អ្នកវិភាគ​ថា ការ​ឃាត់​ខ្លួន​ឧកញ៉ា គិត ធាង ជា​រឿង​នយោបាយ​ ច្រើន​ជាង​រឿង​​ជួញ​ដូរ និង​​ប្រើប្រាស់​​គ្រឿង​ញៀន

ដោយ ទីន ហ្សាការីយ៉ា
2019-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខ អ្នកវិភាគនយោបាយ
លោក កឹម សុខ អ្នកវិភាគនយោបាយ
RFA

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ឧកញ៉ា គិត ធាង មិន​មែន​ជា​ហេតុផល​ជួញដូរ​គ្រឿង​ញៀន​តែ​មួយ​មុខ​នោះ​ទេ។ តាម​ពិត​ទៅ​ការ​ចាប់​ខ្លួន​បង​ប្រុស​លោក គិត ម៉េង នេះ ជា​ហេតុផល​នយោបាយ​ច្រើន​ជាង ពី​ព្រោះ​ថា ក្លឹប​កម្សាន្ត​ស្ទើរ​តែ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ទីតាំង​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន មិន​មែន​មាន​តែ​នៅ​មជ្ឈមណ្ឌល រ៉ុក តែ​មួយ​នេះ​ទេ។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​អគ្គស្នងការ​នគរបាល​ជាតិ ការ​ឃាត់​ខ្លួន​លោក គិត ធាង នេះ គឺ​ជាប់​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក។

អ្នកវិភាគ​នយោបាយ​លើក​ឡើ​ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ឧកញ៉ា គិត ធាង នេះ គឺ​ជា​ការ​ព្រមាន​លោក គិត ម៉េង ដែល​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​ប្រឆាំង ហើយ​ដឹង​រឿង​ផ្ទៃក្នុង និង​ការ​បែក​បាក់​ផ្ទៃក្នុង​គណបក្ស ប្រជាជន​កម្ពុជា ច្រើន នៅ​ក្នុង​ស្ថានភាព​នយោបាយ ដែល​គណបក្ស​កាន់​អំណាច​កំពុង​ប្រឈម​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​នេះ។

លោក គឹម សុខ មានប្រសាសន៍ថា ព័ត៌មាន​ផ្ទៃ​ក្នុង ដែល​លោក​ទទួល​បាន គឺ​បក្ស ប្រជាជន​កម្ពុជា​កំពុង​បែក​បាក់​ផ្ទៃក្នុង​ធ្ងន់ធ្ងរ ហើយ​លោក គិត ម៉េង គឺ​ជា​មនុស្ស​ម្នាក់ ដែល​ដឹង​រឿង​ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច​ច្រើន។ ម្យ៉ាង​ទៀត លោក គិត ម៉េង ធ្លាប់​បាន​ដាក់​លិខិត​ឲ្យ​សហគមន៍​អឺរ៉ុប​ពិចារណា និង​កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញ​ពី​កម្ពុជា ដែល​ផ្ទុយ​ពី​អ្វី ដែល​លោក ហ៊ុន សែន មិន​ខ្វល់ ឬ​មិន​ឱន​ក្បាល​ដាក់​អឺរ៉ុប​ជា​ដើម។

លើសពីនេះទៀត លោក គឹម សុខ អះអាងថា ការចាប់ខ្លួនបងប្រុសបង្កើតលោក គិត ម៉េងនេះ ដើម្បី​ជា​សារ​ព្រមាន​មិន​ឲ្យ​លោក គិត ម៉េង បញ្ចេញ​ព័ត៌មាន​ពី​ភាព​ខ្សោយ​របស់​គណបក្ស ប្រជាជន​កម្ពុជា ទៅ​ខាង​ក្រៅ និង​ផ្ដល់​ព័ត៌មាន​ឲ្យ​បក្ស​ប្រឆាំង ពី​ព្រោះ​លោក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​ប្រឆាំង និង​ធ្លាប់​សម្របសម្រួល​នយោបាយ​រវាង​បក្ស​ប្រឆាំង និង​លោក ហ៊ុន សែន៖ «»

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​យប់​ថ្ងៃ​ទី១១ មីនា គឺ​ក្រោយ​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​ឧកញ៉ា គិត ធាង ភ្លាមៗ ថា ការ​ឃាត់​ខ្លួន​ឧកញ៉ា គិត ធាង នេះ គឺ​ជាប់​ព័ន្ធ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ប្រើប្រាស់​គ្រឿង​ញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក។

នាយ​ឧត្ដមសេនីយ៍ នេត សាវឿន អះអាង​ថា ការ​នាំ​ខ្លួន​នេះ គឺ​តាម​ដីកា​របស់​តុលាការ ហើយ​សមត្ថកិច្ច​ក៏​សហការ និង​ព្រះរាជអាជ្ញា​ក្នុង​ការ​នាំ​ខ្លួន​ឧកញ៉ា គិត ធាង មក​សួរ​នាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៖ «»

