ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន ត្រូវ​ជន​មិន​ស្គាល់​មុខ ប៉ង​សម្លាប់​ដោយ​ជិះ​ម៉ូតូ​ដេញ​បុក

ដោយ សុជីវី
2022.04.12
ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន ត្រូវ​ជន​មិន​ស្គាល់​មុខ ប៉ង​សម្លាប់​ដោយ​ជិះ​ម៉ូតូ​ដេញ​បុក លោក ខឹម មុនីកុសល ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន ពេល​លើក​ស្លាក​គណបក្ស​នៅ​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តប៉ៃលិន

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន ត្រូវ​ជន​មិន​ស្គាល់​មុខ ប៉ង​សម្លាប់​ដោយ​ជិះ​ម៉ូតូ​ដេញ​បុក ក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ក្នុង​ខេត្ត​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ មេសា។

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ មេសា​ថា កាល​ពី​ព្រឹក​ម្សិលមិញ ខណៈ​លោក​កំពុង​ជិះ​ម៉ូតូ ធ្វើ​ដំណើរ​ទៅ​សាលា​សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃលិន តាម​ផ្លូវ​ជាតិ​លេខ ៥៧ ដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​បុរស​ម្នាក់​បាន​ព្យាយាម​ជិះ​ម៉ូតូ​កៀរ​ផ្តួល​ម៉ូតូ​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​លោក​ដឹង​ខ្លួន​មុខ ក៏​ចាប់​ហ្វ្រាំង​ជាប់ ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។

លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ចេតនា​ប៉ង​សម្លាប់​លោក ដើម្បី​គំរាម​កំហែង​ផ្នែក​នយោបាយ។ លោក​កំពុង​តាម​ដាន​រឿង​នេះ ដោយ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជន​សង្ស័យ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្នុង​មូលដ្ឋាន​រួច​ហើយ៖ «មិន​គួរ​ណា​ហ៊ាន​ធ្វើ​អ៊ីចឹង​ទេ ព្រោះ​ខ្ញុំ​ជា​អ្នក​នយោបាយ! ខ្ញុំ​ប្រកួត​ប្រជែង​រាល់​ថ្ងៃ ខ្ញុំ​បាន​គោរព​ច្បាប់​ណាស់ អ្វីៗ យើង​បាន​គោរព​ទៅ​តាម​ច្បាប់​ទម្លាប់ ហេតុ​អី​បាន​ប្រព្រឹត្ត​អំពើថោកទាប អមនុស្សធម៌​លើ​សមាជិក​គណបក្ស​ភ្លើង​ទៀន។ សូម​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ជួយ​វែក​មុខ​ជន​ដែល​នៅ​ពី​ក្រោយ»

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ស្នងការ​នគរបាល​ខេត្តប៉ៃលិន លោក សេង សុគន្ធ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ មេសា។

កាល​ពី​ពេល​ថ្មីៗ នេះ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តប៉ៃលិន បាន​ចេញ​ដីកា​កោះ​ហៅ ប្រធាន​គណបក្ស​ភ្លើង​ទៀន ខេត្តប៉ៃលិន​រូប​នេះ ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​ចោទ​ពី​បទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​សំណុំ​រឿង​មួយ​ទៀត គឺ​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។ សំណុំរឿង​នេះ អាជ្ញាធរ​ភូមិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ដើម​បណ្ដឹង និង សំណុំរឿង​មួយ​ទៀត តុលាការ​មិន​ទាន់​បង្ហាញ​ឈ្មោះ​ដើម​បណ្ដឹង​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០២១ អភិបាលខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ បាន​បណ្ដេញ​លោក ខឹម មុនីកុសល ចេញ​ពី​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ។

ការ​បណ្ដាញ​ចេញពី​ក្រប​ខណ្ឌ​បែប​នេះ ក្រោយ​ពី​គ្រូ​ពេទ្យ​រូប​នេះ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Faceebook) រិះគន់​មន្ត្រី​មួយ​ចំនួន ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ខេត្តប៉ៃលិន​ថា «ពុំ​បាន​ជួយ​ការងារ​គ្រូពេទ្យ​នោះ​ទេ បែរ​ជា​នាំគ្នា​អង្គុយ​លេង Facebook និង​ថត​រូប​បង្អួត​គេ​ឯង​ទៅ​វិញ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។