សកម្មជនគណបក្សប្រឆាំង២នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់ពីបទញុះញង់។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការឃាត់ខ្លួនសកម្មជននយោបាយនៅមុនការបោះឆ្នោតនេះ គឺជាការគំរាមកំហែងថ្មីបន្ថែមមួយទៀតទៅលើសកម្មជនគណបក្សប្រឆាំង។
សមាជិកគណៈកម្មាធិការប្រតិបត្តិក្រុងសួង ខេត្តត្បូងឃ្មុំ ២នាក់នៃគណបក្សភ្លើងទៀន គឺលោក អ៊ំ យ៉េត និងលោក ស៊ាង ហាន ត្រូវបានក្រុមកម្លាំងសមត្ថកិច្ចស្នងការដ្ឋានក្រុងសួង ឃាត់ខ្លួននៅថ្ងៃទី៨ ខែមិថុនា។ ក្រោយពីឃាត់ខ្លួនហើយភ្លាមៗ ក្រុមកម្លាំងសមត្ថកិច្ចបានបញ្ជូនសកម្មជននយោបាយទាំង២នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ។
កូនស្រីសកម្មជនគណបក្សភ្លើងទៀន លោក អ៊ំ យ៉េត គឺលោកស្រី យ៉ែម វណ្ណា ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចបានឃាត់ខ្លួនឪពុករបស់លោកស្រីតាំងពីម៉ោង៥ព្រឹក នៅតូបកាហ្វេក្បែរផ្ទះក្នុងភូមិពោធិកិល សង្កាត់សួង។ លោកស្រីបន្ថែមថា កម្លាំងសមត្ថកិច្ច ៥នាក់ បានចូលឃាត់ខ្លួនឪពុកលោកស្រី ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការឃាត់ខ្លួន ឬបង្ហាញដីកាឃាត់ខ្លួននោះឡើយ។ លោកស្រី យ៉ែម វណ្ណា រៀបរាប់ថា បន្ទាប់ពីឃុំខ្លួននៅស្នងការដ្ឋាននគរបាលក្រុងសួង បានប្រហែល ៣០នាទី សមត្ថកិច្ចបានបញ្ជូនខ្លួនឪពុករបស់លោកស្រីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោកស្រី យ៉ែម វណ្ណា៖«ខ្ញុំតំណាងគ្រួសារហ្នឹង នៅតែទទូចអង្វរ ទាក់ទងនឹងស្ថាប័នពាក់ព័ន្ធ តុលាការ សុំជួយដោះលែងប៉ាខ្ញុំឱ្យមានសេរីភាពវិញផង មួយរយៈនេះ គឺគាត់អត់មានសកម្មភាពអីទេ»។
លោក អ៊ំ យ៉េត គឺជាសកម្មជនគណបក្សប្រឆាំងដ៏មានប្រជាប្រិយម្នាក់ ក្នុងក្រុងសួង ខេត្តត្បូង។ ក្រោយពីជាប់ពន្ធនាគាររយៈពេលពេញមួយឆ្នាំ ក្រោមបទចោទញុះញង់ ពាក់ព័ន្ធនឹងការជួបជុំគ្នាហូបនំបញ្ចុករង់ចាំទទួលមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីឆ្នាំ២០២១ និងក្រោយមានសេរីភាពវិញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ំ យ៉េត នៅតែបន្តជីវភាពនយោបាយជាមួយគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន ដោយលោកត្រូវបានប្រជាពលរដ្ឋសង្កាត់សួង បោះឆ្នោតឱ្យជាប់ជាចៅសង្កាត់រងទី២។
ដោយឡែកសមាជិកគណៈកម្មាធិការប្រតិបត្តិក្រុងសួង គណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ស៊ាង ហាន ក៏ត្រូវបានកម្លាំងនគរបាលក្រុងសួង ឃាត់ខ្លួននៅថ្ងៃទី៨ ខែមិថុនា និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ។
កូនស្រីរបស់លោក ស៊ាង ហាន គឺលោកស្រី ហេង សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា កម្លាំងសមត្ថកិច្ច ៥នាក់ បានឃាត់ខ្លួនឪពុករបស់លោកស្រីនៅវេលាម៉ោង ១០ព្រឹក។ លោកស្រីបន្ថែមថា នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានឱ្យសួររកទូរស័ព្ទរបស់ឪពុកលោកស្រី ដោយប្រាប់ថា ដើម្បីងាយស្រួលទាក់ទង ក៏ប៉ុន្តែក្រោយពីឃាត់ខ្លួនរួចមក លោកស្រីមិនអាចទាក់ទងទៅកាន់ឪពុកលោកស្រីបានឡើយ។
លោកស្រី ហេង សំអាត៖«គោះបន្ទប់ទឹកហៅ គោះបន្ទប់ទឹកហៅ នៅចាំមុខបន្ទប់ទឹកតែម្ដង ដល់ពេលចេញមក គាត់(ប៉ូលិស)អញ្ជើញពូទៅប៉ុស្តិ៍(ប៉ូលិស)គេអត់មានដីកាអីទេ អញ្ជើញពូទៅប៉ុស្តិ៍។ ខ្ញុំសួរថាមានរឿងហេតុអីពូ គាត់ថាអត់មានរឿងហេតុអីទេ អូនឯងកុំភ័យ ហើយទៅពុកខ្ញុំគាត់សុំ ថាឥឡូវខ្ញុំសុំចូលស្លៀកពាក់ខោអាវសិនក្មួយ ហើយទៅគេអត់ឱ្យទេ គេអត់ឱ្យចូលស្លៀកពាក់ខោអាវទេ គេដឹកដៃឡើងឡាន ហើយខ្ញុំរកខោអាវឱ្យស្លៀកលើឡានទេ»។
ជុំវិញរឿងនេះ អធិការនៃស្នងការនគរបាលក្រុងសួង លោក ឈន សុធន ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានដឹងពីការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ទាំង២នាក់នេះ ក៏ប៉ុន្តែលោកមិនដឹងពីមូលហេតុនៃការឃាត់ខ្លួននោះឡើយ ដោយលោកបានប្រាប់វិទ្យុអាស៊ីសេរី ឱ្យទាក់ទងទៅស្នងការនគរបាលខេត្តត្បូងឃ្មុំ ជំនួសវិញ។ ទោះជាយ៉ាងណា មន្ត្រីប្រចាំការស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យវិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោកមិនបានដឹងអំពីមូលហេតុនៃការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនទាំង ២នាក់នេះឡើយ។
លោក ឈន សុធន៖«អារឿងហ្នឹងខ្ញុំអត់ដឹងទេបង ខ្ញុំមិនមែនអ្នកឃាត់ ដល់ពេលអ៊ីចឹង ខ្ញុំអត់ដឹងរឿងអីទេបង ខ្ញុំមិនអាចឆ្លើយបានទេ។វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៨ ខែមិថុនា»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធិ យល់ឃើញថា ការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀននៅតាមមូលដ្ឋានតាមអំពើចិត្តបែបនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយបន្ថែមទៀត ពីលើការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមការប្រកួតប្រជែងបោះឆ្នោតនាពេលខាងមុខនេះ។លោក គីមសួរ ភីរិទ្ធិ៖ « នេះវាជារឿងមួយដែលយើងទទួលយកបានណាស់ ពីព្រោះតែក្នុងស្ថានភាពគណបក្សភ្លើងទៀន មិនត្រូវបានឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយទន្ទឹមហ្នឹងមានការចាប់ខ្លួនសកម្មជនសំខាន់ៗ នៅមូលដ្ឋានដោយរំលោភនីតិវិធី ហើយយើងកំពុងតែតាមដានករណីនេះ ថាតើគាត់មានកើតរឿងអី ហើយនឹងឱ្យមេធាវីទៅតាមដាន » ។
រីឯ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើងថា ការឃាត់ខ្លួនដោយមិនបានបង្ហាញដីកាឃាត់ខ្លួនពីសំណាក់ស្ថាប័នតុលាការ ខណៈជនឃាត់ខ្លួនមិនបានប្រព្រឹត្តបទល្មើសជាក់ស្ដែង គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោក អំ សំអាត បន្ថែមថា ការឃាត់ខ្លួនសកម្មជននយោបាយនេះ ក៏បង្ហាញពីស្ថានភាពនយោបាយដែលកាន់តែតឹងតែងទៅៗ នៅមុនការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដាខាងមុខនេះ។
លោក អំ សំអាត៖«កន្លងមករវៀង អ្នកនយោបាយ នឹងអ្នកនយោបាយហ្នឹង គឺក្រោយមកក៏កើតជាបញ្ហាលេចជារឿងការឃាត់ខ្លួន និងការចាប់ខ្លួនជាបន្តបន្ទាប់ អ៊ីចឹងយើងក៏បារម្ភងាកទៅរកកាលឆ្នាំ២០១៩ វិញ ដែលគម្រោងមាតុភូមិនិវត្តនៃអតីតមេដឹកនាំគណបក្សប្រឆាំង អ៊ីចឹងខ្ញុំមើលទៅស្ថានភាពមិនខុសគ្នាទេ ទាក់ទងនឹងបញ្ហាទាំងអស់នេះ យើងមានការព្រួយបារម្ភ»។
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន កំពុងធ្វើនយោបាយបែបកំសាក មិនហ៊ានប្រកួតប្រជែងនយោបាយជាមួយគណបក្សប្រឆាំងដោយយុត្តិធម៌ និងយកពន្ធនាគារដើម្បីគំរាមកំហែងឱ្យសកម្មជនគណបក្សប្រឆាំង ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ កូនស្រីលោក អ៊ំ យ៉េត គឺលោកស្រី ហេង សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឪពុកលោកស្រី និងលោកស៊ាង ហាន ពីបទចោទញុះញង់ និងបានបញ្ជូនពួកគាត់ទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
