ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តឧត្ដរមានជ័យអំពាវនាវដល់មន្ត្រីអង្គការសង្គមស៊ីវិលឱ្យជួយរកយុត្តិធម៌ជូនស្វាមី ដើម្បីឱ្យមានសេរីភាពឡើងវិញ។ ការអំពាវនាវនេះ គឺបន្ទាប់ពីមន្ត្រីប៉ូលិសខេត្តឧត្ដរមានជ័យចាប់ខ្លួនស្វាមីរបស់លោកស្រីបញ្ជូនទៅឃុំខ្លួន ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ កាលពីព្រឹកថ្ងៃទី១៨ តុលា។ ភរិយាសកម្មជនបក្សរូបនេះហៅការចាប់ខ្លួនរបស់សមត្ថកិច្ចនេះថា ជាទង្វើអយុត្តិធម៌មកលើពលរដ្ឋស្លូតត្រង់ ដែលមិនអាចទទួលយកបានឡើយ។
មន្ត្រីប៉ូលិសខេត្តឧត្ដរមានជ័យបានបញ្ជូនសមាជិកក្រុមប្រឹក្សាស្រុកចុងកាល់ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ គឺលោក ធីង សំបាន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៨ តុលា។
ភរិយាលោក ធីង សំបាន គឺលោកស្រី គ្រឿន ផាន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៨ តុលា ថា មន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យប្រមាណ ២០នាក់ ព័ទ្ធចាប់ស្វាមីពេលកំពុងជម្រះស្មៅចម្ការដំបូងមី នៅក្បែរផ្ទះនៅស្រុកចុងកាល់។ លោកស្រីបញ្ជាក់ទៀតថា ប៉ូលិសចាប់លោក ធីង សំបាន វ៉ៃខ្នោះដៃស្លាបសេកដាក់មកក្រោយ ដូចចាប់ឃាតកសម្លាប់មនុស្ស ហើយរុញស្វាមីឡើងឡានយ៉ាងតក់ក្រហល់ ដោយមិនឱ្យសាច់ញាតិចូលទៅក្បែរបានឡើយ។ លោកស្រីចាត់ទុកសកម្មភាពប៉ូលិសចាប់ស្វាមីលោកស្រីនេះថា ជាការធ្វើទុក្ខបុកម្នេញពលរដ្ឋស្លូតត្រង់ដោយអយុត្តិធម៌ ដែលធ្វើឱ្យប្រពន្ធកូនឈឺចាប់មិនអាចបំភ្លេចបានឡើយ៖ «ប្ដីខ្ញុំគាត់គ្រុនផង ថាគាត់ស្រេកទឹកហៅកូនឱ្យយកទឹកឱ្យគាត់ផឹក ខ្ញុំឃើញគាត់កម្សត់ ណាស់ខ្ញុំនិយាយមិនរួចទេ។ ខ្ញុំឃើញសាហាវ ឃោរឃៅណាស់មកចាប់ប្ដីខ្ញុំនេះ គេថាយកសួរណែនាំគាត់ ខ្ញុំថាបើយកទៅណែនាំហេតុអីចាំបាច់ដាក់ខ្នោះដៃគាត់។ កូនខ្ញុំ និងខ្ញុំយំស្រែគ្រប់គ្នាស្រណោះប្ដីស្គមហើយមានជំងឺខ្ញុំទ្រាំមិនបានក៏នាំគ្នាយំទន្ទ្រាំដី។ សូមអស់លោកទាំងឡាយមេត្តាជួយប្ដីខ្ញុំផង»។
លោកស្រីអំពាវនាវដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាឱ្យជួយរកយុត្តិធម៌ជូនស្វាមី ដើម្បីឱ្យតុលាការដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ ពីព្រោះស្វាមីលោកស្រីមានជំងឺប្រចាំកាយ ត្រូវលេបថ្នាំទៀងទាត់រាល់ថ្ងៃ ហើយលោកមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការរងនគរបាលខេត្តឧត្ដរមានជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោកឡឹក សុខា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ តុលា ដោយអ្នកទទួលទូរស័ព្ទប្រាប់ថា លោកជាប់រវល់៖ «ខ្ញុំជាមន្ត្រីប៉ូលិសនៅជាមួយគាត់ដែរ ហើយគាត់ដោតថ្មបញ្ចូលទូរស័ព្ទចោលរួចហើយគាត់ចេញទៅហាត់ប្រាណ។ ខ្ញុំអត់ដឹងរឿងការចាប់ខ្លួននេះទេ»។
តំណាងអយ្យកាអមសាលាដំបូងខេត្តឧត្ដរមានជ័យ លោក គង់ រតនា ចោទប្រកាន់សកម្មជនបក្សប្រឆាំង គឺលោក ធីង សំបាន អាយុ ៦០ឆ្នាំ រស់នៅស្រុកចុងកាល់ ពីបទរួមគំនិតក្បត់ជាតិ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ តុលាការខេត្តឧត្ដរមានជ័យបញ្ជាក់នៅក្នុងដីកា កាលពីថ្ងៃទី១៤ តុលាថា សកម្មជនបក្សប្រឆាំងរូបនេះ បានប្រមូល និងកៀរគរកម្លាំងឱ្យទៅចូលរួមចលនាវិលត្រឡប់របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់សកម្មជនបក្សប្រឆាំងនេះ គឺជាគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយដល់អ្នកគាំទ្រគណបក្សប្រឆាំង ច្រើនជាងការអនុវត្តច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ការបង្ហោះសារឈឺឆ្អាលរឿងនយោបាយមិនខុសច្បាប់ឡើយ ព្រោះជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកហៅវិធានការរបស់សមត្ថកិច្ចនេះថា ជាការរារាំងប្រជាពលរដ្ឋកុំឱ្យទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៖ «ហើយអ្វីដែលសំខាន់គឺអាជ្ញាធរមិនចង់ឱ្យមានការផ្សព្វផ្សាយការបញ្ចេញមតិណាមួយដើម្បីឱ្យមានការគាំទ្រទៅលើមេដឹកនាំគណបក្សប្រឆាំងវិលចូលស្រុកវិញទេ។ អីចឹងហើយឱ្យតែសកម្មជនបក្សប្រឆាំងដែលសកម្មកន្លងមក ដោយមានការបង្ហោះសារគាំទ្រមេដឹកនាំបក្សប្រឆាំងគឺត្រូវការបានធ្វើការចោទប្រកាន់ និងចាប់ខ្លួនហើយ»។
គិតត្រឹមម៉ោងផ្សាយនេះនៅសល់តែ ២២ថ្ងៃទៀតទេ ដល់ថ្ងៃកំណត់ដែលលោក សម រង្ស៊ី អះអាងពីការវិលចូលកម្ពុជាវិញ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធររបបក្រុងភ្នំពេញក៏បានបង្កើនការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់។ មានសកម្មជនគណបក្សមួយចំនួនចាប់ខ្លួនយកទៅឃុំក្នុងពន្ធនាគារ ហើយទើបបង្ហាញដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការតាមក្រោយ។
គិតត្រឹមថ្ងៃទី១៨ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤៨នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំក្នុងខ្លួនពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៤នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។