អ្នកវិភាគ​​នយោបាយ​​ថា​ វត្តមាន​​លោក ហ៊ុន សែន ​ក្នុង​កិច្ចប្រជុំ​​កំពូល​​អាស៊ានជាការ​​កេង​ចំណេញ​​នយោបាយ​​ផ្ទាល់​ខ្លួន​

0:00 / 0:00

​អ្នក​វិភាគ​នយោបាយ​​លើក​ឡើង​ថា​ ពួកគេមិន​ភ្ញាក់​ផ្អើ​ល​ទេ​​ដែល​​រដ្ឋាភិបាល​​កម្ពុជា​បញ្ជាក់​​ជំហរ​​មិន​លូកដៃ​​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​​របស់​ភូមា​​ឬ​មីយ៉ាន់ម៉ា​​ (Myanmar)​ នេះ ​​ព្រោះ​​កម្ពុជា ​ក៏​កំពុង​ញាំញី​​ដោយ​​វិបត្តិ​ន​យោបាយ ​និង​ការ​​រំលោភសិ​ទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ​ដែរ។

លោក ហ៊ុន សែន ​បង្ហោះសារ​​នៅលើ​ទំព័រ​ហ្វេសប៊ុក​ ​(Facebook) ក្រោយ​បញ្ចប់​កិច្ចប្រជុំ​​កំពូល​អាស៊ាន​​នៅល្ងាច​ថ្ងៃទី២៤ ខែមេសា​ថា ​កម្ពុជា​​នៅ​តែ​​ប្រកាន់​ខ្ជាប់​គោល​​ការណ៍​​​មិន​​លូក​ដៃ​​ចូល​​កិច្ចការ​​ផ្ទៃក្នុង​​របស់​​ប្រទេស​ភូមា​​ឡើយ​ ប៉ុន្តែ​កម្ពុជា ​គាំទ្រ​​ជំហរ​រួមរ​បស់​​អាស៊ាន​​ដើម្បី​ជួយ​ដោះ​​ស្រាយ​​វិបត្តិ​​នយោបាយ​​នៅ​​ភូមា​។​

មេដឹកនាំ​​របប​ក្រុង​ភ្នំពេញ​​ដែល​រងការរិះគន់​​រឿង​​បង្ក្រា​ប​​គណបក្ស​ប្រឆាំង ​និង​អ្នក​​រិះគន់ ​ដើម្បី​រក្សា​​អំណាច​​រូ​ប​នេះ​​​ក៏​ផ្តល់​យោបល់​ឲ្យ​​​ពិចារណា​ប្រើ​យន្តការ​​អាស៊ាន​ត្រី​ភាគី ​​(ASEAN Troika) ​​ដើម្បី​ជួយ​សម្រប​សម្រួល​​ឲ្យភាគី​​ដែល​​កំពុង​ប្រឈម​​មុខ​ដាក់​​គ្នា​នៅ​ភូមា ​ងាកមក​ចរចា​គ្នា​​ដោយ​ស្ងាត់ៗ ​​​និង​សន្តិវិធី​វិញ​​ ដើម្បី​កុំឲ្យ​មាន​​ការ​បាត់បង់​​អាយុជីវិត​​ប្រជាជន​​ត​ទៅ​​ទៀត។

ជុំវិញ​រឿង​នេះ ​អ្នក​ជំនាញ​​ខាង​​វិទ្យាសាស្ត្រ​នយោបាយ​​លោក ឯម សុវណ្ណារ៉ា ​ថ្លែងថា ​វត្ត​មាន​​របស់​​លោក ​ហ៊ុន សែន​ ក្នុងកិច្ចប្រជុំនេះ ​​គឺចង់​​បង្ហាញ​​ពី​ភាព​​ស្រប​ច្បាប់​ ​និង​​នយោ​បាយ​ការ​​បរទេស​​របស់ខ្លួន​​នៅ​លើ​​ឆាក​អន្តរជាតិ ​ស្របពេល​​សហគមន៍​​អន្តរជាតិ ​ជាពិសេ​ស​សហគមន៍​អឺរ៉ុប​​បាន​រិះគន់ ​​និង​​មិន​ផ្តល់​​តម្លៃ​ដល់​​រដ្ឋាភិបាល​កម្ពុជា ​​ដែល​កើត​​ចេញ​​ពី​ការ​​បោះ​ឆ្នោត​​​ឆ្នាំ​​២០១៨។ ទន្ទឹមគ្នា​នេះ ​លោក​យល់ថា ​កិច្ចប្រជុំ​ស្តីពី​វិបត្តិ​នយោ​បា​​យ​​ភូមា​​ត្រឹម​កម្រិត​​អាស៊ាន​​នេះ ​មិន​អាច​​ទទួល​បាន​​លទ្ធផល​ផ្លែផ្កា​​អ្វី​​ឡើយ ​ព្រោះ​​មេ​ដឹកនាំនៃ​​រដ្ឋ​ជា​សមាជិក​អាស៊ាន​​មួយ​ចំនួន ​រួមទាំងកម្ពុជា​ផង​ ពុំសូវ​​មាន​តម្លៃ​​ខាង​ប្រជា​ធិប​តេយ្យ ​និង​​ការ​គោរព​​សិទ្ធមនុស្ស​​នោះ​ទេ៖ «ក្របខណ្ឌ​បណ្តា​ប្រទេស​ផ្សេង​ទៀត ដូចជា ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី លើកឡើងហ្នឹង​ក៏មិន​សម្រេច​កិច្ចការអី​បាន​ដែរ ដោយ​សារ​អាស៊ាន​​វា​​ត្រូវ​​ការ​​គោលការណ៍​​កុងសង់ស៊ីស​ ១០ សំឡេង ហើយបើបាត់​ ១ វាអត់មាន​ជា​សំឡេង​ទេ។ អាស៊ាន​វា​នៅជា​របាំង​គឺការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ប៉ុន្តែ​នៅ​​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ទាំង​ ៥០មាត្រា ក៏មាន​ចំណុច​មួយ​និយាយ​ពីកា​រ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅក្នុង​ក្របខណ្ឌ​តំបន់ដែរ។ ខ្ញុំគិត​ថា​​ វា​​មិន​សំខាន់​ទៅ​លើ​មិន​ជ្រៀតជ្រែក​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​ទេ គឺ​សំខាន់​លើ​បណ្តារដ្ឋ​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ហ្នឹង មាន​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ឯង​ ពាក់​ព័ន្ធ​នឹង​បញ្ហាសិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទៅ​ហើយ ដូច្នេះ​គេនឹង​មិន​ជ្រៀតជ្រែក​ច្រើន​ទេ»។

HunSen_at_Asean_meeting_24_04_2021_01.jpg
ក្រុមមេដឹកនាំអាស៊ានបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការដែលផ្តោតលើបញ្ហានៅក្នុងប្រទេសភូមា នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

កិច្ចប្រជុំកំពូល​អាស៊ាន​ក្រៅផ្លូវការ​នេះ​ ធ្វើឡើង​​នៅក្នុង​ទីក្រុង​​ហ្សាការតា ​(Jakarta) នៃ​​ប្រទេស​​ឥណ្ឌូណេស៊ី (Indonesia) ហើយ​មាន​រយៈពេល​តែមួយ​ថ្ងៃប៉ុណ្ណោះ​​គឺ​​នៅ​ថ្ងៃទី២៤ ​ខែមេសា។ កិច្ចប្រជុំនេះ ​ផ្តោត​សំខាន់​លើ​​វិបត្តិនយោបាយ​​បង្ហូរឈាម​​​នៅប្រទេស​ភូមា។ ក្នុង​ចំណោម​រដ្ឋ​ជា​​ស​មាជិក​​អា​ស៊ាន​​ទាំង ១០ នេះ ​មាន​​មេដឹក​នាំ​​ចំនួន​ ៧ ប្រទេស​ ​​ចូលរួមកិ​ច្ចប្រជុំនេះ ​ក្នុង​នោះ​​រួមមាន​​មេដឹកនាំ​​កម្ពុជា​លោក ហ៊ុន សែន ​និង​​មេដឹកនាំ​រដ្ឋ​ប្រហារ​​យោធា​ភូមា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ផងដែរ។ កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ មេ​ដឹក​នាំ​​យោធា​​ភូមា គឺបាន​​ដឹក​នាំ​​កង​កម្លាំង​​ប្រដាប់​​អាវុធ​​ធ្វើ​រដ្ឋ​ប្រហារ​​ដណ្ដើម​​អំណាច​​ពី​​គណបក្ស​​របស់​​អ្នក​​ស្រី ​អ៊ុង សានសូជី ដែល​បាន​​ឈ្នះ​ឆ្នោត​​ភ្លូ​ទឹក​​ភ្លូក​ដី​​នៅ​ភូមា កាល​ពី​​ចុង​​ឆ្នាំ​២០២០។ មេ​ដឹក​នាំ​​ស៊ីវិល​​ជាប់ឆ្នោត​​ជា​​ច្រើន​​រូប រួម​ទាំង​​អ្នក​ស្រី អ៊ុង សានសូជី ​(Aun San SuuKyi) ផង ត្រូវ​​បាន​​ចាប់​​ឃុំ​ខ្លួន​មក​ទល់​សព្វ​ថ្ងៃ​នេះ។

