មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី២១ នៅប្រទេស សិង្ហបុរី នៅថ្ងៃពុធ ទី១៤ វិច្ឆិកាថា ចិនគឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះបានសម្រាប់អាស៊ាន ដោយលោកសង្ឃឹមថា ទំនាក់ទំនងអាស៊ានចិន នឹងកាន់តែជ្រាលជ្រៅ ក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម។
កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តទៅក្រោមប្រធានបទការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។ នៅក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន សែន ថ្លែងនៅចំពោះមុខនាយរដ្ឋមន្ត្រីចិន លោក លី ខឺឈាង ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការពង្រឹង កិច្ចសហប្រតិបត្តិការរបស់ចិន ពាក់ព័ន្ធវិស័យតភ្ជាប់ និងការបន្តគាំទ្ររបស់ចិន ក្នុងការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នា និងការបំពេញឲ្យគ្នាទៅវិញទៅមក រវាងគំនិតផ្ដួចផ្ដើមនៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន និងគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់មួយ និងវិថីមួយរបស់ចិន និងបញ្ហាផ្សេងៗទៀត។
អ្នកវិភាគលើកឡើងថា ប្រទេសក្នុងតំបន់មានតែកម្ពុជាទេ ដែលកសាងទំនាក់ទំនងជិតស្និទ្ធនឹងចិននោះ ក៏ប៉ុន្តែសម្រាប់ប្រទេសដទៃមួយចំនួនទៀតនៅអាស៊ាន កំពុងតែងាកចេញពីចិន ហើយទៅរឹតចំណងការទូតជាប្រទេសលោកខាងលិច ដូចជាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកកាន់តែខ្លាំង។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ី វៀតណាម រួមទាំងមីយ៉ាន់ម៉ា ឬភូមាផង បានងាកចេញពីចិន ដោយប្រទេសទាំងនេះ មិនពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងទំនាក់ការទូតពឹងលើចិនទាំងស្រុងឡើយ។ លោកបញ្ជាក់ថា មានតែកម្ពុជាទេ ដែលកំពុងតែងាកចេញពីសហភាពអឺរ៉ុប និងអាមេរិកទៅចាប់យកចិន ដែលបញ្ហានេះ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងថែមទៀត បើសិនជារបបលោក ហ៊ុន សែន រឹតចំណងការទូតមិនស្មើភាព វាងចិន និងប្រទេសលោកសេរីនោះ ព្រោះថា កម្ពុជាពឹងផ្អែកទីផ្សារខ្លាំងនៅសហភាពអឺរ៉ុប និងអាមេរិក មិនមែនចិននោះទេ។
ប្រទេសមីយ៉ាន់ម៉ា ឬភូមាកាលពីចុងឆ្នាំ២០១៥ បានសម្រេចនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ គឺរដ្ឋាភិបាលផ្ដាច់ការយោធាដែលកាន់អំណាចជាង ៥០ឆ្នាំមកហើយនោះ បានចុះចេញពីតំណែងក្រោយពីចាញ់ឆ្នោតបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ ការផ្លាស់ប្ដូររបបដឹកនាំនេះ មីយ៉ាន់ម៉ា បានចាប់ដើមងាកមកចាប់ដៃសហរដ្ឋអាមេរិកវិញ ក្រោយពីប្រទេសលោកសេរីបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំរួចមក។
ក្រៅពីនេះទៀត ចិនកំពុងមានជម្លោះរ៉ាំរ៉ៃជាមួយប្រទេស ៤ក្នុងតំបន់ លើបញ្ហាសមុទ្រចិនខាងត្បូង គឺប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងប្រទេសវៀតណាម។ ជម្លោះនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ចិនមែនជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់អាស៊ាន ដូចដែលលោកហ៊ុន សែន លើកឡើងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
