ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ថា ទាហាន​វៀតណាម​ប្រដាប់​អាវុធ គំរាម​ពលរដ្ឋ​ខ្មែរ

ដោយ មាន ឫទ្ធិ
2020-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ត្បូងឃ្មុំ
ផែនទី​ខេត្ត​ត្បូងឃ្មុំ
Photo: RFA

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា យោធា​វៀតណាម​ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​ជាង ៣០​នាក់ ចូល​ឈ្លានពាន និង​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ មិន​ឱ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន​តាម​បណ្ដោយ​ព្រំដែន​។ អ្នកភូមិ​ថា សមត្ថកិច្ច​ខ្មែរ​នៅ​តំបន់​នោះ មិន​បាន​រារាំង​ទាហាន​វៀតណាម​ទាំង​នោះ​ទេ​។ ចំណែក​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បដិសេធ​ការ​ចោទប្រកាន់​នេះ។

ពលរដ្ឋ​រស់នៅ​ក្បែរ​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុង​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ កក្កដា​ថា ថ្មីៗ​នេះ ទាហាន​វៀតណាម ប្រដាប់​អាវុធ​ជាង ៣០​នាក់ ឆ្លង​ចូល​មក​ទឹកដី​ខ្មែរ​ជាង ១០០​ម៉ែត្រ ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១១៩ ដល់ ១២០ ដើម្បី​ដក​របង​ព្រំ​ដី​របស់​ពលរដ្ឋ​ខ្មែរ និង​រារាំង​អ្នកភូមិ​មិន​ឱ្យ​ធ្វើ​កសិកម្ម​នៅ​តំបន់​នោះ​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៤០​នាក់ បាន​ផ្ទុះ​តវ៉ា​ទាមទារ​សិទ្ធិ​អាស្រ័យ​ផល លើ​ដី​កេរ​ដូនតា​របស់​ខ្លួន​វិញ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់ ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​ថា ក្រុម​ពលរដ្ឋ​ខ្មែរ​ជាង ៤០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា ខ្លះ​កាន់​កាំបិត និង​ដំបង ស្រែក​ជេរ​ទាហាន​វៀតណាម និង​ថត​វីដេអូ បង្ហាញ​ពី​សកម្មភាព​យោធា​វៀតណាម ឈ្លាន​ពាន​ដី​ខ្មែរ​ជាថ្មីទៀត កាលពី​ថ្ងៃ​ទី១២ ខែ​កក្កដា​នេះ​។ ចំណែក​សមត្ថកិច្ច​ខ្មែរ មិន​ហ៊ាន​រារាំង ទាហាន​វៀតណាម​ទាំង​នោះ​ទេ បែរជា​គំរាមកំហែង​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ងើប​តវ៉ា​ទាមទារ​សិទ្ធិ​អាស្រ័យ​ផល លើ​ដី​កេរ​ដូនតា​របស់​ខ្លួន​ទៅវិញ៖ «យួន​មក​ឈ្លានពាន​ជា​ហូរហែ ខ្ញុំ​មានការ​ឈឺចាប់ និង​សោកស្ដាយ​ជា​ខ្លាំង​។ ការបាត់បង់ កេរ​ដូនតា​យើង​នេះ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​មែនទែន​។ មិន​ថា​រូប​ខ្ញុំ​ពលរដ្ឋ ក៏ដូចជា​ពលរដ្ឋ​គ្រប់រូប តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ហ្នឹង​។ ថ្វី​ត្បិត​ថា​ឥឡូវនេះ​ខាំមាត់ សង្កត់ចិត្ត បៀម​ទុក្ខ លេប​ថ្ម លេប​ក្រួស មិន​ហ៊ាន​និយាយ​ស្តី ដោយសារតែ​ខ្មោច​ស្រុក បើកដៃ​អ៊ីចឹង ពិបាក​មែនទែន ពិបាក​ក្នុង​ការ​និយាយ​ណាស់»

បុរស​ដដែល​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ត្អូញត្អែរ ពី​ការ​បាត់​ដីស្រែ​កេរ​ដូនតា​របស់​ខ្លួន ក្រោយពី​រដ្ឋាភិបាល​កំណត់​បង្គោល​ព្រំដែន នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​ថា គ្រួសារ​របស់​លោក បាត់បង់​ដីស្រែ​ជាង ១​ហិកតារ ដែល​វៀតណាម​រំលោភ​យ​ក ៖ «ខេត្ត​ត្បូងឃ្មុំ ឱ្យ​តែ​ជាប់​ខ្សែបន្ទាត់​ព្រំដែន មាន មិន​សុខ​ស្រួល​ទេ ខ្ញុំ​មើល​ទៅ​ពិបាកចិត្ត​ណាស់​។ បង្គោល​វៀតណាម បោះ​ចំ​បង្គោល​ដីស្រែ​ពុក ម្តាយ​ខ្ញុំ​រស់នៅ​រាល់ថ្ងៃ​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី១២ កក្កដា ពលរដ្ឋ​ខ្មែរ​ជាង ៤០​នាក់ ភាគច្រើន​ដែល​ម្ចាស់​ដីស្រែ រស់នៅ​ភូមិ​ត្រពាំង​ផ្លុង ឃុំ​ត្រពាំងផ្លុង បាន​ស្រែក​តវ៉ា នៅ​ចំណុច​ដីស្រែ​ដែល​វៀតណាម​ឈ្លានពាន​ដោយ​ខឹង​សម្បារ នឹង​ទាហាន​វៀតណាម​ជាង ៣០​នាក់ ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​ឆ្លង​ចូល​ដី​ខ្មែរ ហើយ​ពួកគេ បាន​ថត​វីដេអូ​បង្ហោះ តាម​បណ្ដាញ​សង្គម​។ ក្រុម​ពលរដ្ឋ​ទាំងនោះ រិះគន់​អាជ្ញាធរ​ខ្មែរ​ថា មិន​ហ៊ាន​តទល់ ជាមួយ​ទាហាន​វៀតណាម​ទាំង​នោះ​ទេ​៖ «មាន​ករណី​ទាហាន​វៀតណាម ចូល​មក​ឃាត់​ប្រជាជន ក្នុង​ដី​ខ្មែរ មាន​កាំភ្លើង និង​ដំបង​ឆក់ ក្នុង​ទឹកដី​ខ្មែរ​យើង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និង​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី១៣ កក្កដា។

ចំណែក​ស្នងការ​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន បដិសេធ​ថា បញ្ហា​នេះ ពុំ​មែន​ជា​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ ពី​សំណាក់​យោធា​វៀតណាម​នោះ​ទេ​។ លោក​បញ្ជាក់​ថា ស្ថានភាព​ព្រំដែន​នៅ​តំបន់​នោះ រដ្ឋាភិបាល​ខ្មែរ និង​វៀតណាម កំពុង​ឯកភាព​គ្នា​កំណត់​ខ្សែបន្ទាត់​ព្រំដែន មិនទាន់​រួចរាល់​នៅឡើយ​ទេ​។ រីឯ​ពលរដ្ឋ​ខ្មែរ​ខ្លះ បាន​ទៅ​បោះ​បង្គោល ចាប់​យក​ដី​នៅ​តំបន់​នោះ បានជា​ទាហាន​វៀតណាម ហាម​ឃាត់​។ លោ​កថា ក្រោយពី​ភាគី​ប្រទេស​ទាំងពីរ កំណត់​បន្ទាត់​ព្រំដែន​រួច រដ្ឋាភិបាល​ខ្មែរ នឹង​ទទួល​បាន​ដី ៦០០​ហិកតារ ពី​វៀតណាម​មកវិញ ដើម្បី​ប្រគល់​ជូន​ពលរដ្ឋ​ខ្មែរ​ធ្វើ​កសិកម្ម​។ ដោយឡែក អាជ្ញាធរ​ខ្មែរ និង​វៀតណាម បាន​សម្របសម្រួល​គ្នា​រួចហើយ បញ្ឈប់​បញ្ហា​នេះ៖ «យើង​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​ប្រគល់​ឱ្យ​គ្នា​ជា​ផ្លូវការ​ហើយ​នោះ នឹង​ជូន​ពលរដ្ឋ​ហើយ​។ ដី​ហ្នឹង ៦​ហិកតារ ប្លាយ​ដែល​យើង​ដណ្តើម​បាន​មកវិញ ហើយ​គាត់​ទៅជា​ធ្វើ មិន​រង់ចាំ​រដ្ឋ​ធ្វើ​អី​ស្រួល​ប្រួល​។ ឥឡូវ​យើង​បាន​ប្រាប់​គាត់ អ៊ីចឹង​ទៅ គាត់​យល់​ហើយ»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​ឈ្លានពាន ដី​ខ្មែរ​ពី​សំណាក់​ភាគី​វៀតណាម​ជា​ថ្មី​ទៀត ឆ្លុះ​​បញ្ចាំង​ថា រដ្ឋាភិបាល​អសមត្ថភាព ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ ឱ្យ​ដាច់​ស្រឡះ៖ «នៅ​តំបន់​ហ្នឹង មាន​ផ្លូវ​ក្រវាត់​ព្រំដែន មានការ​ឯកភាព​ពី​វៀតណាម រឿង​អី​គាត់​ចូល​ដី​ខ្មែរ ហួស​ចូល​ខ្សែក្រវាត់​ព្រំដែន មក​រំលោភ​ដី​ពលរដ្ឋ​ខ្មែរ​យើង​។ រដ្ឋាភិបាល​ខ្មែរ​យើង​ជំពាក់​គុណ​វៀតណាម អ៊ីចឹង​មិន​ហ៊ាន​តវ៉ា​ជាមួយ​វៀតណាម​ទេ»

ក្រុម​ពលរដ្ឋ​រស់នៅ​ក្បែរ​បន្ទាត់​ព្រំដែន ក្នុង​ខេត្ត​ត្បូងឃ្មុំ បន្ថែម​ថា យោធា​វៀតណាម​តែង​ឆ្លង​ចូល​ដី​ខ្មែរ តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន គំរាមកំហែង និង​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន ជា​ញឹកញាប់ ក៏ប៉ុន្តែ​បាតុភាព​នេះ​ភាគច្រើន​កើតឡើង​ដោយ​ស្ងៀមស្ងាត់ និង​គ្មាន​នរណា​ដឹង​។ ចំណែក​សមត្ថកិច្ច និង​ទាហាន​ខ្មែរ ដែល​ឈរជើង​នៅ​តំបន់​នោះ មិនសូវ​អើពើដោះស្រាយ ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល