រដូវកាលនៃយុទ្ធនាការឃោសនាបោះឆ្នោត មិនទាន់នឹងមកដល់នៅឡើយផង ក៏ប៉ុន្តែអ្នកនយោបាយចាប់ផ្ដើមប្រើប្រាស់វេទិកានេះ រិះគន់គ្នាទៅវិញទៅមកជាបណ្ដើរៗទៅហើយ។ អតីតប្រធានគណបក្ស សម រង្ស៊ី រិះគន់ថា គណបក្សប្រជាជនកម្ពុជា អាចមានលទ្ធភាពគ្រប់គ្រងអាសនៈនៅអាណត្តិក្រោយនេះមិនដល់ ៣០កៅអីផង។ ចំណែកមន្ត្រីនាំពាក្យគណបក្សគ្រប់គ្រងរដ្ឋាភិបាល ចំអកឲ្យគណបក្សប្រឆាំងថា អ្នកដែលត្រូវបាត់បង់កៅអីនោះ គឺគណបក្សសង្គ្រោះជាតិ ទៅវិញទេ។
ការខ្វែងគំនិតគ្នារឿងប្រជាប្រិយភាព និងការប្រកួតប្រជែងផ្នែកនយោបាយ ត្រូវបានអ្នកវិភាគនយោបាយចាត់ទុកថា វាពុំមែនជារឿងថ្មីទេសម្រាប់កម្ពុជា ប៉ុន្តែអ្វីដែលជាបញ្ហាចំពោះមុខនៅពេលនេះ គឺកម្រឃើញអ្នកនយោបាយរបស់បក្សនីមួយៗ លើកពីបញ្ហាជាតិ និងរកដំណោះស្រាយនយោបាយ ធ្វើឲ្យប្រទេសជាតិមានភាពរុងរឿងណាស់។
ការរិះគន់របស់អ្នកវិភាគនយោបាយនៅពេលនេះ បន្ទាប់ពីមានការខ្វែងគំនិតខាងផ្លូវនយោបាយកាន់តែឡើងកម្ដៅទៅៗ នៅមុនការបោះឆ្នោតមកដល់។ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា ការឌឺដងដាក់គ្នារវាងអ្នកនយោបាយនេះ នឹងមិនចំណេញអ្វីឡើយសម្រាប់ជាតិ ជាពិសេសពលរដ្ឋ។ លោកបន្តថា «គ្មានអ្វីដែលក្រៅពីវាយប្រហារគ្នារវាងខ្មែរគ្នាឯង ដោយមិនបានលើក ពីគោលនយោបាយ របស់គណបក្សនីមួយៗមកសិក្សា ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្លួនជឿជាក់នោះ ទេ»។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មចំពោះសារនយោបាយរបស់ លោក គង់ គាំ កាលពីថ្ងៃទី២៦ មីនា ក្នុងសន្និបាតគណបក្សសង្គ្រោះជាតិ ដោយលោកចាត់ទុកថា ចេះតែបន្លឺសំឡេងដើម្បីអន្ទងចិត្តអ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ ក៏ប៉ុន្តែភាពពិត គណបក្សនេះកាន់តែអស់ការគាំទ្រជាហូរហែមកហើយ។ លើសពីនេះទៀត លោក សុខ ឥសាន អះអាងថា សមាជិកនៅតាមបណ្ដាខេត្ត បន្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដូចទឹកបាក់ទំនប់យ៉ាងដូច្នេះដែរ។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាចរូបនេះចំអកថា គណបក្សដែលត្រូវបាត់បង់អាសនៈនៅអាណត្តិបន្ទាប់ទៀតនេះ គឺបក្សប្រឆាំងទៅវិញទេ។ លោកបន្តថា «ខ្ញុំយល់ថាឯកឧត្ដម គង់ គាំ គាត់ជាគណបក្សប្រឆាំង អ៊ីចឹង គាត់និយាយអីវាច្រើន តែផ្ទុយ ទេ ហើយភាគច្រើនផ្ទុយទាំងអស់។ អ៊ីចឹងទេដែលគាត់ថាគណបក្សប្រជាជន នៅ ៣០ហ្នឹង គឺគណបក្ស សង្គ្រោះជាតិ ទេដែលនៅ ៣០ ហើយមិនដល់ ៣០ ផងបើតាមខ្ញុំ វាយតម្លៃ»។
ប្រតិកម្មរបស់ លោក សុខ ឥសាន នៅពេលនេះ ក្រោយពេលសមាជិកអចិន្ត្រៃយ៍នៃព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី រិះគន់ថា បក្សកាន់អំណាចអាចមានលទ្ធភាពគ្រប់គ្រងកៅអីក្នុងអាណត្តិទី៦ ខាងមុខនេះប្រហែលមិនដល់ ៣០អាសនៈផង។
