លោក សម រង្ស៊ី ទុក​ចិត្ត​លើ​ផែនទី​រៀបចំ​ដោយ​បារាំង​ជាង​រៀបចំ​ដោយ​វៀតណាម

ដោយ យាង សុជាមេត្តា
2016-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) បង្ហាញ​ពី​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​អង្គការ​សហប្រជាជាតិ និង​ផែនទី​រាជ​រដ្ឋាភិបាល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Brach Chev
ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) បង្ហាញ​ពី​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​អង្គការ​សហប្រជាជាតិ និង​ផែនទី​រាជ​រដ្ឋាភិបាល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Brach Chev
RFA/Brach Chev

ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន លោក សម រង្ស៊ី បង្ហាញ​ទំនុក​ចិត្ត​ថា ការ​ពឹងពាក់​ប្រទេស​បារាំង ឲ្យ​ជួយ​បម្លែង​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ទៅ​ជា​ផែនទី យូ.ធី.អិម (UTM) ខ្នាត ១/៥០.០០០ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​កំណត់​ព្រំដែន​វាង​កម្ពុជា និង​វៀតណាម គឺ​ប្រសើរ​ជាង​ទុក​ឲ្យ​ប្រទេស​វៀតណាម ជា​អ្នក​រៀបចំ។

ការ​បញ្ជាក់​ដូចនេះ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​សារ​ដែល​លោក​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ដើម្បី​បកស្រាយ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ក្នុង​ការ​ស្នើសុំ​អ្នក​បច្ចេកទេស​បារាំង បម្លែង​ផែនទី​បោន ទៅ​ជា​យូ.ធី.អិម វិញ។

មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង ផង​នោះ​និយាយ​ថា លោក​ជឿ​ទុក​ចិត្ត​លើ​ផែនទី​ធ្វើ​ដោយ​ប្រទេស​បារាំង ដែល​លោក​ចាត់​ទុក​ថា​មាន​ជំហរ​អព្យាក្រឹត ជា​ជាង​ផែនទី​រៀបចំ​ដោយ​ប្រទេស​វៀតណាម ដែល​មាន​ផល​ប្រយោជន៍​ផ្ទុយ​ពី​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ការ​តស៊ូ​មតិ​ពី​រឿង​ផែនទី បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ជាមួយ​មេ​ដឹកនាំ​វៀតណាម ស្នើសុំ​អ្នក​បច្ចេកទេស​បារាំង ឲ្យ​បម្លែង​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ខ្មែរ ទៅ​ជា​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់ សម្រាប់​យក​មក​ប្រើប្រាស់​ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ដែល​នៅ​សេសសល់។ អ្នក​ខ្លះ​បារម្ភ​ថា ការ​បម្លែង​ផែនទី​ដែល​មាន​ខ្នាត​បច្ចុប្បន្ន​ទៅ​ជា​ផែនទី​ខ្នាត​ថ្មី នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី ម្យ៉ាង​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ក្នុង​កំណត់​សម្គាល់​របស់​លោក សម រង្ស៊ី ចំនួន ៧​ចំណុច​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ក៏​បាន​លើក​ឡើង​នូវ​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ថា បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១​លើ​១០០​ពាន់ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី យល់​ថា ដើម្បី​កំណត់​បន្ទាត់​ព្រំដែន​នៅ​លើ​ដែនដី និង​ដែន​ទឹក​ជាក់ស្តែង​ឲ្យ​បាន​កាន់​តែ​ច្បាស់​ថែម​ទៀត គេ​ត្រូវ​ប្រើ​បច្ចេកទេស និង​ឧបករណ៍​ទំនើប​បំផុត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​មិន​ទាន់​មាន​កាល​ពី ៦០​ឆ្នាំ​មុន ដូច​ដែល​អាណានិគម​បារាំង បាន​រៀបចំ​ផែនទី​ទុក​ឲ្យ​កម្ពុជា ប្រើប្រាស់​មក​ដល់​សព្វថ្ងៃ។

ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​ប្រទេស​បារាំង អាច​ផ្តល់​ជំនួយ​បច្ចេកទេស​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ជឿ​ទុក​ចិត្ត​បាន ពីព្រោះ​លោក​ជឿ​ថា ប្រទេស​បារាំង ប្រកាន់​ជំហរ​អព្យាក្រឹត មាន​ឯកសារ​ប្រវត្តិសាស្ត្រ មាន​បទពិសោធន៍ និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កំណត់​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម។

ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​ពន្យល់​ពី​ការ​បម្លែង​ផែនទី​ពី​ខ្នាត ១​លើ​១០០​ពាន់ ទៅ​ជា ១​លើ​៥០​ពាន់ ដោយ​លោក​អះអាង​ថា ផែនទី​ខ្នាត ១​លើ​៥០​ពាន់ លម្អិត​ជាង ២​ដង ហើយ​ក៏​ច្បាស់​ជាង ២​ដង​ប្រៀបធៀប​ទៅ​នឹង​ផែនទី​ខ្នាត ១​លើ​១០០​ពាន់ ដោយ​គ្មាន​ប្រែប្រួល​អ្វី​ដែល​ជា​លក្ខណៈ​មូលដ្ឋាន​ឡើយ។ លោក​បញ្ជាក់​ថា ការ​បម្លែង​ពី​ប្រព័ន្ធ Bonne ដែល​គេ​ឈប់​ប្រើប្រាស់​សព្វថ្ងៃ ទៅ​ជា​ប្រព័ន្ធ UTM ដែល​គេ​ប្រើប្រាស់​ជា​សកល​ក្នុង​ពេល​បច្ចុប្បន្ន នឹង​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រៀបធៀប​ជាមួយ​នឹង​ផែនទី Bonne ដែល​កម្ពុជា ប្រើប្រាស់​សព្វថ្ងៃ ដើម្បី​ឲ្យ​ឃើញ​ថា​ផែនទី​ណា​ខុស ផែនទី​ណា​ត្រូវ។

ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya
ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya


លោក សម រង្ស៊ី ជឿជាក់​ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ជំនួយ​បច្ចេកទេស និង​អព្យាក្រឹតភាព​របស់​បារាំង មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​ការ​ខាតបង់​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា ការ​អន្តរាគមន៍​ពី​ប្រទេស​បារាំង នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ហើយ​នឹង​ជួយ​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រទេស​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បកស្រាយ​ថា ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​ពិបាក​រក​ចំណុច​ដើម្បី​បោះ​បង្គោល​ព្រំដែន ព្រោះ​វា​តូច​ពេក។ ដូច្នេះ​លោក​ថា ត្រូវ​បម្លែង​មក​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់​វិញ ទើប​ងាយ​ស្រួល​វាស់វែង និង​រក​ចំណុច​ដើម្បី​បោះ​បង្គោល​ព្រំដែន។

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​វៀតណាម ប្រវែង ១.២៧០​គីឡូម៉ែត្រ។ រហូត​មក​ទល់​ពេល​នេះ ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​គោក​បាន ៨៣% ហើយ ក្នុង​ចំនួន​បង្គោល​សរុប​ចំនួន ៣១៤​បង្គោល។ អ្នក​ខ្លះ​មាន​ចម្ងល់​ថា បើ​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ពិបាក​រក​ចំណុច​បោះ​បង្គោល​ព្រំដែន​ព្រោះ​វា​តូច​ពេក​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ហេតុ​អ្វី​បាន​ជា​កម្ពុជា-វៀតណាម អាច​សម្រេច​ការ​បោះ​បង្គោល​បាន​រហូត​ដល់ ៨៣% មក​ទល់​ពេល​បច្ចុប្បន្ន។

ទោះ​បី​ជា​មេ​បក្ស​ប្រឆាំង​គាំទ្រ​លោក ហ៊ុន សែន ក្នុង​ការ​ការពារ​កែប្រែ​ផែនទី​នេះ​ក្ដី ក៏ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​សែស្រឡាយ​រាជវង្ស​ផង​នោះ បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​មេ​បក្ស​របស់​ខ្លួន​ទៅ​វិញ។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ប្រតិកម្ម​ថា ការ​ប្រើប្រាស់​ផែនទី​ថ្មី​ខ្នាត ១​លើ​៥០​ពាន់ គឺ​វា​ផ្ទុយ​នឹង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ។ ព្រះអង្គ​ម្ចាស់​កត់​សម្គាល់​បន្ថែម​ថា បើ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នោះ វា​មាន​ន័យ​ថា​ជា​ការ​ទទួល​ស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្រប​ច្បាប់ ហើយ​ស្មើ​នឹង​ការ​កាត់​កោះ​ត្រល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម ជា​ស្ថាពរ។ សែ​រាជវង្ស​ដែល​តែង​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​សំចៃ​មាត់​អង្គ​នេះ សម្ដែង​ការ​ងឿង​ឆ្ងល់​ថា រដ្ឋាភិបាល​ចង់​ឲ្យ​គេ​គាំទ្រ​សូម​ឲ្យ​អ្នក​ជំនាញ​បារាំង មក​ជួយ​គូរ​ផែនទី​ខ្នាត​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ប៉ុន្តែ​រដ្ឋាភិបាល​មិន​បញ្ជាក់​ឡើយ​ពី​ការ​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​ជិត ៩០% ដែល​ភាគី​ទាំង​ពីរ​បាន​បោះ​រួច។

