ចេតិយតម្កល់សពបណ្ឌិត កែម ឡី ខ្វះលុយសង់បន្ត ពេលសង់បាន ៤០ភាគរយ
2019.07.05

ប្អូនប្រុស និងម្ដាយរបស់លោកបណ្ឌិត កែម ឡី ឱ្យដឹងថា ពួកគេកំពុងត្រូវការថវិកាប្រមាណជាង ១០ម៉ឺនដុល្លារទៀត ដើម្បីបញ្ចប់គម្រោងសាងសង់ចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី ដែលស្ថិតនៅក្នុងទឹកដីកំណើតរបស់លោក ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី និងជាប្រធានគណបក្សខ្មែរតែមួយ គឺលោក កែម រិទ្ធិសិត រៀបរាប់ថា រយៈពេល ២ឆ្នាំកន្លងទៅនេះ ដំណើរការសាងសង់ចេតិយត្រូវបានផ្អាកទាំងស្រុង ព្រោះគ្មានថវិកាសម្រាប់ជួលជាងសាងសង់បន្តទៀត។ លោកបញ្ជាក់ថា លោកបានដាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយ ដើម្បីរកជំនួយកសាងចេតិយដែរ ប៉ុន្តែពុំមានសប្បុរសជនណាផ្ដល់ជំនួយទៀតនោះទេ។ ទំហំចេតិយនេះ គឺខាងក្រៅមានបណ្ដោយ ៩ម៉ែត្រ គុណនឹង ៩ម៉ែត្រ ចំណែកខាងក្នុង ៥ម៉ែត្រ គុណនឹង ៥ម៉ែត្រ រីឯកម្ពស់ ១៦ម៉ែត្រ៖ «ថ្ងៃបុណ្យខួបនេះយើងអំពាវនាវបន្ថែមទៀត ប្រសិនបើពលរដ្ឋខ្មែរក្នុងប្រទេស និងក្រៅប្រទេសជួយសាងសង់ទៀត ពីព្រោះថា ចេតិយយើងសាងសង់បាន ៤០ភាគរយនេះ រាល់ថ្ងៃយើងលែងព្រួយបារម្ភអីហើយ ព្រោះយើងមានទ្វារចាក់សោបានអីបានដែរ។ យើងអត់មានត្រូវការអីទេ គ្រាន់តែក្បាច់ក្បូរអីគឺជារឿងលម្អ និងបង្ហើយទេ ប៉ុន្តែក្បាច់ក្បូរនេះវាថ្លៃៗណាស់»។
លោក កែម រិទ្ធិសិត ឱ្យដឹងថា រហូតមកដល់ពេលនេះ ថវិកាដែលប្រមូលបានកាលពីបុណ្យ ១០០ថ្ងៃ ជាង ១ម៉ឺនដុល្លារ និងថវិការបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចំនួន ៦ម៉ឺនដុល្លារដែលសរុបទាំងអស់ជាង ៧ម៉ឺនដុល្លារនោះ បានចំណាយអស់ហើយ សម្រាប់សាងសង់ចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី ប៉ុន្តែចេតិយទើបសាងសង់បានប្រមាណ ៤០ភាគរយប៉ុណ្ណោះ។ លោក បញ្ជាក់ថា តាមគម្រោងរបស់គណៈកម្មការសាងសង់ចេតិយចាស់ គឺគ្រោងចំណាយថវិកាជាង ១៧ម៉ឺនដុល្លារដើម្បីសាងសង់ចេតិយ ដូច្នេះបច្ចុប្បន្ននៅខ្វះជាង ១០ម៉ឺនដុល្លារទៀត៖ «ខ្ញុំគិតថា បើយើងចាំតម្លៃ ១០ម៉ឺនជាងអី យកមកធ្វើតាមគម្រោង ដែលយើងដេញថ្លៃនោះ គឺមិនរំពឹងទេ។ ប៉ុន្តែ ប្រសិនបើមានសប្បុរសជន ឬក៏ឯកឧត្តម ឧកញ៉ា លោកជំទាវសម្ដេច លោកជួយធ្វើបង្ហើយ ឬជួយបានត្រឹម ២ម៉ឺនអីទៀត គឺយើងធ្វើបង្ហើយតាមគម្រោងថ្មីវិញ ដោយជួលជាងថ្មី ដែលប្រើក្បាច់ធ្វើពីស៊ីម៉ងត៍វិញព្រោះពីមុនយើងគ្រោងធ្វើក្បាច់ពីថ្មអីផ្សេងៗ វាថ្លៃ»។
