អ្នក​វិភាគ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ឯករាជ្យ​ពី​ចិន និង​វៀតណាម

ដោយ ជាតិ ចំណាន
2024.11.09
អ្នក​វិភាគ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ឯករាជ្យ​ពី​ចិន និង​វៀតណាម ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម​ សីហមុនី ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើកទី៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ នៅ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ នាថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ២០២៤​។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ក្រុម​អ្នក​វិភាគ​លើកឡើង​ថា កម្ពុជា​មិនទាន់​មាន​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​ពេញលេញ​នោះ​ទេ​ដោយសារតែ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ធ្វើ​នយោបាយ​រណប​ប្រទេស​វៀតណាម និង​ចិន ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​នឹម​ត្រួតត្រា​របប​អាណានិគម​បែប​ថ្មី។ ការ​លើកឡើង​បែប​នេះ គឺ​ស្រប​ពេល​ ដែល​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើកទី៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី​៩ វិច្ឆិកា។

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម និង​នយោបាយ​លើក​ឡើង​ស្រដៀងៗ​ គ្នា​ថា បើ​ទោះ​បី​ជា​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ជាតិ​ពី​ប្រទេស​បារាំង​ក្ដី ប៉ុន្តែ​ បញ្ហា​បូរណភាព​ទឹកដី និង​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​សំណាក់​បរទេស​ នៅ​តែ​បន្ត​កើត​មាន។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ឯករាជ្យ​ភាព និង​អធិបតេយ្យ​ភាព​ពេញលេញ​នោះ​ឡើយទេ ដោយសារតែ​រយៈពេល​ជាង ៤០ឆ្នាំ​មកនេះ ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដឹក​នាំ​ប្រទេស​ដោយ​ពឹងផ្អែក​លើ​ចិន និង​វៀតណាម​ជា​ខ្នង​បង្អែក ​ដែល​បញ្ហា​នេះ​នាំ​ឱ្យ​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា​ធ្លាក់​ក្នុង​ការ​ត្រួតត្រា​របស់​បរទេស។ លោក​បន្ត​ថា កម្ពុជា​អាច​មាន​ឯករាជ្យ​ភាព​លុះត្រាតែ​រដ្ឋាភិបាល​ផ្ដល់​សំឡេង​ឱ្យ​ពលរដ្ឋ​ជា​អ្នក​ធ្វើ​ស្វ័យ​សម្រេច​លើ​ជោគវាសនា​ប្រទេសជាតិ​ ពោល​គឺ​ រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។

លោក គឹម សុខ៖ «កម្ពុជា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​គ្រាន់តែ​អែប​អប​ចិន ​ដើម្បី​បាន​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ មុខ​មាត់​ការ​ទូត​ខ្លះ​ ក្នុង​ការ​រក្សា​អំណាច​របស់​ខ្លួន។ ក៏​ប៉ុន្តែ​ វៀតណាម​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ វៀតណាម​មិន​ត្រឹមតែ​សម្លឹង​ត្រឹម​តែ​ទឹក​ដី​ទេ​ ការ​សម្លឹង​ទឹកដី​ គឺជា​នយោបាយ​អនាគត​ ក៏​ប៉ុន្តែ​ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ វៀតណាម​សម្លឹង​យក​ផល​ប្រយោជន៍​ពី​កម្ពុជា​គ្រប់​វិស័យ​ទាំងអស់​ តាំង​ពី​ធនធាន​ធម្មជាតិ​របស់​ប្រទេស»

ថ្វីដ្បិតតែ​ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ​បាន​ទាមទារ​ឯករាជ្យ​ពី​បារាំង​មក​វិញ​ក្ដី បារាំង​ក៏បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចំនួន​ ២១​ខេត្ត ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង​រហូត​មក​ទល់​បច្ចុប្បន្ន។ ប៉ុន្តែ​ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​សូម្បីតែ​រំលឹក​ឡើង​វិញ​អំពី​បញ្ហា​នេះ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន តាំង​ខ្លួន​អ្នក​ផ្ដួចផ្ដើម​គំនិត​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ជាមួយ​វៀតណាម និង​ឡាវ ​ដែល​ពលរដ្ឋ​មើល​ឃើញ​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​​ឱ្យ​ទៅខាង​​វៀតណាម​គ្រប់គ្រង​បន្ថែម​ទៀត ប៉ុន្តែ​ គម្រោង​នេះ​ ត្រូវ​បាន​លុបចោល​វិញ​ក្រោយ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា។ ដោយឡែក ​នាយករដ្ឋមន្ត្រី​កូន គឺលោក ហ៊ុន ម៉ាណែត វិញ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅតែ​បន្ត​រណប​ចិន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ចិន​ជួយ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​ស្ទើរ​គ្រប់​វិស័យ ​ក្នុង​នោះមាន​ ពាណិជ្ជកម្ម ការ​សាងសង់​ហេដ្ឋារចនាសម្ពន្ធ វិស័យ​សុខាភិបាល និង​វិស័យ​ការពារ​ជាតិ​ជាដើម។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ យល់​ឃើញ​ថា ការ​មាន​ឯករាជភាព និង​បង្រួបបង្រួម​ជាតិ​ទៅ​បាន​ គឺ​ទាល់តែ​អ្នក​នយោបាយ​ទាំងអស់​ចេះ​រួបរួម​គ្នា​ កុំ​ចាត់​ទុក​គ្នា​ឯង​ជា​ខ្មាំងសត្រូវ ហើយ​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​បង្កើត​ឱ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​ផលប្រយោជន៍​ជាតិ។ ប៉ុន្តែ​ លោក​មើល​ឃើញ​ថា មេដឹកនាំ​បច្ចុប្បន្ន​ ធ្វើ​នយោបាយ​តាម​បែប​បុរាណ​ ពោល​គឺ​ ធ្វើ​នយោបាយ​ដោយ​ការ​បំបែក​បំបាក់​គ្នា​ ហើយ​គិត​ពី​ប្រយោជន៍​គ្រួសារ និង​បក្ខពួក​ជា​ធំ។