ចំណុច​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ចែង​ថា កម្ពុជា-វៀតណាម ឯកភាព​ធ្វើ​ការ​គូស​ចម្លង​ឡើង​វិញ​នូវ​ខ្សែ​ព្រំដែន​ពី​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន អម​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ មក​លើ​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់ អម​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥។ លើស​ពី​នេះ ភាគី​ទាំង​ពីរ​នឹង​ផលិត​ផែនទី​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​វៀតណាម។ ផែនទី​ព្រំដែន​នេះ នឹង​ប្ដូរ​ជំនួស​ពី​ផែនទី Bonne ចំនួន ៤០​ផ្ទាំង អម​សន្ធិសញ្ញា​កំណត់​ព្រំដែន​ឆ្នាំ​១៩៨៥ និង​ប្លង់​ទាំង​៤ អម​សន្ធិសញ្ញា​បំពេញ​បន្ថែម។ រដ្ឋាភិបាល​បញ្ជាក់​ថា ផែនទី​នេះ​នឹង​ផ្អែក​លើ​ឋានលេខា​ព្រំដែន​ថ្មី​មួយ​ដែល​មាន​ខ្នាត ១​លើ​២៥​ពាន់ និង​មាន​បង្ហាញ​ទីតាំង​បង្គោល​ព្រំដែន និង​ខ្សែ​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ និង​ទុក​ជា​ផែនទី​ផ្លូវ​ការ និង​ជា​អចិន្ត្រៃយ៍​ត​រៀង​ទៅ។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​រឿង​បម្លែង​ផែនទី​នេះ​ទេ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ដោយ​លោក​ឲ្យ​ទៅ​សួរ​ក្រសួង​ការ​បរទេស​វិញ។ អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បាន​ទេ​នៅ​ថ្ងៃ​ដដែល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (ស្ដាំ) លើក​បង្ហាញ​ផែនទី​​កម្ពុជា ដែល​លោក​អះអាង​ថា ជា​ប្រភេទ​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៥។ Photo Provided
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (ស្ដាំ) លើក​បង្ហាញ​ផែនទី​​កម្ពុជា ដែល​លោក​អះអាង​ថា ជា​ប្រភេទ​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៥។ Photo Provided Photo Provided

អ្នក​វិភាគ​ខ្លះ​យល់​ថា លោក សម រង្ស៊ី ចេញ​មុខ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​បម្លែង​ផែនទី​នៅ​ពេល​នេះ ហើយ​ដែល​អាច​ឈាន​ដល់​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នៅ​ពេល​ខាង​មុខ អាច​ជា​យុទ្ធសាស្ត្រ​នៃ​ការ​ដោះដូរ​អ្វី​មួយ​រវាង​លោក សម រង្ស៊ី និង​បក្ស​កាន់​អំណាច។ ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​យល់​ឃើញ​បែប​នេះ«វា​អត់​មាន​ទាក់ទង​ចឹង​ទេ ពីព្រោះ​ខ្ញុំ​បាន​បង្ហាញ​ជំហរ​នេះ​កាល​ពេល​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្ដេច ហ៊ុន សែន។ ខ្ញុំ​បាន​លើក​ឡើង​នូវ​បញ្ហា​នេះ។ ខ្ញុំ​បាន​លើក​ឡើង​ថា​បើ​បារាំង មក​ជួយ​យើង​ផ្លូវ​បច្ចេកទេស​នោះ​ជា​ការ​ល្អ​មួយ ដូច្នេះ​នេះ​ជា​យោបល់​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​បង្ហាញ​បាន​បញ្ចេញ​ជា​យូរយារ​ណាស់​មក​ហើយ»

