“​អ្នកនយោបាយ គួរ​ជួយ​ព្រះមហាក្សត្រ​ឲ្យ​បំពេញ​តាម​ព្រះ​រាជ​តួនាទី ជា​ជាង​ការ​រិះគន់​”

0:00 / 0:00

អ្នកវិភាគ ​លើក​ឡើង​ថា គម្រោង​ប្តឹង​មេបក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី រឿង​ប្រមាថ​ព្រះមហាក្សត្រ​នោះ ជា​រឿង​នយោបាយ ​ព្រោះ​មាន​ករណី​រំលោភ​ច្បាប់​បង្ក​ដោយ​មន្ត្រី​រដ្ឋាភិបាល​ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ដោះស្រាយ​តាមផ្លូវច្បាប់​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ នៅ​សប្ដាហ៍​នេះ​បាន​ចេញ​អធិបញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​ចាត់​វិធាន​ការ​ច្បាប់​តឹងរ៉ឹង​លើ​មេ​បក្ស​ប្រឆាំង​​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ថ្មី​ទៀត​។​ វីដេអូ ( អ្នកវិភាគថា គម្រោង​ប្តឹង​លោក ​សម​ រង្ស៊ី រឿង​ប្រមាថ​ព្រះមហាក្សត្រ​នោះ ជា​រឿង​នយោបាយ)

អ្នក​វិភាគ​នយោបាយ​បណ្ឌិត ​ឡៅ​ ម៉ុងហៃ ​លើក​ឡើង​ថា ​កន្លងមក ​លោក ​បាន​ជំទាស់​ជាសា​ធារ​ណ:​ទៅ​នឹង​ការ​បង្កើត​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ ​គឺ​បទ​ប្រមាថ​ព្រះមហា​ក្សត្រ​នេះ​ ហើយថែម​ទាំង​ទូលសុំ​ដល់ព្រះមហាក្សត្រ​កុំឡាយ​ព្រះហស្ថលេខា​ទទួលស្គាល់​ទៀតផង។ ​លោក ​បន្តថា ​ចំពោះ​ករណី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​លោក កើត រិទ្ធ ប្រើប្រាស់​អធិបញ្ជាឲ្យព្រះរាជអាជ្ញាបង្ក​សុំណុំរឿង​ប្រឆាំង​លោក សម​ រង្ស៊ី ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រនេះ ​គឺមិនខុស​នោះទេ​ ព្រោះ​មានច្បាប់​ ហើយ​រដ្ឋមន្ត្រី​បាន​ដឹង​អំពីបទល្មើសនេះ។ ទោះជាយ៉ាងណា ​លោក ​យល់ថា ​គំនិតផ្តួចផ្តើម​ចោទ​ប្រកាន់​លើលោក​ សម ​រង្ស៊ី ​​ក៏បាន​ធ្វើឲ្យសុំណុំរឿងនេះ​មានទិដ្ធភាព​នយោបាយដែរ ​ពីព្រោះ​អ្នកនយោបាយបក្សកាន់​អំណាច និង​រដ្ឋ​មន្ត្រីក្រ​សួង​យុត្តិធម៌ ​មិន​បាន​ប្រើ​ប្រាស់​អធិបញ្ជា​ឲ្យមាន​ភាពស៊ី​សង្វាក់គ្នា​ ឬប្រើ​ប្រាស់​អធិ​បញ្ជានេះ​គ្រប់​បទល្មើស​ព្រហ្មណ្ឌ​ដែលកើតឡើង​នោះទេ​ ដូចជា​​អំពើពុករលួយ​ក្នុងជួរ​មន្ត្រី​តុលាការ​​ ​ដែលរដ្ឋមន្ត្រី ​បានលើក​ឡើងជា​សាធារណ: ​និងបានធ្វើការ​ព្រមាន​ទៅទៀត។

រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌​ លោក ​កើត រិទ្ធ កាលពីថ្ងៃទី២៥ ធ្នូ បានស្នើ​ព្រះរាជអាជ្ញាអម​តុលាការ​ក្រុង​ភ្នំពេញ ​លោក ​ច្រឹង ខ្មៅ ឱ្យ​ចាត់វិធានការ​ផ្លូវ​ច្បាប់ជា​បន្ទាន់ និង​តឹងរ៉ឹង​បំផុតលើ​លោក សម រង្ស៊ី ពីបទ​ករណី​ប្រមាថព្រះមហាក្សត្រ​ ក្រោយពីមេបក្ស​ប្រឆាំងរូប​នេះ បង្ហោះសារថា ​លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ហើយ​គាត់​ត្រៀម​សង​លុយ​សប្បុរសជន​ ដែល​ចាញ់​បោកគាត់ មាន​ទាំង​ស្តេច​ទីងមោងផងដែរ

២៥ ធ្នូ ២០២០ / 25 December 2020 - Hun Sen accuses Sam Rainsy of the crime of "lèse-majesté" (1) ថ្ងៃនេះ តាមបញ្ជា ហ៊ុន...

