សមត្ថកិច្ចខេត្តកំពតចាប់ខ្លួនបុរសចាស់ម្នាក់ក្រោយការបញ្ជារបស់លោក ហ៊ុន សែន
2018.03.21
សមត្ថកិច្ចខេត្តកំពតបានដោះលែងបុរសវ័យចំណាស់ម្នាក់វិញ កាលពីថ្ងៃពុធទី២១ មីនា ក្រោយពីបានចាប់ខ្លួនភ្លាមៗ តាមបញ្ជារបស់លោក ហ៊ុន សែន ដែលចោទប្រកាន់លោកតានោះថា បានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីភាពបរាជ័យ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី និងការរត់គេចពីអ្នកសារព័ត៌មាន។
បុរសវ័យ ៧២ឆ្នាំម្នាក់ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា ថាធ្វើសកម្មភាពចារកម្ម ព្រោះហ៊ាននិយាយរិះគន់ និង បង្អាប់ដំណើរទស្សនកិច្ចរបស់លោក ត្រូវសមត្ថកិច្ចខេត្តកំពតដោះលែង វិញហើយ ក្រោយបានចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមីនា។ បណ្ដាញឃោសនាឲ្យលោក ហ៊ុន សែនដកស្រង់សម្ដីស្នងការនគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរីទ្ធ ដែលអះអាងថា ការដោះលែងនេះ គឺធ្វើឡើងក្រោយពីបានសួរនាំចប់។
បុរសចំណាស់ឈ្មោះលោក ម៉ា រី នេះ មានអាយុ ៧២ឆ្នាំ។ លោកត្រូវបានសមត្ថកិច្ចខេត្តកំពត ចាប់ខ្លួន នៅភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ប៉ុន្មានម៉ោងក្រោយការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យចាប់ខ្លួន ព្រោះលោក ហ៊ុន សែន ចោទប្រកាន់លោក ម៉ារី ថាបានដើរនិយាយភូតកុហកថា ដំណើរទស្សនកិច្ចរបស់លោក ទៅប្រទេសអូស្ត្រាលីទទួលភាពបរាជ័យទាំងស្រុង។
លោក ហ៊ុន សែន និយាយទាំងខឹងញ័រមាត់ក្នុងពេលចុះជួបកម្មករថ្ងៃទី២១ ខែមីនាថា ការនិយាយ របស់បុរសម្នាក់នេះ យកការងារជាតិ មកភូតកុហកដែលនេះមិនមែនជាសិទ្ធិនៃការធ្វើព័ត៌មានទេ ប៉ុន្តែសកម្មភាពនេះគឺការធ្វើចារកម្ម៖ «អភិបាលខេត្តកែប តាមអាមួយហ្នឹងមួយថ្ងៃហ្នឹង តាមរកអាមួយហ្នឹង! អានេះភូតប្រចាំត្រកូល ហើយភូតពីមួយថ្ងៃទៅមួយថ្ងៃ ថាដល់ត្រឹមនេះគេធ្វើបែបនេះ អាថ្ងៃឯងចេញពីនេះមក វាថាឯងគេចចេញពីអ្នកកាសែត ហើយរត់ឡើងកប៉ាល់ហោះ។ អានេះឆ្កួតនេះឆ្កួត!»។
ក្រៅពីបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនបុរស ដែលរិះគន់ការចូលរួមកិច្ចប្រជុំប្រទេសអូស្ត្រាលី លោក ហ៊ុន សែន ក៏បានអួតអាងថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី កាលពីចុងសប្ដាហ៍មុន គឺមានពលរដ្ឋខ្មែរមកគាំទ្រ និងស្កាត់ជួបរូបលោកជាងមួយពាន់នាក់។ មិនតែប៉ុណ្ណោះ លោកបានបន្ទាបចំនួនអ្នកតវ៉ាប្រឆាំងលោក ឲ្យនៅត្រឹមតែជាងមួយរយនាក់ប៉ុណ្ណោះ។
ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី ដែលចុះទៅយកព័ត៌មានផ្ទាល់ នៅប្រទេសអូស្ត្រាលីដែរនោះ មើលឃើញថា កិច្ចប្រជុំដដែលនោះ គឺពិតជាបានញាំញី ដោយបាតុកម្មប្រឆាំងក្រុមមេដឹកនាំផ្ដាច់ការ មកពីអាស៊ាន ជាពិសេសមេដឹកនាំមកពីប្រទេសកម្ពុជានេះតែម្ដង។ ជាងនេះទៅទៀត ក្រុមបាតុករប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន គឺមានច្រើនជាងក្រុមបាតុករមកពីប្រទេសផ្សេងទៀត ដែលតវ៉ាប្រឆាំងលោក ហ៊ុន សែន មានរហូតដល់ជាងមួយពាន់នាក់ មិនដូចការនិយាយរបស់លោក ហ៊ុន សែន នោះឡើយ។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ហេង ភារៈ ប្រាប់ថា លោកមិនទាន់ដឹង ពីមូលហេតុដែលសមត្ថកិច្ច ចាប់ខ្លួនបុរសឈ្មោះ ម៉ារី នេះនៅឡើយទេ។ លោកថា សមាគមអាដហុក កំពុងឃ្លាំមើលករណីនេះ និងតាមដានដំណើររឿងដោយយកចិត្តទុកដាក់។
