មន្ត្រី​បក្ស​ភ្លើងទៀន​ម្នាក់ទៀត​ត្រូវ​បាន​លោក ហេង សំរិន បណ្តេញ​ចេញពី​ក្របខណ្ឌ​​​រដ្ឋសភា

0:00 / 0:00

មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត​ត្រូវ​បាន​ប្រធានរដ្ឋសភា​លោក ហេង សំរិន បណ្តេញ​ចេញពី​ក្របខណ្ឌ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ភ្លាមៗ បន្ទាប់​រូបលោក​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព និង​ជៀសវាង​ការ​រើសអើង​និន្នាការ​នយោបាយ។

មន្ត្រី​គណបក្ស​ភ្លើងទៀន​ខកចិត្ត និង​ចាត់ទុក​ការ​លុបឈ្មោះ​របស់​លោក​ចេញពី​ក្របខណ្ឌ​ពី​សំណាក់​ស្ថាប័ន​រដ្ឋសភា​ឯក​បក្ស​ថា គឺជា​រឿង​នយោបាយ និង​អយុត្តិធម៌​បំផុត​សម្រាប់​មន្ត្រីរាជការ​ដែល​មាន​និន្នាការ​ផ្ទុយ។

អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អ៊ី មុយលី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ដាក់​លិខិត​ស្នើសុំ​ឈប់​ពិសេស​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឱ្យ​បក្ស​ភ្លើងទៀន​ស្របតាម​នីតិវិធី និង​បទបញ្ជា​របស់ គ​.​ជ​.​ប ដែល​បាន​កំណត់​។ ប៉ុន្តែ​លោក​ថា កាលពី​ថ្ងៃទី​០៥ ខែឧសភា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ច្បាប់​នៃ​រដ្ឋសភា​ឯក​បក្ស​ឈ្មោះ ជា គឹមហន បាន​ហៅ​លោក​ទៅ​សាកសួរ​និង​លួងលោម​ឱ្យ​លោក​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដោយ​សន្យា​ដំឡើង​តួនាទី និង​ព្រមាន​ដក​ក្របខណ្ឌ​ចោល ប៉ុន្តែ​លោក​នៅតែ​ប្រកាន់​ជំហរ​មិន​ចុះចូល​ដដែល​។ លោ​ក​ថា ក្រោយ​លោក​បដិសេធ​ជាច្រើន​ដង គឺ​ត្រឹមតែ​បី​ម៉ោង​ប្រធាន​រដ្ឋសភា​បាន​ចេញ​លិខិត​លុប​ឈ្មោះ​លោក​ចេញ​ក្របខណ្ឌ​ទាំង​បំពាន​ច្បាប់។

លោក អ៊ី មុយលី៖ «កន្លែង​ខ្ញុំ​ធ្វើការ​ជា​ស្ថាប័ន​កំពូល ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ចងក្រង​ច្បាប់ ធ្វើ​ច្បាប់ អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​បុគ្គល​ដែល​អនុវត្ត​ហាក់ដូចជា​ពុំ​មាន​សតិសម្បជញ្ញៈ ធ្វើតាម​កំហឹង​បុគ្គល​ដែល​អូសទាញ​ខ្ញុំ​អត់​បាន​ដូច​ចិត្ត​ខ្លួន ក៏​សម្រេច​លុបឈ្មោះ​របស់ខ្ញុំ​ចេញពី​ក្របខណ្ឌ​មន្ត្រី​រាជការ»។

YMuyLy.jpg
អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អ៊ី មុយលី។ រូប៖ ហ្វេសប៊ុក

