សាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យលេខាប្រតិបត្តិបក្សប្រឆាំង ស្រុកកំពង់រោទិ៍ម្នាក់ ចូលខ្លួនពីបទជេរប្រមាថជាសាធារណៈ
2018.11.13
សាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យសមាជិកគណបក្ស សង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ម្នាក់ ចូលខ្លួននៅថ្ងៃទី១៣ វិច្ឆិកា ពីបទជេរប្រមាថជាសាធារណៈ តាមបណ្ដឹងរបស់អតីតសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សកាន់អំណាចម្នាក់។ សមាជិកគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង ហៅដីកាបង្គាប់នេះថា ជាការសងសឹក ដោយសារលោកមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ សង្គមស៊ីវិលថា ដើម្បីបញ្ចប់សំណុំរឿងនេះ ត្រូវជំរុញឲ្យភាគីដើមបណ្ដឹងដកបណ្ដឹងវិញ។
លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ លោក វ៉ាន់ សឿន ឲ្យដឹងថា លោកបានទទួលដីកាបង្គាប់ឲ្យចូលខ្លួនរួចហើយ ប៉ុន្ដែមិនទាន់សម្រេចចិត្តបែបណាទេ ដោយសារ ដីកាទើបតែបញ្ជូនមកដល់ថ្ងៃទី១២ វិច្ឆិកា ហើយបង្គាប់ឲ្យចូលខ្លួននៅថ្ងៃទី១៣ វិច្ឆិកា។ លោក វ៉ាន់ សឿន ថា មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកមេធាវីជួយការពារក្ដីបានទេ។
ដីកាបង្គាប់ឲ្យចូលខ្លូន ចុះកាលបរិច្ឆេទថ្ងៃទី២៥ តុលា ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យ លោក វ៉ាន់ សឿន ចូលខ្លួនទៅកាន់សាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១៣ វិច្ឆិកា ម៉ោង ២រសៀល ដើម្បីសាកសួរពីដំណើររឿង បទជេរប្រមាថជាសាធារណៈ ដែលប្រព្រឹត្តិនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៧ តាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។
ជនរងការចោទប្រកាន់ លោក វ៉ាន់ សឿន រំលឹកថា ដើមហេតុនាំឲ្យមានដីកានេះ ដោយសារកាលពីខែកញ្ញា ឆ្នាំ២០១៧ លោកបាននិយាយលេង ជាមួយសមាជិកគណបក្ស សង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ មុខការិយាល័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំញរ។ បន្ទាប់មកសមាជិកក្រុមប្រឹក្សាឃុំ គណបក្ស ប្រជាជនកម្ពុជា លោក កង ឈិន យល់ថា ការនិយាយលេងនោះ ជាការឌឺដង ឬជេរប្រមាថដល់រូបគាត់ ទើបមានការខឹងសម្បារ ក៏កើតជាវិវាទនឹងគ្នា។ ប៉ុន្ដែក្រោយមក មានការសម្របសម្រួលគ្នាបិទបញ្ចប់វិវាទ។
ជាងកន្លះឆ្នាំក្រោយមក គឺនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក គង់ ច័ន្ទខេមរិន្ទ បានចេញដីកាកោះឲ្យលោក វ៉ាន់ សឿន ចូលខ្លួន ពីបទបរិហារបង្ខូចកេរ្តិ៍ លើករណីនោះ។ កាលណោះ លោក វ៉ាន់ សឿន មិនបានចូលខ្លួនតាមដីកាកោះទេ ដោយសារ លោកយល់ថា ករណីនេះ ភាគីទាំងពីរបានសម្របសម្រួលគ្នាបិទបញ្ចប់រួចហើយ តាំងពីឆ្នាំ២០១៧។
សមាជិកគណៈបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង លោក គង់ ម៉ាស់ យល់ថា ចៅក្រមស៊ើបសួរមិនគួរចេញដីកាបង្គាប់ខ្លួននេះទេ ព្រោះភាគីជម្លោះទាំងពីរ បានសម្របសម្រួលគ្នារួចហើយ តាំងពីឆ្នាំ២០១៧។ ការសម្របសម្រួលគ្នាកាលណោះ មានលិខិតស្នាម និងតំណាងគ្រប់ភាគី គឺតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំសង្កាត់ តំណាងគណបក្ស ប្រជាជនកម្ពុជា និងតំណាងគណបក្ស សង្គ្រោះជាតិ នៅខេត្តស្វាយរៀង បានទទួលស្គាល់ថា ភាគីទាំងពីរយល់ព្រមបិទបញ្ចប់ទំនាស់នោះជាស្ថាពររួចហើយ៖ «»
អាស៊ីសេរីមិនទាន់អាចរកប្រភពសុំការបញ្ជាក់ពីខាងភាគី ដើមបណ្ដឹង គឺលោក កង ឈិន បានទេ នៅថ្ងៃទី១២ វិច្ឆិកា។ បើទោះជាបែបណា ចៅក្រមស៊ើបសួរ លោក ឈុន ដាវី បានព្រមានក្នុងដីកាបង្គាប់ឲ្យចូលខ្លួនថា ក្នុងករណីលោក វ៉ាន់ សឿន មិនព្រមចូលខ្លួនតាមដីកាបង្គាប់ចូលខ្លួនទេ ចៅក្រមស៊ើបសួរនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ពន្យល់ថា បទល្មើសបរិហារកេរ្តិ៍ ជាបទមជ្ឈឹម គ្មានទោសព្រហ្មទណ្ឌទេ ហើយបើគិតពីអាជ្ញាយុកាលពីឆ្នាំ២០១៧ មកដល់ពេលនេះ ក៏មិនទាន់ផុតអាជ្ញាយុកាលដែរ។ សង្គមស៊ីវិលរូបនេះ បន្ដថា ក្នុងករណីចុងចោទ មិនចូលខ្លួនតាមដីកាបង្គាប់ អាចនឹងបង្កើតជាបទល្មើសថ្មីមួយទៀត ប៉ុន្ដែជាដំណោះស្រាយល្អ សម្រាប់ភាគីទាំងសងខាង អ្នកដែលរងការចោទប្រកាន់គួរជំរុញឲ្យដើមចោទដកបណ្ដឹងវិញ ហើយតុលាការ ក៏អាចពិចារណាបិទបញ្ចប់សំណុំរឿងដែរ៖ «»
លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ លោក វ៉ាន់ សឿន មិនទាន់បញ្ជាក់ថា លោកនឹងចូលខ្លួនតាមដីកាបង្គាប់ ឬអត់ទេ ដោយសារលោកមិនទុកចិត្តពីភាពឯករាជ្យរបស់ស្ថាប័នតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។