ឆ្លៀតពេលក្នុងសន្និបាតនោះ លោក គង់ គាំ ក៏បានដៀមដាមឲ្យអ្នកនយោបាយខ្លះ និងបក្សចាស់តែប្ដូរឈ្មោះថ្មីថា ជាបក្សសូន្យ និងគណបក្សសាបប៉ុណ្ណោះ។ បញ្ហានេះ នឹងពុំមានឥទ្ធិពលអ្វីដើម្បីប្រកួតប្រជែងរកការគាំទ្របានដូចគណបក្សសង្គ្រោះជាតិ ទេ។
អតីតប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងដូចនេះ ក្នុងពេលដែលលោកចូលរួមសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅសង្កាត់ព្រែកលៀប កាលពីថ្ងៃទី២៦ មីនា។ ថ្លែងទៅកាន់អ្នកគាំទ្រ អ្នកនយោបាយដែលមិនសំចៃមាត់ លោក គង់ គាំ អះអាងថា គណបក្សប្រឆាំងនឹងគ្រប់គ្រងអាសនៈនៅអាណត្តិក្រោយនេះ លើសពីការរំពឹងទុក គឺនឹងទទួលបានប្រមាណ ៩០អាសនៈ។ រីឯបក្សកាន់អំណាចវិញ នឹងត្រូវធ្លាក់ចុះរហូតដល់ ៣០កៅអីក៏អាចបានដែរ។ លោក គង់ គាំ អះអាងថា នៅអាណត្តិបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គឺគណបក្សសង្រ្គោះជាតិ នឹងឈ្នះយកបានឃុំ-សង្កាត់លើសលប់។ លោកបន្តថា «ឆ្នាំ២០១៣ ដូចមានគណបក្សជើងខ្លាំងប្រជែងជាមួយសង្គ្រោះជាតិ បាត់ ២០កៅអី ហើយឥឡូវនេះគាត់ចង់បានការគាំទ្រ និងចង់បានកើនអាសនៈឡើងវិញ មិនគិតធ្វើបុណ្យទេ ធ្វើតែបាប»។
បើទោះបីជាមន្ត្រីនាំពាក្យគណបក្សដែលដឹកនាំរដ្ឋាភិបាល ថ្លែងការពារថា បក្សកាន់អំណាចនឹងនៅតែជាបក្សគ្រប់គ្រងអាសនៈបាន ក៏ប៉ុន្តែមានបទពិសោធន៍រួចមកហើយក្នុងអាណត្តិទី៥ នេះ។ នៅពេលបោះឆ្នោតកាលពីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ត្រូវរបូតកៅអីអស់ ២០អាសនៈនៅក្នុងរដ្ឋសភា ដែលគណបក្សនេះធ្លាប់គ្រប់គ្រងរហូតដល់ ៩០អាសនៈកាលពីអាណត្តិទី៤។
យ៉ាងនេះក្តី លោក សុខ ឥសាន យល់ឃើញថា បក្សកាន់អំណាចនៅតែខ្លាំង ហើយខ្លាំងហួសពីការស្មានទៅទៀត។ ដោយឡែកបក្សប្រឆាំង ដល់ពេលដែលត្រូវធ្លាក់ចុះហើយ បន្ទាប់ពីឡើងដល់ចំណុចកំពូលកាលពីបោះឆ្នោតឆ្នាំ២០១៣ រួច។ ម្យ៉ាងវិញទៀត មានសមាជិកខ្លះ និងអ្នកគាំទ្រច្រើនណាស់ បានបន្តដើរចេញពីបក្ស ហើយទៅបង្កើតបក្សថ្មី ដូចជា អ្នកស្រី ឡាក់ សុភាព លោក សួន សេរីរដ្ឋា និងលោក ម៉ម សូណង់ដូ ជាដើម ដែលសុទ្ធតែជាមនុស្សសំខាន់។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា តាំងពីដើមដល់ចប់ មិនដែលឃើញអ្នកនយោបាយខ្មែរចេះរកវិធីជួយពលរដ្ឋឲ្យមានជីវភាពរុងរឿង និងមានការអភិវឌ្ឍទ។ ផ្ទុយទៅវិញ អ្នកនយោបាយ តែងរកវិធីបែបណា គឺដើម្បីតែផលប្រយោជន៍បុគ្គល និងធ្វើឲ្យបក្សដំណើរការទៅមុខប៉ុណ្ណោះ។ នៅទីបំផុត ក្រោយពីការបោះឆ្នោត ប្រជាពលរដ្ឋភាគច្រើននៅតែជួបនឹងបញ្ហាលំបាកផ្នែកជីវភាព ភាពអត់ការងារធ្វើ និងការធ្វើចំណាកស្រុកនៅតែមានច្រើនដដែល ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
