អាជ្ញាធរ​ត្រៀម​បញ្ជូន​អតីត​ឧកញ៉ា ហេង សិទ្ធី មក​កម្ពុជា ​ក្រោយ​ចាប់ខ្លួន​​​បាន​នៅ​រុស្ស៊ី

ដោយ សុ ជីវី
2025.01.15
អាជ្ញាធរ​ត្រៀម​បញ្ជូន​អតីត​ឧកញ៉ា ហេង សិទ្ធី មក​កម្ពុជា ​ក្រោយ​ចាប់ខ្លួន​​​បាន​នៅ​រុស្ស៊ី អតីត​អ្នកឧកញ៉ា ហេង សិទ្ធី
រូប៖ ហ្វេសប៊ុក Sithy Heng 2025-01-13

អាជ្ញាធរ​កម្ពុជា​នៃ​ស្ថានទូត​កម្ពុជា និង​រុស្សី​កំពុង​រៀបចំ​បញ្ជូន​ខ្លួន អតីត​អ្នកឧកញ៉ា ហេង សិទ្ធី មក​កម្ពុជា​វិញ ក្រោយ​អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុស្ស៊ី។

សារព័ត៌មាន​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន សែន ហ្វ្រេសញូវ (Fresh News) អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​កម្ពុជា​បាន​ប្រាប់ កាល​ពី​យប់​ថ្ងៃ​ទី១៤ ខែ​មករា ថា អាជ្ញាធរ​ត្រៀម​បញ្ជូន លោក ហេង សិទ្ធី តាម​ជើង​យន្តហោះ​មក​កម្ពុជា​វិញ ដើម្បី​បន្ត​នីតិវិធី។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​នៅ​ឡើយ​ទេ កាល​ពី​យប់​ថ្ងៃ​ទី១៤ មករា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ការ​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល ដែល​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី៨ ខែមករា បាន​ជូន​ដំណឹង​ទៅ​បណ្ដា​តំណាង​ទូត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ពី​ការ​ប្រកាស​មោឃភាព​លិខិត​ឆ្លង​ដែន​របស់​លោក ហេង សិទ្ធី ទៅ​តាម​ការសម្រេច​លុបចោល​លិខិត​ឆ្លងដែន ចេញ​ដោយ​ក្រសួង​មហាផ្ទៃ។ ស្របគ្នា​នោះ​ដែរ សមត្ថកិច្ច​កម្ពុជា​ក៏​អះអាង​ថា បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ Interpol ដើម្បី​តាម​ចាប់​ខ្លួន​លោក ហេង សិទ្ធី ផង​ដែរ។

លោក ហេង សិទ្ធី ជា​ប្រធាន​ក្រុមហ៊ុន ម៉ារី ថាមគ្រុប (Maritime Group) និង​ធ្លាប់​មាន​ងារ​ជា​អ្នក​ឧកញ៉ា បាន​ប្រើ​បណ្ដាញ​សង្គម​ទម្លាយ​រឿង​អាស្រូវ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​របស់​មន្ត្រី​គ្រាក់ៗ ក្នុង​ស្ថាប័ន​រដ្ឋ​​ជាបន្តបន្ទាប់​ក្នុង​នោះ​រួមមាន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ និង​អតីត​អភិបាល​ក្រុងព្រះសីហនុ លោក គួច ចំរើន ជាដើម។ ចុង​ក្រោយ​នេះ លោក ហេង សិទ្ធី បាន​ទម្លាយ​បណ្ដឹង​ប្រឆាំង​ក្មួយ​បង្កើត លោក ហ៊ុន សែន និង​ជា​បងប្អូន​ជីដូនមួយ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ថា បាន​បោក​លុយ​លោក និង​អ្នកជំនួញ​ចិន​អស់​រាប់​រយ​លាន​ដុល្លារ។

លោក ហេង សិទ្ធី ធ្លាប់​បរិច្ចាគ​លុយ​ជា​ច្រើន​ដល់​រដ្ឋាភិបាល​​លោក ហ៊ុន សែន និង​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុនរ៉ានី។ ប៉ុន្តែ​លោក ហេង សិទ្ធី ត្រូវ​បាន​ព្រះមហាក្សត្រ​ដក​គោរមងារ​អ្នក​ឧកញ៉ា កាលពី​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០២៤ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការ​បញ្ចប់​គោរមងារ​អ្នក​ឧកញ៉ា​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ជនជាតិ​សិង្ហបុរី​ម្នាក់ ឈ្មោះ Phua Gek Seng បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​ចោទ​ប្រកាន់​អ្នក​ឧកញ៉ា ហេង សិទ្ធី អំពី​បទ​បរិហារកេរ្តិ៍ និង​គំរាម​កំហែង​ទារ​ប្រាក់​ចំនួន ២លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។