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន ឧកញ៉ា គិត ធាង នៅ​ផ្ទះ​របស់​លោក ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កក់ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រមាណ ៦លា្ងច ថ្ងៃ​ទី១១ មីនា។ ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ និង​តុលាការ ស្វែង​រក​មេ​ក្លោង​គ្រឿងញៀន នៅ​​ក្លឹប​កម្សាន្ត រ៉ក់ និង​អ្នក​ពាក់ព័ន្ធ និង​បើក​សវនាការ​ជម្រះ​ក្ដី ឲ្យ​បាន​ម៉ឺង​ម៉ាត់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក គឹម សុខ បញ្ជាក់​ថា បើ​សិន​ជា​របប​លោក ហ៊ុន សែន ចង់​បោស​សំអាត​គ្រឿង​ញៀន​មែន​នោះ គឺ​សមត្ថកិច្ច​ប្រាកដ​ជា​បោស​សំអាត​ជា​ទូទៅ​បាត់​ទៅ​ហើយ ពី​ព្រោះ​ថា ក្លឹប​កម្សាន្ត​ស្ទើរ​តែ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ​បាន​ជួញ​ដូរ​គ្រឿង​ញៀន និង​ប្រើប្រាស់​គ្រឿង​ញៀន។

ទាក់ទង​នឹង​ជម្លោះ​ផ្ទៃក្នុង​ទូរទស្សន៍ ស៊ីអិនស៊ី CNC វិញ លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​លោក គិត ម៉េង ដក​អតីត​អគ្គនាយក​ទូរទស្សន៍​ស៊ីអិនស៊ី លោក អ៊ុក វរា ដែល​ជា​ក្មួយ​របស់​អ្នកស្រី​ឧប​នាយករដ្ឋមន្ត្រី ម៉ែន សំអន។ លោក ហ៊ុន សែន អះអាង​ថា បើ​សិន​ជា​លោក គិត ម៉េង មិន​ព្រម​ធ្វើ​តាម​លោក​ទេ​ គឺ​មុខ​ជំនួញ​របស់​លោក គិត ម៉ែង នឹង​មាន​បញ្ហា ព្រោះ​រាល់​មុខ​ជំនួញ​របស់​លោក គិត ម៉េង នៅ​លើ​កណ្ដាប់​ដៃ​របស់​លោក។

លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់ ធ្លាប់​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ ចំនួន ៣ដង​រួច​មក​ហើយ​ ដើម្បី​​ឈប់​ផ្ដល់ ទីតាំង​ក្លឹប​កម្សាន្ត​នេះ​ សម្រាប់​ប្រមូលផ្ដុំ​ សេព​គ្រឿងញៀន និង​ជួញ​ដូរ​គ្រឿង​ញៀន។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ករណី​បាញ់​បោះ ច្រើន​លើក ច្រើន​សារ និង​ ករណី​បែក​ធ្លាយ​វីដេអូ អាសអាភាស​ជា​ច្រើន​ឃ្លីប​ ចេញ​ពី​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ កន្លង​មក​នោះ​ទេ។ វីដេអូ​ខ្លះ មាន​ឃើញ យុវជន​ស្លៀក​សំលៀក​បំពាក់​សិស្ស​សាលា​​ទៀត​ផង។

សំណុំ​រឿង​គ្រឿង​ញៀន នៅ​មជ្ឈមណ្ឌល​​កម្សាន្ត​រ៉ក់ កាល​ពី​ដើម​ខែ​មីនា សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​មនុស្ស​ប្រុស​ស្រី ចំនួន​១៧​នាក់ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ​ថា​ ​ជួញ​ដូរ​​គ្រឿង​ញៀន។ ជន​សង្ស័យ​ទាំង ១៧នាក់​​នោះ ជា​មនុស្ស​ដែល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ កាល​ពី​យប់​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ កុម្ភៈ និង​មនុស្ស​ប្រមាណ ៣០០ផ្សេង​ទៀត។

ក្រោយ​ពី​ការ​បិទ​ក្លឹប​កម្សាន្ត រ៉ុក នេះ ក៏​លេច​ព័ត៌មាន​ចចាមអារ៉ាម​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧកញ៉ា គិត ម៉េង ដែរ ប៉ុន្តែ លោក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី២៧ ធ្នូ​ថា ការ​ស៊ើប​អង្កេត​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច គឺ​ពុំ​រក​ឃើញ​ភស្តុតាង​ណា​មួយ បញ្ជាក់​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ទេ។

លោក នេត សាវឿន បញ្ជាក់​ថា លោក មិន​អាច​ប្រាប់​ថា ការ​ឃាត់​ខ្លួន លោក គិត ធាង សង្ស័យ​ពី​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​ថា នឹង​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ណា​ផ្សេង​ទៀត ឬ​យ៉ាង​ណា​នោះ លោក​មិន​អាច​ប្រាប់​បាន​ទេ ព្រោះ​នៅ​ក្នុង​នីតិវិធី​ស៊ើបសួរ​នៅ​ឡើយ។ សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា លោក គិត ធាង សមត្ថកិច្ច អាចនឹងបញ្ជួនទៅតុលាការនៅថ្ងៃទី១២មីនា ដើម្បី​ឲ្យ​ចៅក្រម​បន្ត​នីតិវិធី​ស៊ើបសួរ​បន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល