ថ្នាក់ដឹកនាំសហជីពឯករាជ្យមួយចំនួន ថ្លែងថា រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ជាតិក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធ មិនគួរចេញសេចក្តីថ្លែងការណ៍ ឬញត្តិជាបន្តបន្ទាប់ គាំទ្រទៅលើប្រសាសន៍របស់លោក ហ៊ុន សែន អំពីការមិនខ្វល់នឹងរឿងដកប្រព័ន្ធអនុគ្រោះពន្ធនោះទេ។ ពួកគេអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករ-និយោជិត ព្រមទាំងពលរដ្ឋខ្មែរទូទៅ មិនមែនជារឿងតូចតាចនោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន កត់សម្គាល់ថា មន្ត្រីថ្នាក់ក្រោមនៃរបបលោក ហ៊ុន សែន មានទម្លាប់មិនល្អមួយ គឺឱ្យតែលោក ហ៊ុន សែន ថ្លែងសារនយោបាយអ្វីក៏ដោយ មិនថាជាសារវិជ្ជមាន ឬអវិជ្ជមាននោះទេ គឺពួកគេតែងតែចេញញត្តិគាំទ្រជាបន្តបន្ទាប់ ដោយមិនខ្វល់ពីផលវិបាកអ្វីឡើយ។ លោកថាការថ្លែងគាំទ្រដោយគ្មានមូលដ្ឋានបែបនេះ គឺជាការរុញច្រានកម្ពុជាឱ្យងាកចេញពីគន្លងប្រជាធិបតេយ្យទៅវិញទេ៖ «ជាទម្លាប់ហើយស្រុកយើង ឱ្យតែឃើញមេដឹកនាំរបស់ខ្លួនប្រតិកម្មអ្វីមួយ បន្ទាប់មកដឹងតែឃើញចេញញត្តិ ឬសេចក្តីថ្លែងការណ៍បន្តបន្ទាប់។ នេះវាជារឿងមួយមិនល្អទេ គ្រាន់តែជាការរុញច្រាន ធ្វើយ៉ាងម៉េចឱ្យសង្គមកម្ពុជាយើងដើរខុសពីគន្លងប្រជាធិបតេយ្យតែប៉ុណ្ណឹងទេ។ យើងគួរតែមានសេចក្តី ក្លាហានទទួលស្គាល់ការពិតដែរ ថាវាមានផលប៉ះពាល់ ឬមិនប៉ះពាល់ ត្រូវតែហ៊ាននិយាយការពិតជម្រាបទៅថ្នាក់ដឹកនាំ ដើម្បីស្វែងរកដំណោះស្រាយទាំងអស់គ្នា ជាប្រយោជន៍ដល់ពលរដ្ឋ និងជាតិខ្មែរយើង»។
ថ្លែងនៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ តុលា កន្លងទៅ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា លោកមិនខ្វល់នឹងរឿងការដកប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ។ លោកសង្កត់ធ្ងន់ថា លោកមិនឱនក្បាលដាក់បរទេសឡើយ ហើយក៏មិនយកសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា ទៅប្តូរនឹងជំនួយនោះដែរ៖ «អាងឡើងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែឥលូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅស៊ីរី (Syria) នៅលីប៊ី (Libya) នៅអ៊ីរ៉ាក់ (Iraq) នៅយេមែន (Yemen) វាយ៉ាងដូចម្តេចទៅហើយ ? ហើយកាលពីកម្ពុជាស្លាប់រាប់លាននាក់ អ្នកឯងមានបានគិតទេអាហ្នឹង ? ឥលូវចង់ធ្វើអ្វីធ្វើទៅ។ ចង់ឱ្យបង់ពន្ធ បង់ពន្ធ។ សូមផ្តាំណា ឱនក្បាលម្តង ត្រូវជំពាក់ ឱនពីរដង ជំពាក់ ឱនបីដង ឱនមួយជីវិត ខ្មែរអត់ឯករាជ្យបានទេ។ ប្រឹងរស់ ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស»។
សេចក្តីថ្លែងការណ៍របស់លោក ហ៊ុន សែន នេះ គឺជាការឆ្លើយតបទៅនឹងសភាអឺរ៉ុប ដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” ពីកម្ពុជា ប្រសិនបើរបបរបស់លោកនៅតែរឹងទទឹងមិនព្រមស្តារប្រជាធិបតេយ្យឡើងវិញទេនោះ។
ទោះជាយ៉ាងណា ជំហរដែលខាងសង្គមស៊ីវិលយល់ថាអាចធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍ដ៏ធំនេះ បែរជាត្រូវបានស្ថាប័ន និងមន្ត្រីថ្នាក់ក្រោមរបស់លោក ហ៊ុន សែន ទាំងក្នុងជួរស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នាំគ្នាប្រកាសគាំទ្រជាបន្តបន្ទាប់ទៅវិញ។ ក្រសួង ស្ថាប័នរដ្ឋ និងរដ្ឋបាលថ្នាក់ខេត្តជាច្រើន បាននាំគ្នាចេញញត្តិគាំទ្រជំហររបស់លោក ហ៊ុន សែន ដោយពួកគេយល់ថា នេះជាគម្រូវីរភាពសេ្នហាជាតិ មាតុភូមិ និងការគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញរបស់លោក ហ៊ុន សែន។ លើសពីនេះ មេទ័ព និងមេប៉ូលីសជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ ក៏បានចេញមុខគាំទ្រសម្តីរបស់ ហ៊ុន សែន នេះដូចគ្នា ហើយពួកគេថែមទាំងប្រកាសការពាររបបថ្មីរបស់លោក ហ៊ុន សែន ទៀតផង។ ញត្តិគាំទ្ររបស់ក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធនេះ មានខ្លឹមសារប្រហាក់ប្រហែលគ្នា និងត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅតាមប្រព័ន្ធឃោសនាស្និទ្ធនឹងរបបក្រុងភ្នំពេញ។
លោក រ៉ុង ឈុន ថ្លែងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះជារឿងធំ ដែលរបបលោក ហ៊ុន សែន ត្រូវគិតគូរដោះស្រាយ។ ម្យ៉ាងវិញទៀត លោកថា វាមិនមែនជារឿងល្អឡើយ ដែលរបបដឹកនាំបច្ចុប្បន្ន បង្កើតភាពជាគូសត្រូវជាមួយបណ្តាប្រទេសដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា៖ «ការដែលអះអាងថា ឱនក្បាល ឬមិនឱនក្បាលនោះ ប្រជាពលរដ្ឋមើលឃើញ គាត់យល់ដឹងច្បាស់ហើយរឿងហ្នឹង។ ប៉ុន្តែរឿងសំខាន់បន្ទាប់ពីគេដាក់ទណ្ឌកម្មដកហូតប្រព័ន្ធអនុគ្រោះពន្ធទៅ តើពលរដ្ឋខ្លួនយើងនេះ ប្រឈមទៅនឹងអ្វីខ្លះ ? ថ្នាក់ក្រោមជាតិ ក៏ត្រូវមើលពីបញ្ហាហ្នឹងដែរ ត្រូវតែទទួលស្គាល់ការពិតថាតើវាទទួលផលអ្វី ? បាត់បង់ការងាររបស់កម្មករ។ ទីពីរ វាត្រូវប៉ះពាល់ដល់អ្នកដែលទទួលផលតាមរយៈកម្មករ ដូចជា សាច់ញាតិ អ្នកលក់នៅតាមរោងចក្រ អ្នកមានបន្ទប់ជួល អ្នកមានផ្ទះជួល អ្នកមានរថយន្តដឹកកម្មករ អ៊ីចឹងវាប៉ះពាល់ក្នុងទំហំធំណាស់។ នេះជារឿងដែលយើងត្រូវគិតពិចារណា យើងមិនមែននិយាយយកតែឈ្នះតាមទំនើងចិត្តរបស់យើងនោះទេ។ សូមឱ្យមេដឹកនាំត្រូវគិតពិចារណាអំពីបញ្ហានេះម្តងទៀត»។
ចំណែកប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ក៏យល់ឃើញស្រដៀងគ្នានេះដែរ។ លោកថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មិនមែនជារឿងតូចតាចឡើយ ផ្ទុយទៅវិញវាជារឿងធំ ដែលអាចប៉ះពាល់ដល់ប្រយោជន៍កម្មករ និងពលរដ្ឋខ្មែរទូទៅ។ លោកអះអាង ក្នុងរយៈកាលកន្លងទៅ ប្រព័ន្ធអនុគ្រោះពន្ធនេះបានរួមចំណែកយ៉ាងសម្បើមដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ហើយប្រសិនបើប្រព័ន្ធនេះត្រូវបានកាត់ផ្តាច់នោះ វានឹងបង្អាក់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ លោកជំរុញឱ្យរបបលោក ហ៊ុន សែន បន្តកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុប ដើម្បីរកដំណោះស្រាយជុំវិញរឿងនេះ ដោយឈរលើផលប្រយោជន៍ជាតិជាធំ៖ «ប្រព័ន្ធ EBA និង GSP វាអាចឱ្យកម្ពុជាមានឱកាសអភិវឌ្ឍលេចមុខលេចមាត់មកដល់ពេលបច្ចុប្បន្ន ហើយយើងក៏បានកសាងប្រទេសបានមួយចំនួនធំដែរហើយ អ៊ីចឹងប្រសិនបើ EBA នេះ វានៅបន្ត ឬក៏វានៅក្នុងស្ថានភាពមួយដែលអាចដំណើរការទៅបាន ខ្ញុំគិតថា វាជារឿងល្អ។ ប៉ុន្តែបើប្រសិនបើប្រព័ន្ធនេះគេផ្តាច់ ឬក៏មានបញ្ហាអ្វីមួយនោះ ខ្ញុំគិតថា ការអភិវឌ្ឍប្រទេសអាចយឺតហើយ ដូច្នេះក្នុងនាមយើងជាពលរដ្ឋ និងខាងកម្មករ យើងចង់ឃើញដំណើរការនៃរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អឺរ៉ុបជជែកគ្នាដើម្បីរកមធ្យោបាយល្អដោះស្រាយរឿងហ្នឹង»។
