ការរឹតត្បិតលំហសេរីភាពនយោបាយ ភាពមិនប្រក្រតី និងការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សប្រឆាំង បន្តកើតមានឡើងនៅមុនការបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទីប្រាំ កាលពីខែមិថុនា ឆ្នាំ២០២២។ នេះបានតាមរបាយការណ៍ឃ្លាំមើលការបោះឆ្នោតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ផ្សាយកាលពីថ្ងៃទី២៣ វិច្ឆិកា។
របាយការណ៍ដែលមានចំណងជើងថា៖ បរិយាកាសនយោបាយការបោះឆ្នោត ២០២២ រកឃើញថា នៅមុនការបោះឆ្នោតមាន ករណីរឹតត្បិតលំហសេរីភាពនយោបាយចំនួន ៨១ករណី កើតឡើង នៅតាមបណ្តាឃុំ-សង្កាត់ចំនួន៦០ នៃស្រុក-ខណ្ឌចំនួន៥០ ស្ថិតនៅក្នុងខេត្តចំនួន១៧ ។ ក្នុងនោះមាន៣៥ករណី ជាការគំរាមឲ្យសកម្មជនបក្សប្រឆាំង ក្នុងនោះមានគណបក្សភ្លើងទៀន ឲ្យលាឈប់ពីបញ្ជីឈរឈ្មោះបេក្ខភាពគណបក្ស។ ការគំរាមនោះ មានដូចជា អាជ្ញាធរដែនដីកោះហៅសកម្មជនបក្សប្រឆាំងឲ្យទៅជួបនៅសាលាឃុំ ឬ/និងស្នាក់ការគណបក្សឃុំ បង្ខំឲ្យស្បថ និងថតរូបនៅពេលទទួលអំណោយ ឬថវិកា ជិះម៉ូតូកៀរផ្តួល គប់ដុំថ្មចូលក្នុងផ្ទះ ជាដើម។ របាយការណ៍បន្តទៀតថា អាជ្ញាធរមូលដ្ឋានក៏បាន បញ្ឈប់ផ្តល់ប្រាក់ឧបត្ថម្ភជនក្រីក្រប្រចាំខែ បញ្ឈប់-មិនផ្តល់ប័ណ្ណក្រីក្រ កាត់ផ្តាច់អាហាររូបករណ៍ មិនផ្តល់ប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុ ដេញមិនឲ្យនៅក្នុងភូមិ គំរាមចាប់ខ្លួនថ្ងៃក្រោយ និងដកឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ ដោយឡែក ក្នុងនៅអំឡុងពេលបោះឆ្នោតវិញ របាយការណ៍ក៏រកឃើញមានភាពមិនប្រក្រតីមួយចំនួនដូចជា៖ អាជ្ញាធរមានវត្តមាន-ឈរនៅមុខបរិវេណការិយាល័យបោះឆ្នោត ចាំកត់ត្រាឈ្មោះអ្នកមកចូលរួមបោះឆ្នោត រារាំងអ្នកសង្កេតការណ៍មិនឲ្យចូល និងថតដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតភាគច្រើន។ បន្ថែមលើនេះទៅទៀត អ្នករៀបចំការបោះឆ្នោតក៏មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋមើលការរាប់សន្លឹកឆ្នោតដែរ។
របាយការណ៍រកឃើញទៀតថា នៅក្រោយការបោះឆ្នោតមិនបានដប់ថ្ងៃផង មានព្រឹត្តិការណ៍នយោបាយធំៗកើតឡើងគួរឲ្យកត់សម្គាល់ដូចជា៖ ការប្រកាសផ្ដន្ទាទោសអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សទ្រង់ទ្រាយធំរហូតដល់ចំនួន៦១នាក់ ការប្តឹងអនុប្រធានគណបក្សភ្លើងទៀន ការចាប់មេឃុំគណបក្សភ្លើងទៀន និងករណីធ្វើទុក្ខបុកម្នេញមន្ត្រីបក្សភ្លើងទៀនផ្សេងទៀត។
សមាគមអាដហុកផ្តល់អនុសាសន៍មួយចំនួនដោះស្រាយពីភាពមិនប្រក្រតីកើតឡើងកាលពីបោះឆ្នោតឃុំសង្កាត់កន្លងទៅ។
អនុសាសន៍ទាំងនោះរួមមាន៖ ដាក់ទោសទណ្ឌតាមច្បាប់ ជាធរមានចំពោះជនណា ឬអាជ្ញាធរមូលដ្ឋានណា ដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននានា ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវរកដំណោះស្រាយនូវរាល់វិវាទពាក់ព័ន្ធកើតមានឡើង ដោយឈរលើគោលការណ៍ ឯករាជ្យ អព្យាក្រិត និងដោយមិនរើសអើងបក្សនយោបាយ។ ចំពោះវិវាទទាក់ទងការបោះឆ្នោត គប្បីត្រូវតែដោះស្រាយដោយច្បាប់បោះឆ្នោត និងក្រសួងមហាផ្ទៃត្រូវត្រួតពិនិត្យ និងដោះស្រាយជាបន្ទាន់ ឲ្យបញ្ឈប់ការរើសអើងគ្រប់ទម្រង់គណបក្សនយោបាយដែលបានជាប់ឆ្នោត ដោយរៀបចំឲ្យបេក្ខជនជាប់ឆ្នោត គ្រប់គណបក្សនយោបាយអាចចូលបំពេញតួនាទី ភារកិច្ចកិច្ចតាមច្បាប់កំណត់។ មន្ត្រីរដ្ឋាភិបាល និង (គ.ជ.ប) មិនទាន់ឆ្លើយតបនឹងរបាយការណ៍របស់សមាគមអាដហុកនៅឡើយ កាលពីថ្ងៃទី២៣ វិច្ឆិកា ទោះបីជាយ៉ាងណាទាំង (គ.ជ.ប) និងគណបក្សកាន់អំណាចបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការរិះគន់ ពីភាពមិនប្រក្រតីដែលកើតឡើង ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។