ប្រេសិត​ពិសេស​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី​ពីរ​រយៈ​ពេល ៥ថ្ងៃ​នៅ​ភូមា

0:00 / 0:00

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន នឹង​ទៅបំពេញ​ទស្សនកិច្ច​ការងារ​ជា​លើក​ទី​ពីរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) រយៈ​ពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី២៩ ខែមិថុនា ដល់​ថ្ងៃ​ទី៣ ខែកក្កដា។

ក្រសួងការបរទេស​កម្ពុជា ឱ្យដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្សាយ​នៅ​ថ្ងៃ​ទី២៨ ខែមិថុនា​ថា ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​របស់​លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ភូមា​នេះ គឺ​ដើម្បី​តាមដាន​ការវិវត្ត​ជុំវិញ​ការ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ចំណុច និង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​ប្រទេសនេះ។ ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​អាស៊ាន​ជា​លើក​ទីពីរ​នេះ ក៏​ដើម្បី​រួមចំណែក​ដល់​ការ​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ដំណើរការ​សន្ទនា​នយោបាយ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី ដើម្បី​សុំ​ព័ត៌មាន​លម្អិត​ថា តើ​លោក ប្រាក់ សុខុន បាន​ស្នើសុំ​ជួប​ភាគី​ពាក់ព័ន្ធ​ណា​ខ្លះ ជា​ពិសេស តំណាង​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ (NUG) ដែល​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ គឺ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែល​ត្រូវ​បាន​របប​សឹក​ភូមា​កាត់​ទោស​ឱ្យជាប់​គុក​រយៈ​ពេល ១១ឆ្នាំ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដាច់​ដោយ​ឡែក។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​របប​សឹក​ភូមា នាយ​ឧត្តមសេនីយ៍ ហ្ស័រ មីនទុន (Gen. Zaw Min Tun) បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសា​ភូមា កាល​ពី​ពេល​កន្លង​ទៅ​ថា ប្រេសិត​ពិសេស​អាស៊ាន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី ឡើយ​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ពីរ​នេះ។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា លោក ប្រាក់ សុខុន អាច​ជួប​បាន​តែ​ជាមួយ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមា ក្រៅ​ពី​ជំនួប​ជាមួយ​ក្រុម​មេ​ដឹកនាំ​របប​សឹក​ភូមា។

នៅមួយ​ថ្ងៃមុន​ការប្រកាស​ពី​ការបំពេញ​ដំណើរ​ទស្សនកិច្ច​លើកទីពីរ​នេះ ប្រេសិត​ពិសេស​អាស៊ាន លោក ប្រាក់ សុខុន បាន​ទទូច​ឱ្យ​របប​សឹក​ភូមា​បញ្ជូន​លោកស្រី អ៊ុង សានស៊ូជី ត្រឡប់​ទៅ​លំនៅឋាន​វិញ ក្រោយ​របប​សឹក​ភូមា​បាន​សម្រេច​ផ្ទេរ​អ្នកស្រី​ពី​ការ​ឃុំ​ខ្លួន​នៅ​គេហដ្ឋាន ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដាច់​ដោយ​ឡែក​មួយ កាល​ពី​សប្តាហ៍មុន។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​អំពាវនាវ​ឱ្យ​របប​សឹក​ភូមា​ពិចារណា​ឡើង​វិញ និង​ជៀសវាង​ការ​កាត់​ទោស​ប្រហារ​ជីវិត​លើ​បុគ្គល និង​សកម្មជន​នយោបាយ​ភូមា​ចំនួន ៤នាក់ ក្នុង​នោះ​ក៏​រួម​មាន​អតីតៈ​តំណាងរាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុង សានស៊ូជី ផង​ដែរ។

កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ២០២២ កំពុង​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ជុំវិញ​ករណី​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា​នេះ ដោយ​បាន​ព្យាយាម​បញ្ចូល​មេ​ដឹកនាំ​របប​សឹក​ខុសច្បាប់​ភូមា​ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​របស់​អាស៊ាន​ឡើងវិញ។ ជាក់ស្តែង​ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន ដែល​ទើប​នឹង​បិទ​បញ្ចប់ កាល​ពី​ពេល​ថ្មីៗ នេះ​ជា​ដើម។ ទង្វើ​ទាំង​នេះ ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ការ​រិះគន់​ខ្លាំង​ថា កំពុង​ធ្វើ​ផ្ទុយ​ពី​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ស្ដីពី​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា។

ដំណើរ​ទស្សនកិច្ច​ការងារ​ជា​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​អាស៊ាន លោក ប្រាក់ សុខុន នេះ ក៏​កើត​មាន​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ភូមា ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៥ ខែកក្កដា។ រដ្ឋាភិបាល​ក្រុងប៉េកាំង (Beijing) រង​ការ​រិះគន់​ថា បាន​ជួយ​ផ្តល់​ការ​គាំទ្រ​ដល់​របប​សឹក​ភូមា​ខុស​ច្បាប់ ខណៈ​របប​នេះ​រង​ការ​ដាក់​ទណ្ឌកម្ម​ជាច្រើន​ពី​សំណាក់​ក្រុម​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​អាស៊ាន​ដទៃទៀត ដូចជា​សិង្ហបុរី (Singapore) ជា​ដើម។ មនុស្ស​យ៉ាង​ហោច​ណាស់​ជាង ២ពាន់​នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​របប​សឹក​ភូមា​មក​លើ​ក្រុម​អ្នក​រិះគន់ និង​ប្រឆាំង​របប​នេះ ក្រោយ​ពី​ពួក​យោធា​ភូមា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ​កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។