ថ្នាក់ដឹកសហជីពរូបនេះច្រានចោលសម្មតិកម្មដែលថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មិនមែនជារឿងអ្វីធំដុំ ព្រោះកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដូច្នេះការដកប្រព័ន្ធអនុគ្រោះពន្ធនេះ គ្រាន់តែជារឿងមុន ឬក្រោយប៉ុណ្ណោះ។ លោកថាហេតុផលនេះមិនគួរត្រូវបានយកជាមូលដ្ឋានក្នុងការគិតនោះទេ ព្រោះកម្ពុជាមិនទាន់ត្រៀមខ្លួនបានពេញលេញនៅឡើយចំពោះការទទួលយកកាតព្វកិច្ចបង់ពន្ធ ហើយអង្គការសហប្រជាជាតិក៏មិនទាន់ប្រកាសទទួលស្គាល់លទ្ធផលនេះជាផ្លូវការនៅឡើយដែរ ដូច្នេះកម្ពុជានៅអាចទាញបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «បច្ចុប្បន្នសូម្បីតែឡើងប្រាក់ឈ្នូល ឬទាមទារតម្លើងអ្វីផ្សេងនោះ និយោជកស្រែកចាចបាត់ទៅហើយ អ៊ីចឹងទម្រាំយកពន្ធនាំចូលទៀត ប្រាកដជានិយោជករឹតតែស្រែកទៀតហើយ។ ហើយរឿងអាជីវកម្មរបស់គាត់នោះ យើងមិនទាន់ហ៊ានធានាគាត់នៅបន្តទៀត ឬគាត់នឹងផ្ទេរពីផ្នែកណាមួយទៅណានោះទេ។ យើងមើលទៅឃើញថា មិនទាន់បាច់ដកទេ ត្រឹមតែផ្ទេរក៏ដោយ ក៏ប៉ុន្មានឆ្នាំនេះយើងមានផលវិបាករឿងការទូទាត់អតីតភាពការងារដែរ។ បើគាត់នៅបន្តមិនអ្វីនោះទេ តែបើគាត់សម្រេចចិត្តដក នោះនឹងមានបញ្ហា អ៊ីចឹងបានថា បញ្ហាអស់ហ្នឹងវាអាចនឹងកើតមាន ប្រសិនបើយើងអត់ទាន់បានរៀបចំ ហើយគេផ្តាច់មែន»។
កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានជូនដំណឹងផ្លូវការទៅរបបលោក ហ៊ុន សែន រួចរាល់ហើយ អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” នេះ។ សហភាពអឺរ៉ុបបញ្ជាក់ថា ចំណាត់ការនេះ គឺដោយសារតែពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងទៅនេះ។ សហភាពអឺរ៉ុបទុករយៈពេល ៦ ខែ ឱ្យរបបលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ហើយបើក្នុង ៦ ខែនេះ របបក្រុងភ្នំពេញ មិនអនុវត្តតាមលក្ខខណ្ឌនេះទេ នោះសហភាពអឺរ៉ុបនឹងលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ។
ថ្វីត្បិតតែមេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន និងមន្ត្រីក្រោមឱវាទ ប្រកាសក្តែងៗថា មិនខ្វល់នឹងរឿងការដកប្រព័ន្ធអនុគ្រោះពន្ធពិតមែន ក៏ប៉ុន្តែខាងសហជីពធំៗមួយចំនួនដែលគាំទ្ររបបរបស់លោក ធ្លាប់បានសម្តែការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ និងបានស្នើសុំយ៉ាងទទូចកុំឱ្យសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ ពួកគេអះអាងប្រព័ន្ធអនុគ្រោះពន្ធនេះ បានបង្កើតការងាររាប់ម៉ឺនកន្លែង និងផ្តល់ចំណូលរាប់ពាន់លានដុល្លារដល់កម្មកររាប់សែននាក់ ធ្វើឱ្យក្រុមគ្រួសាររបស់កម្មករនៅតាមទីជនបទ រស់នៅរួចចាកផុតពីភាពក្រីក្រ ហើយប្រព័ន្ធនេះក៏បានជួយឱ្យលក្ខខណ្ឌការងារកាន់តែមានភាពល្អប្រសើរផងដែរ។ ពួកគេអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធនេះប្រៀបបាននឹងបំពង់ក ឬដង្ហើមរស់របស់កម្មករ-និយោជិត ដូច្នេះ ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ គឺប្រៀបបានទៅនឹងការកាត់ផ្តាច់បំពង់ករបស់កម្មករ-និយោជិត រាប់សែននាក់នៅទូទាំងប្រទេសយ៉ាងដូច្នេះដែរ។ ក្រុមសហជីពគាំទ្ររបបក្រុងភ្នំពេញ សង្កត់ធ្ងន់ថា កម្មករ-និយោជិត មិនមែនជាអ្នកនយោបាយនោះទេ ដូច្នេះ ពួកគាត់មិនគួរក្លាយជាជនរងគ្រោះនៃបញ្ហានយោបាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