Posted by Sam Rainsy on Friday, December 25, 2020

លោក កើត រិទ្ធ ចោទថា សារ​របស់​លោក សម រង្ស៊ី នេះ ជាការ​ប្រមាថ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់​​អង្គ​ព្រះ​មហាក្សត្រ ហើយជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ និង​ជា​បទល្មើសដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។

ក្រោយការ​ប្រកាស​ចាត់វិធានការនេះ ​ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ ​លោក ​សម ​រង្ស៊ី ​បង្ហោះ​សារ​បកស្រាយ ​កាលពី​ព្រលប់​ថ្ងៃទី២៥ ខែធ្នូថា​ លោកមាន​សិទ្ធិសម្តែងមតិរបស់​លោក ។ លោក ​បន្តថា ​លោក​ ហ៊ុន សែន ​យកព្រះមហាក្សត្រ ​ដើម្បីធ្វើជាខែល​ សម្រាប់​ការពារ​របបក្បត់ជាតិ​សព្វថ្ងៃ ហើយដើម្បី​ផ្តល់ភាព​ស្របច្បាប់​ឲ្យរបបនេះ​ ដែលប្រជារាស្ត្រខ្មែរ ​ស្អប់ខ្ពើម​ជាទីបំផុត។

ទាក់ទងករណីនេះ ​អាស៊ីសេរី ​មិនអាចសុំការ​ឆ្លើយតប​ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌​ លោក​ ជិន ម៉ាលីន ​និង​អ្នក​នាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ​លោក ​គុជ ​គីមឡុង​ បាន​ទេនៅថ្ងៃទី ២៦ធ្នូនេះ។

ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញតួអង្គព្រះមហាក្សត្រនេះ បណ្ឌិត​ ឡៅ​ ម៉ុងហៃ ​បញ្ចេញ​ទស្សនៈថា ​អ្នកនយោបាយ ​មិនត្រូវទិតៀន​ព្រះ​មហា​ក្សត្រ​ឡើយ​ ប៉ុន្តែ​ត្រូវទាមទារឲ្យ​រដ្ឋាភិបាល​និងស្ថាប័នជាតិឯទៀត ​ថ្វាយ​មធ្យោបាយ​ចាំបាច់​ដើម្បីឲ្យ​ព្រះអង្គ ​អាច​បំពេញ​ព្រះរាជ​បេសកកម្ម​ជូនជាតិ​ដូចមានចែង​ក្នុងរដ្ឋធម្មនុញ្ញ។ លោក​ ពន្យល់​ថា ​ការយក​មាត្រា៧​នៃរដ្ឋធម្មនុញ្ញ​ដែលថា ​‘’ព្រះមហាក្សត្រ ​គ្រង់រាជសម្បត្តិ ​តែទ្រង់មិនកាន់អំ​ណាច​ ‘’មក​សំអាង​ ហើយ​មិនគាំទ្រ​ និងសហការជាមួយព្រះអង្គ ​ដើម្បីឲ្យព្រះអង្គបំពេញ​ព្រះរាជសិទ្ធិ​ និង​តួនាទី​ដូច​ក្នុងរដ្ឋ​ធម្មនុញ្ញ​ គឺមិនត្រឹមត្រូវ​ឡើយ។

រីឯអ្នកសិក្សាផ្នែកច្បាប់ យុវជន​ វ៉ន ​ចាន់ឡូត​ យល់ឃើញថា ​ការនិយាយការពិត​ ទោះបីដឹងថាមាន​ទោសក៏ដោយ ​ដើម្បីឲ្យបុគ្គល​ម្នាក់​ទៀតភ្ញាក់ខ្លួន ​ឬឆ្លុះបញ្ចាំងពីខ្លួនឯង​ ​គឺជា​គុណតម្លៃមួយ។ ទន្ទឹមគ្នានេះ លោក​ យល់ថា ​ករណី​ក្រសួងយុត្តិធម៌ ​ចេញមុខ​ចាត់វិធានការលើ​​លោក​ សម​ រង្ស៊ី​ រឿងរិះគន់​ព្រះមហាក្សត្រនេះ ​គឺមិនមែន​ជារឿងថ្មី ​ហើយ​មិន​សមរម្យ​ឡើយ​ ព្រោះ​អាចមិនមែន​ជាព្រះរាជបំណង​របស់​ព្រះមហាក្សត្រ។

