"របប​ភ្នំពេញ​យីអ៊ុន​ដាក់​អារក្ខ​ជាន់​ដោយសារ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ"

ដោយ មួង ណារ៉េត
2019-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA

អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន កំពុង​យីអ៊ុន​ដាក់​អារក្ខ​ជាន់ ដោយសារ​រំលោភ​សិទ្ធិ​មនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ ក្រោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ស្នើ​ច្បាប់​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ស្រប​ពេល​សហគមន៍​អឺរ៉ុប គ្រោង​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​សំលៀកបំពាក់ នៅ​ដើម​ឆ្នាំនេះ។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​នេះ ថា​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​របស់​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឲ្យ​អាមេរិក​អាម៉ាស់ និង​ឯកោ​ទៅវិញ​ទេ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ស្ថានភាព​ស៊យ​ជាន់​ស៊យ​របស់​របប​លោក ហ៊ុន សែន បែបនេះ គឺ​មិនមែន​ជា​សំណាងអាក្រក់ ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ ជា​ផលកម្ម​នៃ​អំពើ​របស់​របប​នេះ ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​នៅតែ​មិន​ព្រម​ស្តារ​ស្ថានការណ៍​អាក្រក់​នេះ ឲ្យ​វិល​ទៅ​រក​សភាព​ដើម​វិញ៖ «ឥឡូវនេះ​គឺ​យីអ៊ុន​យើង​ដាក់ អារក្ខ​កាន់តែ​ធ្វើ​ថែម​ទៅទៀត​ទៅ។ អាហ្នឹង​មិនមែន​កំហុស​គេ​ទេ គឺ​កំហុស​យើង​ទេ»

លោក​បណ្ឌិត​បន្ត​ថា ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ច្បាស់លាស់​ទៅ​ហើយ​ថា ពួកគេ​ទាមទារ​ឲ្យ​កម្ពុជា មាន​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​គោរព​នីតិរដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំង​១៩ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​នោះ គឺ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា ឲ្យ​មាន​សិទ្ធិមនុស្ស​ពេញលេញ​នៅ​កម្ពុជា។

ប្រតិកម្ម​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើង​ក្រោយពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ពីរ​រូប បាន​ស្នើ​ច្បាប់​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​របប​លោក ហ៊ុន សែន។ សមាជិក​ព្រឹទ្ធសភា ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ថិត គ្រូស (TED Cruz) និង​សមាជិក​ព្រឹទ្ធសភា មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris Coons) កាលពី​ថ្ងៃ​ទី៩ ខែ​មករា បាន​ដាក់​សេចក្តី​ស្នើ​ច្បាប់​មួយ ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពិចារណា​ឡើងវិញ លើ​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (​GSP) ដល់​របប​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើងវិញ​នេះ រួមមាន ការ​ដក​ទាំងស្រុង ព្យួរ ឬ កាត់បន្ថយ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ដែល​ផ្ដល់​ដល់​កម្ពុជា ដោយសារតែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃទី៩ ខែ​មករា​នោះ សមាជិក​ព្រឹទ្ធសភា លោក ថិត គ្រូស (TED Cruz) បញ្ជាក់​ថា សហរដ្ឋអាមេរិក ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ទើប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​បែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បាន​កេងប្រវ័ញ្ច​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​នេះ។ លោក ថិត គ្រូស បន្ថែម​ថា ហ៊ុន សែន មិនបាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​ជា​មូលដ្ឋាន នៃ​បទដ្ឋាន​សិទ្ធិ​ការងារ បំផ្លាញ​សុចរិត​ភាព​នៃ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា និង​ផ្ដេកផ្ដួល​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត។ លោក​បន្ត​ទៀត​ថា ប្រទេស​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​បទដ្ឋាន​ការងារ និង​សិទ្ធិមនុស្ស​បែបនេះ មិន​សម​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​តទៅទៀត។

