លោក សម រង្ស៊ី ​មិន​ប្រាប់​ផ្លូវ និង​​ថ្ងៃ​ចូល​ស្រុក​ជាក់លាក់ ដោយសារ​ចង់​ឲ្យ​​របប​ក្រុង​ភ្នំពេញ​ភ័យ និង​​​ចលាចល​ផ្ទៃ​ក្នុង

ដោយ វ៉ែន សុមេធ
2019.08.13
សម រង្ស៊ី ៦២២ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

លោក សម រង្ស៊ី ប្រាប់​ថា មូលហេតុ ដែល​​មិន​​ទាន់​ប្រាប់​ផ្លូវ និង​​ថ្ងៃ​ចូល​ប្រទេស​កម្ពុជា​ជាក់​លាក់ ដោយសារ​ លោក​ចង់​ឲ្យ លោក ហ៊ុន សែន ដេក​​ភ័យ និង​​ ចលាចល​ផ្ទៃ​ក្នុង​​បក្ស​កាន់​អំណាច។ លោក ផៃ ស៊ីផាន ថា របប​ក្រុង​ភ្នំពេញ​មិន​ចាប់​​អារម្មណ៍​នឹង​សង្គ្រាម​ចិត្ត​សាស្ត្រ​បែប​នេះ​ទេ។ តែ​​អ្នក​គាំទ្រ​បក្ស​ប្រឆាំង នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ ប្រាប់​ថា កំពុង​អន្ទះសា​​ការ​ពារ​​លោក សម រង្ស៊ី ចូល​ស្រុក​វិញ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​ប្រាប់​អ្នក​គាំទ្រ​ថា ការ​បង្ហោះ​សារ​​នយោបាយ​ និង​ការ​មិន​ព្រម​ប្រាប់​ព័ត៌មាន​ជាក់​លាក់ ជា​នយោបាយ​ចិត្ត​សាស្ត្រ​ ចង់​​ធ្វើ​ឲ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន មាន​ស្មារតី​មិន​ល្អ អោយជ្រួល​ច្របល់​។ លោក​ សម រង្ស៊ី អះអាង​ថា សង្គ្រាម​ចិត្ត​សាស្ត្រ​​ប្រកាស​មិន​ឲ្យ​ដឹង​ថា លោក​ចូល​ស្រុក​ដោយ​វិធី​ណា កំហឹង​ពលរដ្ឋ​ផ្ទុះ​របៀប​ណា នឹង​ធ្វើ​​លោក ​ហ៊ុន សែន ដេក​ភ័យ​ព្រួយ​ រក​វិធី​ទប់​ទល់​ ហើយ​បង្កើត​ជា​ចលាចល​ផ្ទៃ​ក្នុង៖ «ខ្ញុំ​មិន​ទាន់​ប្រកាស​ថា ថ្ងៃ​ណា ខ្ញុំ​ទៅ​ចូល​តាម​ច្រក​ណា​ទេ ព្រោះ​ទៅ​ដល់​ដាច់​ឆ្នាំ​មាន​ ៥​ខែ​ទៀត​ដែរ។ ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ពួក​ហ្នឹង ចលាចល​បន្តិច។ យើង​បង្ហោះ​ព័ត៌មាន​នេះ យើង​គ្រាន់​តែ​ចង់​ឲ្យ​ពួក​អា​ហ្នឹង​គិត​អ៊ីចេះ​ទៅ។ គិត​ខុស​ គិត​ត្រូវ​​ ស្រេច​តែ​គេ​ទេ​ណា។ ឲ្យ​ពួក​ហ្នឹង​ចលាចល ហើយ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ ហ៊ុន សែន ឆ្កួត។ បើ​យើង​ធ្វើ​ឲ្យ ហ៊ុន សែន ច្រឡោត ហ៊ុន​ សែន ប្រតិកម្ម កាន់​តែ​វង្វេង អា​ហ្នឹង​របប ហ៊ុន សែន កាន់​តែ​ជិត​ចប់»

តែ​ទោះ​ជា​យ៉ាង​ណាក្ដី លោក សម រង្ស៊ី បញ្ជាក់​ថា ជំហរ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង នៅ​តែ​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ឆ្នាំ២០១៩ ដដែល។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ថា​រដ្ឋាភិបាល​មិន​ចាប់​​អារម្មណ៍​ចំពោះ​សារ​នយោបាយ​ លោក សម រង្ស៊ី ឡើយ។ តែ​យ៉ាង​ណា លោក​ថា នេះ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ ដែលមិន​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ភាព​ច្របូក​ច្របល់ ឬ​ចលាចល​គ្រាន់​តែ​ការ​បង្ហោះ​សារ​របស់ លោក សម រង្ស៊ី ឡើយ។ លោក ផៃ ស៊ីផាន យល់​ថា សកម្មភាព​ លោក សម រង្ស៊ី ទាក់​ទាញ​ប្រជាប្រិយភាព​ បាន​តែ​ពី​ក្រុម​បក្ខ​ពួក​គាត់​ប៉ុណ្ណោះ៖ «ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​មួយ ដែល​យើង​មិន​ដែល​ចាប់​អារម្មណ៍។ រាជរដ្ឋាភិបាល មាន​ជំហរ​មួយ​អត់​ចាប់​អារម្មណ៍។ គាត់​ថា​អ្វី ថា​ទៅ»

ថ្វី​បើ​ ខាង​របប​ក្រុង​ភ្នំពេញ​បដិសេធ មិន​ភ្ញាក់​ផ្អើល​នឹង​សារ​​​របស់​មេ​បក្ស​ប្រឆាំង ​​ក្រុម​មេ​ដឹក​នាំ​របប មាន​ លោក ហ៊ុន សែន លោក ស ខេង មេ​ប៉ូលិស ​​និង​មេ​ទាហាន​ សុទ្ធ​តែ​បាន​បើក​កិច្ច​ប្រជុំ និង​ចុះ​ទៅ​បញ្ចុះ​បញ្ចូល​ផង និង​គំរាម​​កំហែង​ផង​ ដល់​ពលរដ្ឋ​ កងទ័ព ស្ទើរ​រាល់​សប្ដាហ៍ កុំ​ឲ្យ​​ធ្វើ​តាម​ការ​អំពាវនាវ​របស់​មេ​បក្ស​ប្រឆាំង។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កញ្ញា លី ស្រីស្រស់ យល់​ថា ការ​បង្ហាញ​យុទ្ធសាស្ត្រ​ ប្រាប់​​ភាគី​ខាង​គណបក្ស​កាន់​អំណាច​បែប​នេះ មិន​អាច​​ធ្វើ​​ឲ្យ​រដ្ឋាភិបាល​មាន​ភាព​ច្របូក​ច្របល់ តាម​ការ​ចង់​បាន​របស់​មេ​ដឹកនាំ​ប្រឆាំង​ឡើយ។ កញ្ញា បន្ត​ថា ទំនង​ លោក សម រង្ស៊ី មាន​យុទ្ធ​សាស្ត្រ​​ថ្មី​​ទៀត ទើប​​ហ៊ាន​ប្រកាស​ថា ការ​បង្ហោះ​សារ​នយោបាយ ឬ​ចេតនា មិន​ប្រាប់​​ថ្ងៃ​ជាក់​លាក់​ចូល​ស្រុក ជា​គម្រោង​ការ​ចង់​ឲ្យ​រដ្ឋាភិបាល​ច្របូក​ច្របល់៖ «ការ​បង្ហាញ​ឆន្ទ​ គោល​បំណង​ដោយ​ត្រង់ៗ​​ របស់​លោក សម រង្ស៊ី អាច​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ ចំពោះ​រដ្ឋាភិបាល​ទេ។ ប៉ុន្តែ​បើ​សិន​ជា​នៅ​ក្នុង​ក្រប​ខណ្ឌ​ផ្សេង​ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​អ្វី​ផ្សេង​ ដែល​ទាមទារ​ត្រូវ​ការ​ពិនិត្យ​មើល​ត​ទៀត​ថា ​យុទ្ធសាស្ត្រ​ហ្នឹង​​ល្អ​ប៉ុណ្ណា អា​នេះ​ខ្ញុំ​គិត​ថា វា​អាច​មាន​។ ប៉ុន្តែ​​គ្រាន់​តែ​យើង​អត់​ទាន់​ច្បាស់​ថា​ យុទ្ធសាស្ត្រ​​ផ្សេង​ ជា​យុទ្ធសាស្ត្រ​អ្វី។ អ៊ីចឹង​ វា​ទាល់​តែ​​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង​ហ្នឹង គិត​នូវ​អំពី​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​ អាច​ដាក់​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ណា​មួយ នៅ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា ឬ​ក៏​រដ្ឋាភិបាល»

