រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វៀល (Mark Field) ថ្លែងថា លោកនឹងជំរុញឲ្យលោកហ៊ុន សែន ងាកមកគន្លងប្រជាធិបតេយ្យវិញ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកមកកម្ពុជានៅថ្ងៃទី២២ និងទី២៣ សីហាខាងមុខ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៧ សីហា លោក ម៉ាក ហ្វៀល មានប្រសាសន៍ថា៖ «ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា ការបោះឆ្នោតជាតិនៅកម្ពុជាមិនមានយុត្តិធម៌ និងមិនអាចជឿទុកចិត្តបានទេ។ ខ្ញុំនឹងមានជំនួបពិភាក្សាដោយត្រង់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជំរុញរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការរឹតត្បិតលើសេរីភាពនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ហើយនិងស្ដារលក្ខខណ្ឌទាំងឡាយដើម្បីឲ្យប្រជាធិបតេយ្យមានដំណើរការដោយត្រឹមត្រូវឡើងវិញ»។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា ក្រៅពីជំនួបជាមួយលោក ហ៊ុន សែន លោក ម៉ាក ហ្វៀល ក៏នឹងជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន សមាជិកអង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងធ្វើដំណើរទៅខេត្តសៀមរាបដើម្បីជួបជាមួយក្រុមអ្នកជំនាញដោះមីននៃអង្គការ ហាឡូ ត្រាស់ថ៍ ខេមបូឌា (Halo Trust Cambodia) ដែលទទួលជំនួយពីចក្រភពអង់គ្លេស៕
