សកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀងបានរត់គេចខ្លួនរកកន្លែងសុវត្ថិភាព បន្ទាប់ពីមន្ត្រីប៉ូលិសជិត ១០០នាក់ បានដាក់ពង្រាយតាមផ្លូវក្នុងភូមិនិងឡោមព័ទ្ធផ្ទះរបស់លោក កាលពីថ្ងៃទី២០កញ្ញា កន្លងទៅ។ ភរិយាសកម្មជនបក្សប្រឆាំងរូបនេះអះអាងថា ថ្វីត្បិតតែស្វាមីបានរត់ភៀសខ្លួនហើយក្ដី ក៏មន្ត្រីប៉ូលិសជាច្រើននាក់ត្រូវបានដាក់បង្កប់ក្នុងភូមិតាមចាប់ស្វាមីរបស់លោកស្រីដដែល។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកទង្វើរបស់មន្ត្រីប៉ូលិសនេះថា ជាការអនុវត្តខុសច្បាប់។
ភរិយាសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក ញ៉ែម វាន គឺលោកស្រី ពៅ សារ៉ន ឱ្យដឹងនៅថ្ងៃទី២២ កញ្ញាថា ស្វាមីរបស់លោកស្រីបានរត់ចេញពីកន្លែងលាក់ខ្លួនក្នុងផ្ទះអ្នកភូមិក្បែរខាង ហើយដើរកាត់ភក់តាមវាលស្រែជាច្រើនគីឡូម៉ែត្រ ទើបមានពលរដ្ឋ ៥នាក់យកម៉ូតូមកដឹកលោកបន្តដំណើរទៅមុខទៀត ដើម្បីរកទីកន្លែងមានសុវត្ថិភាព កាលពីយប់ថ្ងៃ២១ កញ្ញា ។ លោកស្រីបន្តថា ស្វាមីបានចេញផុតពីខេត្តស្វាយរៀងទៅដល់កន្លែងសុវត្ថិភាពនៅយប់ថ្ងៃដដែល បន្ទាប់ពីមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជិត ១០០នាក់បានដាក់ពង្រាយកម្លាំងគ្រប់ច្រកចេញចូលក្នុងភូមិជុំវិញផ្ទះរបស់លោក នៅភូមិត្រកៀបក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក តាំងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៣រសៀល នៅថ្ងៃទី២០ កញ្ញា ទើបដកថយទៅវិញ។ លោកស្រីបញ្ជាក់ថា មន្ត្រីប៉ូលិស បានចូលឆែកក្នុងបន្ទប់ទឹក និងបន្ទប់ស្នាក់នៅ ជង្រុកស្រូវ និងនៅជុំវិញផ្ទះរបស់លោកស្រី ទាំងកម្រោលដោយក្រុមគ្រួសារមិនបានអនុញ្ញាតឡើយ ។ លោកស្រីបន្តថា ការឆែករបស់ក្រុមសមត្ថកិច្ចនេះ គឺដើម្បីតាមរកស្វាមីរបស់លោកស្រី៖ «ខ្ញុំបារម្ភភ័យញាប់ញ័រក្នុងខ្លួន ខ្ញុំនឹងភ័យខ្លាចដែលគេមកឡោមព័ទ្ធជុំវិញផ្ទះហើយឡើងរុករើលើផ្ទះ។ ខ្ញុំច្បាស់ណាស់គេមកចូលឆែកឆេរពេញក្នុងផ្ទះ គឺឡើងលើផ្ទះ៣នាក់។ ខ្ញុំឆ្ងល់ដែរ ប្ដីខ្ញុំមិនបានធ្វើអីខុសផង បានជាប៉ូលិសមកឡើងឆែកឆេរផ្ទះខ្ញុំ»។
ពលរដ្ឋម្នាក់ ដែលស្ថិតក្នុងហេតុការណ៍នេះថ្លែងសុំមិនបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនឱ្យដឹងថា មន្ត្រីប៉ូលិសបានប្រាប់លោកថា មូលហេតុដែលសមត្ថកិច្ច ឡោមព័ទ្ធផ្ទះមន្ត្រីបក្សនេះ គឺដើម្បីតាមចាប់លោក ញ៉ែម វាន បន្ទាប់ពីសកម្មជនរូបនេះ បានផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី អំពីគម្រោងការទៅការពារលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ កញ្ញា ដោយលោកទទួលទូរស័ព្ទ ហើយចុចផ្ដាច់ទៅវិញ។
