តុលាការ​បដិសេធ​សំណើ​មេធាវី​លោក កឹម សុខា ស្នើ​សុំ​ឱ្យ​កោះ​ហៅ​សមត្ថកិច្ច​មក​សួរដេញដោល

ដោយ ខាន់ លក្ខិណា
2024.05.23
តុលាការ​បដិសេធ​សំណើ​មេធាវី​លោក កឹម សុខា ស្នើ​សុំ​ឱ្យ​កោះ​ហៅ​សមត្ថកិច្ច​មក​សួរដេញដោល ​លោក ផែង ហេង សហ​មេធាវី​ការពារក្ដី​លោក កឹម សុខា ថ្លែង​ក្រោយ​សវនាការ​នៅសាលាឧទ្ធរណ៍​ភ្នំពេញ កាលពីថ្ងៃទី២៣ ឧសភា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហមេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ខក​ចិត្ត​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​​សាលាឧទ្ធរណ៍ បដិសេធ​សំណើ​របស់​ពួកគាត់ ដែល​បាន​ស្នើ​សុំ​ឱ្យ​កោះហៅ​មន្ត្រី​នគរបាល​មក​សួរ​ដេញដោល។ ការ​បដិសេធ​នេះ ដោយ​ចៅក្រម​លើក​ហេតុផល​ថា ការ​សួរ​ដេញដោល​មន្ត្រី​នគរបាល​យុត្តិធម៌ គួរ​ធ្វើ​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ មិនមែន​ធ្វើ​នៅ​ដំណាក់កាល​ចៅក្រម​ជំនុំជម្រះ​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា លើក​ឡើង​ថា ការ​ស្នើ​សុំ​ឱ្យ​ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំជម្រះ​កោះហៅ​មន្ត្រី​នគរបាល​យុត្តិធម៌​មក​សួរ​ដេញដោល​នេះ ដើម្បី​ស្វែង​រក​យុត្តិធម៌ ពីព្រោះ​វីដេអូ​ដែល​សមត្ថកិច្ច​យក​មក​សំអាង​ក្នុង​ការ​ចាប់ខ្លួន​កូនក្ដី គឺ​​ជា​វីដេអូ​កាត់​ត​ខុស​ពី​ខ្លឹមសារ​ដើម

សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី២៣ ខែ​ឧសភា បាន​បើក​សវនាការ​ជា​លើក​ទី៩ លើ​បណ្ដឹង​ជំទាស់​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ប្រឆាំង​​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស។

ទោស ២៧ ឆ្នាំនេះ តុលាការ​សម្រេច​ឃុំ​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ និង​ហាម​ឃាត់​ មិន​ឱ្យ​លោក​ធ្វើ​នយោបាយ ព្រម​ទាំង​មិន​ឱ្យ​ជួប​ភ្ញៀវ​បរទេស​លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ

សហមេធាវីការពារ​ក្តី​ឱ្យ​លោក កឹម សុខា គឺលោក ផែង ហេង ប្រាប់​អ្នក​សារព័ត៌មាន​​បន្ទាប់​ពី​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី២៣ ខែ​ឧសភា​ថា ក្រុម​មេធាវី​បាន​ស្នើ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ឱ្យ​កោះហៅ​នគរបាល​យុត្តិធម៌​មក​សួរ​ដេញដោល ពាក់ព័ន្ធ​នឹង​រឿង​ចូល​ចាប់​ខ្លួន​កូន​ក្ដី​របស់​លោក​ទាំង​កណ្ដាល​យប់ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​ចៅក្រម​ច្រានចោល។

លោក​ថា កូនក្ដី​របស់​លោក​ក៏​បាន​បញ្ជាក់​ថា​ លោក​មិន​បាន​ក្បត់​ជាតិ ឬ​បើក​ឱ្យ​​បរទេស​មក​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​ឡើយ។

លោក ផែង ហេង៖ «គាត់​មិន​បាន​ក្បត់​ជាតិ មិន​បាន​នាំ​បរទេស​ឱ្យ​មក​ឈ្លានពាន ឬ​កាត់​ដី​ឱ្យ​បរទេស ឬ​ផ្ដល់​មធ្យោបាយ សព្វាវុធ ឬ​ជា​ព័ត៌មាន​ចារកម្ម​អី​ទៅ​ឱ្យ​បរទេស​ទេ។ គាត់​ជា​អ្នក​ស្រឡាញ់​ជាតិ ស្រឡាញ់​ប្រទេស​កម្ពុជា ស្រឡាញ់​ព្រះមហាក្សត្រ គោរព​ព្រះមហាក្សត្រ ហើយ​ផល​​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​គាត់​តែង​តែ​ចង់​ឃើញ​ការ​ដឹក​នាំ​មួយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ស្រប​តាម​រដ្ឋធម្មនុញ្ញ​មាន​ការ​ផ្សះផ្សា​ជាតិ»

ចំណែក​សហមេធាវី​ម្នាក់​ទៀត​របស់​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី បាន​លើក​ឡើង​ថា ក្រុម​មេធាវី​ស្នើ​សុំ​ឱ្យ​កោះហៅ​នគរបាល​យុត្តិធម៌​មក​សួរ​នេះ គឺ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឱ្យ​​លោក កឹម សុខា។ អ្នកស្រី​ថា វីដេអូ​ឃ្លីប​ដែល​សមត្ថកិច្ច​យក​មក​ធ្វើ​ភស្តុតាង ដើម្បី​ចាប់​ខ្លួន​កូន​ក្ដី​នោះ គឺ​មាន​រយៈពេល​ខ្លី ហើយ​ជា​វីដេអូ​យក​កាត់​ត បាត់​ពាក្យ​និង​ខុស​ពី​ខ្លឹមសារ​ដើម ដែល​កូន​ក្ដី​របស់​អ្នកស្រី​បាន​និយាយ។

អ្នកស្រី ម៉េង សុភារី៖ «អ៊ីចឹង​ហើយ ទើប​បាត់​ខ្លឹមសារ​មួយ​ចំនួន បាត់​ខ្លឹមសារ​សំខាន់ៗ ​មួយ​ចំនួន នៅ​ក្នុង​វីដេអូ​នោះ។ អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារ​មាន​ការ​កាត់​ហើយ​ភ្ជាប់​គ្នា ខ្លឹមសារ​សំខាន់​នោះ​ទី ១ យូហ្គោស្លាវី  ហ្សែកប៊ី  ប៉ុន្តែ​ខ្លឹមសារ​ខាង​ក្រោម​ពាក្យ​ហ្នឹង គាត់​បាន​មាន​ប្រសាសន៍​ថា បើ​យើង​ធ្វើ​ឆូងឆាំង​អាង​ច្បាំង អាង​កាប់​អាង​ចាក់​យក​ក្បាល​ទៅ​ជល់​នឹង​ថ្ម​អត់​កើត​អី​អ៊ីចឹង គឺ​បាត់់​ពាក្យ​អស់​ហ្នឹង​ជាមួយ​គ្នា។ បន្ទាប់​មក​ទៀត យើង​បាន​លឺ​ពាក្យ​ អ្វី​ដែល​គាត់​និយាយ​ក្នុង​ហ្នឹង បើ​ធ្វើ​តាម​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ មិន​ឈ្នះ​ទៀត មិន​ដឹង​ធ្វើ​ម៉េច​ទេ។ យើង​ឮ​សូរ​ពាក្យ​យុទ្ធសាស្ត្រ ហើយ​ដល់​ពេល​គេ​កាត់​ពាក្យ​របស់​គាត់​ចោល​នៅ​សល់​តែ​ពាក្យ​យុទ្ធសាស្ត្រ ហើយ​ភ្ជាប់​ជាមួយ​យូហ្គោស្លាវី ស្មាន​តែ​យក​យុទ្ធសាស្ត្រ​យូហ្គោស្លាវី​ហ្នឹង»

ក្រោយ​បើក​សវនាការ​ពេញ​មួយ​ព្រឹក ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ ភ្នំពេញ​លោក អ៊ឹម វណ្ណៈ សម្រេច​បន្ត​សវនាការ​សំណុំ​រឿង​នេះ នៅ​ថ្ងៃទី៦ ខែ​មិថុនា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត ដែល​ចូលរួម​ឃ្លាំមើល​សវនាការ​ដែរ​នោះ​កត់​សម្គាល់​ថា មាន​ការ​បក​ស្រាយ​ផ្សេង​គ្នា ករណី​ស្នើ​សុំ​ឱ្យ​កោះហៅ​មន្ត្រី​នគរបាល​យុត្តិធម៌​មក​សួរ​ដេញដោល។ លោក​ថា សហ​មេធាវី​ ក៏​ដូច​ជា លោក កឹម សុខា លើក​ពី​ភាព​យុត្តិធម៌ សម្រាប់​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ រីឯ​សហ​មេធាវី​ដើម​បណ្ដឹង​និង​តំណាង​មហា​អយ្យការ​វិញ ថា មិន​មាន​ភាព​ចាំបាច់ ពីព្រោះ​នីតិវិធី​នេះ គួរ​ត្រូវ​ធ្វើ​តាំង​ពី​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ។

លោក អំ សំអាត «ការ​ស្នើ​សុំ​នេះ ក៏​មាន​ការ​ស្នើ​សុំ​ដែរ ការ​ពី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដូច​គ្នា​អ៊ីចឹង​ផងដែរ។ អ៊ីចឹង​ចំណុច​នេះ ខ្ញុំ​មិន​​ហ៊ាន​បក​ស្រាយ​យ៉ាង​ម៉េច​ទេ តាម​នីតិវិធី និង​ជា​ឆន្ទានុសិទ្ធិ​របស់​សាលា​ដំបូង ប៉ុន្តែ​គ្រាន់​ថា ​រាល់​សំណុំ​រឿង ដើម្បី​ភាព​យុត្តិធម៌ បើបាន​គ្រប់​ភាគី​មក​ធ្វើ​ការ​បំភ្លឺ​និង​ការ​ដេញ​ដោល អាហ្នឹង​ជា​រឿង​មួយ​បន្ថែម​ល្អ​​ទៀត​សម្រាប់​​យុត្តិធម៌»

កាល​ពី​ថ្ងៃទី៨ ខែឧសភា បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​បាន​លើក​ឡើង​នៅ​កិច្ច​ប្រជុំ​ដំណើរ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាល​កំណត់​របស់​​អង្គការ​សហប្រជាជាតិ (UNPR) ដោយ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​គោរព​​សិទ្ធិ​មនុស្ស ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​មនសិការ​ ជា​ពិសេស ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក កឹម សុខា។ 

សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​សំណុំ​រឿង​នេះ ថា ជា​រឿង​នយោបាយ​ និង​ទាមទារ​តុលាការ​ឱ្យ​លុប​ចោល​ការ​ចោទ​ប្រកាន់ និង​ប្រគល់​សេរីភាព​ពេញ​លេញ​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។