ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចការងារជាលើកទីពីរនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានផ្សាយនៅថ្ងៃទី២៨ ខែមិថុនាថា ដំណើរទស្សនកិច្ចលើកទីពីររបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសភូមានេះ គឺដើម្បីតាមដានការវិវត្តជុំវិញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់ប្រទេសនេះ។ ក្រសួងការបរទេសកម្ពុជាក៏បានឱ្យដឹងដែរថា ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ានជាលើកទីពីរនេះ ក៏ដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនានយោបាយដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសុំព័ត៌មានលម្អិតថា តើលោក ប្រាក់ សុខុន បានស្នើសុំជួបភាគីពាក់ព័ន្ធណាខ្លះ ជាពិសេស តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ដែលជារដ្ឋាភិបាលស្របច្បាប់ គឺអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែលត្រូវបានរបបសឹកភូមាកាត់ទោសឱ្យជាប់គុករយៈពេល ១១ឆ្នាំ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារដាច់ដោយឡែក។ ទោះយ៉ាងណាក្ដី អ្នកនាំពាក្យរបបសឹកភូមា នាយឧត្តមសេនីយ៍ ហ្ស័រ មីនទុន (Gen. Zaw Min Tun) បានប្រាប់វិទ្យុអាស៊ីសេរីផ្សាយជាភាសាភូមា កាលពីពេលកន្លងទៅថា ប្រេសិតពិសេសអាស៊ាននឹងមិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយអ្នកស្រី អ៊ុង សានស៊ូជី ឡើយក្នុងពេលដំណើរទស្សនកិច្ចជាលើកទីពីរនេះ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា លោក ប្រាក់ សុខុន អាចជួបបានតែជាមួយក្រុមកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចនៅភូមា ក្រៅពីជំនួបជាមួយក្រុមមេដឹកនាំរបបសឹកភូមា។
នៅមួយថ្ងៃមុនការប្រកាសពីការបំពេញដំណើរទស្សនកិច្ចលើកទីពីរនេះ ប្រេសិតពិសេសអាស៊ាន លោក ប្រាក់ សុខុន បានទទូចឱ្យរបបសឹកភូមាបញ្ជូនលោកស្រី អ៊ុង សានស៊ូជី ត្រឡប់ទៅលំនៅឋានវិញ ក្រោយរបបសឹកភូមាបានសម្រេចផ្ទេរអ្នកស្រីពីការឃុំខ្លួននៅគេហដ្ឋាន ទៅឃុំខ្លួនក្នុងពន្ធនាគារដាច់ដោយឡែកមួយ កាលពីសប្តាហ៍មុន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវឱ្យរបបសឹកភូមាពិចារណាឡើងវិញ និងជៀសវាងការកាត់ទោសប្រហារជីវិតលើបុគ្គល និងសកម្មជននយោបាយភូមាចំនួន ៤នាក់ ក្នុងនោះក៏រួមមានអតីតៈតំណាងរាស្ត្ររបស់គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុង សានស៊ូជី ផងដែរ។
កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កំពុងបង្ហាញជំហរមិនច្បាស់លាស់ជុំវិញករណីវិបត្តិនយោបាយនៅប្រទេសភូមានេះ ដោយបានព្យាយាមបញ្ចូលមេដឹកនាំរបបសឹកខុសច្បាប់ភូមាឱ្យមកចូលរួមកិច្ចប្រជុំរបស់អាស៊ានឡើងវិញ។ ជាក់ស្តែងដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ដែលទើបនឹងបិទបញ្ចប់ កាលពីពេលថ្មីៗ នេះជាដើម។ ទង្វើទាំងនេះ ធ្វើឱ្យកម្ពុជារងនូវការរិះគន់ខ្លាំងថា កំពុងធ្វើផ្ទុយពីគោលការណ៍នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ានស្ដីពីការដោះស្រាយវិបត្តិនយោបាយនៅភូមា។
ដំណើរទស្សនកិច្ចការងារជាលើកទីពីររបស់ប្រេសិតពិសេសអាស៊ាន លោក ប្រាក់ សុខុន នេះ ក៏កើតមានឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) គ្រោងនឹងបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសភូមា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា។ រដ្ឋាភិបាលក្រុងប៉េកាំង (Beijing) រងការរិះគន់ថា បានជួយផ្តល់ការគាំទ្រដល់របបសឹកភូមាខុសច្បាប់ ខណៈរបបនេះរងការដាក់ទណ្ឌកម្មជាច្រើនពីសំណាក់ក្រុមប្រទេសលោកខាងលិច និងប្រទេសអាស៊ានដទៃទៀត ដូចជាសិង្ហបុរី (Singapore) ជាដើម។ មនុស្សយ៉ាងហោចណាស់ជាង ២ពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយហិង្សាពីសំណាក់របបសឹកភូមាមកលើក្រុមអ្នករិះគន់ និងប្រឆាំងរបបនេះ ក្រោយពីពួកយោធាភូមាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីដើមខែកុម្ភៈ ឆ្នាំកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