កាល​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី បាន​កត់​សម្គាល់​ថា ការ​បម្លែង​ផែនទី​ពី​ខ្នាត ១​លើ​១០០​ពាន់ ទៅ​ជា​ខ្នាត ១​លើ​៥០​ពាន់ ហើយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ គឺ​ជា​ការ​ព្យាយាម​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល​តម្រូវ​មួក​របស់​រដ្ឋាភិបាល«ជាទូទៅ គាត់​ចង់​កែប្រែ​មាត្រា​ហ្នឹង ហើយ​ដែល​ខ្ញុំ​ដឹង គឺ​ចង់​កែប្រែ​មាត្រា​ហ្នឹង​ឲ្យ​ទូលាយ​តិច​ថា ការ​វាស់​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ត្រឹមត្រូវ យុត្តិធម៌ ហើយ​បាន​បង្គោល​ហើយ​ប្រមាណ​ពាន់​គីឡូម៉ែត្រ​ចឹង​ទៅ។ គាត់​ចង់​កែប្រែ​ប្រវត្តិសាស្ត្រ អ្វី​ដែល​គាត់​ធ្វើ​គាត់​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ស្រេច​ទៅ​ហើយ។ អ៊ីចឹង​គាត់​ត្រូវ​កែ​រដ្ឋធម្មនុញ្ញ​ឲ្យ​វា​ត្រូវ​នឹង​អ្វី​ដែល​គាត់​ធ្វើ មាន​ន័យ​ថា​ម៉េច មាន​ន័យ​ថា​កាត់​ក្បាល​តម្រូវ​មួក»

បណ្ឌិត កែម ឡី សម្ដែង​ទស្សនៈ​ថា បើ​បក្ស​ប្រឆាំង​ចូលរួម​កែប្រែ​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ជាមួយ​បក្ស​កាន់​អំណាច នោះ​បក្ស​ប្រឆាំង​អាច​បាត់បង់​ជំនឿ និង​សេចក្តី​ទុក​ចិត្ត​ពី​ពលរដ្ឋ។

ក្នុង​រឿងរ៉ាវ​ផែនទី​នេះ មន្ត្រី​គណបក្ស​ប្រឆាំង ២​រូប គឺ​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ ក្រោយ​ពី​ពួក​គាត់​បាន​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម និង​បាន​បង្ហោះ​សន្ធិសញ្ញា​កម្ពុជា-វៀតណាម ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​សន្ធិសញ្ញា​ក្លែងក្លាយ។ ក្នុង​សំណុំ​រឿង​នេះ​ដែរ លោក សម រង្ស៊ី ខ្លួន​ឯង និង​សកម្មជន​បក្ស​ប្រឆាំង ២​រូប​ទៀត ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ ហើយ​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ពេល​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី ថា​តុលាការ​ត្រូវ​ផ្តល់​យុត្តិធម៌​ឲ្យ​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ដោយ​ហេតុ​ថា មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ បាន​លើក​ពី​បញ្ហា​ផែនទី​ដើម្បី​ជួយ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា។ លោក​ថា គេ​មិន​គួរ​ចាប់​មន្ត្រី​ពីរ​នាក់​នេះ​ដាក់​គុក​ឡើយ តែ​គួរ​យក​ពួក​គាត់​មក​ជួយ​ធ្វើ​ការ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទាំងអស់​គ្នា។

ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ថ្នាក់​ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ស្នើសុំ​អ្នក​ជំនាញ​បារាំង ដើម្បី​បម្លែង​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់​ទៅ​ជា​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់​វិញ ដើម្បី​សម្រួល​ដល់​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

powerless...useless...worthless puppet govn't

Oh...holycrap man and how this stupid govn't so weakest and let the n.vietcong communist do whatever they want man.This a serious consequences with stupid man HunSen's govn't are playing on national territory issue, with losing game techniques and looser.Please be smart play game with nvc,if u stupid man can't do right now...u should leave this territory issue for next new khmer govn't who be smart ass than u guy...u should be leaving the post,resign,exile or whatever to let this problem to other new khmer govn't control and everything will solved.The new khmer govn't must review to all this national territory issue and play game by using international rule of law" not play judge only two parties by without 3rd party involve",and take times and not try to risky like u sell food at the market...this is a serious national territory problem for every country around the world.

