ឯកអគ្គរដ្ឋទូត​អាមេរិក​មិន​យល់ស្រប​នឹង​លោក ហ៊ុន សែន ប្រៀបធៀប​ការ​បង្ក្រាប​បាតុកម្ម

ដោយ យាង សុជាមេត្តា
2016-12-05
Share
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែង​ការ​មិន​យល់ស្រប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រៀបធៀប​ពី​ការ​បង្ក្រាប​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ទៅ​នឹង​ការ​បង្ក្រាប​នៅ​កម្ពុជា។ ការ​មិន​យល់ស្រប​នេះ ធ្វើ​ឡើង​តាម​រយៈ​កាយវិការ​ឆ្លើយតប​ទៅ​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​កូកាកូឡា ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ។

នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ប្រមាណ ១​ម៉ោង លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ជិត ៣០​នាទី​និយាយ​ពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និង​ពី​ការ​បង្ក្រាប​បាតុកម្ម ក្រោយ​ការ​បោះឆ្នោត​នៅ​ទីនោះ។

ក្នុង​កាយវិការ​ហាក់​សម្ដែង​ឫកពា​ជា​គ្រូបង្រៀន​ផ្នែក​សេដ្ឋកិច្ច ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សង្គម និង​ការទូត​ផង​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រម្លឹក​ឡើង​វិញ​ពី​ការ​វិភាគ​របស់​លោក​ដែល​ថា លោក ដូណាល់ ត្រាំ (Donald Trump) នឹង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក។ លោក ហ៊ុន សែន ក៏​យក​ឱកាស​នេះ​និយាយ​ផ្លែផ្កា​ឌឺដង​ជា​ថ្មី​ទៅ​កាន់​មនុស្ស​មួយ​ចំនួន ដែល​ធ្លាប់​រិះគន់​លោក ដូណាល់ ត្រាំ និង​គោល​នយោបាយ​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ ក្នុង​នោះ​គឺ​គេ​ដឹង​ថា​មាន​ទាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផង​ដែរ។

ក្រៅ​ពី​រម្លឹក​ពី​ការ​គាំទ្រ​របស់​លោក​ដែល​ចង់​ឲ្យ​លោក ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​នៅ​ក្រោយ​ការ​បោះឆ្នោត។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្វី​ដែល​ធ្លាប់​កើត​ឡើង​នៅ​កម្ពុជា ពេល​នេះ​បាន​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ហើយ ដែល​នេះ​លោក ហ៊ុន សែន សំដៅ​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​លោក ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត។ មក​ដល់​ចំណុច​នេះ លោក ហ៊ុន សែន ថ្លែង​ថា បាតុកម្ម​ជាច្រើន និង​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​សហរដ្ឋ​អាមេរិក បាន​ផ្ទុះ​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត តែ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ត្រង់​នេះ ត្រូវ​បាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ ដែល​កំពុង​អង្គុយ​នៅ​លើ​វេទិកា​ស្តាប់​លោក ហ៊ុន សែន និយាយ​នោះ លើក​ដៃ​ធ្វើ​កាយវិការ​ជា​សញ្ញា​ឆ្លើយតប​ម្តង​ហើយ​ម្តង​ទៀត​ថា បាតុកម្ម​នៅ​អាមេរិក គឺ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​លោក ហ៊ុន សែន លើក​ឡើង​នោះ​ឡើយ។ កាយវិការ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដំឡើង​សំឡេង និង​ទាមទារ​ឲ្យ​លោក វីល្លៀម ហៃដ្ដ៍ ផ្តល់​រូបភាព និង​ឯកសារ​នៃ​ការ​បង្ក្រាប​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​លោក«លើក​នេះ​ក្រោយ​ការ​បោះឆ្នោត បាតុកម្ម​នៅ​អាមេរិក​បាន​ផ្ទុះ​ឡើង​ច្រើន​រាប់...មិន​មែន​តូច​ទេ លោក​ឯង​ថា​តូច​ម៉េច? លោក​ឯង​និយាយ​ថា​តូច ហើយ​លោក​ឯង​ថា​ខ្ញុំ​ធំ ឥឡូវ​បើ​លោក​ឯង​ថា​តូច លោក​ឯង​ផ្តល់​រូបថត​ឲ្យ​ខ្ញុំ​បាន​ទេ ព្រោះ​ថ្ងៃ​មុន​រឿង​អី​ភ្នំពេញ​ប៉ុស្តិ៍ គេ​យក​មក​ប្រៀបធៀប នេះ​ជា​រូបភាព​បាតុកម្ម​នៅ​ភ្នំពេញ ហើយ​នេះ​ជា​រូបភាព​បាតុកម្ម​នៅ​អាមេរិក។ រូបភាព​បាតុកម្ម​នៅ​អាមេរិក គេ​ដាក់​ស្ត្រី​ម្នាក់​ពាក់​វ៉ែនតា​ខ្មៅ​ដើរ​យ៉ាង​សង្ហារ​ក្នុង​ពេល​ព័ត៌មាន​ផ្សាយ​យ៉ាង​ចំហ​អំពី​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​នៃ​ប៉ូលិស​អាមេរិក លើ​បាតុករ ចាប់​រាប់​ពាន់​នាក់ ឯកឧត្តម​ថា​តូច មិន​កើត​ទេ មើល​ឯកឧត្តម​ជួយ​ផ្តល់​ឯកសារ​បាន​ទេ? ខ្ញុំ​មាន​ហើយ ប៉ុន្តែ​ខ្ញុំ​ចង់​ដឹង ថា​តើ​ទូត​អាមេរិក ដែល​តាំង​ខ្លួន​ជា​បិតា​ប្រជាធិបតេយ្យ និង​មាតា​សិទ្ធិ​មនុស្ស ហ៊ាន​បញ្ចេញ​ការពិត ឬ​អត់