ពាក់ព័ន្ធរឿង​នេះដែ​រ​ អ្នកវិភាគ​នយោបាយ​​លោក គឹម សុខ ​មាន​ប្រសាសន៍ថា​ ​មូលហេតុសំខាន់​​ដែល​​លោក ហ៊ុន សែន​ ចាក​ចេញ​ពី​​កម្ពុជាដែល​កំពុង​មាន​វិបត្តិជំងឺកូវីដ​​ធ្ងន់ធ្ងរ ហើយ​ទៅ​​ចូលរួម​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​នេះ​​ព្រោះ​​លោក ហ៊ុន សែន​ គ្រាន់​តែ​ចង់បាន​មុខ​មាត់​ ឬ​ប្រ​យោជ​ន៍​​នយោបាយ​​ផ្ទាល់​ខ្លួន។ លោក​យល់​ថា​ ​សារ​របស់​លោក ហ៊ុន សែន នេះ ​មិន​បាន​ផ្តល់​ជា​​ដំណោះ​ស្រាយ​​បញ្ហា​​នៅ​ភូមា​ឡើយ៖ «លោក ហ៊ុន សែន អាចជា​កូនក្រករបស់​ចិន​ក្នុងការ​ដើរតួនាទី​ចូលរួម​កិច្ច​ប្រជុំ​នោះ ប៉ុន្តែមិន​មែន​រក​ដំណោះ​ស្រាយ​ទេ តែផ្តល់​យោបល់រា​រាំង​ដំណើការ​មួយ​ចំនួន​ដែល​ប្រទេស​មាន​សក្តានុពល​ក្នុង​អាស៊ាន​ហ្នឹង​ចង់​សង្កត់​ពួក​យោធា​ភូមា ​ព្រោះ​ការ​បារម្ភរបស់​ចិន គឺ​ខ្លាច​ពួក​យោធា មីន អ៊ុងឡាំង បាត់បង់​អំណាច​ឆាប់​ពេក ដែល​ធ្វើ​ឲ្យចិន​បាត់បង់​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់។ លោក ហ៊ុន សែន ខ្លួនឯង​ក៏ខ្លាច​ពួក​យោធា​បាត់បង់អំណាច​ដែរ ព្រោះ​កាលណា​ពួក​យោធា​បាត់បង់​អំណាច​ស្មើនឹង​ការ​តស៊ូរ​បស់​ពលរដ្ឋភូមា​ជោគជ័យ ហើយ​វា​ស្មើនឹង​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋខ្មែរ​ក្នុងការ​តស៊ូរុញ​មេដឹកនាំផ្តាច់ការ​ចេញ​ពី​អំណាចដែរ»។

HunSen_at_Asean_meeting_24_04_2021_03.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២១។

អ្នកវិភាគ​​នយោបាយ​រូបនេះ​​បន្ថែម​ថា ​ប្រសិនបើ ​ហ៊ុន សែន​ ចង់​​ឲ្យភូមា​ចរចា​​ដោះ​ស្រាយ​វិបត្តិ​​នយោបាយ​​នោះ ​លោក ហ៊ុន សែន​ ខ្លួនឯង​​ក៏​ត្រូ​វ​ទទួល​យក​​យោបល់​​ពី​​សហគមន៍​​អន្តរជាតិ ​ដើម្បី​​ដោះ​ស្រាយ​​វិបត្តិ​នយោបាយ​​នៅ​កម្ពុជា​​សព្វ​ថ្ងៃនេះ​​ដែរ។​

ដោយ​ឡែក ក្រោយ​បញ្ចប់​កិច្ចប្រជុំកំពូល​អាស៊ាន​នេះលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មក​កម្ពុជា​វិញ ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៤​ ខែ​មសា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។