សាលាឧទ្ធរណ៍​ភ្នំពេញ គ្រោង​​ប្រកាស​​សាល​ដីកា​សំណុំ​រឿង​​លោក រ៉ុង ឈុន និង​​សកម្មជន​​ពីរ​​រូប​​ទៀត​​នៅ​​ថ្ងៃ​ទី១២ វិច្ឆិកា

0:00 / 0:00

សាលា​ឧទ្ធរណ៍​ភ្នំពេញ គ្រោង​ប្រកាស​សាល​ដីកា​សំណុំរឿង​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​រូប​ទៀត​ទៅ​ថ្ងៃ​ទី១២ វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​បើកសវនាការ​សួរ​ដេញ​ដោល​លើ​បណ្ដឹង​ឧទ្ធរណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា។ សាច់​ញាតិ និង​មន្រ្តី​សង្គម​ស៊ីវិល សង្ឃឹម​ថា​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ នឹង​ទម្លាក់​ចាល​ការ​ចោទ​ប្រកាន់​និង​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ព្រោះ​សកម្មភាព​ពួក​គាត់​កន្លង​មក គឺ​ជា​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​ច្បាប់។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ភ្នំពេញ គ្រោង​ប្រកាស​ប្រកាស​សាលដីកា​សំណុំរឿង​មេ​សហជីព និង​ជា​អ្នក​ឃ្លាំ​មើល​ព្រំដែន លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល នៅ​ថ្ងៃទី១២ វិច្ឆិកា​ខាង​មុខ​នេះ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នក​ស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ចូល​ស្ដាប់​សវនាការ​ថា អង្គ​សវនាការ​បាន​សួរ​ដេញ​ដោល​ច្រើន​ជាង​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​អ្នកស្រី​សោក​ស្ដាយ ចំពោះ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន បញ្ចេញ​មតិ​នៅ​ក្នុង​សវនាការ។ អ្នកស្រី​អះអាង​ទៀត​ថា លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​និង​តុលាការ​កន្លង​មក​នោះ​ឡើយ ព្រោះ​សកម្មភាព​របស់​លោក​នា​ពេល​កន្លង​ទៅ គឺ​ដើម្បី​ការ​ពារ​ប្រយោជន៍​ពលរដ្ឋ និង​សង្គម ដោយ​អនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​ទៅ​តាម​ច្បាប់៖ «ដើម្បី​រីក​មុខ​មាត់​ប្រទេស​ជាតិ​ឡើង​វិញ​ គួរ​តែ​ដោះ​លែង​លោក រ៉ុង ឈុន ឱ្យ​គាត់​មាន​សេរីភាព​រួម​ទាំង​អ្នក​នយោបាយ​ទាំង​អស់ គាត់​អត់​មាន​កំហុស​ទេ គ្រាន់​តែ​គាត់​គាំទ្រ​លោក រ៉ុង ឈុន ត្រូវ​​បាន​ជាប់​ពន្ធនាគារ​អូស​បន្លាយ​រហូត​ដល់​ជាង​មួយ​ឆ្នាំ​នេះ អ្វី​ដែល​ពួក​យើង​ចង់​បាន​ចង់​ឱ្យ​អស់​លោក​ទាំង​អស់​មាន​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន​តាម​តួនាទី កុំ​គិត​ថា​ចង់​ធ្វើបាប​មនុស្ស​ម្នាក់​ត្រូវ​តាម​ធ្វើ​បាប​គាត់​គ្រប់​រូប​ភាព​នោះ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ យូ ប៊ុនឡេង ដើម្បី​សាក​សួរ​បន្ថែម បាន​ទេ នៅ​ថ្ងៃ​ទី២៥ តុលា ។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​លោក​បាន​បញ្ចេញ​មតិ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ជា​រឿង​ដ៏​រសើប​សម្រាប់​របប​លោក ហ៊ុន សែន។ តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ សីហា បាន​សម្រេច​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ចំណែក​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល តុលា​ការ​បាន​ផ្ដន្ទាទោស​ពួក​គេ​ដាក់​ពន្ធនាគារ​ម្នាក់ ២០ខែ ក្នុង​បទ​ចោទ​ដូច​គ្នា​នេះ​ដែរ។ ជា​មួយ​គ្នា​នេះ តុលាការ​បាន​ពិន័យ​អ្នក​ទាំង​បី​ជា​ប្រាក់ ម្នាក់ ២លាន​រៀល និង​បង្គាប់​ឱ្យ​បង់​សំណង​រួម​គ្នា​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ជា​ទឹក​ប្រាក់​ចំនួន ៤០០លាន​រៀល ឬ​ប្រហែល ១០ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សាលក្រម​នោះ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោល​ថា អយុត្តិធម៌ និង​ជា​ការ​ដាក់​ទោស​លើ​សេរីភាព​បញ្ចេញមតិ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មាន​ប្រសាសន៍​ថា កន្លង​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត​មិន​មែន​ជា​បិទ​ល្មើស​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ពួក​គាត់​អនុវត្ត​សិទ្ធ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​ដែល​ជា​សិទ្ធិ​ធានា​ដោយ​ច្បាប់។ លោក​ថា​រឿង​នេះ​ថា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​ការ​ពារ​ផលប្រយោជន៍​របស់​សង្គម និង​ពលរដ្ឋ។ លោក​ទទូច​ដល់​តុលាការ​ពិចារណា​ជុំវិញ​រឿង​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​សកម្ម​ជន​សិទ្ធិ​មនុស្ស​ទាំង ៣នាក់៖ «ក្រុម​សកម្ម​ជន និង​អង្គ​ការ​សង្គម​ស៊ីវិល​យើង​ធ្វើ​ការ យើង​ធ្វើ​ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ប្រធាន​សហជីព​លោក រ៉ុង ឈុន ឬ​ក៏​អ្នក​ផ្សេងៗ​ទៀត ដោយ​សារ​ពួក​យើង​មើល​ឃើញ​ថា​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ អ៊ីចឹង​បាន​ជា​យើង​រៀបចំ​ធ្វើ​ជា​យុទ្ធនា​ការ​នេះ ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​កុំ​ឱ្យ​គាត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​បន្ត​ទៀត​បាទ»។

ដោយ​ឡែក ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ដដែល​នេះ ក៏​បន្ត​ធ្វើ​យុទ្ធនា​ការ​ក្នុង​សប្ដាហ៍​ទី១១ បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​លោក រ៉ុង ឈុន ដែល​តែង​តែ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរី​ភាព សិទ្ធិ​កម្មករ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ​ការ​បញ្ចេញ​មតិ​របស់​លោក រ៉ុង ឈុន មិន​ត្រូវ​បាន​គាំទ្រ​ពី​អាជ្ញាធរ​រដ្ឋ ហើយ​លោក​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅ​វិញ។ យុទ្ធនាការ​សប្ដាហ៍​ទី១១ នេះ ក្រុម​សង្គម​ស៊ីវិល បាន​​បង្ហោះ​រូប​ភាព​ដូច​ពី​សប្ដាហ៍​មុន ដោយ​បញ្ចូល​រូប​ភាព​បែប​កំប្លែង​ចំអក (Troll) ថា លោក រ៉ុង ឈុន បញ្ចេញ​មតិ ត្រូវ​ប្រឈម​ដៃ​ជាប់​ខ្នោះ​ទាំង​សង្ខាង។ ក្រុម​សង្គម​ស៊ីវិល ក៏​នៅ​តែ​អំពាវ​នាវ ឲ្យ​ពលរដ្ឋ​គាំទ្រ លើក​ទឹក​ចិត្ត​ដល់​សកម្ម​ភាព​ទាំង​អស់​ដែល​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​សង្គម និង​ប្រជា​ពល​រដ្ឋ និង​ស្នើសុំ​ឲ្យ​មាន​ការ​ចែក​រំលែក (share) បន្ត៕