(គ្រោងសំណង់ចេតិយបណ្ឌិត កែម ឡី នៅទឹកដីកំណើតរបស់លោក នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថតថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។ Photo credit: The Prey Nokor News)
បច្ចុប្បន្ននេះ ការសាងសង់ចេតិយលោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការ ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិល ប្រគល់សិទ្ធិជូនក្រុមគ្រួសារវិញ បន្ទាប់ពីមានរឿងចម្រូងចម្រាស ដោយសារការលូកដៃពីអ្នកនយោបាយ ការគំរាមកំហែង និងការឧបត្ថម្ភថវិកាពីលោក ហ៊ុន សែន ជាដើម។ ក្រោយពីមានការលូកដៃពីអ្នកនយោបាយនោះ អតីតសមាជិកគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ៣នាក់ រួមមាននាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួនពាក់ព័ន្ធនឹងការចោទថា ធ្វើឱ្យបាត់បច្ច័យបុណ្យសព លោក កែម ឡី តាមបណ្ដឹងរបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់។ ក្រុមគណៈកម្មការបុណ្យសព និងក្រុមគ្រួសារបណ្ឌិត កែម ឡី ផ្ទាល់ បានចាត់ទុកការចោទប្រកាន់នោះថា ជារឿងអយុត្តិធម៌ ជារឿងប្រឌិតរបស់អ្នកនយោបាយ ព្រោះមិនមានការកិបកេងបច្ច័យបុណ្យសពទេ។
លោក កែម រិទ្ធិសិត ថ្លែងថា រហូតមកដល់ពេលនេះ នៅតែមានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលទៅ គោរពសពបណ្ឌិត កែម ឡី ជាហូរហែនៅពេលពួកគេធ្វើដំណើរឆ្លងកាត់ទីនោះដូចជាទៅកម្សាន្ត នៅកែប និងកំពង់សោម។ លោកឆ្លើយតបថា ការខ្វះខាតថវិកាសាងសង់ចេតិយនេះ មិនមែនដោយសារលោកយកកេរ្តិ៍ឈ្មោះបងប្រុស ទៅបង្កើតគណបក្សនយោបាយ ហើយបណ្ដាលឱ្យពលរដ្ឋខ្មែរខឹងស្អប់មិនចូលបច្ច័យនោះទេ៖ «ប្រជាពលរដ្ឋមកថ្ងៃខ្លះបីទៅបួនឡានអ៊ីចឹងដែរ នៅថ្ងៃបុណ្យថ្ងៃទាន ឬថ្ងៃសៅរ៍អាទិត្យ ប៉ុន្តែគាត់ចូលបុណ្យ ៥រយរៀល ១រយរៀលអីទេ ហើយបើអ្នកមកពីស្រុកគេ ឬអ្នកមានថវិកានៅក្នុងស្រុកខ្មែរអី គឺគាត់ជួនលុយយាយ២០ដុល្លារឬ១០ដុល្លារអ៊ីចឹងទៅប៉ុន្តែមិនមែនដាក់ក្នុងហិបកសាងចេតិយអីទេហើយយូរៗមានម្តង។ អ្នកដែលគេគោរពស្រឡាញ់គាត់ គឺគេមកជាប្រចាំ។ អ្នកខ្លះមួយឆ្នាំ មក ២ទៅ ៣ដងនោះ ហើយគេមិនគិតពីរឿងបុគ្គលនេះ ឬបុគ្គលនោះធ្វើអញ្ចេះធ្វើអញ្ចោះអីទេ»។