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើក​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន។ RFA/Ou Banung
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើក​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន។ RFA/Ou Banung
RFA/Ou Banung

កន្លង​ទៅ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជា​រឿយៗ​តែង​រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដូចជា​ការ​បង្ក្រាប​លើ​បាតុកម្ម​អហិង្សា​របស់​ពលរដ្ឋ ការ​រំលោភ​បំពាន​ដីធ្លី ការ​ធ្វើ​បាប​មន្ត្រី​បក្ស​ប្រឆាំង ឬ​ការ​ចាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដាក់​គុក ជាដើម។ ក្នុង​ឱកាស​សម្ពោធ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​កូកាកូឡា​របស់​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ​នេះ លោក ហ៊ុន សែន បាន​ណែនាំ​ឲ្យ​លោក វីល្លៀម ហៃដ្ដ៍ កុំ​ចាំ​មើល​តែ​កំហុស​របស់​កម្ពុជា គឺ​ត្រូវ​មើល​កំហុស​របស់​សហរដ្ឋ​អាមេរិក ផង«ប៉ុន្តែ​ខ្ញុំ​សូម​ស្នើ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក កត់ត្រា​ឲ្យ​ច្បាស់​នូវ​សម្ដី​អ្នក​វិភាគ និង​តំណាង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​បាន​និយាយ​ជាមួយ​សារព័ត៌មាន​ឲ្យ​ច្បាស់​ថា ការ​បង្ក្រាប​នៅ​អាមេរិក គឺ​ត្រឹមត្រូវ និង​មិន​រំលោភ​សិទ្ធិ​មនុស្ស បាន! កុំ​មាន​ស្តង់ដារ​ពីរ​ឯកឧត្តម ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​កន្លង​ទៅ​អត់​ខុស​ទេ ដើម្បី​ការពារ​សណ្ដាប់ធ្នាប់​សម្រាប់​ប្រទេស​មួយ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ដូចនេះ។ អ៊ីចឹង​បើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អាមេរិក វា​អត់​ខុស នៅ​កម្ពុជា វា​ក៏​អត់​ខុស​ដូច​គ្នា»

ចំពោះ​ការ​លើក​ឡើង​ដូចនេះ​របស់​លោក ហ៊ុន សែន អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឆ្លើយ​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (Email) នៅ​រសៀល​ថ្ងៃ​ទី​៥ ធ្នូ ថា សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​នៃ​បាតុកម្ម​តវ៉ា​កើត​មាន​ជា​យូរយារ​មក​ហើយ ហើយ​ការ​តវ៉ា​របស់​ពលរដ្ឋ តែង​ត្រូវ​បាន​អនុគ្រោះ និង​ការពារ​ដោយ​អាជ្ញាធរ។ លោក​ថា បណ្ដាញ​សារព័ត៌មាន​មាន​សេរីភាព​ក្នុង​ការ​រាយការណ៍​ដោយ​ចំហ ហើយ​ប្រព័ន្ធ​តុលាការ​របស់​សហរដ្ឋ​អាមេរិក មាន​អំណាច​ពេញលេញ​ប្រកប​ដោយ​ឯករាជ្យ​ក្នុង​ការ​ដោះស្រាយ​លើ​ការ​ចោទ​ប្រកាន់​ចំពោះ​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​ពី​ភាគី​ទាំង​សង​ខាង គឺ​ពី​សំណាក់​បាតុករ និង​សមត្ថកិច្ច។

