រដ្ឋាភិបាល​អាមេរិក​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ទៅ​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2018-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ដ្រី​ព័ត៌មាន​សេតវិមាន​អ្នកស្រី​ សារ៉ា សែនឌើរ ( Sarah Sanders ) ​ថ្លែង​ទៅ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី២៧ ខែ​កុម្ភៈ​ឆ្នាំ២០១៨ នៅ​វិមាន​ប្រធានាធបតី​អាមេរិក។
មន្ដ្រី​ព័ត៌មាន​សេតវិមាន​អ្នកស្រី​ សារ៉ា សែនឌើរ ( Sarah Sanders ) ​ថ្លែង​ទៅ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី២៧ ខែ​កុម្ភៈ​ឆ្នាំ២០១៨ នៅ​វិមាន​ប្រធានាធបតី​អាមេរិក។
រូបភាព​ពី​សេតវិមាន

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ជា​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន ដោយសារ​តែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ដំណំ​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន ត​ទៅ​ទៀត រួម​មាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាម​រយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ នៅ​ពេល​កន្លង​មក។ ការផ្ដាច់​ជំនួយ​ទៅ​ដល់​ផ្នែក​សំខាន់ៗ​ទាំង​អស់​នេះ ខាង​រដ្ឋាភិបាល​អាមេរិក បញ្ជាក់​ថា គឺ​មកពី​ស្ថាប័ន​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​ការ​សម្រេច​ផ្ដាច់​ជំនួយ​ដល់​របប​ក្រុង​ភ្នំពេញ ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ គឺ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដែល​គណបក្ស​កាន់​អំណាច​ប្រមូល​យក​អាសនៈ​ទាំង ៥៥ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ និង​តំណាងរាស្ត្រ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​រយៈពេល ៥​ឆ្នាំ។

​សហរដ្ឋអាមេរិក បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ថា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋអាមេរិក បាន​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍ​ដ៏​ល្អ​មួយ​នៅ​កម្ពុជា។ សហរដ្ឋអាមេរិក បាន​ជួយ​កម្ពុជា គិត​ជា​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ក្នុង​ការ​លើក​ស្ទួយ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ប្រជាធិបតេយ្យ។ ប៉ុន្តែ ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​ពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ អាមេរិក​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នោះ​ទេ ដោយសារ​ការ​បោះឆ្នោត​បែប​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។ ដោយសារ​តែ​ប្រជាធិបតេយ្យ​រង​ការ​បំផ្លាញ​ដូច្នេះ ទើប​សហរដ្ឋអាមេរិក បង្ខំ​ចិត្ត​ត្រូវ​កាត់ផ្ដាច់​ជំនួយ​ទាំង​នេះ​សិន ព្រោះ​មិន​ចង់​ឲ្យ​ប្រាក់​បង់​ពន្ធ​របស់​ពលរដ្ឋ​អាមេរិក បាន​ទៅ​ជួយ​ដល់​របប​មួយ​ដែល​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

​ទណ្ឌកម្ម​នេះ នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ព្រោះ​នៅ​ពេល​នេះ ខាង​សភា និង​ព្រឹទ្ធសភា​អាមេរិក កំពុង​រៀបចំ​ច្បាប់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ដែល​រួម​មាន​ការ​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ និង​មន្ត្រី​របប​ក្រុង​ភ្នំពេញ និង​ចុង​ក្រោយ​អាច​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ទៅ​កាន់​ទីផ្សារ​អាមេរិក ផង​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​របប​លោក ហ៊ុន សែន ជុំវិញ​ទណ្ឌកម្ម​ថ្មី​របស់​រដ្ឋាភិបាល​អាមេរិក​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ​នេះ។ ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់​ផ្គើន​ម្ដង​ហើយ​ម្ដង​ទៀត​ដាក់​សហរដ្ឋអាមេរិក ឲ្យ​កាត់​ផ្ដាច់​ជំនួយ​ឲ្យ​កាន់តែ​ឆាប់​កាន់​តែ​ល្អ ព្រោះ​លោក​អះអាង​ថា ការ​ផ្ដាច់​ជំនួយ​អាមេរិក គឺ​ប៉ះពាល់​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ពឹង​លើ​ប្រាក់​ខែ​ពី​គម្រោង​នេះ​ជាង​ប៉ះពាល់​ដល់​របប​លោក៖ «ហើយ​ខ្ញុំ​ស្វាគមន៍​ណាស់ ស្វាគមន៍​អាមេរិក កាត់​ជំនួយ ហើយ​យក​ល្អ​អំពាវ​ឲ្យ​អាមេរិក កាត់​ជំនួយ​ទាំង​អស់​តែម្ដង ព្រោះ​កាត់​ទៅ​វា​ងាប់ អា NGO ក្នុង​ស្រុក​ទាំង​អស់។ ទៅ​សម្លាប់​កូន​របស់​ឯង​តែម្ដង​ទៅ! ស្អី​ឡើង​កាត់ៗ កាត់ កាត់​ទៅ! កាត់​តែម្ដង​ទៅ ចាំបាច់​និយាយ​ច្រើន​ម្ល៉េះ! ប៉ុន្តែ អ្នក​ងាប់​មុន​គេ​អា​ណា? អ្នក​ងាប់​មុន​គេ​គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បំផ្លាញ​យើង​រាល់​ថ្ងៃ។ ងាប់​មុន​គេ​ទៅ!»

ទោះ​ជា​យ៉ាង​នេះ​ក្តី សហរដ្ឋអាមេរិក មិន​កាត់​ផ្ដាច់​ជំនួយ​មនុស្សធម៌​ទេ។ អាមេរិក​នៅ​តែ​បន្ត​គម្រោង​ជា​ច្រើន ដែល​ជួយ​ពលរដ្ឋ​ខ្មែរ​ទូទៅ រួម​មាន​ផ្នែក​សុខាភិបាល កសិកម្ម ការ​បោស​សម្អាត​មីន ការ​លើក​កម្ពស់​សង្គម​ស៊ីវិល និង​ផ្នែក​កិច្ចការ​សង្គម​សំខាន់ៗ​ដទៃ​ទៀត។

​ទណ្ឌកម្ម​របស់​អាមេរិក​នេះ ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​សហភាព​អឺរ៉ុប សម្រេច​ថា គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នេះ​ដែរ។ សេចក្ដី​សន្និដ្ឋាន​របស់​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង ២៨​ប្រទេស កាល​ពី​នៅ​ថ្ងៃ​ចន្ទ ទី​២៦ កុម្ភៈ សម្រេច​ថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នោះ​ទេ ប្រសិនបើ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន នៅ​បន្ត​ដដែល​ដូច្នេះ​នោះ។ ទណ្ឌកម្ម​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែកជើង រួម​ទាំង​ទំនិញ​ដទៃ​ទៀត​ដែល​អឺរ៉ុប​ព្រមព្រៀង​អនុគ្រោះ​ដល់​កម្ពុជា កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី Phnom Penh

សូមស្តាប់នូវអ្វីដែលសម្ដេចហ៊ុនសែនបាននិយាយអំពីអង្គការក្រៅរដ្ឋាភិបាល។ គាត់គិតថាប្រជាជនខ្មែរដទៃទៀតមិនចូលចិត្តគាត់,ពួកគេជាសត្រូវ។ នេះជាការពិតដែលលឺនៅលើត្រចៀកផ្ទាល់ខ្លួនរបស់អ្នក។ មេដឹកនាំអាក្រក់ធ្វើចំពោះប្រជារាស្ត្ររបស់ខ្លួន។គាត់តែងតែចោទប្រកាន់គណបក្សសង្គ្រោះជាតិពីការប្រាប់ប្រទេសដទៃឱ្យកាត់ជំនួយ។ ឥឡូវនេះប្រជាជនខ្មែរអាចស្តាប់ឮវាគឺហ៊ុនសែន។ វាមិនមែនជាគណបក្សសង្គ្រោះជាតិទេ.



Mar 01, 2018 12:57 AM

គេហទំព័រ​ទាំងមូល