អតីតសមាជិកគណៈកម្មការកសាងចេតិយម្នាក់ដែលបានលាឈប់ និងបានទៅធ្វើជាប្រធានមូលនិធិ កែម ឡី គឺលោក សៅ កុសល មានប្រសាសន៍ថា លោកសោកស្ដាយដែលគណៈកម្មការចាស់បានត្រឹមតែបង្កើតគម្រោង តែមិនបានជួយដល់ទីបញ្ចប់ដោយសារតែមានការធ្វើទុក្ខបុកម្នេញនានា សូម្បីតែរៀបចំពិធីបុណ្យខួប ១រយថ្ងៃជូនបណ្ឌិត កែម ឡី នាពេលកន្លងទៅ ក៏មានគេព្យាយាមរារាំងដែរ។ លោកបញ្ជាក់ថា មូលហេតុដែលចំណាយថវិកាដល់ ១៧ម៉ឺនសម្រាប់កសាងចេតិយនោះព្រោះ តាមគម្រោងធ្វើតាមរចនាបថប្រាសាទភ្នំជីសូតំណាងឱ្យខេត្តតាកែវ និងប្រាសាទព្រះវិហារ ដែលត្រូវប្រើសម្ភារៈថ្លៃៗ។ លោក សៅ កុសល បន្តថា ប្រសិនបើគណៈកម្មការចាស់នៅតែអាចធ្វើកិច្ចការនេះ គឺប្រាកដជាអាចរកជំនួយបានគ្រប់គ្រាន់សម្រាប់សាងសង់ ប៉ុន្តែនៅពេលប្រគល់សិទ្ធិជូនគ្រួសារវិញ គឺមិនសង្ឃឹមថា អាចរកជំនួយបានច្រើននោះទេ ព្រោះពួកគាត់មិនសូវមានសកម្មភាពស្វះស្វែងរកជំនួយ ព្រមទាំងមានការពាក់ព័ន្ធនឹងរឿងនយោបាយថែមទៀត៖ «ប្រហែលជាគេមិនចង់ពាក់ព័ន្ធធ្វើតទៅទៀត ព្រោះថា មានលុយសម្ដេចហើយ គេអត់ចង់ចូលរួមជាមួយ។ ទី២ ប្រហែលជាពលរដ្ឋគាត់មិនមានពេលចូលរួមដោយផ្ទាល់ និងប្រហែលជាមកពីព័ត៌មាន ដែលមិនបានផ្សព្វផ្សាយឱ្យជនរួមជាតិបានដឹងទូលំទូលាយ ដែលធ្វើឱ្យគេគិតថា លុយប៉ុណ្ណឹងប្រហែលជាគេធ្វើចេតិយរួចហើយៗ មើលទៅ»។
លោក សៅ កុសល បន្តថា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតែនឹករលឹកនិងទន្ទឹងរង់ចាំយុត្តិធម៌ពិតប្រាកដសម្រាប់បណ្ឌិត កែម ឡី។ លោកសង្កេតឃើញថា ករណីឃាត់កម្មលើបណ្ឌិត កែម ឡី នេះគ្មាននរណាម្នាក់រំសាយការឈឺចាប់បាននោះទេ មកទល់ពេលនេះ ហើយក៏គ្មាននរណាម្នាក់ ជឿថា មានតែបុគ្គលម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ នោះ គឺជាឃាតកពិតនោះដែរ ព្រោះសំណុំរឿងនេះ អាចមានមនុស្សពាក់ព័ន្ធជាច្រើននាក់ទៀត៖ «ចំពោះយុត្តិធម៌វាហាក់ដូចជាមិនទាន់ទទួលយកបានទេ។ វាមាន ហេតុផល៣ដែលលោកបណ្ឌិតស្លាប់ គឺទី១ ក្រោយពីលោកបណ្ឌិតវិភាគរឿងរបាយការណ៍របស់គ្លបល វីនេស (Global Witness) ដែលពាក់ព័ន្ធនឹងគ្រួសារលោកនាយករដ្ឋមន្ត្រី គ្រប់គ្រងជំនួញមានលុយជាង ២រយលានដុល្លារ។ ក្រោយពីគាត់វិភាគហើយ គាត់ក៏ត្រូវគេធ្វើឃាត។ ហេតុផលទី២ យើង ឃើញថា ក្រោយពេលគេធ្វើឃាតហើយ គឺឃាតកពិតវាអត់ឃើញ ទៅជាមាន ជួប សម្លាប់។ អ៊ីចឹង បើសិនជាអ្នកដែលមិនមានបុណ្យសក្ដិធំៗ នៅពីក្រោយទេ គឺមិនអាចបន្លំ ឬផ្លាស់ប្ដូរឃាតកបានទេ គឺទាល់តែអ្នកនោះធំ ហើយទាល់តែមានអំណាចហើយទើបអាចផ្លាស់ប្ដូរឃាតកបាន។ ចំណុចទី៣ ដែលសំខាន់ជាងគេ គឺកាមេរ៉ាសុវត្ថិភាពដែលបង្ហាញឃាតកពិតប្រាកដនោះ បែរជាមិនបង្ហាញឱ្យបានឃើញត្រឹមត្រូវ។ នេះជាហេតុផលធំដែរដែលបង្ហាញថាអ្នកនៅពីក្រោយខ្នងគឺធំណាស់ ដែលអាចបញ្ជាដល់អាជ្ញាធរអាចបញ្ជាដល់តុលាការឱ្យកែប្រែគ្រប់អង្គហេតុទាំងអស់បាន។ អ៊ីចឹងក្នុងដំណាក់កាលបច្ចុប្បន្ននេះ រហូតទៅអនាគត ប្រសិនបើការគ្រប់គ្រងរបៀបដូចរាល់ថ្ងៃនេះ គឺយុត្តិធម៌របស់លោកបណ្ឌិតមិនអាចរកបានទេ»។
ងាកទៅមើលស្ថានភាពម្ដាយបង្កើតលោកបណ្ឌិត កែម ឡី អាយុ ៧៩ឆ្នាំឯណោះវិញ គឺលោកស្រី ភោគ សេ នៅតែនឹករលឹក សោកស្ដាយ និងសោកសង្រេងខ្លាំងណាស់ចំពោះការបាត់បង់កូនប្រុសជាទីស្រលាញ់ ទោះបីជាពេលវេលាចេះតែរំកិលទៅមុខក្ដី។ លោកស្រីរៀបរាប់ថា លោកស្រីនៅតែរស់នៅក្បែរផ្នូររបស់កូនបោសជូតៗ បោចស្មៅ និងដាំផ្កាពេញទីនោះ។ អ្នកម្ដាយរូបនេះ ថែមទាំងបន្តសម្រាន្តនៅជាប់នឹងផ្នូររបស់លោកជាប្រចាំទៀតផង៖ «អូ!សព្វថ្ងៃនេះដូចនៅថ្មីៗ អ៊ីចឹងអារម្មណ៍ដូចនៅកាលពីស្លាប់ដែរ។ អត់មានស្ងប់អារម្មណ៍ទេ។ ថ្ងៃសីលទៅវត្តហើយមកវិញដុតធូបដុតអ៊ីចឹងទៅ។ មើលខាងបោចស្មៅបោចអ៊ីចឹងទៅ។ ចូកស្មៅអ៊ីចឹងបោសច្រាសអ៊ីចឹងទៅ។ ចំណូលដែលគេមកចូលបុណ្យនេះ គឺមានតិចៗ អ៊ីចឹងទៅ មិនមានរាល់ថ្ងៃពេកទេ»។
ក្រៅពីនឹករលឹកដល់កូនប្រុសដែលត្រូវបានឃាតកឃោរឃៅបាញ់សម្លាប់ក្នុង ស្ដារម៉ាត កាល់តិច កណ្ដាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ លោកស្រីក៏តែងមានអារម្មណ៍នឹក រលឹកដល់ចៅៗទាំង៥នាក់ កំពុងរស់នៅប្រទេសអូស្ត្រាលីជាមួយម្ដាយដែរ ដោយមិនដឹងថ្ងៃណាបានជួបមុខទៀតទេ។ ជីដូនចាស់រូបនេះ បានត្រឹមតែមើលមុខកូនដែលស្លាប់តាមរូបថត ហើយយូរៗ បាននិយាយគ្នាលែងជាមួយចៅៗ និងកូនប្រសារតាមទូរស័ព្ទម្ដងម្កាល។
លោកស្រី ភោគ សេ រៀបរាប់ទាំងអួលដើមកថា ប្រសិនបើលោកបណ្ឌិត កែម ឡី នៅមានជីវិតនោះ គឺលោកស្រី នឹងក្លាយជាម្ដាយដែលមានសំណាងបំផុត ព្រោះកូនប្រុសរូបនេះ មានកតញ្ញូចំពោះ ម្ដាយ មើលថែរក្សាម្ដាយមិនឱ្យលំបាកនោះទេ ទោះបីជាលោក កែម ឡី រវល់ធ្វើកិច្ចការរឿងសង្គមជាតិក៏ដោយ៖ «កាលគាត់នៅរស់ គឺផ្ដល់ឱ្យខ្ញុំបានទៅបុណ្យទៅទានអ៊ីចឹង ហើយខ្ញុំសប្បាយចិត្តអ៊ីចឹងដែរ ប៉ុន្តែដល់ពេលគាត់ស្លាប់អ៊ីចឹង គឺលុយកាក់វាស្ដួចស្ដើងណាស់បានមកចេះតែសន្សំៗ ទុកគ្រាន់តែនិមន្តលោកមកបង្សុកូល និងឆាន់អ៊ីចឹងទៅ។ បើកូននៅរស់គឺខ្ញុំសំណាងបំផុតហើយព្រោះមួយអាទិត្យកូនមកលែងម្ដង ធ្វើឱ្យយើងធូរចិត្តធូរគំនិត។ ខំឱ្យកូនរៀនហើយបានធ្វើការហើយបែរជាមិននៅទៀត គឺយើងគិតថា ជីវិតយើងមិនសូវស្រួល។ ខ្ញុំមិនដឹងនិយាយថា ម៉េចទៀតទេ ព្រោះវាតឹងទ្រូងណាស់។ ខ្ញុំតែងតែគិតថា កូនទៅធ្វើការនៅស្រុកគេហើយអត់ស្លាប់អ៊ីចឹងណា»។
ម្ដាយរបស់លោក កែម ឡី ឱ្យដឹងថា លោកស្រី មានសុខភាពមិនសូវមាំទាំដូចមុនទៀតឡើយ ហើយជីវិតរបស់លោកស្រី គឺពឹងផ្អែកលើការជូនបច្ច័យរបស់ប្រជាពលរដ្ឋខ្មែរជិតឆ្ងាយដែលចូលទៅគោរព និងអុជធូបជូនលោកបណ្ឌិត កែម ឡី។ លោកស្រីបញ្ជាក់ថា មានមនុស្សមិនទៀងទាត់ទេ ជួនកាលច្រើន ជួនកាលតិច ទៅអុជធូបគោរពសពលោក កែម ឡី ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន។
បើនិយាយពីរឿងយុត្តិធម៌វិញ ម្ដាយបណ្ឌិត កែម ឡី មិនពេញចិត្តទាល់តែសោះក្នុងការស្វែងរកយុត្តិធម៌ ដោយរបបក្រុងភ្នំពេញសព្វថ្ងៃនេះ៖ «ឱ្យរកយុត្តិធម៌ពិតៗ ឱ្យទៅ គឺស្ងប់ចិត្តហើយ។ ប៉ុន្តែ បើអត់មានសោះអ៊ីចឹង»។
ប្អូនប្រុស និងម្ដាយបង្កើតលោកបណ្ឌិត កែម ឡី ក៏មានគម្រោងនឹងរៀបចំពិធីបុណ្យរម្លឹកខួប ៣ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នៅទីតាំងតម្កល់សព ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមគ្រួសារអំពាវនាវដល់សាធារណជនទាំងអស់ អញ្ជើញចូលរួមពិធីបុណ្យ ដើម្បីបង្ហាញការគោរពស្រឡាញ់បណ្ឌិត កែម ឡី និងជួយចូលបច្ច័យសម្រាប់កសាងចេតិយបន្តទៀត៕