លោក អ៊ី មុយលី អះអាង​ថា កន្លងមក​លោក​ពុំបាន​អនុវត្ត​ខុស​តួនាទី​អ្វី​នោះ​ឡើយ។ លោក​យល់​ថា មុន​បណ្តេញ​លោក​ចេញពី​ក្របខណ្ឌ​យ៉ាង​ដូច្នេះ យ៉ាងហោចណាស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​គួរ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក អ៊ី មុយលី៖ «វា​ជា​រឿង​នយោបាយ​សុទ្ធសាធ ពីព្រោះ​ខ្ញុំ​បាន​បម្រើ​ការងារ​ជាង​២០​ឆ្នាំ​មក មាន​ន័យថា ខ្ញុំ​មិន​ដែល​មាន​កំហុសឆ្គង​តាម​បែបបទ​រដ្ឋបាល​ក្នុង​ការ​បម្រើការងារ​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​ឈរ​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ឱ្យ​គណបក្ស​ភ្លើងទៀន ហើយ​ខ្ញុំ​បាន​ធ្វើ​តាម​បទ​បញ្ញា និង​នីតិវិធី​របស់​គ​.​ជ​.​ប បែរជា​ថ្នាក់លើ​របស់ខ្ញុំ​ហ្នឹង​បែរជា​មិន​ត្រឹម​មិន​បាន​អនុញ្ញាត​ច្បាប់​ឱ្យ​ខ្ញុំ​ឈប់​ពិសេស​ចុះ​ទៅ​រក​សំឡេងឆ្នោត​ឱ្យ​គណបក្ស​ទេ បែរ​ជា​ទៅ​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ពី​ក្របខណ្ឌ»។

ប្រតិកម្ម​បែប​នេះ បន្ទាប់ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាលពី​ថ្ងៃទី​០៥ ខែឧសភា បាន​លុបឈ្មោះ​លោក អ៊ី មុយលី ដែល​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​ស្រាវជ្រាវ​ច្បាប់​នៃ​អគ្គនាយកដ្ឋាន​នីតិកម្ម និង​ស្រាវជ្រាវ ចេញពី​ក្របខណ្ឌ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា។ លោក ហេង សំរិន មិន​បាន​បញ្ជាក់​ពី​ហេតុផល​ជាក់លាក់​ណាមួយ​ជុំវិញ​ការ​លុបឈ្មោះ​លោក អ៊ី មុយលី ចេញពី​ក្របខណ្ឌ​នេះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​០៧ ខែ​ឧសភា។

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់ អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព​មក​លើ​ក្រុម​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​គណបក្ស​ភ្លើងទៀន ដូចជា ការ​ចាប់ចង​ដាក់​ពន្ធនាគារ និង​ការ​លួច​វាយដំ​ដោយ​ដំបង​ជាដើម។

មាត្រា​៤០ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ ចែងថា​អ្នករាជការ​ដែល​មាន​ធុរៈ​អាច​ត្រូវ​បាន​អនុញ្ញាត​ឈប់​សម្រាក​ពី​ការងារ។ ចំណែក​មាត្រា​៤៧ ចែង​ពី​ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​១ រួមមាន​ស្តី​បន្ទោស​ដោយមាន​ចុះ​ចំណាំ​ក្នុង​សំណុំ​លិខិត​ផ្ទាល់ខ្លួន ឬ​ការ​ផ្លាស់​ដោយ​បង្ខំ​តាម​វិធានការ​ខាង​វិន័យ។ ចំណែក​ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​២ គឺ​មិន​ដំឡើង​ថ្នាក់​ក្នុង​ពេល​វេលា​មិន​លើស​ពី​២​ឆ្នាំ ដាក់​ឱ្យ​ទំនេរ​ប្រាក់​បៀវត្ស ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​បណ្តេញ​ចេញពី​តំណែង​រាជការ។

រីឯ​មាត្រា​២៥ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចែងថា មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​បព្វជិត​សាសនា​ដែល​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវ​ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ស្ថាពរ​យ៉ាងតិច ៧​ថ្ងៃ​មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ មាត្រា​ដដែល​ចែងថា ប្រសិនបើ​សាមីខ្លួន​ជាប់ឆ្នោត សាមីខ្លួន​ត្រូវ​ដាក់​ពាក្យ​សុំ​តាម​ឋានានុក្រម​ទៅ​សាមី​ក្រសួង ឬ​សាមី​អង្គភាព ទៅ​បម្រើ​ការងារ​ក្រៅ​ក្របខណ្ឌ​ជាដើម ក្នុង​រយៈពេល​អាណត្តិ​របស់​ខ្លួន។ ទោះបី​ច្បាប់​កំណត់​បែប​នេះ​ក្តី កន្លង​ទៅ ក្រសួង​ស្ថាប័នរដ្ឋ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​ជាតិ​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន បាន​លុបឈ្មោះ​មន្ត្រី​រាជការ​តាម​អំពើ​ចិត្ត ក្នុង​នោះ​រួមមាន​គ្រូបង្រៀន​ជាង ១០​នាក់ ភាគច្រើន​ធ្លាប់​ជាប់ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-ស្រុក និង​ខេត្ត​មកពី​គណបក្ស​ប្រឆាំង ត្រូវ​បាន​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល បើ​ទោះ​ពួកគាត់​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​យ៉ាងណាក៏ដោយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង មើល​ឃើញ​ថា មន្ត្រី​រាជ​មួយចំនួន​បាន​ធ្វើ​សកម្ម​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ ប៉ុន្តែ​ចុងក្រោយ​នេះ​មន្ត្រីរាជការ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​ស្ថាប័ន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​រដ្ឋ។ លោក​ថា ប្រសិនបើ​លោក អ៊ី មុយលី ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​មែន នោះ​ស្ថាប័ន​រដ្ឋសភា​គួរ​ហៅ​លោក​មក​សួរ​ណែ​រក​មូលហេតុ​ពិតប្រាកដ​មុននឹង​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​យ៉ាង​ដូច្នេះ​។ លោក​បន្ត​ថា​តាមច្បាប់ មន្ត្រីរាជការ​ដែល​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត ត្រូវ​សុំ​ច្បាប់​ពិសេស​ជាមុន។ លោក យង់ គិមអេង អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព និង​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ។

លោក យង់ គិមអេង៖ «រដ្ឋធម្មនុញ្ញ​របស់​យើង​បាន​កំណត់​ច្បាស់​ហើយ​ថា កម្ពុជា​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស អ៊ីចឹង​កាលណា​ពហុបក្ស​នោះ​មនុស្ស​អាច​ចូលចិត្ត​ក្នុង​ការ​គាំទ្រ​នយោបាយ​ផ្សេងៗ​គ្នា​បាទ ប៉ុន្តែ​បើ​យើង​ជា​មន្ត្រីរាជការ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​ច្បាប់​បោះឆ្នោត»។

លោក អ៊ី មុយលី បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅ​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​អស់​រយៈពេល​ជាង​២០​ឆ្នាំ គឺ​គិត​ចាប់ពី​ខែ​មករា​ឆ្នាំ​២០០៣។ ក្រៅពី​ការងារ​មន្ត្រីរាជការ លោក​តែងតែ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​ហូរហែ ដោយ​លោក​ធ្លាប់​កាន់​តួនាទី​ជា​លេខា​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង នៅ​មុន​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​នេះ​ចោល កាលពី​ចុងឆ្នាំ​២០១៧​។ បន្ទាប់មក​លោក​បាន​ដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ​ជាមួយ​ប្រុស​របស់​លោក គង់ គាំ គឺ​លោក គង់ មុនីកា ហើយ​បច្ចុប្បន្ន​លោក អ៊ី មុយលី ជា​មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​ឈរឈ្មោះ​តំណាងរាស្ត្រ​លេខ​រៀង​ទី​៦ មណ្ឌល​តាកែវ សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី​៧។ ចាប់តាំងពី​លោក​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​បក្ស​ភ្លើងទៀន​នៅ​ចុងឆ្នាំ​២០២២​មក រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បញ្ចប់​មុខតំណែង​លោក​ពី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ និង​លុប​ឈ្មោះ​លោក​ចេញ​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថែម​ទៀត។

គិត​ចាប់ពី​ឆ្នាំ​២០២០ ក្រៅពី​លោក អ៊ី មុយលី គឺមាន​មន្ត្រី​គណបក្ស​ភ្លើងទៀន​យ៉ាងហោចណាស់​ក៏​៤​នាក់​ហើយ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​។ ក្នុង​នោះ​រួមមាន​ ​លោក ផុន សុភា មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​កសាង​សមត្ថភាព នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​នៃ​សាលាខេត្ត​កណ្ដាល លោក កែវ សុមុនី មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួង​សុខាភិបាល លោក អេង ស្រូយ គ្រូបង្រៀន​នៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​លោក ខឹម មុនីកុសល មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។