បណ្ឌិត រ៉ូ វណ្ណៈ៖ «ខ្ញុំ​យល់​ថា អ្នក​នយោបាយ​អាច​ថា ​ប្រើប្រាស់​នូវ​វិចារណញ្ញាណ​ នូវ​ដំណោះស្រាយ​ទន់ភ្លន់​ នូវដំណោះស្រាយ​ជជែក​វែកញែក​រក​ផល​ខុស​ត្រូវ ហើយ​ផាត់​ចេញ​នូវ​គំនិត​ទស្សន​ខុស​គ្នា​ចាត់​ទុក​គ្នា​ជា​ខ្មាំង​សត្រូវ មក​ចាត់​ទុក​ថា វា​ជា​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ​ គ្នា ហើយ​ទុក​ឱ្យ​ពលរដ្ឋ​ជា​អ្នក​សម្រេច​ជោគវាសនា​របស់​អ្នក​នយោបាយ​តាម​រយៈ​សន្លឹក​ឆ្នោត​ តាម​រយៈ​ការ​បោះឆ្នោត​មួយ​ ដែល​ត្រឹមត្រូវ និង​យុត្តិធម៌»

ឆ្លើយតប​រឿង​នេះ​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ចាត់​ទុក​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ថា ខ្វះ​ការ​យល់ដឹង និង​អគតិ ​ពីព្រោះ​បច្ចុប្បន្ន​នេះ​ ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ក្នុង​សុខ​សន្តិភាព។ លោក​បន្ត​ថា កម្ពុជា​មិន​បាន​រណប​ចិន​នោះទេ ​ប៉ុន្តែ​ ជា​ការ​រក​ស៊ី​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ប៉ុណ្ណោះ។

លោក សុខ ឥសាន៖ «ឱ្យ​អ្នក​ប្រឆាំង និង​អ្នក​វិភាគ​មើល​ពី​ទិដ្ឋភាព​ទូទៅ​ កុំ​ឱ្យ​មើល​ឃើញ​ថា កម្ពុជា​វា​ខ្មៅ​ងងឹត​។ បើ​មើល​កម្ពុជា​វា​ខ្មៅ​ វា​ផ្ទុយ​ពី​ទស្សន​របស់​មហាជន​ប្រជាជន​កម្ពុជា​ហើយ​ ពីព្រោះ​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព​នយោបាយ​ មិន​ដូច​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​មួយ​ចំនួន​ ដែល​អគតិ​ចំពោះ​កម្ពុជា​នោះ​ទេ។ ឧទាហរណ៍​ជាក់ស្ដែង​ កម្ពុជា​មានទំនាក់ទំនង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ជាមួយ​ចិន​ទៅ​ថា កម្ពុជា​រណប​ចិន»

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យជាតិ​ ខួប​លើក​ទី៧១ ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម​ សីហមុនី ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ​។

ជាមួយ​នេះ​ សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​ ដែល​មាន​គណបក្ស​ឆន្ទៈ​ខ្មែរ ភ្លើង​ទៀន និង​គណបក្ស​មួយ​ចំនួន​ ដែល​ជា​សម្ព័ន្ធមិត្ត​បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ និង​ដឹងគុណ​នូវ​ការ​លះបង់​របស់​ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ​ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​បារាំង។ សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​យល់​ឃើញ​ថា ការ​ថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ពិត​ប្រាកដ​ គឺ​អាស្រ័យ​លើ​ស្មារតី​រួបរួម។

កម្ពុជាក្រោម​ការដឹកនាំ​របស់​គ្រួសារ​ត្រកូល​ ហ៊ុន មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​ឡើង​វិញ​នោះ​ឡើយ ប៉ុន្តែ​ មាន​តែ​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ធ្វើ​ជាតិ​បែកបាក់​តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ២០១៧ ហើយ​ក្រោយ​មក​រារាំង​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ពលរដ្ឋ​ មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ថែម​ទៀត។ ក្រៅពី​នេះ​ យុវជន ឬ​ពលរដ្ឋ​ណា​ ដែល​ហ៊ាន​ចេញ​មុខ​និយាយ​​អំពី​បញ្ហា​ព្រំដែន និង​បញ្ហា​សង្គម ​រដ្ឋាភិបាល​តែង​ប្រើ​គ្រប់​មធ្យោបាយ ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ គំរាមកំហែង និង​ចាប់​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត។ អ្នក​ឃ្លាំ​មើល​ព្រមាន​ថា ប្រសិន​បើ​មេ​ដឹក​នាំ​កម្ពុជា​នៅតែ​បន្ត​ឥរិយាបថ​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ ហើយ​មិន​ខិតខំ​ស្ដារ​សេដ្ឋកិច្ច​ដោយខ្លួនឯង​បែប​នេះ​ត​ទៅ​ទៀត​នោះ ​កម្ពុជា​នឹង​បាត់បង់​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ពោល​គឺ​ស្ថិត​ក្រោម​​​​​របប​អាណានិគម​បែប​ថ្មី​របស់​ប្រទេស​វៀតណាម និង​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។