ទោះបីជា​រង​ការរិះគន់​ជុំ​ទិស ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង ដូចជា​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ និង ការ​រម្លាយ​គណបក្សប្រឆាំង​រួចហើយ រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​យ៉ាង​ណាក្តី ក៏​លោក ហ៊ុន សែន និង​របប​នេះ នៅតែ​គិត​ថា ខ្លួន​មិន​បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នោះ​ទេ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ថែមទាំង​បន់​ផ្គើន​ឲ្យ​តែ​សហគមន៍​អន្តរជាតិ​កាត់ផ្ដាច់​ជំនួយ​ឲ្យ​ឆាប់​ថែម​ទៀត​ផង៖ «ហើយ​ខ្ញុំ​ស្វាគមន៍​ណាស់ ស្វាគមន៍​អាមេរិក​កាត់​ជំនួយ។ ហើយ​យក​ល្អ អំពាវនាវ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ទាំងអស់​តែម្ដង។ ស្អី​ឡើង​កាត់​! ស្អី​ឡើង​កាត់​! កាត់​! កាត់​ទៅ កាត់​តែម្ដង​ទៅ​! ចាំបាច់​និយាយ​ច្រើន​ម្ល៉េះ?»

ប៉ុន្តែ ការ​មិន​ចាំបាច់​និយាយ​ច្រើន​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ថ្លែង​ថា សហរដ្ឋអាមេរិក បាន​បង្ហាញ​ច្បាស់​តាមរយៈ​សកម្មភាព​ជាក់ស្ដែង ជា​បន្តបន្ទាប់​រួចមក​ហើយ រួម​ទាំង​ការ​កាត់​ផ្តាច់​ជំនួយ​ទាំងស្រុង ដែល​ធ្លាប់តែ​ផ្ដល់​ដល់​គ..ប និង​ការ​ឈប់​ផ្ដល់​ជំនួយ​ដល់​របប​លោក ហ៊ុន សែន លើកលែងតែ​ជំនួយ​មនុស្សធម៌។ លោក គឹម សុខ បន្ថែម​ទៀត​ថា សេចក្ដី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ស្នើ​ឲ្យ​ពិចារណា​ឡើងវិញ​នូវ​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP នេះ គឺ​បញ្ជាក់​កាន់តែ​ច្បាស់​ថា សហរដ្ឋអាមេរិក មិន​អត់ឱន​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​បែបនេះ​នោះ​ឡើយ៖ «ជាពិសេស​ចុងក្រោយ​នេះ វា​ជា​សញ្ញាណ​ថា ឥទ្ធិពល​នយោបាយ នៃ​សមាជិក​ព្រឹទ្ធសភា​អាមេរិក គឺ​នៅតែ​ផ្ដោត​លើ​ការ​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​ដដែល​ទេ ប្រសិនបើ​ក្រុម​លោក ហ៊ុន សែន មិន​ងាក​ទៅ​រក​ដំណើរការ​ប្រជាធិបតេយ្យ​វិញ​ទេ»

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការនាំចេញ​ផលិតផល​ក្នុងស្រុក ដែល​កម្ពុជា​ផលិត ក្នុង​នោះ​មាន​ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូបអាហារ និង​ផលិតផល​កសិកម្ម​ជាដើម។

ទាំង​សហរដ្ឋអាមេរិក និង​ទាំង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​ផ្តល់​ឲ្យ​ដល់​កម្ពុជា នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ការ​មិន​គិត​ពន្ធ​នេះ។ សហរដ្ឋអាមេរិក ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំងពី​ឆ្នាំ១៩៩៧។ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ​សរុប​តម្លៃ ៤០០​លាន​ដុល្លារ ពី​សហរដ្ឋអាមេរិក តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ។ ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ តាមរយៈ​កម្មវិធី​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ (Everything But Arms, EBA) តាំងពី​ឆ្នាំ២០១២។ ក្នុង​មួយឆ្នាំៗ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ សរុប​តម្លៃ​ជិត ៧០០​លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​របប​លោក ហ៊ុន សែន តាំងពី​ដើម​ខែ​តុលា ឆ្នាំ២០១៨ ថា​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ EBA នៅ​អំឡុង​ខែ មីនា​ឆ្នាំនេះ បើ​របប​លោក ហ៊ុន សែន មិន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ ចំណែក​សហរដ្ឋអាមេរិក​វិញ នេះ​គឺ​លើកទីមួយ​ហើយ ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក ចាប់ផ្ដើម​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់ ដើម្បី​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ​ដែរ បើ​របប​លោក ហ៊ុន សែន នៅតែ​មិន​ស្ដារ​ស្ថានភាព​បច្ចុប្បន្ន ឲ្យ​ប្រសើរ​ឡើងវិញ ទៅតាម​ការ​ចង់​បាន​របស់​អ្នក​និយម​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ។

ទោះបី​លោក ហ៊ុន សែន ធ្លាប់​បក់ដៃ​ហៅ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​ឆាប់ ប៉ុន្តែ​ក្រោយ​មាន​សេចក្ដី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​នេះ​ភ្លាម មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មិន​ហ៊ាន​ផ្គើន​ឲ្យ​អាមេរិក​ប្រញាប់​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​ទេ។ ផ្ទុយទៅវិញ លោក​សង្ឃឹម​ថា អាមេរិក​នឹង​មិន​ហ៊ាន​ដាក់ទណ្ឌកម្ម​ទេ ព្រោះ​លោក​សម្អាង​ថា គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល ត្រាំ (Donald Trump) គឺ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។ លោក ផៃ ស៊ីផាន លើកឡើង​បន្ថែម​ថា ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ទៅលើ​ប្រទេស​កម្ពុជា គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ដល់​សហរដ្ឋអាមេរិក​នោះ​ឡើយ ព្រោះ​អាមេរិក​ពេលនេះ កំពុងតែ​រឹតចំណង និង កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទូទៅ រួម​ទាំង​ប្រទេស​កុម្មុយនិស្ត ដូចជា​ប្រទេស​កូរ៉េខាងជើង​ផង។ លោក​ព្រមាន​ថា សហរដ្ឋអាមេរិក នឹង​ខ្មាស​គេ បើ​ហ៊ាន​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ ពី​កម្ពុជា​មែន​នោះ៖ «ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ គ្រាន់តែ​ជា​ភាព​អាម៉ាស់ និង​ភាព​ឯកោ​របស់​អាមេរិក​តែប៉ុណ្ណោះ»

ទោះបីជា​លោក ផៃ ស៊ីផាន មាន​សុទិដ្ឋិនិយម​បែបនេះ​ក្តី ក៏​កន្លងមក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក Donald Trump បាន​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ជា​បណ្ដើរៗ​រួម​មក​ហើយ រួម​ទាំង​ការ​កាត់​ផ្តាច់​ជំនួយ​ទាំងស្រុង ដែល​ធ្លាប់​ផ្ដល់​ទៅ​គ..ប ការ​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ទៅ​របប​នេះ លើកលែងតែ​ជំនួយ​មនុស្សធម៌ ការ​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ការ​ដាក់​មន្ត្រី​របប​នេះ នៅ​ក្នុង​បញ្ជី​ខ្មៅ​ហាម​ចូល​សហរដ្ឋអាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​ជាដើម ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។

លោក គឹម សុខ ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ មិនមែន​ជា​ការ​បំបាក់​មុខ​សហរដ្ឋអាមេរិក​ទេ តែ​ជា​ការ​លើកមុខ​លើក​មាត់​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ​ទៅវិញ​។ លោក​បន្ថែម​ថា របប​លោក ហ៊ុន សែន ឯណោះ​ទៅវិញ​ទេ ដែល​រង​ការ​អាម៉ាស់ និង​ឯកោ​នោះ៖ «រឿង​ដែល​សំខាន់ គឺ​រឿង​អាមេរិក​ដែល​បន្ត​ផ្ដល់​ឲ្យ​ទេ ដែល​ប៉ះពាល់​ដល់​មុខមាត់​អាមេរិក។ ប្រសិនបើ​អាមេរិក​ដក ពេល​ដែល​ក្រុម​លោក ហ៊ុន សែន កំពុង​ធ្វើបាប​ពលរដ្ឋ​កម្ពុជា បិទ​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​កម្ពុជា នោះ​គឺជា​កិត្តិយស​របស់​អាមេរិក»

ស្រប​ពេល ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក ស្នើ​ច្បាប់​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ សមាជិក​រដ្ឋសភា​អាមេរិក​ឯណោះ ក៏​គ្រោង​នឹង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ​សាជាថ្មី នៅ​ដើម​ឆ្នាំ២០១៩ នេះ​ដែរ។

អ្នកវិភាគ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ធ្លាប់​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួចហើយ​ថា បញ្ហា​យីអ៊ុន​ដាក់ អារក្ខ​ធ្វើ​នេះ នឹង​នៅតែ​លង​បន្លាច​របប​នេះ​តទៅទៀត ព្រោះ​មិន​អាច​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​ឡើយ បើ​លោក ហ៊ុន សែន នៅតែ​ចចេស​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ តាម​សំណូម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល