អ្នកឃ្លាំមើលយល់ថា គណបក្សភ្លើងទៀនហាក់បង្ហាញភាពលេចធ្លោក្នុងការទាក់ទាញអ្នកគាំទ្រនៅតាមមូលដ្ឋាន តាមរយៈការធ្វើសកម្មភាព និងលើស្លាកបក្សយ៉ាងផុសផុលនៅតាមភូមិ ឃុំ មួយចំនួន។ មេដឹកនាំបក្សភ្លើងទៀន ប្ដេជ្ញាខិតខំសកម្មភាពថែមទៀត ដើម្បីសំដៅទៅរកការបោះឆ្នោតនៅពេលខាងមុខ។
បន្ទាប់ពីបានលើកស្លាកនៅថ្នាក់ខេត្ត និងស្រុករួចហើយមក គណបក្សភ្លើងទៀន ហាក់បង្កើនសកម្មភាពសម្បើមណាស់ ដើម្បីលើកស្លាកបក្សនៅតាមឃុំ និងភូមិ។
អ្នកសិក្សាផ្នែកច្បាប់យុវជន ពុធ កុលកា យល់ថា ការបង្កើនសកម្មភាពនេះ នឹងធ្វើឲ្យគណបក្សភ្លើងទៀនអូសទាញសមាជិកតាមមូលដ្ឋាន និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងឲ្យចូលរួមជាមួយខ្លួនកាន់តែច្រើន។ លោកមានជំនឿថា ក្រោយពេលប្រមូលគ្នីគ្នាឡើងវិញរួច គណបក្សនេះ នឹងអាចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ដើម្បីធ្វើតេស្ដសមត្ថភាពរបស់ខ្លួន។
យុវជនរូបនេះយល់ថា វត្តមានរបស់គណបក្សភ្លើងទៀន មិនទាន់អាចធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញទេ ព្រោះវិបត្តិជាតិធំៗមួយចំនួនមិនទាន់ត្រូវបានដោះស្រាយ ដូចជា ករណីមេបក្សប្រឆាំងលោក កឹម សុខា មិនទាន់មានសេរីភាពពេញទីជាដើម។ តែយ៉ាងណា លោកយល់ថា វត្តមានគណបក្សភ្លើងទៀន នឹងអាចជួយឲ្យសកម្មជននយោបាយ មានសិទ្ធិធ្វើនយោបាយឡើងវិញ៖ « ប្រជាពលរដ្ឋមួយចំនួន គាត់នៅតែជឿជាក់ព្រោះគាត់ជឿលើអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។ ដូច្នេះការចងចាំនូវរូបសញ្ញា ប្រវត្តិសាស្ត្ររបស់គណបក្ស គឺជាអ្វីដែលប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សភ្លើងទៀនហ្នឹង»។
ចាប់តាំងពីធ្វើសមាជកាលពីចុងវិច្ឆិកា ឆ្នាំ២០២១មក គណបក្សភ្លើងទៀន បានធ្វើសកម្មភាពយ៉ាងផុលផុសទាំងការ ជួបជុំសមាជិក អ្នកគាំទ្រផ្ទាល់ និងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ តំណាងបក្សភ្លើងទៀន នៅតាមខេត្តនានា ដែលជាអតីតអ្នកជាប់ឃុំផ្នែកនយោបាយនៃគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពលើកស្លាក កៀរគរ និងប្រមូលអ្នកគាំទ្របក្សតាមស្រុក ឃុំ និងភូមិ ជាបន្តបន្ទាប់។ ខេត្តដែលកំពុងធ្វើសកម្មភាពលើកស្លាកបក្សនៅតាមភូមិ ឃុំ មានដូចជា នៅខេត្តកំពង់ធំ សៀមរាប កណ្ដាល តាកែវ ត្បូងឃ្មុំ កំពង់ចាម ជាដើម។
ប្រធានស្ដីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បញ្ជាក់ថា គណបក្សកំពុងខិតខំប្រមូលធនធានមនុស្សពីគ្រប់ទិសទី និងរៀបចំរចនាសម្ព័ន្ធបក្សឲ្យបានគ្រប់ ឃុំសង្កាត់ទាំងអស់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។ លោកឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២២នេះ លោកបានដឹកនាំសមាជិក លើកស្លាកបក្សបានជាងដប់ (១៣) ខេត្តហើយ ហើយកំពុងបន្តសកម្មភាពលើកស្លាកឲ្យគ្រប់ ២៥ រាជធានី-ខេត្ត៖ « អ៊ីចឹង ! យើងសង្ឃឹមថា ប្រសិនបើមានការចូលរួមការបោះឆ្នោត ក៏យើងនឹងមានក្រុមប្រឹក្សាយើងគ្រប់គ្រាន់ ហើយបើទោះបីជាមានរចនាសម្ព័ន្ធយើងនៅក្នុងឃុំសង្កាត់គ្រប់ឃុំសង្កាត់យើងនៅទូទាំងប្រទេសដែរ»។
ជុំវិញការវិវត្តន៍ និងសកម្មភាពផុសផុលរបស់គណបក្សភ្លើងទៀននេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី២ ខែមករា។ តែយ៉ាងណា លោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សភ្លើងទៀនមានសិទ្ធិធ្វើសកម្មភាពស្របច្បាប់ទាំងឡាយ ដូចគណបក្សផ្សេងទៀត ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។
គណបក្សភ្លើងទៀន មានឈ្មោះដើមមកពីគណបក្សជាតិខ្មែរ ដែលត្រូវបានបង្កើតដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ ក្រោយមករដ្ឋាភិបាលបានកែច្បាប់ចាប់បង្ខំឲ្យបក្សនេះប្ដូរឈ្មោះជាគណបក្ស សម រង្ស៊ី នៅឆ្នាំ១៩៩៨។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានវិសោធនកម្មច្បាប់នយោបាយម្ដងទៀត ដែលបង្ខំឲ្យគណបក្សនេះសម្រេចប្ដូរឈ្មោះទៅតាមរូបសញ្ញា គឺគណបក្សភ្លើងទៀនរហូតដល់សព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។