« អ្នកផ្សេងៗទៀត ដែលរិះគន់ព្រះមហាក្សត្រ ក៏ត្រូវបានតុលាការចោទប្រកាន់ដោយយកក្រមព្រហ្មទណ្ឌចោទប្រកាន់នេះ ដូច្នេះកន្លែងនេះ ខ្ញុំជាពលរដ្ឋ​មួយរូបក៏មិនសូវពេញចិត្តដែរចំពោះច្បាប់មួយហ្នឹង។ ការពិតការរិះគន់ចំពោះអង្គព្រះមហាក្សត្រក៏ដូចជាការរិះគន់បុគ្គលមួយដែរ ដូច្នេះគួរណាស់តែបុគ្គលដែលរងការរិះគន់ ហើយបើ​គាត់គិតថា ការរិះគន់នេះ មិនសមរម្យ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ គួរតែបុគ្គលហ្នឹង ជាអ្នកដែលប្តឹងទៅបុគ្គលដែលរិះគន់ខ្លួន ឬបរិហាកេរ្តិ៍ខ្លួន ព្រោះត្រឹមត្រូវជាង »

យុវជន​ វ៉ន ​ចាន់ឡូត​ ពិនិត្យឃើញថា ​សាររបស់​លោក ​សម រង្ស៊ី ​គឺមិនមែនជា​ការប្រមាថ​នោះទេ ព្រោះ​អត្ថន័យនោះ​ លោក ​ចង់សំ​ដៅទៅលើ​ភាព​អសកម្មរបស់ព្រះមហាក្ស​ ដោយសារ​វិបត្តិនយោបាយ​នៅកម្ពុជា ​បានកើតឡើង​ជាយូរណាស់​មកហើយ​ ប៉ុន្តែព្រះអង្គ​ មិនបាន​ចេញព្រះភ័ក្ត្រ ​ឬសូម្បីតែ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យមានការ​ផ្សះផ្សារ​នយោបាយ​រវាងខ្មែរ​និងខ្មែរ ​ ឡើយ។ ទោះជាយ៉ាង ​លោក ​មិនចង់ឃើញ​អ្នកនយោបាយខ្មែរ ​ជាពិសេស​គណ​បក្សសង្គ្រោះជាតិ ​ប្រើភាសា​រិះគន់​ដល់​អង្គព្រះមហាក្សត្រ ​នៅពេលនេះ​នោះទេ ​ព្រោះក្នុងពេល ដែល​គណបក្ស​ប្រឆាំង​ មានឱកាស​ធ្វើការក្នុងរដ្ឋសភា ក៏​មិនបាន​ជួយ​ទាមទារ​ឲ្យមានការ​កែប្រែ​ច្បាប់ ​ដើម្បីថ្វាយ​ព្រះរាជសិទ្ធិ ​និង​អំណាច​ពេញលេញ​ដល់ព្រះអង្គ​ឡើយ។

« នយោបាយស្រុកយើងមិនទៅមុខសោះសឹងតែថយតែក្រោយ ដូច្នេះអ្នកនយោបាយមិនគួរចេះតែសម្លឹងឃើញតែកំហុសអ្នកដទៃជាជាងកំហុសខ្លួនឯងនោះទេ ។យើងត្រូវសម្លឹងមើលកំហុសខ្លួនឯងឲ្យបានច្រើន ហើយកែតម្រូវនូវកំហុសដែលខ្លួនធ្វើហ្នឹងឲ្យវាដើរលើផ្លូវត្រូវវិញ ដូច្នេះអាចធ្វើឲ្យស្ថានការនៅកម្ពុជា មានភាពល្អប្រសើរ ។ប្រសិនបើ​យើងទាល់ច្រក ហើយទៅបន្ទោសតែអ្នកនេះ​ទៅអ្នកនោះ ព្រោះថា នរណាក៏គេមានទុក្ខដូចយើងចឹងដែរ »

មកទលទល់ពេលនេះ ​លោក សម រង្ស៊ី រងការចោទប្រកាន់ពីបទប្រមាថព្រះ​មហា​ក្សត្រជា​លើកទី៣​ហើយ។ ទោះជាយ៉ាងណា ​កន្លងមក​ មេដឹកនាំ​របប​ក្រុងភ្នំពេញ​ ក៏រង​ការ​ចោទ​ថា​ ប្រើ​ភាសា​ប្រមាថ​ព្រះមហាក្សត្រ​ដែរ​ ប៉ុន្តែ​ក្រសួង​យុត្តិធម៌ និងក្រសួង​ ព្រះបរមរាជវាំង​ក្តី​ មិនដែល​ហ៊ាន​ថ្កោលទោស​ ឬប្តឹង​លោក​ ហ៊ុន​ សែន​ ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​ ថែមទាំង​នាំគ្នា​ការពារ​លោក​ ហ៊ុន​ សែន​ ពី​ការរិះគន់​នានា​ទៀតផង​។

កាល​ពី​ឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាម​អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ​អំពីការ​​រំលាយចោល​របបរាជានិយម ហើយ​នៅ​ចុងឆ្នាំ២០១៨ លោក​បាន​និយាយថា ម៉ែឪស្តេច ក៏លោក​មិន​ខ្លាច​ដែរ