Dec 01, 2016 11:39 AM

NVC non-stop territory plunder

Because the n.vietnam communist leaders knew clearly in 2018 that stupid man HunSen will determinate by khmer people of power"useless/worthless",that what NVC leaders try to take advantage over stupid man HunSen's govn't before gone to hell in day ahead.Ta Hong,ta Hor,ta Hun,ta Heng and ta S.Touch are the big play in this ballgame and history will be judged by millions khmer pplow.Because, all those bad guys know well about this problem and they try to play trick to public view and to coverup they crime committed.See after Sihanouk passed away tmil HunSen and comrade nvc's leader Nguyen Tan Dung came to honored Sihanouk's memorial and Nguyen Tan Dung saluted the Sihanouk's casket then he walked backup with silly eye viewed "mean this is a best opportunity for NVC".Nguyen Tan Dung waited this good opportunity for along-long time ago".Nguyen wished this man some day will die soon and everything in Cambodia would be in NVC's control,Nguyen/nvc not to worry about stupid man HunSen's govn't at all,so he can plays whatever he wants.Otherwise,Ta Hong and Ta Hor are big play in this game to helps tmil HunSen and nvc to creating more national territory issue in easier to matched a new fake map"UTM 1/50,000...not 1/100,000",or the nvc try to rob more land before stupid man HunSen gone to hell ahead,that what they try to take this good opportunity from their puppet govn't as they can.

Dec 01, 2016 11:08 AM

សោម​ សឿន

ពី ភ្នំពេញ

ការងារព្រំដែនបានដំណើរការលើមូលដ្ឋានផែនទី​ បោន​ ខ្នាត​ ១/១០០០០០​ ស្របតាមមាត្រា​ ២​ នៃរដ្ឋធម្មនុញ្ញ​ ហើរដ្ឋាភិបាលក៏មិនដែលនិយាយអ្វីអំពីការកែមាត្រា​ ២​ នៃរដ្ឋធម្មនុញ្ញដែរ។​ មានតែក្រុមអ្នកប្រឆាំងអគតិមួយចំនួននិយាយអំពីកាកែរដ្ឋធម្មនុញ្ញ។​ ការចម្លងផែនទី​ បោន​ មកលើផែនទី​ UTM​ ជាការងារបច្ចេកទេសប៉ុណ្ណោះ​ ដែលយើងសុំឲ្យបារាំងជួយធ្វើដើម្បីធានាឲ្យបានសុក្រឹត្យ។​ អ្នកជំនាញផែនទីយល់ច្បាស់បញ្ហានេះ។

Nov 29, 2016 09:44 PM

Khmer American

ពី USA

តើខ្មែរយើងអាចនឹងទាមទាយកកោះត្រល់មកវិញបានដែរឬទេ ប្រសឹនបើគ្មានសន្ធិសញ្ញាបន្ថែមទាំងអស់? តើការគូសខ្សែព្រំដែនថ្មីព្រមទាំងសន្ធិសញ្ញាបន្ថែម នឹងទ្វើអោយខ្មែរយើងបាត់បង់សទ្ធិទាមទាជាស្ថាពរឬ? ចងចាំថា ខ្មែរយើងមានជោគជយ័ខ្នុងការទាមទាយកប្រាសាទព្រះវិហ៊ារពីសៀមបានមកវិញ ដូចឆ្នេះខ្មែរយើងទាំងអស់គ្នាត្រូវតែជួយគឹតនឹងជ្រោមជ្រែង។

Nov 29, 2016 02:52 PM

ផារ៉ា

ពី ភ្នំពេញ

សំណូមពរលោក សម រង្សុីហ្នឹង មុនពេលសម្រេចចិត្តលើអ្វីមួយ​គួរ​ពិគ្រោះយោបល់ជាមួយមន្រ្តីបក្សខ្លួន និងរកការឯកភាពរួមផ្ទៃក្នុងមុន​ពេល​និយាយជាសាធារណៈ។ កុំចេះតែសម្រេចដោយអត្តនោម័ត នាំឱ្យបែក​បាក់សាមគ្គីផ្ទៃក្នុងបក្ស និងគេថាខ្វះមនុស្សចេះ​ដឹងក្នុង​បក្ស។ សួរ​យោបល់គ្នាឱ្យបានច្រើនទៅវាគ្មានទៅខាតពេលប៉ុន្មានទេ។

Nov 28, 2016 11:02 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល