ក្រុម​មេដឹកនាំ​អាស៊ាន-អឺរ៉ុប ដាក់​គោល​ដៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្លុក​ទាំងពីរ

0:00 / 0:00

កិច្ចប្រជុំ​កំពូល​រំលឹកខួប​លើកទី៤៥ នៃ​ភាពជាដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប ដែល​ចូលរួម​ដោយ​ក្រុមមេដឹកនាំ​អាស៊ាន ៩ប្រទេស និង​ក្រុមមេដឹកនាំ​អឺរ៉ុប ២៧ប្រទេស បានបិទ​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី១៤ ខែធ្នូ នៅទីក្រុង​ព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium)។ តើកិច្ចប្រជុំកំពូល​នេះ សម្រេចបាន​នូវ​លទ្ធផល​អ្វីខ្លះ?

ការ​បង្កើន​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​បាន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​នៃ​កិច្ច​ប្រជុំ​កំពូល​រំលឹកខួបលើកទី៤៥ នៃ​ភាព​ជា​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប ដែល​ទើប​នឹង​បិទ​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី១៤ ខែធ្នូ នៅ​ទីក្រុង​ព្រុចសែល (Brussels)។

សេចក្តីថ្លែងការណ៍​រួម​​របស់​ក្រុម​មេដឹកនាំ​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ឱ្យ​ដឹង​ថា ក្រុម​មេដឹកនាំ​ប្លុក​ទាំង​ពីរ​ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដោយ​ដាក់​គោលដៅ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ប្លុក​ទាំងពីរ​ក្នុង​វត្ថុ​បំណង​យូរអង្វែង​នា​ពេល​អនាគត។ ក្រុម​មេដឹកនាំ គូស​បញ្ជាក់​ថា ពួកគេ​គាំទ្រ​ដល់​ការ​ថែរក្សា និង​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​បើក​ចំហ សេរី រួមបញ្ចូល​គ្រប់​ភាគី មិន​រើស​អើង តម្លាភាព និង​ស្របតាម​បញ្ញត្តិ​នៃ​ច្បាប់​នានា​ដូច​ដែល​មាន​ចែង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

ថ្លែងក្នុង​សន្និសីទកាសែត​បិទបញ្ចប់​កិច្ចប្រជុំកំពូល​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជា​ប្រធានប្តូរវេនអាស៊ាន​ជិតផុតអាណត្តិ ជំរុញ​ឱ្យ​ប្លុកទាំងពីរ​សម្រេចឱ្យបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងតំបន់ទាំងពីរ​ឱ្យបាន​ឆាប់រហ័ស​តាមដែល​អាចធ្វើទៅបាន​ដោយផ្អែកលើ​ភាពជាដៃគូ ស្មើភាព និង​ស្មើសិទ្ធិគ្នា។ លោក ហ៊ុន សែន ថា គេមិនគួរ​ដាក់បញ្ហា​នយោបាយ​មករាំងខ្ទប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នោះឡើយ៖

«យើងពិតជា​មិនមែន​ចង់ឱ្យ​ប្រជាជន​របស់​យើងនៅតែក្រ​រហូត ហើយ​រង់ចាំ​ភាពអនុគ្រោះ​អំពីEU (សហភាពអឺរ៉ុប)នោះទេ។ យើងចង់​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពិតប្រាកដ...។ ភាគី​យើងទាំងពីរ​ត្រូវតែ​ស្មើភាពគ្នា​ដើម្បី​អនុវត្ត​ឱ្យបាន​ឆាប់រហ័ស​មិនអាច​ផ្អែកទៅលើ​សភាពការណ៍​មីយ៉ាន់ម៉ា ឬ​ប្រទេសណាមួយ ហើយបែរជា​រំខាន​ទៅដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​ឱ្យមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់ទាំងពីរ​នោះទេ»។

