អ្នកវិភាគអះអាងថា ការដែលរបបក្រុងភ្នំពេញពឹងផ្អែកខ្លាំងពេកលើជំនួយយោធារបស់ចិន នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ទំនាក់ទំនងជាមួយក្រុមប្រទេសលោកខាងលិច ដែលកំពុងមានភាពល្អក់កករស្រាប់។ កាលពីពេលថ្មីៗ នេះ ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានស្នើសុំភាគីចិនឱ្យផ្តល់ជំនួយបច្ចេកទេស និងធនធានមនុស្សបន្ថែមទៀតដល់កម្ពុជា។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយថា ការពឹងពាក់លើជំនួយយោធាពីប្រទេសចិនខ្លាំងពេក មិនមែនជាបច្ច័យល្អសម្រាប់កម្ពុជាឡើយ។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា កម្ពុជាត្រូវការជាចាំបាច់នូវជំនួយបរទេស ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ក៏ប៉ុន្តែជំនួយទាំងនោះត្រូវតែមានតុល្យភាពគ្នារវាងជំនួយប្រទេសចិន អាមេរិក និងក្រុមប្រទេសលោកខាងលិចដទៃទៀត។ ទន្ទឹមនឹងនេះ លោកថា កម្ពុជាក៏ត្រូវប្រុងប្រយ័ត្ន ចំពោះការគ្រប់គ្រងព័ត៌មានសន្តិសុខជាតិដែរ នៅពេលស្នើសុំអ្នកជំនាញការបរទេសមកពង្រឹងសមត្ថភាពយោធារបស់ខ្លួន៖ «កាលណាយើងទទួលជំនួយ យើងទទួលយកមន្ត្រីជំនាញមកចូលក្នុងបណ្តាញប្រព័ន្ធសន្តិសុខជាតិយើង។ ឧទាហរណ៍បង្រៀន soft skill ( ជំនាញបន្ថែម ) ពាក់ព័ន្ធនឹងចំណេះដឹងខាងធនធានបញ្ញានេះ វាពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាអ៊ិនធើណិត អេឡិចត្រូនិកហ្នឹង អ៊ីចឹងប្រព័ន្ធហ្នឹងឯងវាត្រូវការសន្តិសុខការពាររឹងមាំ អ៊ីចឹងទាល់តែកម្ពុជាលើកស្ទួយ ឬក៏ពង្រឹង។ កម្ពុជាធនធានខាងហ្នឹងនៅមានកម្រិតដែរ នៅត្រូវការកិច្ចសហការ ឬការជួយជ្រោមជ្រែងពីបណ្តាមិត្តទាំងអស់នៅលើសាកលលោកហ្នឹងដែរ មិនគិតតែចិនទេ ដើម្បីជួយទប់ស្កាត់ ឬក៏ការរក្សានូវសន្តិសុខជាតិផ្ទៃក្នុងរបស់ខ្លួនផ្ទាល់ ដើម្បីកុំឱ្យវាបែកខ្ចាយ ឬបែកខ្ញែក»។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ បានជួបជាមួយនាយករងសាលាបណ្ឌិតសភាកាំភ្លើងធំ និងការពារអាកាសនៃកងទ័ពរំដោះប្រជាជនចិន លោក ស៊ូ វិនហួ (Xu Wenhua)។ លោក ឥត សារ៉ាត់ បានស្នើសុំភាគីចិនឱ្យផ្តល់ជំនួយបន្ថែមទៀត ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធ បំពាក់គ្រឿងបរិក្ខារទ័ព ពង្រឹងសមត្ថភាព និងចំណេះដឹងខាងភាសាចិនដល់យោធាកម្ពុជា ពីព្រោះភាគីកម្ពុជានៅជួបប្រទះការខ្វះខាតនៅឡើយ។
ចំណែកមន្ត្រីយោធាចិនវិញ បានឆ្លើយតបថា កងទ័ពចិនយកចិត្តទុកដាក់ជាខ្លាំងចំពោះការជួយជ្រោមជ្រែងកម្ពុជា ហើយគ្រោងពង្រីកឱ្យកាន់តែទូលំទូលាយទៀត ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលនាយទាហានជំនាន់ក្រោយរបស់កម្ពុជា។ ភាគីចិនបន្ថែមទៀតថា កងទ័ពរំដោះប្រជាជនចិននឹងសហការជាមួយស្ថាប័នយោធាកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង និងកំណត់ទិសដៅគម្រោងជំនួយទៅថ្ងៃមុខ។ ជាពិសេស ក្រុមជំនាញការយោធាចិននឹងចុះសិក្សាតាមបណ្តាប្រភេទទ័ពរបស់កម្ពុជា ស្វែងយល់ពីចំណុចខ្វះខាត ដើម្បីងាយស្រួលក្នុងការជួយបំពេញចន្លោះប្រហោងទាំងនោះ។ នេះបើយោងតាមទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់នាយកសេនាធិកាចម្រុះនៃកងយោធពលខេមរភូមិន្ទ និងការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកស្និទ្ធិនឹងរបបក្រុងភ្នំពេញ កាលពីពេលថ្មីៗ នេះ។
សំណើសុំជំនួយពីកងទ័ពចិននេះ គឺនៅបន្ទាប់ពីមានព័ត៌មានថា ក្រសួងការពារជាតិកម្ពុជា បានបដិសេធជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ។ មន្ត្រីជាន់ខ្ពស់ផ្នែកយោធារបស់អាមេរិកសម្តែងមន្ទិលយ៉ាងខ្លាំងអំពីបញ្ហានេះ និងទាមទារឱ្យរបបក្រុងភ្នំពេញបកស្រាយឱ្យបានច្បាស់លាស់ ពីព្រោះអាមេរិកបារម្ភថា កម្ពុជាមានផែនការអនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅទីតាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ មន្រ្តីរដ្ឋាភិបាលប្រកែកថា កម្ពុជាមិនដែលបដិសេធជំនួយយោធាអាមេរិក ក្នុងការជួយជួសជុលមូលដ្ឋានកងទ័ពជើងទឹករាមនេះទេ។
លោក ឯម សុវណ្ណរ៉ា ថ្លែងថា អាមេរិកបានដាក់ចេញនូវយុទ្ធសាស្ត្រ "ឥណ្ឌូ-ប៉ាស៊ីហ្វិក" ដើម្បីទប់ទល់នឹងគម្រោង "គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ" របស់ចិន។ លោកពន្យល់ថា អាស៊ានស្ថិតនៅចំកណ្តាលនៃយុទ្ធសាស្ត្រ "ឥណ្ឌូ-ប៉ាស៊ីហ្វិក" របស់អាមេរិក ហើយកម្ពុជាស្ថិតនៅចំចំណុចកណ្តាលនៃតំបន់អាស៊ាន ដូច្នេះមានន័យថា កម្ពុជាស្ថិតនៅចំចំណុចកណ្តាលនៃយុទ្ធសាស្ត្រនេះ។ លោកអះអាងទៀតថា ដោយសារកម្ពុជាមានទំនោរខ្លាំងទៅរកប្រទេសចិន ទើបអាមេរិកមិនអាចនៅស្ងៀមបាន ជាពិសេសឱ្យតែមានបញ្ហាទាក់ទងនឹងវិស័យយោធា។ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាសម្រួលទំនាក់ទំនងលើវិស័យយោធាជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចឡើងវិញ ដើម្បីបញ្ចៀសនូវវិបត្តិទាំងឡាយនៅពេលខាងមុខ៖ «កសាងទំនាក់ទំនង ឬក៏សហការរៀបចំសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ឆ្មាំអង្គរ ឬជាមួយអូស្ត្រាលី គោព្រៃ ឡើងវិញទៅ ខ្ញុំគិតថា ការកសាងហ្នឹង វាអាចប៉ះប៉ូវ វាអាចជួសជុល។ កុំឱ្យតែកម្ពុជាយើងលែងទទួលពីលោកខាងលិចរហូត ហើយយើងទទួលតែលោកខាងកើត អាហ្នឹងទើបកម្ពុជាមានការលំបាក»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានបែរខ្នងដាក់បស្ចឹមប្រទេសកាន់តែខ្លាំង នៅលើវិស័យយោធា ក្រោយរបបនេះទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាច្រើនសន្ធឹកសន្ធាប់ពីរបបក្រុងប៉េកាំង។ កាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងទៅ ចិនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក សម្រាប់វិស័យយោធាដល់របបក្រុងភ្នំពេញ ហើយភាគីទាំងពីរបានធ្វើសមយុទ្ធយោធានាគមាសទ្រង់ទ្រាយធំ នៅឆ្នាំ២០១៩ នេះ។
ផ្ទុយទៅវិញរបបនេះ លែងនឹកនាដល់ការធ្វើសមយុទ្ធយោធា “ឆ្មាំអង្គរ” ជាមួយអាមេរិក និង “ដនគោព្រៃ” (Dawn Kouprey) ជាមួយអូស្ត្រាលីតទៅទៀតហើយ បន្ទាប់ពីបានប្រកាសផ្អាក កាលពីឆ្នាំ២០១៧ កន្លងទៅនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
