ក្រុមអ្នកវិភាគលើកឡើងថា កម្ពុជាគួររឹតចំណងទំនាក់ទំនងនយោបាយ ការទូតជាមួយបណ្ដាប្រទេសដទៃទៀតដែលជាសមាជិកអាស៊ានឱ្យកាន់តែជិតស្និទ្ធ ដោយមិនត្រូវផ្ដោតតែទៅលើសម្ព័ន្ធភាពជាមួយប្រទេសជិតស្និទ្ធនឹងខ្លួនឡើយ។ ពួកគាត់ថា ការធ្វើបែបនេះជាការបង្ហាញពីតម្លាភាពនៃទំនាក់ទំនងក្នុងរង្វង់អាស៊ាន និងដើម្បីទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ចមកឱ្យកម្ពុជាកាន់តែច្រើន។
អ្នកវិភាគនយោបាយ និងអ្នកតាមដានសង្គម មើលឃើញថាកម្ពុជាកំពុងពង្រឹងទំនាក់ទំនងតែជាមួយប្រទេសជិតស្និទ្ធនឹងខ្លួន ដូចជា ចិន និងវៀតណាម ដោយមិនសូវខ្វល់ខ្វាយពីការបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃទៀតដែលជាសមាជិកអាស៊ានឡើយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែវិច្ឆិកាថា ទោះបីកិច្ចប្រជុំប៉ុន្មានថ្ងៃមកនេះសម្រេចបានលទ្ធផលច្រើនក្ដី ប៉ុន្តែជំនួបទ្វេភាគីរវាងកម្ពុជាជាមួយចិន និងវៀតណាម នៅមុនកិច្ចប្រជុំអាចធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យ និងអព្យាក្រឹត្យភាពរបស់កម្ពុជា ដោយបង្ហាញថាប្រទេសទាំងពីរនេះហាក់មានឥទ្ធិពលមកលើកម្ពុជា។ លោកបន្តថា ភាគីប្រទេសចិន និងវៀតណាម ដូចជាចង់បង្ហាញទៅកាន់ប្រទេសអាមេរិក និងកិច្ចប្រជុំទាំងមូលឱ្យដឹងថាប្រទេសខ្លួនមានភាពស្និទ្ធស្នាលជាមួយប្រធានអាស៊ានប្ដូរវេន តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀង និងការពង្រឹងកិច្ចសហប្រតិបត្តិការនានា។ លោកបន្ថែមថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្ដូរវេន និងជាមេដឹកនាំប្រទេសគួរឆ្លៀតយកឱកាសនេះផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃទៀតដើម្បីប្រយោជន៍ការទូត នយោបាយ និងសេដ្ឋកិច្ច៖
«ដូច្នេះនៅក្នុងពេលខាងមុខ ឆ្នាំខាងមុខៗជំហរសំខាន់របស់កម្ពុជាហ្នឹងគឺធ្វើម៉េចទាញខ្លួនឯងឱ្យមកនៅជាកណ្ដាលមួយដែលអាចឱ្យយើងមានតុល្យភាពនៃការទាក់ទងគ្នាជាការទូតរវាងអាមេរិក និងចិន ឱ្យបានស្មើគ្នា ព្រោះយើងដឹងហើយថាសេដ្ឋកិច្ចចិន កម្ពុជា ហើយនិងអាមេរិកនេះវាមិនអាចកាត់ផ្ដាច់គ្នាបានទេ»។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាជាប្រធានប្ដូរវេន ធ្វើជាម្ចាស់ផ្ទះ មានបណ្ដាប្រទេសជាសមាជិក និងមេដឹកនាំប្រទេសពាក់ព័ន្ធបានមកចូលរួមបានចូលរួមប្រជុំនៅរាជធានីភ្នំពេញ។
ក្នុងនោះ ប្រមុខមេដឹកនាំរដ្ឋាភិបាលកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយប្រទេសសមាជិកមួយចំនួន ដូចជា ចិន (China) វៀតណាម (Vietnam) ថៃ (Thai) ឡាវ (Lao) និងគូជម្លោះអឺរ៉ុបខាងកើតដូចជា អ៊ុយក្រែន (Ukraine) ជាដើម។ ប៉ុន្តែជំនួបទ្វេភាគី ដែលកម្ពុជាផ្ដោតសារៈសំខាន់ជាងគេ គឺសមមិត្តដែកថែបចិន និងមហាមិត្តម៉ឺនឆ្នាំវៀតណាម ដែលបានបើកកិច្ចចរចាមុនកិច្ចប្រជុំកំពូលអាស៊ានទៅទៀត។
ក្នុងជំនួបទ្វេភាគី កម្ពុជា-វៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី៨ ខែវិច្ឆិកា មុនកិច្ចប្រជុំកំពូលអាស៊ាន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ចំណុច ដូចជា អនុស្សរណៈយោគយល់សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកសិកម្ម កិច្ចសហប្រតិបត្តិការវិទ្យុ ទូរទស្សន៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា។
ចំណែកឯកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang)កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ ដូចជា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ អនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ វិស័យពាណិជ្ជកម្ម និងកសិកម្ម និងអនុស្សារណៈយោគយល់ ស្ដីពីកការបញ្ចូលកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជាជាដើម។
ប៉ុន្តែជំនួបទាំងនេះនេះត្រូវបានអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយយល់ថា ចិនទំនងជាព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំកម្ពុជារឿងសមុទ្រចិនខាងត្បូងតែប៉ុណ្ណោះ ខណៈវៀតណាមចង់បង្ហាញទៅកាន់អាស៊ានទាំងមូលថាខ្លួនមានឥទ្ធិពលមកលើកម្ពុជាទោះបីកម្ពុជាកំពុងមានតំណែងជាប្រធានអាស៊ានប្ដូរវេនក្ដី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន ដើម្បីសុំអត្ថាធិប្បាយជុំវិញដំណើរការនៃការប្រជុំកំពូលអាស៊ានបានទេ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយលោក គឹម សុខ យល់ឃើញថាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលធ្វើឡើងនៅលើទឹកដីកម្ពុជាបានផ្ដល់ប្រយោជន៍ច្រើនណាស់ដល់ប្រទេសមួយនេះ។ លោកបន្តថា តាមរយៈកិច្ចប្រជុំនេះ នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើននិងបង្កើតលទ្ធភាពឱ្យអ្នកជំនាញឯកទេស បច្ចេកវិទ្យា វិស័យអប់រំនានាហូរចូលមកកាន់តែច្រើន៖
«ដើម្បីឱ្យកម្ពុជាទាញបានផលប្រយោជន៍ធំពីអាស៊ាន និងដៃគូអាស៊ានក្នុងពេលបច្ចុប្បន្ន លុះត្រាតែទីមួយក្រុមលោក ហ៊ុន សែន ស្ដារលិទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញឱ្យស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ និងស្របទៅតាមគោលការណ៍ដើមរបស់អាស៊ាន ដែលបង្កើតឡើងដើម្បីពង្រីកសក្តានុពលប្រជាធិបតេយ្យ និងស្របស្ថានការពិភពលោកបច្ចុប្បន្ននៃបច្ចិបប្រទេស។ ហើយទីពីរក្រុមលោកហ៊ុន សែន ត្រូវលាងខ្លួនឱ្យជ្រះពីការជ្រៀតចូលនៃមហាអំណាចខាងក្រៅ ជាពិសេសការសង្ស័យពីលទ្ធភាពនៃមូលដ្ឋានកងទ័ពចិននៅលើទឹកដីកម្ពុជាជាដើម»។
កិច្ចប្រជុំអាស៊ាន នៅរាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី៨ ដល់ ថ្ងៃទី១២ វិច្ឆិកា កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនសម្រេចបានលទ្ធផល រួមមានការសម្រេចបញ្ចូលប្រទេសទីម័រខាងកើតជាសមាជិកអាស៊ានទី១១ និងការ ទទួលប្រទេសអ៊ុយក្រែន (Ukraine) ជាសមាជិកទី៥០នៃមិត្តភាពនិងសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ (TAC) និងការផលិតនាឡិកា ម៉ាកអាស៊ានចំនួន២៥គ្រឿង ដើម្បីចែកជូនដល់ប្រមុខមេដឹកនាំតាបណ្ដាប្រទេសដែលមកប្រជុំ។
ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍សង្គម មើលឃើញថា កម្ពុជាក្នុងតួនាទីជាប្រធានប្ដូរវេននៅមានចន្លោះប្រហោងមួយចំនួនដូចជា ការស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ទប់ស្កាត់ការជួញដូរមនុស្សឆ្លងដែន បញ្ហាផលិតជួញដូរគ្រឿងញៀន និងការស្ដារបរិស្ថានបៃតង។ ទន្ទឹមគ្នានេះ នៅមានបញ្ហាខ្លះទៀតដែលកម្ពុជាបន្សល់ទុកឱ្យមេដឹកនាំអាស៊ានអាណត្តិក្រោយ ដែលបញ្ហាទាំងនេះបណ្ដាលមកពីកម្ពុជាខ្វះភាព ករាជ និងអព្យាក្រឹតដើម្បីដោះស្រាយ ដូចជា បញ្ហាជម្លោះដែលសមុទ្រចិនខាងត្បូង វិបត្តិនៅភូមា ឬមីយ៉ាន់ម៉ា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។