ប៉ុន្តែលោក កឹង ឃន បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី២០ កញ្ញា ថា មន្ត្រីរបស់លោកមិនបានឡោមព័ទ្ធផ្ទះ លោក ញ៉ែម វាន ដូចលើកឡើងរបស់ភរិយាសកម្មជនបក្សប្រឆាំងនោះទេ។លោកបញ្ជាក់ថា មន្ត្រីប៉ូលិសដែលពលរដ្ឋឃើញជាច្រើននាក់នោះ គឺជាកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក ចុះទៅសម្របសម្រួលករណីសហគមន៍សាមគ្គីរមាសហែក ដែលជួបប្រជុំគ្នានៅឃុំអំពិល ស្រុករមាសហែក ដោយពុំបានសុំការអនុញ្ញាតពីសមត្ថកិច្ច កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន ហៅការអនុវត្តច្បាប់របស់មន្ត្រីប៉ូលិសនេះថា ជាទង្វើខុសច្បាប់ធ្ងន់ធ្ងរ ដែលរំលោភបំពានដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ។ លោកបញ្ជាក់ថា មន្ត្រីប៉ូលិសអាចឆែកឆេរផ្ទះរបស់ប្រជាពលរដ្ឋណាម្នាក់បាន លុះត្រាតែមានដីកាពីតុលាការ ឬក៏ស្ថិតក្នុងបទល្មើសជាក់ស្ដែង ដែលសមត្ថកិច្ចកំពុងដេញចាប់ជនល្មើស ហើយជននោះបានរត់ចូលទៅលាក់ខ្លួននៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋទើបអាចធ្វើទៅបាន៖ «បើនិយាយនិងនីតិវិធីខុសច្បាប់ទាំងអស់ ហើយពាក់ព័ន្ធនឹងការខ្លាចក្រែងគាត់ប្រមូលគ្នាទៅទទួលលោកសម រង្ស៊ី គ្រាន់តែការខ្លាចរបស់សមត្ថកិច្ច តែបើគាត់មិនបានធ្វើខុសផង គឺជាការរំលោភសិទ្ធិរបស់គាត់ទាំងស្រុងហើយ។ រាល់ថ្ងៃ គឺកម្លាំងនគរបាលតាមរាជធានីខេត្តកំពង់ពង្រឹងតាមសហគមន៍តាមមូលដ្ឋានខ្លាចប្រជាពលរដ្ឋឡើងទៅភ្នំពេញទៅទទួលលោក សម រង្ស៊ី។ អីចឹងសកម្មភាពទាំងនេះគេផ្ដោតខ្លាំងទៅលើអតីតសកម្មជនគណបក្សប្រឆាំងនឹងហើយដែលយើងឃើញរាល់ថ្ងៃ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ កត់សំគាល់ទៀតថា ចាប់តាំងពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសវិញចូលស្រុកវិញ កាលពីខែសីហាមក អាជ្ញាធរខេត្តស្វាយរៀងបានដាក់កម្លាំងតាមផ្លូវគ្រប់មូលដ្ឋាន ការពារសន្តិសុខយ៉ាងតឹងតែង ដែលមិនធ្លាប់មានពីមុនមកឡើយ។
លោកស្រី ពៅ សារ៉ន អំពាវនាវឱ្យមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងមន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធជួយអន្តរាគមន៍ផ្នែកច្បាប់ដល់ស្វាមីជាបន្ទាន់ ពីព្រោះលោកស្រីអះអាងថាសព្វថ្ងៃសមត្ថកិច្ចនៅតែបន្តដាក់កម្លាំងក្នុងភូមិតាមឃ្លាំមើលផ្ទះរបស់លោកស្រីជារៀងរាល់ថ្ងៃមិនទាន់ឈប់នៅឡើយទេ
គិតត្រឹមរសៀលថ្ងៃទី២២ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៧នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ និងច្រើននាក់ទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង ដែលច្បាប់កម្ពុជាអនុញ្ញាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
