មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្ដល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹងប្រមាណ ៨៤លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងវិស័យយោធា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានលើកឡើងអំពីប្រាក់ជំនួយនេះ ទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណៈវិលត្រឡប់ពីការធ្វើទស្សនកិច្ចនៅប្រទេសចិន នៅរសៀលថ្ងៃពុធទី ២៣ ខែតុលា នេះ។
លោក ទៀ បាញ់ បានអះអាងថា ប្រាក់ជំនួយឥតសំណងរបស់មហាមិត្តចិននេះ គឺជាការបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជា-ចិន។ លោកបន្តថា ចិនបានសន្យាបន្តផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីពង្រឹងវិស័យយោធា ហើយទឹកប្រាក់ដែលមានចំនួន ៦០០លានយ័ន នេះនឹងប្រើប្រាស់សម្រាប់យកមកពិភាក្សា និងចាត់ចែងដើម្បីបង្កើននូវសមត្ថភាពវិស័យយោធាកម្ពុជា ដែលកិច្ចសហប្រតិបត្តិការនេះធ្លាប់មានជាស្រេចរួចមកហើយ។
ក្នុងខណៈទស្សនកិច្ចនៅប្រទេសចិន លោក ទៀ បាញ់ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុងអ៊ូហាន ហើយលោកក៏បានចូលជួបសម្ដែងការគួសម ជាមួយ លោក វ៉េ ហ៊្វុងហឺ (WEI FENG HE) រដ្ឋមន្ត្រីការពារជាតិចិនផងដែរ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២០ ខែតុលា។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងចិនផងដែរ។
លោកថា រដ្ឋមន្ត្រីការពារជាតិចិន បានសន្យាថា ប្រទេសចិននៅតែបន្តផ្តល់ជំនួយ និងគាំទ្រដល់ការកសាងទ័ព និងការអភិវឌ្ឍវិស័យការពារជាតិ របស់កម្ពុជា។
កាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅនេះ កាសែត The Wall Street Journal បានដកស្រង់សម្ដីមន្ត្រីអាមេរិកដែលបាននិយាយថា ទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលបានអនុញ្ញាតឱ្យចិនចូលទៅបង្កើតមូលដ្ឋានទ័ពនៅកំពង់ផែរាម នៅជាយក្រុងព្រះសីហនុ នៅជិតអាកាសយានដ្ឋានដ៏ធំមួយដែលក្រុមហ៊ុនចិនកំពុងសាងសង់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះព័ត៌មាននេះជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