ទោះយ៉ាងណា ការលើកឡើង​របស់​លោក ហ៊ុន សែន បែបនេះ ទំនងជា​លោក​ចង់តវ៉ា​ចំពោះ​ការណ៍​ដែល​សហភាពអឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​កម្ពុជា​តាមរយៈ​ការដកហូត​ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា​កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ២០២០កន្លងទៅ ដោយសារតែ​រដ្ឋាភិបាល​របស់​លោក​បានរំលោភ​កិច្ចព្រមព្រៀង​ផ្តល់​ប្រព័ន្ធអនុគ្រោះពន្ធ​នេះ។ គណៈកម្មការអឺរ៉ុប កាលនោះ បានរកឃើញថា រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារ «ធ្ងន់ធ្ងរជាប្រព័ន្ធ» ក្រោយរដ្ឋាភិបាល​របស់លោក​បានរម្លាយ​គណបក្ស​ប្រឆាំងធំជាងគេ គឺគណបក្ស​សង្គ្រោះជាតិ កាលពី​ចុងឆ្នាំ២០១៧ និង​បានរៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោតជាតិ​ឆ្នាំ២០១៨ ដែលរងការរិះគន់​ថា ជាការបោះឆ្នោត​បែប «បង្គ្រប់កិច្ច»។ ការណ៍ដែល​លោក ហ៊ុន សែន មិនចង់ឃើញ​សហភាពអឺរ៉ុប​យករឿង​សិទ្ធិមនុស្ស និង​នយោបាយ​មកពាក់ព័ន្ធនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្លុកអាស៊ាន​នាពេលនេះ ត្រូវគេមើលឃើញ​ថា​ដោយសារតែ​លោក ហ៊ុន សែន បារម្ភខ្លាច​ប៉ះពាល់​ដល់​ការគ្រប់គ្រង​អំណាច​បែប «ផ្តាច់ការ» និង​តពូជពង្ស​វង្សត្រកូល​របស់លោក។

ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក ឆាលស៍ មីសែល (Charles Michel) សង្កត់ធ្ងន់ថា ទន្ទឹមនឹងការ​ចង់ឃើញ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីបែបនេះ សហភាពអឺរ៉ុប​ចង់ឱ្យមាន​ស្តង់ដារ​រួម​កាន់តែប្រសើរឡើង​ពាក់ព័ន្ធនឹង​ការគោរព​សិទ្ធិការងារ និង​ការគោរព​បរិស្ថាន​ជាដើម៖

«អ្នកដឹងទេ គឺថា មាន​កិច្ចពិភាក្សា​ដេញដោលគ្នា​ជាទូទៅ​នៅទូទាំង​សហភាពអឺរ៉ុប​ពាក់ព័ន្ធនឹង​​ពាណិជ្ជកម្ម​សេរី។ យើងជឿជាក់​លើ​ពាណិជ្ជកម្មសេរី។ យើងជឿជាក់​លើ​សាកលភាវូបនីយកម្ម។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា​នេះ ក៏យើង​គិតដែរថា យើងចាំបាច់​ត្រូវធ្វើការ​ដើម្បីឱ្យមាន​នូវស្តង់ដារ​ជារួម​កាន់តែប្រសើរឡើង ស្តង់ដារ​ស្រដៀងគ្នា​កាន់តែច្រើនឡើង ដើម្បី​គិតគូរ​អំពីគោលដៅ​រួមរបស់​យើង​ពាក់ព័ន្ធនឹង​ជាឧទាហរណ៍​ដូចជា ការប្រែប្រួល​អាកាសធាតុ លក្ខខណ្ឌ​ការងារ។ យើងធ្វើដូច្នេះ​ដើម្បី​បង្ហាញថា​យើងអាចធ្វើបាន​ជាមួយ​ប្រទេសមួយចំនួន​ក្នុងតំបន់អាស៊ាន​ឱ្យមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ»។

បច្ចុប្បន្ន សហភាពអឺរ៉ុប នៅពុំទាន់មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) ជាមួយ​តំបន់អាស៊ាន​ទាំងមូល​នោះទេ។ ក្នុងតំបន់អាស៊ាន មានតែ​ប្រទេសសិង្ហបុរី (Singapore) និង​ប្រទេសវៀតណាម (Vietnam) ទេ ដែលបាន​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាពអឺរ៉ុប។ រីឯ កម្ពុជា និងមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) វិញ ក៏​កំពុង​ទទួលរងនូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីសហភាពអឺរ៉ុប តាមរយៈ​ការដកហូត​ប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសារតែ​សហភាពអឺរ៉ុប​រកឃើញថា​ប្រទេសទាំងពីរនេះ​បាន​រំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរ​ជាប្រព័ន្ធ»។

ដោយឡែក សម្រាប់​តំបន់​អាស៊ាន​វិញ តំបន់​នេះ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ចិន (China) អូស្ត្រាលី (Australia) និង​នូវែលហ្សេឡង់ (New Zealand) ឥណ្ឌា (India) កូរ៉េខាងត្បូង (South Korea) និង​មាន​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ជាមួយ​ប្រទេស​ជប៉ុន។ ក្រៅ​ពី​នេះ តំបន់​អាស៊ាន​ក៏​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​មួយ​ទៀត ផ្ដួចផ្ដើម​ដោយ​ប្រទេស​ចិន គឺ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ប្រចាំ​តំបន់ ហៅ​កាត់​ថា អាសិប (RCEP) ដែល​មាន ១៥ប្រទេសចូលរួម ហើយ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ជាងគេ​បង្អស់​មួយ​នៅ​លើ​ពិភពលោក។

សេចក្ដីថ្លែងការណ៍​រួម​ដដែល​ឱ្យ​ដឹង​ដែរ​ថា ក្រុម​មេដឹកនាំ​នៃ​ប្លុក​អឺរ៉ុប និង​អាស៊ាន ក៏​ប្តេជ្ញា​បង្កើន​កិច្ច​ពិគ្រោះ​យោបល់​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ហើយនឹង​ពិនិត្យមើល​លទ្ធភាព​ដទៃ​ទៀត​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល បច្ចេកវិទ្យា​បៃតង និង​សេវាកម្ម​បៃតង ព្រមទាំង​ភាព​ធន់​ស៊ាំ​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម។

ក្រៅ​ពី​បញ្ហា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ក្រុម​មេដឹកនាំ​នៃ​ប្លុក​ទាំងពីរ ក៏បាន​ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​សន្តិសុខ ការ​ផ្សារភ្ជាប់​ទំនាក់ទំនង ការ​ផ្លាស់ប្តូរ​ឌីជីថល និង​ការ​បង្រួម​គម្លាត​នៃ​ការ​អភិវឌ្ឍ ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​ថាមពល ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ១៩ ជាដើម។

ដោយឡែក ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​អន្តរជាតិ​វិញ ក្រុម​មេដឹក​នាំ​នៃ​ប្លុក​ទាំងពីរ បាន​ពិភាក្សា​គ្នា​ដោយ​លើក​ឡើង​ពី​ក្តី​ជារួម​ជុំវិញ​បញ្ហា​សង្គ្រាម​រុស្ស៊ី (Russia) ឈ្លានពាន​អ៊ុយក្រែន (Ukraine) បញ្ហា​វិបត្តិ​នយោបាយ​នៅ​ភូមា បញ្ហា​កូរ៉េខាងជើង (North Korea) ធ្វើតេស្ត​មីស៊ីល​ឆ្លងទ្វីប បញ្ហា​សមុទ្រ​ចិន​ខាងត្បូង (South China Sea) និង​បញ្ហា​វិបត្តិ​សន្តិសុខ​ស្បៀង ជាដើម។

អាស៊ាន និង​សហភាព​អឺរ៉ុប ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​គ្រប់​ជ្រុងជ្រោយ​រវាង​តំបន់​អាស៊ាន និង​សហភាព​អឺរ៉ុប (AE CATA) ដែល​គឺ​ជា​កិច្ចព្រមព្រៀង​ដំបូងបង្អស់​​ប្រចាំ​តំបន់​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​វិស័យ​អាកាសចរណ៍។

ទន្ទឹម​នឹង​នេះ សហភាព​អឺរ៉ុប​ក៏​បាន​ប្ដេជ្ញា​ផ្តល់​មូលនិធិ​ជាង ១ម៉ឺនលាន​ដុល្លារ (១០,៦ ប៊ីលាន​ដុល្លារ) សម្រាប់​វិនិយោគ​លើ​គម្រោង​នានា​ក្នុង​តំបន់​អាស៊ាន រហូត​ដល់​ឆ្នាំ២០២៧ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។