩៩៧ ទៅលើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មានការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នោះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេងទៀត​រងរបួស។ រដ្ឋប្រហារ​ថ្ងៃទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ មាន​មន្ត្រី​យោធា និង​ប៉ូលិស​ស្មោះត្រង់​នឹង​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ នា​ពេល​នោះ​យ៉ាងតិច ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ក្នុង​នោះ​រួមមាន លោក ចៅ សម្បត្តិ ក្រូច យឿម និង​លោក ហូ សុក។

នៅ​ចន្លោះ​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៣ សកម្មជន​គណបក្ស សម រង្ស៊ី និង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រមាណ ២៤​នាក់ ត្រូវ​ឃាតក​បាញ់សម្លាប់។ ជា​បន្ត​បន្ទាប់​មក​ទៀត មានការ​បាញ់សម្លាប់​ប្រធាន​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណេរ៉េត ព្រះធម្មវិបស្សនា សំ ប៊ុនធឿន។ នៅ​ឆ្នាំ​២០១២ ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយទៀត​បាន​កើត​ឡើង គឺ​ប្រធាន​អង្គការ​ធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ខែត្រ​កោះកុង។ រីឯ​នៅ​ក្នុង​ស្ថានភាព​ជាប់​គាំង នយោបាយ​ឆ្នាំ​២០១៣ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ ដោយសារតែ​ការ​បង្ក្រាប​បាតុកម្ម គឺ​យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ និង​ស្ត្រី​លក់​បាយ​ម្នាក់ទៀត ឈ្មោះ អេង សុខុម។ នៅ​ក្នុង​ឆ្នាំ​២០១៤ កងពល​៩១១​របស់​លោក ចាប ភក្ដី បង្ក្រាប​ក្រុម​កម្មករ​ធ្វើបាតុកម្ម​បាញ់សម្លាប់​កម្មករ​៤​នាក់ បាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ខឹម សុផាត។

រីឯ​ឃាតកម្ម​ចុងក្រោយ​គឺជា​ឃាតកម្ម​ដ៏​កក្រើក​ភ្ញាក់ផ្អើល គឺ​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ គឺ​លោក បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់ទំនិញ​ស្ដារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ឃាតកម្ម​លើ​លោក បណ្ឌិត កែម ឡី នេះ លោក ហ៊ុន សែន ម្ដង​ចោទ​ថា ចារកម្ម​របស់​អាមេរិក ម្ដង​ចោទ​ថា បក្ស​ប្រឆាំង​នៅ​ពីក្រោយ​ខ្នង។

លោក​បណ្ឌិត ហ៊ាង ឫទ្ធី អះអាង​ថា សកម្មភាព​ទាំងឡាយ​ណា ដែល​ជា​បទឧក្រិដ្ឋ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ឬ​ការ​ចាប់​ឃុំខ្លួន​ជន​ស៊ីវិល​ចាប់ពី​៥​នាក់​ឡើង​ទៅ គេ​ចាត់​ទៅ​ក្នុង​វិធាន​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​យក​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​ទៅ​កាត់ទោស​នេះ​នៅ​តុលាការ​នេះ​បាន។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights watch បាន​កត់ត្រា​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ដែល​អាច​ចាត់ទុកជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ចាប់​តាំង​ពី​លោក​បាន​កាន់​តួនាទី​ជា​មេបញ្ជាការ​ទ័ព​ខ្មែរក្រហម ក្នុង​អំឡុង​ទសវត្ស​៧០ ចំពោះ​ការប្រព្រឹត្ត​ប្រឆាំង​ជនជាតិ​ចាម។ នៅ​ក្នុង​ទសវត្ស​៨០ និង​៩០ ពេល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​ដោយ​បង្ខំ និង​ឃុំឃាំង​មនុស្ស​ជា​ប្រព័ន្ធ និង បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រៅច្បាប់។ ក្នុង​រយៈពេល​ចុងក្រោយ លោក ហ៊ុន សែន បាន​រារាំង​ដំណើរការ​របស់​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម មិន​គោរព​គោលការណ៍​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លោក​ហាក់​បំភ្លេច​ចោល​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ផ្ដល់​សច្ចាប័ន រួម​នឹង​ការ​គំរាមកំហែង​ជាច្រើន​ទៀ​តទៅ​អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក សម រង្ស៊ី អះអាង​ថា សំណុំរឿង​របស់​លោក ដែល​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កន្លងមក ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នោះ នឹង​ត្រូវ​គេ​លើក​យក​មក​កាត់ទោស​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

ពលរដ្ឋខ្មែរ

ពី ភ្នំពេញ

ស្អីទេលោកអ្នកអានអនាមឹកខាងលើមួយហ្នឹងស្ដាប់សម្ដីដូចជាមិនដឹងខ្យល់អ្វីទេ!! បើមិនដឹងខ្យល់ទេកុំនិយាយ!!

Sep 03, 2018 01:45 AM

tmil Hussein ruthless behavior will be the same Saddam/Gaddafi

It doesn't matter whatever the bastard Hussein talking about"Hussein can run....but he can't hid like his comradeship Saddam and Gaddafi"Hussein is not easier to get away from the criminal of justice and could be dead end sometime.

Aug 17, 2018 11:12 AM

អ្នក​អាន​អនាមិក

ចោរមិនដែលសារភាព ថាខ្លួនបានលួចទេ បើទោះជាចាប់បានភស្តុតាងយ៉ាងណាក៏ដោយ។

Aug 17, 2018 07:52 AM

អ្នក​អាន​អនាមិក

ខ្ញុំមិនដឹងថាអ្នកណាជាឃាតករឬមិនឃាតករអ្វីទេ ខ្ញុំគ្រាន់តែដឹងថាអ្នកណាដែលបង្កឲ្យមានអសន្តិសុខក្នុងក្នុងសង្គមអ្នកនោះហើយជាឃាតករ។ ម្យ៉ាងវិញទៀតអ្នកណាដែលមិនដឹងពីសុខទុក្ខរាស្រ្តខ្មែរនៅក្នុងសម័យខ្មែរក្រហមគ្រប់គ្រងប្រទេស ខ្ញុំមិនគាំទ្រទេ តែខ្ញុំក៏មិនគាំទ្របរទេសទាំងអស់ណាដែលចង់ធ្វើអាណានិគមមកលើប្រទេសខ្មែរដែរ អ្នកដែលបង្កឲ្យមានសង្រ្គាមខ្ញុំមិនគាំទ្រ រឿងគាំទ្រខ្មែរក្រហមហើយទើបប្រទេសជាតិធ្លាក់ដល់កំរិតក្រោមសូន្យ បើកុំតែអ្នកល្មោភអំណាចមួយចំនួនធ្វើឲ្យមានសង្រ្គាម ស្មានតែប្រទេសខ្មែរធ្លាក់ដល់ហ្នឹងឬ បើនិយាយឈ្មោះសមរង្សីខ្ញុំទើបតែឮនិងឃើញក្នុងឆ្នាំ១៩៩៣នេះទេ ពីដើមមិនដែលឮ ឮតែសមសារីដែលរាជរដ្ឋាភិបាលចោទថាជាមនុស្សក្បត់ជាតិតែប៉ុណ្ណោះ។

Aug 16, 2018 09:45 PM

គេហទំព័រ​ទាំងមូល