សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង លោក ទុំ ប៊ុនថន ក្នុង​បទ​ញុះញង់

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​សិទ្ធិមនុស្ស​សោកស្ដាយ​ចំពោះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ដែល​បាន​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ទុំ ប៊ុនថន ក្នុង​បទ​ចោទ​ញុះញង់។ សកម្មជន​គណបក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​សុទ្ធសឹងតែ​ជា​សំណុំ​រឿង​មាន​ចរិត​នយោបាយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក ទុំ ប៊ុនថន និង​ជា​ការ​គំរាមកំហែង​លើ​សកម្មជន​ដទៃ​ទៀត។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) លោក ម៉ន ផល្លា មាន​ប្រសាសន៍​ថា លោក ទុំ ប៊ុនថន មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​អ្វី​ឡើយ ហើយ​សកម្មភាព​របស់​គាត់​កន្លង​មក ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​តាម​ច្បាប់។ លោក​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន និង​ការ​ដាក់​ទោស​សហការី​របស់​លោក​រូប​នេះ​ថា ជា​ការ​សងសឹក​ផ្នែក​នយោបាយ និង​ជា​ការ​បំភិតបំភ័យ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់៖ « ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ​របប​ក្រុង​ភ្នំពេញ​លើ​លោក ទុំ ប៊ុនថន និង​សកម្មជន​ផ្សេង​ទៀត​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ វា​មិនមែន​ជា​រឿង​ច្បាប់ ឬ​រឿង​ញុះញង់​អ្វី​នោះ​ទេ។ ហេតុដូច្នេះ​ហើយ​របប​ក្រុង​ភ្នំពេញ​តែងតែ​យក​ច្បាប់ និង​តុលាការ​នេះ​យក​មក​បំភិតបំភ័យ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​សម្ដែង​មតិ »

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ គឺ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ២២ ធ្នូ ដោយ​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​កំបាំងមុខ ​លោក ទុំ ប៊ុនថន ចេញ​ដោយ​តុលាការ​ក្រុង​ភ្នំពេញ ទុកជា​បាន​ការ​ដដែល។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី និង​លោកស្រី សៀង ឡេង ប្រពន្ធ​របស់​លោក ទុំ ប៊ុនថន ដើម្បី​សាកសួរ និង​សុំ​ប្រតិកម្ម​តប​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ។

កាល​ពី​ចុង​ឆ្នាំ២០២០ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​លោក ទុំ ប៊ុនថន ដាក់​ពន្ធនាគារ​ចំនួន ១ឆ្នាំ ៨ខែ ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​សារ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្អាក​សង​បំណុល​ធនាគារ​រហូត​ដល់​ស្ថានការណ៍​ជំងឺ​កូវីដ-១៩ បាន​ធូរ​ស្រាល​ឡើង​វិញ។ ក្រៅ​ពី​លោក ទុំ ប៊ុនថន តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​មនុស្ស ៤នាក់​ផ្សេង​ទៀត ក្នុង​នោះ​រួម​ទាំង​លោក សម រង្ស៊ី ផង ដាក់​ពន្ធនាគារ​ពី ១៨ខែ ដល់ ២ឆ្នាំ ក្នុង​សំណុំ​រឿង​ជាមួយ​គ្នា​នេះ។ ការ​ផ្ដន្ទាទោស​កំបាំង​មុខ​របស់​តុលាការ​នេះ គឺ​ក្នុង​ពេល​ដែល​លោក​កំពុង​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ។

ជុំវិញ​រឿង​នេះ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ។ លោក​បន្ត​ថា សំណុំរឿង​ប្រឆាំង​នឹង​លោក ទុំ ប៊ុនថន និង​សកម្មជន​ដទៃ​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ ដូច្នេះ​ពួក​គេ​មិន​ងាយ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ឬ​ទទួល​បាន​ការ​ដោះ​លែង​ពី​សំណាក់​តុលាការ​នោះ​ឡើយ៖ « យើង​មើល​បទពិសោធន៍​កន្លងមក រឿង​ដែល​គេ​ថា​វា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ហ្នឹង នៅ​ពេល​ដែល​មាន​ដំណោះស្រាយ​នយោបាយ ហើយ​បរិយាកាស​នយោបាយ​ធូរស្រាល អ៊ីចឹង​អ្នក​ដែល​ជាប់​ឃុំ​ហ្នឹង ( តុលាការ ) អាច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬ​ក៏​កាត់​តម្រឹម​ជា​ដើម »

លោក ទុំ ប៊ុនថន គឺជា​សមាជិក​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ។ លោក​ជា​សកម្មជន​នយោបាយ​លេច​ធ្លោ​មួយ​រូប ដែល​តែងតែ​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ ជា​ពិសេស លោក​បាន​និពន្ធ និង​ច្រៀង​ចម្រៀង​ជា​ច្រើន​បទ​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អំឡុង​ពេល​លោក​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ។

អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​លោក​កាលពី​ចុង​ខែកញ្ញា​កន្លង​ទៅ​នេះ ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដើម្បី​​រស់​នៅ​ជួប​ជុំ​គ្នា​ជាមួយ​គ្រួសារ​វិញ​បាន​រយៈពេល​ជាង​មួយ​ខែ។

ក្រៅពី​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​សំណុំ​រឿង​ញុះញង់​នេះ​ហើយ លោក ទុំ ប៊ុនថន កំពុង​រង​បណ្ដឹង​មួយ​ទៀត​នៅ​តុលាការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ «រួម​គំនិត​ក្បត់» និង «ញុះញង់» ហើយ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជំនុំ​ជម្រះ។ លោក ទុំ ប៊ុនថន ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួចមក​ហើយ​ចន្លោះ​ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្នុង​សំណុំ​រឿង​មួយ​ទៀត​នេះ។

ទាក់ទង​នឹង​ក្ដីក្ដាំ​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​សវនាការ​សំណុំ​រឿង លោក វឿន វាសនា ហៅ​គ្រញូង​ព្រៃ​ឡង់ និង​លោក វឿង សំណាង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២២ ខែ​ធ្នូ ទៅ​ថ្ងៃ​ក្រោយ​វិញ​ដោយ​មិន​កំណត់​ពេល​ជាក់លាក់។ សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប គឺ​ជា​ជន​ភៀស​ខ្លួន​នយោបាយ​ដែល​ទទួល​ស្គាល់​ដោយ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ។ ប៉ុន្តែ​ពួក​លោក​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​កាល​ពី​ដើម​ខែ​វិច្ឆិកា ហើយ​ពេល​នេះ​កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» និង «ញុះញង់»។

ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ឧត្ដម​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ដល់​អាជ្ញាធរ​ថៃ ឱ្យ​បញ្ឈប់​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​ប្រទេស​កំណើត​ដោយ​បង្ខំ​បែប​នេះ​តទៅ​ទៀត។ ស្ថាប័ន​កំពូល​ផ្នែក​សិទ្ធិមនុស្ស​មួយ​នេះ​ក៏​បាន​ទទូច​ផង​ដែរ​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​សកម្មជន​នយោបាយ ហើយ​ដោះលែង​ពួកគេ​វិញ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។