ទន្ទឹម​នឹង​ការ​បង្ហោះ​សារ​នេះ ក្រុម​អ្នក​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ និង​សកម្មជន​បក្ស​ប្រឆាំង គាំទ្រ​សកម្មភាព​នយោបាយ និង​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១៩។

អ្នក​គាំទ្រ​​គណ​បក្ស​ប្រឆាំង​ កំពុង​ភៀស​ខ្លួន នៅ​ប្រទេស​ជប៉ុន​ម្នាក់ អ្នក​ស្រី សៀ ណៃគួយ ឲ្យ​ដឹង​ថា ទោះ​របប​ក្រុង​ភ្នំពេញ ចលាចល ឬ​មិន​ចលាចល ក៏​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​អម​ដំណើរ​​លោក សម រង្ស៊ី ត្រលប់​ចូល​កម្ពុជា​វិញ។ ឯ​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​វិញ ក៏​កំពុង​រង់​ចាំ​ទទួល​ លោក សម រង្ស៊ី ក្នុង​ទឹក​ដី​កម្ពុជា​ដែរ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់​ចាម លោក ឋាន សុរិទ្ធិ ប្រាប់​ថា ទោះ​ស្ថានភាព​បក្ស​ប្រឆាំង​ក្នុង​ប្រទេស ត្រូវ​រដ្ឋាភិបាល​រំលាយ​រចនា​សម្ព័ន្ធ​ចោល តែ​សកម្មជន​ទាំង​អស់​ គ្មាន​ការ​តក់​ស្លុត ភ័យ​ខ្លាច​ឡើយ។ លោក​ថា សកម្មជន​ និង​ពលរដ្ឋ រង់ចាំ​តែ​ ការ​ប្រកាស​តាម​វិទ្យុ ក៏​អាច​នាំ​គ្នា ទៅ​ទទួល​​ លោក សម រង្ស៊ី បាន​ដែរ។

លោក សម រង្ស៊ី ធ្លាប់​ប្រកាស​ថា​ វិល​ចូល​ប្រទេស​កម្ពុជា​​​វិញ​ជា​ច្រើន​លើក​ច្រើន​សារ តែ​លោក​នៅ​មិន​ទាន់​វិល​វិញ​តាម​ការ​ប្រកាស​នោះ​នៅ​ឡើយ។ លើក​នេះ​ទៀត​សោត​ លោក​បាន​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​នៃ​ការ​វិល​ចូល​ស្រុក​វិញ​ជា​ញឹកញយ តែ​ទោះ​ជា​យ៉ាង ជំហរ​ចុង​ក្រោយ​របស់​លោក​លើក​នេះ​ លោក​បញ្ជាក់​ថា នឹង​វិល​ចូល​វិញ​មុន​ដំណាច់​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។