អ្នកវិភាគ​ថា នៅ​ពីក្រោយ​កិច្ចព្រមព្រៀង គឺ​វៀតណាម​ចង់​ដណ្ដើម​កម្ពុជា​ពី​ចិន​វិញ

ដោយ សន ចាន់រដ្ឋា
2019-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ)។
(ឆ្វេង) លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ)។
Photo courtesy of Hun Sen Facebook

អ្នកវិភាគ​យល់​ថា ក្រៅពី​កិច្ចព្រមព្រៀង​មួយ​ចំនួន​រវាង​កម្ពុជា​-​វៀតណាម​នោះ គឺ​ប្រមុខរដ្ឋ​វៀតណាម ប្រហែលជា​ពិនិត្យមើល​ទំនាក់ទំនង​របស់​ខ្លួន​ដែរ ខណៈ​កម្ពុជា​កាន់តែ​លម្អៀង​ទៅ​រក​ចិន។ ការ​លើក​ឡើង​នេះ​បន្ទាប់ពី​ប្រមុខរដ្ឋ​វៀតណាម បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី ថ្ងៃ​​ទី​២៥ ដល់​ថ្ងៃទី២៦ ខែ​កុម្ភៈ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​វៀតណាម​នៅ​កម្ពុជា គឺ​មិនមែន​គ្រាន់តែ​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​នោះ​ទេ​។ លោក​យល់ថា ប្រមុខ​រដ្ឋ​វៀតណាម ប្រហែល​ជា​ចង់​ពិនិត្យមើល​អំពី​ទំនាក់ទំនង​ដ៏​យូរលង់​របស់​ខ្លួន​ជាមួយ​កម្ពុជា និង​អាច​មាន​យុទ្ធសាស្ត្រ​នយោបាយ​ខំប្រឹង​ចាប់​ដណ្ដើម​កម្ពុជា​ឱ្យ​ជាប់​តទៅទៀត ខណៈ​ដែល​កម្ពុជា​-​ចិន កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​នោះ៖ «ចិន​ក៏​គេ​ខំ​ប្រឹងប្រែង​ហើយ​វៀតណាម​ក៏​គេ​ខំ​ប្រឹងប្រែង​ដែរ ដើម្បី​កុំ​ឱ្យ​ខាត​យុទ្ធសាស្ត្រ​របស់​គេ ហើយ​គេ​មកនេះ គេ​អាច​ផ្ទៀងផ្ទាត់​វាយតម្លៃ​ការ​វិវឌ្ឍ​នៃ​ចំណងមិត្តភាព​ហើយ និង​ការអនុវត្ត​នៅ​កិច្ចព្រមព្រៀង​ដែល​មាន​រវាង​គ្នា​និង​គ្នា​នេះ តាំង​ពី​ដើម​មក»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បារម្ភ​ថា ប្រសិនបើ​កម្ពុជា មិន​ប្រុងប្រយ័ត្ន​ទេ គឺ​កម្ពុជា អាច​នឹង​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ហើយ​កម្ពុជា នឹង​បាត់បង់​ផល​ប្រយោជន៍​ជាច្រើន៖ «កុំ​យក​ច្រមុះ​អី​ទៅ​ឈ្ងោក​មុខ​រឿង​គេ​ទាល់​គ្នា។ យើង​ចង​មិត្តភាព​ទាំងអស់​គ្នា ហើយ​សហការ​ខាង​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​អី​ជា​ហូរហែ​អ៊ីចឹង»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។

ក្នុង​ទស្សនកិច្ច​ពីរ​ថ្ងៃ​នោះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) បាន​ជួប​សន្ទនា​ដោយឡែក​ពី​គ្នា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បន្ទាប់ពី​លោក​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា។

សេចក្ដាំ​ថ្លែងការណ៍​រួម​នៃ​លទ្ធផល​ដំណើរ​ទស្សនកិច្ច​បង្ហាញ​ថា ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ ក្នុងចំណោម​នោះ មាន​ដូចជា វៀតណាម​សន្យា​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ស្ថាបនា​អគារ​រដ្ឋបាល​នៃ​រដ្ឋសភា​របស់​កម្ពុជា និងការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ស្ដីពី​ការ អនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ​២០១៩-២០២០​។ ក្រៅ​ពី​នេះ ភាគី​ទាំងពីរ ក៏បាន ឯកភាព​គ្នា​ខំប្រឹង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ព្រមទាំង​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​នយោបាយ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ផង​ដែរ។

អ្នកវិភាគ​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា វៃ​ឆ្លាត​មាន​ជំហរ​ឯករាជ្យ អព្យាក្រឹត្យ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ផង កុំ​ស្អិតល្មួត​តែ​ជាមួយ​ប្រទេស​វៀតណាម និង​ចិន ដែល​ជា​ប្រទេស​កាន់​លទ្ធិកុម្មុយនិស្ត​ក្រហម​ឆ្អិនឆ្អៅ ដើម្បី​ទាញ​យក​ផលប្រយោជន៍​សម្រាប់​ប្រជា ជាតិខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល