សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តពោធិ៍សាត់ ត្រូវអាជ្ញាធរចាប់ខ្លួន កាលថ្ងៃទី៦ តុលា។ មកដល់ថ្ងៃទី៧ តុលា នេះ អាជ្ញាធរមិនបានផ្តល់ព័ត៌មានជាក់លាក់ដល់គ្រួសារសាច់ញាតិរបស់សកម្មជនបក្សប្រឆាំងរូបនេះទេ ដែលធ្វើឲ្យពួកគេបារម្ភអំពីសុវត្ថិភាព និងសុខភាពសកម្មជនរូបនេះយ៉ាងខ្លាំង។
ជំទប់ទី២ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ជុំ សារ៉ាត់ ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីរសៀលថ្ងៃទី៦ ខែតុលា ក្បែរផ្ទះរបស់លោក។
កូនស្រីទី៣ របស់លោក ជុំ សារ៉ាត់ លោកស្រី ចែម រំពៃ ប្រាប់អាស៊ីសេរីថា មានឡានមួយគ្រឿង និងប៉ូលិសស្លៀកពាក់ឯកសណ្ឋាន២-៣នាក់ បានមកនាំខ្លួនឪពុកលោកស្រី គឺលោក ជុំ សារ៉ាត់ យកទៅ ដោយមិនផ្តល់ព័ត៌មានលម្អិតឡើយ គ្រាន់តែប្រាប់ថា បើមានការត្រូវសួរនាំ អាចទៅសួរនៅប៉ុស្តិ៍ប៉ូលិសឃុំប្រមោយ។ លោកស្រីបន្តថា រហូតដល់ម៉ោង ៤ល្ងាចថ្ងៃទី៦ តុលា នៅមិនឃើញលោក ជុំ សារ៉ាត់ ត្រឡប់មកផ្ទះ ទើបក្រុមគ្រួសារនាំគ្នាទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសឃុំប្រមោយ តែអាជ្ញាធរបានប្រាប់ថា លោក ជុំ សារ៉ាត់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បាត់ទៅហើយ។ លោកស្រីអះអាងថា អាជ្ញាធរមិនប្រាប់អំពីមូលហេតុអ្វីដែលឪពុកលោកស្រីត្រូវគេចាប់ខ្លួននោះទេ៖ « ចាស៎! គាត់មានជំងឺដែរតើចែ ខ្ញុំបារម្ភពីគាត់ដែរហ្នឹង គាត់ចាស់ហើយ គេធ្វើបាបម៉េចទៅ ហ្នឹងហើយខ្ញុំចង់ឲ្យពួកខាងគេហ្នឹងដោះលែងពុកខ្ញុំវិញមក ពុកខ្ញុំមានកំហុសអីបានជាចាប់គាត់អ៊ីចឹង !» ។
លោកស្រី ចែម រំពៃ ឱ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី៧ តុលា ទើបក្រុមគ្រួសារទទួលបានដំណឹងថា លោក ជុំ សារ៉ាត់ ត្រូវបានសាកសួរដោយតុលាការខេត្តពោធិ៍សាត់ ប៉ុន្តែនៅមិនទាន់ដឹងអំពីបទចោទប្រកាន់ និងនីតិវិធីបន្តទៀតរបស់តុលាការនោះទេ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការថ្មីខេត្តពោធិ៍សាត់ លោក ស ថេង ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី៧ តុលា។
ចំណែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ថ្លែងថា លោកមិនទាន់អាចផ្តល់ព័ត៌មានអំពីករណីនេះបានទេ ដោយត្រូវពិនិត្យរឿងនេះជាមុនសិន។ នៅពេលអាស៊ីសេរីទាក់ទងសួរនាំម្ដងទៀត លោក ឆាយ គឹមខឿន បែរជាមិនលើកទូរស័ព្ទវិញ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់អាស៊ីសេរីថា អង្គការរបស់លោកកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់។ លោកថា អាជ្ញាធរត្រូវតែបង្ហាញដីកា និងប្រាប់អំពីមូលហេតុជាក់លាក់អំពីការចាប់ខ្លួន លើសកម្មជនបក្សប្រឆាំងរូបនេះដល់សាច់ញាតិ មិនអាចចាប់មនុស្សទៅដោយគ្មានដំណឹងបែបនេះទេ៖ « ទី១ ករណីនេះយើងទទួលបានព័ត៌មានពីរឿងការចាប់ខ្លួន ហើយយើងកំពុងធ្វើតែស្វែងរកព័ត៌មានបន្ថែមថា តើការចាប់ខ្លួនហ្នឹងវារឿងអីឲ្យពិតប្រាកដ ហើយបញ្ជូនទៅកន្លែងណា នេះយើងកំពុងធ្វើការ។ ហើយមួយទៀត ទាក់ទងនឹងនីតិវិធី បើយើងពិនិត្យទៅលើផ្លូវច្បាប់វិញ ការចាប់ខ្លួនដោយគ្មានដីកាបែបនេះទៅបានវាទាល់តែបទល្មើសជាក់ស្ដែង អាហ្នឹងបានគេអាចធ្វើការចាប់ខ្លួនបាន ប៉ុន្តែបើសិនជាមិនមែនជាបទល្មើសជាក់ស្ដែងទេ វាត្រូវតែប្រាប់ត្រូវតែមានដីកា ឬបង្ហាញដីកា ឬប្រាប់ព័ត៌មានឲ្យក្រុមគ្រួសារបានដឹងថា គេចាប់រឿងអី » ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ជុំ សារ៉ាត់ បានគេចខ្លួនពីការតាមចាប់ទៅកន្លែងមានសុវត្ថិភាពមួយរយៈមកហើយ។ លោកទើបតែត្រឡប់មកផ្ទះ កាលពីថ្ងៃទី ២ តុលា ប៉ុន្តែក៏ត្រូវអាជ្ញាធរចាប់ខ្លួនវិញ។ ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងផ្ទុះឡើងជាថ្មី បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា នឹងធ្វើមាតុភូមិនិវត្តលើកទី២ ដើម្បីចូលទៅស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់នៅឡើងវិញ។ ចាប់តាំងពីខែមករា រហូតដល់ដើមខែតុលានេះ មានសកម្មជននយោបាយ ព្រះសង្ឃ និង សកម្មជនសង្គម ជាង ៣០នាក់ ហើយ ដែលអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ដែលត្រូវបានក្រុមអ្នកសិទ្ធិមនុស្សវាយតម្លៃថា ជាបទចោទប្រកាន់បែបនយោបាយ ដើម្បីបំបិទសំឡេងអ្នករិះគន់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។