សមាជិកព្រឹទ្ធសភាអាមេរិក ស្នើ​​ច្បាប់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​ពី​របប​លោក ហ៊ុន សែន

មួង ណារ៉េត
2019-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិកព្រឹទ្ធសភាអាមេរិកលោក ថិត គ្រូស (Ted Cruz) (រូបឆ្វេង) ពីខាង​គណបក្សសាធារណៈរដ្ឋ​ និង លោក គ្រីស ឃូនស៍ (Chris Coons) (រូបស្តាំ) ពីខាង​គណបក្សប្រជាធិបតេយ្យ។
សមាជិកព្រឹទ្ធសភាអាមេរិកលោក ថិត គ្រូស (Ted Cruz) (រូបឆ្វេង) ពីខាង​គណបក្សសាធារណៈរដ្ឋ​ និង លោក គ្រីស ឃូនស៍ (Chris Coons) (រូបស្តាំ) ពីខាង​គណបក្សប្រជាធិបតេយ្យ។
AP

សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ដក​ការអនុគ្រោះពន្ធពីរបបលោក ហ៊ុន សែន។ សមាជិក​ព្រឹទ្ធសភា​​ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក​ ថិត គ្រូស (TED Cruz) និង​សមាជិកព្រឹទ្ធសភា មកពីខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris Coons) កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា បាន​​ដាក់​​សេចក្តី​​ស្នើច្បាប់​មួយ​ ស្តីពីពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ ដើម្បី​ឲ្យ​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ពិចារណាឡើងវិញ លើ​ការ​​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (ឬ GSP) ដល់​​របប​​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើង​វិញ​នេះ រួម​មាន ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​​ផ្តល់​​ការ​​អនុគ្រោះ​ពន្ធ ដែល​​ផ្តល់​​ដល់​​កម្ពុជា ដោយសារ​​តែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​​បំផ្លាញ​​​ប្រជាធិបតេយ្យ។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃម្សិលមិញ លោក ថិត គ្រូស បញ្ជាក់ថា សហរដ្ឋអាមេរិក ចង់ឃើញកម្ពុជា​មានប្រជាធិបតេយ្យ និង ការ​គោរពសិទ្ធិមនុស្ស ទើបផ្តល់ការអនុគ្រោះពន្ធ​បែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បាន​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ លោក ហ៊ុន សែន មិនបានបំពេញ​ទៅតាម​លក្ខខណ្ឌជាមូលដ្ឋាន នៃ​បទដ្ឋាន​សិទ្ធិ​ការងារ បំផ្លាញ​​សុចរិត​ភាព​​នៃ​​ប្រព័ន្ធបោះឆ្នោត​នៅកម្ពុជា និង ផ្តេកផ្តួលខ្លាំង​ទៅ​រក​ប្រទេសចិនកុម្មុនីស្ត។ លោក ថិត គ្រូស បន្ថែមថា ប្រទេស​ដែល​បំផ្លាញ​​ប្រជាធិបតេយ្យ និង​រំលោភ​បទដ្ឋាន​ការងារ និង​សិទ្ធិ​មនុស្ស មិន​​​សម​​​ទទួល​​បាន​​​ការ​​​អនុគ្រោះ​​ពន្ធ​​នេះ​​ទេ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺ​ជា​ទី​ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​​ការ​​នាំ​​ចេញ​​ផលិត​ផល​​ក្នុង​​ស្រុក ដែល​​កម្ពុជា​​ផលិត ក្នុង​​នោះ​​មាន​​ដូច​​ជា សំលៀក​បំពាក់ ស្បែក​ជើង ផលិត​ផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូប​អាហារ និង​ផលិត​ផល​កសិកម្ម​​ជា​​ដើម។

ទាំង​សហរដ្ឋ​អាមេរិក និង​ទាំង​សហភាព​អឺរ៉ុប សុទ្ធ​តែ​បាន​ផ្តល់​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​មិន​គិត​ពន្ធ​នេះ​​ដល់​កម្ពុជា។ សហរដ្ឋ​អាមេរិក ផ្តល់ការអនុគ្រោះពន្ធ​ដល់កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំង​ពី​ឆ្នាំ​១៩៩៧។ កម្ពុជា​ទទួល​បាន​​ការ​មិន​យក​ពន្ធ​សរុប​តម្លៃ ៤០០​លាន​ដុល្លារ ពី​សហរដ្ឋ​អាមេរិក តាមរយៈការអនុគ្រោះពន្ធនេះ។ ចំណែក​ឯ​សហភាព​អឺរ៉ុប​ក៏​ផ្តល់​ការ​​អនុគ្រោះ​ពន្ធ​ តាម​រយៈ​កម្មវិធី​​អ្វីៗ ទាំង​​អស់​​លើក​​លែង​​តែ​​អាវុធ (Everything But Arms, EBA) តាំង​ពី​ឆ្នាំ​២០១២។ ក្នុង​មួយ​ឆ្នាំៗ ​កម្ពុជា​​ទទួល​​បាន​​​ការ​​​មិន​​​យក​​​ពន្ធ​​​សរុប​​​តម្លៃ​​​ជិត ៧០០​លាន​​ដុល្លារ​​ពី​​​សហភាព​​​អឺរ៉ុប។

សហភាពអឺរ៉ុប បានជូនដំណឹងជាផ្លូវការដល់របបលោក ហ៊ុន សែន តាំង​ពី​ដើម​ខែ​តុលា ឆ្នាំ២០១៨ ថា ​នឹង​​​ដក​​ការ​​អនុគ្រោះ​​ពន្ធ EBA នៅ​អំឡុង​ខែ​មីនា ឆ្នាំ​នេះ បើ​របប​លោក ហ៊ុន សែន មិន​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ​ទេ។

ចំណែកសហរដ្ឋអាមេរិកវិញ នេះគឺលើកទីមួយហើយ ដែលព្រឹទ្ធសភាអាមេរិក ចាប់​ផ្តើម​​ធ្វើ​​សេចក្តី​​​ស្នើ​​ច្បាប់ ដើម្បី​​កាត់​​​ផ្តាច់​​ការ​​​អនុគ្រោះ​​ពន្ធ​​​ពី​​កម្ពុជា​​ដែរ បើ​​របប​លោក ហ៊ុន សែន នៅ​តែ​មិន​​ស្តារ​​ស្ថានភាព​បច្ចុប្បន្ន ឲ្យ​​ប្រសើរ​ឡើង​វិញ ទៅ​​តាម​​ការ​​ចង់​បាន​​​របស់​​សហគមន៍​​អន្តរជាតិ​។

សមាជិករដ្ឋសភាអាមេរិកឯណោះ ក៏គ្រោងនឹង​ស្នើច្បាប់​ដាក់ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង​មន្រ្តី​របប​នេះ​សា​ជា​ថ្មី នៅ​ដើម​ឆ្នាំ២០១៩ នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល