ពលរដ្ឋមួយរូបឈ្មោះ ខេមរា នៅភូមិស្វាយតាអែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់អោយដឹងនៅថ្ងៃទី៥ ខែកក្កដា ថា មានប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកប្រមាណពី ៤០ ទៅ ៥០នាក់ បានពាក់អាវគណបក្សសង្គ្រោះជាតិ ទៅចូលរួមហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។
លោក ខេមរា និយាយថា អ្នកពាក់អាវគណបក្សសង្គ្រោះជាតិ ទាំងអស់នោះ មិនមែនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នោះទេ តែពួកគេត្រូវបានអតីតសកម្មជនគណបក្ស សម រង្ស៊ី ម្នាក់ ឈ្មោះ ហ៊ីង ម៉ាប់ ដែលទើបបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនោះ ប្រើល្បិចឆបោកប្រជាពលរដ្ឋទាំងនោះអោយចូលរួមក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដោយមិនដឹងខ្លួន។
លោក ខេមរា បាននិយាយបន្តថា មួយ ឬពីរថ្ងៃមុនការហែក្បួនឃោសនា ប្រពន្ធរបស់លោក ហ៊ីង ម៉ាប់ បានមកមូលដ្ឋានរបស់លោក ហើយអំពាវនាវអោយប្រជាពលរដ្ឋផ្ដិតមេដៃដើម្បីចូលរួមការប្រជុំមួយរបស់គណបក្សសង្គ្រោះជាតិ តែនៅព្រឹកថ្ងៃសុក្រ ទី៥ នេះ ក៏ស្រាប់តែឃើញពលរដ្ឋទាំងនោះពាក់អាវគណបក្សសង្គ្រោះជាតិ ចូលរួមហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ទៅវិញ៖ «គាត់ប្រើខោអាវគណបក្សសង្គ្រោះជាតិ ហើយគាត់បានមកពីណាមក រួចគាត់ប្រើខោអាវគណបក្សសង្គ្រោះជាតិ ដែលខ្ញុំឃើញព្រឹកមិញ ស្រែកនៅមុខផ្ទះខ្ញុំហ្នឹង គាត់ស្រែកថា ប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហ្នឹង គឺចុះចូលជាមួយគណបក្សប្រជាជនហើយ គាត់ស្រែកតាម ស្រែកតាមកោកៗ ស្រែកតាមហ្នឹង គេបង្ខំអោយស្រែក ស្រែកតាម ស្រែកតាម ស្រែកតាម កាត់មុខផ្ទះខ្ញុំហ្នឹង»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំរកាគយ លោក ហ៊ាន យូហុង បានមានប្រសាសន៍ថា លោកក៏បានឃើញព្រឹត្តិការណ៍ដង្ហែក្បួនកាលពីព្រឹកថ្ងៃសុក្រ នេះដែរ តែលោកថា លោកមិនអាចចាត់វិធានការអ្វីទេ ព្រោះលោកគិតថា នេះគឺជាសិទ្ធិរបស់ពលរដ្ឋក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ។ តែលោកថា ព្រឹត្តិការណ៍នេះក៏ធ្វើអោយលោកមានអារម្មណ៍ថាចម្លែកបន្តិចដែរ។ យ៉ាងណាក៏ដោយ លោកថាអ្វីៗ គឺវាស្ថិតនៅលើទឹកចិត្តរបស់ពលរដ្ឋម្នាក់ៗនោះទេ៖ «គេគ្រាន់តែឆ្ងល់សួរត្រង់ថា ពាក់អាវសង្គ្រោះជាតិ គ្រវីទង់បក្សរបស់ប្រជាជន។ គេសួរខ្ញុំអីចឹងហ្នា ខ្ញុំនឹកឃើញថា នេះជាសិទ្ធិរបស់គេ ត្រង់គេធ្វើយ៉ាងម៉េច យើងអត់ដឹងបេះដូង ក្រអៅបេះដូងគេទេណា ក្មួយណា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ហ៊ីង ម៉ាប់ ដើម្បីធ្វើការបកស្រាយពីការចោទប្រកាន់ខាងលើនោះទេ ដោយប្អូនប្រុសរបស់លោកជាអ្នកលើកទូរស័ព្ទជំនួសលោក។
លោក គួយ ប៊ុនរឿន អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ចាម បានមានប្រសាសន៍ថា រូបភាពដែលបានបង្ហាញក្នុងការដង្ហែក្បួនកាលពីព្រឹកមិញនេះ គឺជាកលល្បិចរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើអោយសាបរលាបប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ និងដើម្បីបង្វែរស្ថានការណ៍ពិតជាក់ស្តែងដែលកំពុងកើតមានឡើងក្នុងពេលបោះឆ្នោត៖ «អ្នកនៅកំពង់ចាម គេបានដឹងច្បាស់ហើយ នេះជាយុទ្ធសាស្ត្រដដែលដែលធ្លាប់កើតមានឡើង ដែលគណបក្សកាន់អំណាចហ្នឹងធ្លាប់បានរៀបចំឡើង ហើយក្នុងនោះគេបានសង្កេតឃើញក្រុមដែលអតីតពីមុនមកនៅក្នុងគណបក្ស សម រង្ស៊ី ដែលចូលគណបក្សប្រជាជន តាំងរាប់ឆ្នាំមុនមក ជាអ្នកផ្ដួចផ្ដើមធ្វើគំនិតទាំងអស់ហ្នឹង»។
លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក (Nicfec) មានប្រសាសន៍ថា ការដែលអ្នកឃោសនាបោះឆ្នោតពាក់អាវរបស់គណបក្សមួយ ហើយទៅហែក្បួនរបស់គណបក្សមួយផ្សេងទៀតនោះ គឺជាសិទ្ធិរបស់អ្នកឃោសនា។ លោកថា អ្វីៗគឺវាស្ថិតនៅលើបេះដូងរបស់ពលរដ្ឋ មិនមែនស្ថិតលើសញ្ញាខាងក្រៅនោះទេ៖ «ខ្ញុំគិតថា នេះគឺជាសិទ្ធិរបស់ពលរដ្ឋ គាត់អាចនឹងសម្រេចចិត្តគ្រប់វិនាទីក្នុងការចាកចេញ ឬក៏ចុះចូលទៅក្នុងគណបក្សណាមួយ ប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់មួយទៀត ជួនកាលវាជាផលនៃល្បែងនយោបាយ»។
ទោះបីប្រជាពលរដ្ឋពាក់អាវគណបក្សសង្គ្រោះជាតិ ទៅដង្ហែអោយគណបក្សប្រជាជនកម្ពុជា ក៏គណបក្សសង្គ្រោះជាតិ គ្មានបំណងប្ដឹងពីករណីនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