នេះមិនមែនជាលើកទីមួយទេ ដែលរបបលោក ហ៊ុន សែន ចាប់ខ្លួនពលរដ្ឋរបស់ខ្លួន ដែលហ៊ាននិយាយរិះគន់ និងនិយាយពីចំណុចអវិជ្ជមានរបស់របបលោក ហ៊ុន សែន។ កាលពីពេលថ្មីនេះ ស្ត្រីម្នាក់ ឈ្មោះ សំ សុខា ដែលបានរត់គេចខ្លួនទៅដល់ប្រទេសថៃ ករណីយកស្បែកជើងគប់រូបលោក ហ៊ុន សែន និងរូបលោក ហេង សំរិន ត្រូវរបបលោក ហ៊ុន សែន សហការគ្នាជាមួយសមត្ថកិច្ចថៃចាប់បញ្ជូនខ្លួនទៅដាក់ពន្ធនាគារនៅប្រទេសកម្ពុជាវិញ។
ស្របពេលដែលអាជ្ញាធររបបលោក ហ៊ុន សែន កាន់តែបន្ថែមការរឹតបន្តឹងលើសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនៅក្នុងប្រទេស ពលរដ្ឋខ្មែរនៅឯប្រទេសសេរី ដែលហ៊ានចេញមុខតវ៉ា ក៏រងការគម្រាមកំហែងផ្សេងៗផងដែរ។ យុវជនម្នាក់ដែលហ៊ានរិះគន់លោក ហ៊ុន សែន និងរបបលោក ហ៊ុន សែន ដោយមិនសំចៃមាត់ កំពុងព្រួយបារម្ភអំពីសុវត្ថិភាពក្រុមគ្រួសារ នៅស្រុកខ្មែរ ដែលកំពុងរងការធ្វើទុក្ខបុកម្នេញ ដោយអាជ្ញាធរមូលដ្ឋាន។ យុវជន ទឹម សុជា ដែលមានរហស្សនាមលើហ្វេសប៊ុកថា “រាជ្យបុត្រអាសូរ្យកាយ” ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២១ ខែមីនា ថា ក្រោយពីលោកចូលរួមក្នុងបាតុកម្មដុតរូបទីងមោងលោក ហ៊ុន សែន អាជ្ញាធរបានចុះទៅដល់ផ្ទះរបស់ម្ដាយរបស់លោក។ ក្រោយមកស្រាប់តែរូបថតផ្ទះម្ដាយរបស់លោក ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាត។ លោកថានេះជាចេតនា បំភិតបំភ័យ និងបំបាក់ស្មារតីក្រុមគ្រួសារលោក៖ «ធម្មតាអ្នកនៅខ្មែរ គាត់ស្ថិតក្នុងគំនាបមួយដែលកំពុងតែខ្លាច។ នៅពេលដែលទទួលបានការគំរាមកំហែង គាត់តែងតែគិតថា អូបើសិនជាថ្ងៃណាមួយ ភ្លើងឆេះផ្ទះ ឬករណីចោរប្លន់កើតឡើង ឬ មានករណីឃាតកម្មផ្សេងៗ តើវាជាករណីនយោបាយមកពាក់ព័ន្ធ ឬជាករណីមែនទែន?»។
លោក ទឹម សុជា មិនខ្លាចក្នុងការបន្តសកម្មភាពនយោបាយរបស់លោកនោះឡើយ។ លោកបានអំពាវនាវ ឲ្យអាជ្ញាធរខ្មែរ ត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ឬបំភិតបំភ័យ ដល់ក្រុមគ្រួសាររបស់លោកតទៀត ព្រោះការចូលរួមក្នុងឆាកនយោបាយរបស់លោក គឺជាសិទ្ធិសម្រេចរបស់លោក ហើយមិនត្រូវធ្វើបាបគ្រួសាររបស់លោក ដើម្បីបំភិតបំភ័យលោកនោះឡើយ។
ចំណែកឯអ្នកតវ៉ា ដ៏សកម្មមួយរូបទៀត នៅឯប្រទេសអូស្ត្រាលីឯណោះ គឺតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ពីខាងគណបក្សពលករលោក ហុង លីម ក៏រងការគំរាមកំហែង រហូតដល់គំរាមសម្លាប់ទៀតផង។ ប៉ុន្តែ ការគំរាមសម្លាប់នេះ គ្មានប្រភពច្បាស់លាស់ទេ ដោយអ្នកគំរាមសម្លាប់ សរសេរជាលិខិតអនាមិក ផ្ញើទៅលោក។ ជនអនាមិកដដែលនោះថា ពួកគេចង់សម្លាប់សកម្មជនខ្មែរ ក្នុងប្រទេសអូស្ត្រាលី និងមនុស្សជាច្រើនទៀត ក្នុងប្រទេសកម្ពុជាឲ្យអស់ ហើយថាបើពួកគេឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខនេះ ពួកគេនឹងគ្រប់គ្រងប្រទេសជារៀងរហូត។ លោក ហុង លីម បានដាក់ពាក្យប្ដឹងទៅប៉ូលិសអូស្ត្រាលី ដើម្បីវែកមុខរកអ្នកនៅពីក្រោយសារគំរាមសម្លាប់នេះហើយ។
ទោះជាមានការគំរាមយ៉ាងណាក៏ដោយ លោក ហុង លីម បានប្ដេជ្ញាចិត្តហើយថា ការគំរាមនោះមិនអាចរារាំងក្រុមរបស់លោកពីការស្រែក ទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សម្រាប់ប្រទេសកម្ពុជាបាននោះឡើយ៕