លោក ជេ រ៉ាម៉េន កត់​សម្គាល់​បន្ថែម​ថា បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក មិន​មាន​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយ​ភាគច្រើន​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា។ ទោះ​ជា​មាន​ការ​ចាប់​ខ្លួន​ខ្លះ ប៉ុន្តែ​ករណី​នេះ​នឹង​ត្រូវ​ដោះស្រាយ​ទៅ​តាម​នីតិវិធី។

គេ​នៅ​ចាំ​បាន​ថា នៅ​ក្រោយការ​បោះឆ្នោត​ឆ្នាំ​២០១៣ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើក្រុម​បាតុករ​បក្ស​ប្រឆាំង និង​ទៅ​លើ​កម្មករ​ដូចជា​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ នៅ​មុខ​រោងចក្រ យ៉ាក​ជីន (Yak Jin) ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ជាដើម បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​បាត់បង់​ជីវិត និង​រង​របួស។ ប៉ុន្តែ​រហូត​មក​ទល់ពេល​នេះ សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​មក​ផ្ដន្ទាទោស​ឡើយ

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​មិន​គាំទ្រ​ឡើយ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​ថា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​កើត​ឡើង​នៅ​កម្ពុជា ឬ​នៅ​សហរដ្ឋ​អាមេរិក នោះ​ទេ។ ប៉ុន្តែ​លោក អំ សំអាត កត់​សម្គាល់​ថា នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ផ្សេង​ទៀត មុន​រដ្ឋាភិបាល​ឈាន​ដល់​ការ​ប្រើ​កម្លាំង​ទប់ស្កាត់ ឬ​បង្ក្រាប រដ្ឋាភិបាល​ព្យាយាម​ប្រើ​វិធីសាស្ត្រ​អហិង្សា​ជាមួយ​បាតុករ​ជា​មុន​សិន ប៉ុន្តែ​បើ​ឈាន​ដល់​ការ​ប្រើ​កម្លាំង​នោះ ក៏​គេ​ព្យាយាម​កាត់​បន្ថយ​នូវ​ហានិភ័យ និង​ជៀសវាង​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​បាតុករ​ដែរ«បើ​ធៀប​នឹង​កម្ពុជា យើង យើង​ឃើញ​ថា​មិន​បាន​ប្រើ​លក្ខណៈ​បច្ចេកទេស​ឲ្យ​ច្បាស់លាស់​ទេ។ យើង​ឃើញ​ថា​ចាប់​ផ្ដើម​ត្រូវ​បង្ក្រាប អាជ្ញាធរ​បង្ក្រាប ហើយ​យើង​អត់​បាន​ប្រើ​ឲ្យ​អស់​លទ្ធភាព​ចរចា បញ្ចៀស​ហានិភ័យ ហើយ​បើ​អាច​បញ្ចៀស​បាន គេ​អត់​ប្រើប្រាស់​អំពើ​ហិង្សា​ទេ បើ​និយាយ​គ្នា​បាន​គេ​ឲ្យ​ធ្វើ»

ចំណែក​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ីសេរី​ថា នៅ​ពេល​សមត្ថកិច្ច​សហរដ្ឋ​អាមេរិក ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ខ្លួន យូមែន រ៉ៃត៍ វ៉ច្ឆ និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត តែង​ថ្កោលទោស​សមត្ថកិច្ច និង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត។ លោក​ថា យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់​ស្នើ​ឲ្យ​ស៊ើប​អង្កេត​លើ​បទ​ឧក្រិដ្ឋ​របស់​ប្រធានាធិបតី​អាមេរិក រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ឬ​របស់​ប្រធាន ស៊ី.អាយ.អេ (CIA) និង​មន្ត្រី​ប៉ូលិស​សហរដ្ឋ​អាមេរិក ជាដើម ហើយ​ក៏​ធ្លាប់​ទាមទារ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក ចុះ​ចេញ​ពី​តំណែង​ទៀត​ផង។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា លោក ប្រ៊ែដ អាដាម យល់​ថា លោក ហ៊ុន សែន ចាត់​ទុក និង​ប្រើប្រាស់​តុលាការ និង​ច្បាប់​ជា​ឧបករណ៍​សម្រាប់​កេង​ចំណេញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន បក្ខពួក និង​ធ្វើ​បាប​អ្នក​ដែល​ប្រឆាំង​រូប​គាត់។ សម្រាប់​សហរដ្ឋ​អាមេរិក តុលាការ និង​ច្បាប់ គឺ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​បម្រើ​បុព្វហេតុ​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល