ពន្ធនាគារ​ផ្ទេរ​សកម្មជន​បក្ស​ប្រឆាំង ១៤​នាក់ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ

0:00 / 0:00

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ផ្ទេរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១៤​នាក់ ពី​មណ្ឌល​កែប្រែ​ព្រៃស នៅក្នុង​ក្រុងភ្នំពេញ ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី​២១ ខែ​សីហា។ គ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ការផ្ទេរ​គ្រួសារ​របស់​គាត់​ទៅ​ពន្ធនាគារ​នៅ​ឯ​ត្រពាំងផ្លុង​គឺជា ចេតនា​អាក្រក់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​បន្ថែម​លើ​សកម្មជន​នយោបាយ​។ មន្ត្រី​ពន្ធនាគារ​លើកឡើង​ថា ការផ្ទេរ​អ្នកទោស​ទៅ​ពន្ធនាគារ​តាម​ខេត្ត​គឺ​ធ្វើ​ឡើង​ជា​ធម្មតា នៅពេល​ដែល​មាន​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ណាមួយ​។ ដោយឡែក មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការផ្ទេរ​អ្នកទោស​សកម្មជន​នយោបាយ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​កុំឱ្យ​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ គឺ​លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ជួប​សម្ភាសន៍​ពួកគេ​តែប៉ុណ្ណោះ។

​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា បាន​ផ្ទេរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​១៤​នាក់ ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​វិញ។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង ១៤​នាក់​នោះ រួមមាន លោក ស៊ុន ធន់ លោក កែវ ថៃ ៣.​លោក យឹម សារ៉េត លោក ទុំ ប៊ុនថន លោក ពៀត ម៉ាប់ លោក គង់ សំអាន លោក ថៃ គន្ធា លោក ជុំ ច័ន្ទ លោក សុខ ចន្ថា លោក ឃឹម ភាណា និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធ​ធនាគារ លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ផ្ទេរ​ជន​ជាប់ឃុំ​ពី​ពន្ធនាគារ​ព្រៃស ទៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ​គឺ​ធ្វើ​ឡើង​ជា​ធម្មតា នៅពេល​ដែល​មាន​ជន​ជាប់ឃុំ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​។ លោក នុត សវនា បន្ថែម​ថា ការ​ផ្ទេរ​ជន​ជាប់ឃុំ​ទាំងនេះ ធ្វើឡើង​ដោយ​មិន​មាន​ការរើសអើង​និន្នាការ​នយោបាយ​នោះ​ឡើយ ហើយ​ការ​ផ្ទេរ​នេះ គឺ​មាន​ចំនួន​ច្រើន​មិនមែន​សំដៅ​តែ​លើ​អ្នកទោស​សកម្មជន​នយោបាយ​នោះ​ទេ៖ «កុំ​មើល​តែមួយ​ជ្រុង ការងារ​នេះ​គឺជា​ការងារ​បច្ចេកទេស អ៊ីចឹង​កុំ​យក​ការងារ​នយោបាយ​មក​ឡូកឡំ​ថា ប្រភេទ​ជន​ជាប់ឃុំ​នយោបាយ ឬ​មិន​នយោបាយ ព្រោះ​អានេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ អ៊ីចឹង​មិនមែន​តែ​ពួកគាត់​ប៉ុន្មាន​នាក់​ហ្នឹង​ទេ ដែល​យើង​បាន​ស្នើ​ទៅ​ក្រសួង​ដើម្បី​រៀបចំ​ផ្ទេរ​ហ្នឹង»។

​ជុំវិញ​រឿង​នេះ ប្រពន្ធ​លោក កាក់ កុម្ភា គឺ​លោកស្រី ព្រំ ចន្ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​បាន​ទៅ​សួរសុខទុក្ខ​ប្ដី​របស់​លោកស្រី​កាលពី​ព្រឹក ថ្ងៃទី​២២ ខែសីហា ហើយ​ប្ដី​របស់​លោកស្រី​បាន​ប្រាប់​ថា ខាង​ពន្ធនាគារ​ក៏​មាន​គម្រោង​ផ្ទេរ​អ្នកទោស​សកម្មជន​នយោបាយ​សរុប​១១​នាក់​បន្ថែម​ទៀត នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​អ្នក​ទាំងនោះ​រួមមាន ១. លោក កាក់ កុម្ភា ខ្លួនឯង ២. លោក សៀម ភ្លុក ៣. លោក គង់ ម៉ាស់ ៤. លោក អៀ ចាន់ណា ៥.​វឿង សំណាង ជាដើម​។ ជាមួយ​គ្នា​នេះ លោកស្រី ព្រំ ចន្ថា យល់​ឃើញ​ថា ការផ្ទេរ​ពន្ធ​ធនាគារ​សម្រាប់​ក្រុម​អ្នកទោស​ដែល​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត ហើយ​ការផ្ទេរ​នេះ​ទៀតសោត លោកស្រី​ថា នឹង​ធ្វើ​ឱ្យ​គ្រួសារ​សកម្មជន​ទាំងនោះ ប្រឈម​ការ​លំបាក​បន្ថែ​ម​ទៀត នៅក្នុង​ការ​ចំណាយ​ថវិកា ទៅ​សួរសុខទុក្ខ ផ្ញើ​ថ្នាំ និង​ម្ហូបអាហារ​ទៅដល់​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ​ទាំងនោះ​។ តាមរយៈ​ការ​ជជែក​ជាមួយ​ប្ដី​របស់​គាត់ លោកស្រី ព្រំ ចន្ថា ថា ការផ្ទេរ​ពន្ធនាគារ​លើ​ក​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ទាន់ហន់​ខុសពី​ធម្មតា ដោយ​កាលពី​ព្រឹក ថ្ងៃទី​២១ ខែសីហា មន្ត្រី​ពន្ធនាគារ​បាន​ទៅ​គោះ​ទ្វា វាយ​ខ្នោះ​សកម្មជន​នយោបាយ ហើយ​ប្រាប់​ពួកគេ​ថា​ត្រូវ​ផ្ទេរ​ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង​វិញ ដោយ​មិនបាន​ប្រាប់​ឱ្យ​ត្រៀមខ្លួន​ទុកជាមុន​នោះ​ឡើយ៖ «គឺ​អូស​ចេញ​ហ្នឹង ដាក់​ខ្នោះ​ចេញ​ហ្នឹង អត់​មាន​ថា​ស្រួលបួល ពួកគាត់​ចាស់ៗ​ហើយ គឺ​អត់​មាន​ទេ គឺ​និយាយ​ទៅ​ថា​ធ្វើបាប​គាត់​ជាង​របប ប៉ុល ពត សូម្បី​អ៊ីវ៉ាន់​គាត់​ក៏​យក​មិនបាន​ដែរ ថង់​ខ្មៅ​ប្ដី​ខ្ញុំ​ហាស​ជួយ ជួយ​រើ ជួយ​អី ហើយ​លឿនៗ​ៗ ឱ្យ​លឿន​ ! ឱ្យ​លឿន​ ! ចាំ​អីវ៉ាន់​យក​តាម​ក្រោយ យក​តាម​ក្រោយ​ម៉េច ហើយ​គាត់​មានអី​ស្លៀក ខោអាវ ថ្នាំសង្កូវ​របស់​គាត់​ហ្នឹង»។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការផ្ទេរ​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឱ្យ​ពួកគេ​ទាំងនោះ​ឯកា មិន​ខុសពី​ករណី​កញ្ញា សេង ធារី ដែល​ត្រូវ​បាន​ផ្ទេរ​ទៅកាន់​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ ព្រោះ​លោក​ថា នឹង​ធ្វើ​ឱ្យ​សាច់ញាតិ​អ្នក​ជាប់ឃុំ​ទាំងនោះ ពិបាកធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ ដោយ​ត្រូវការ​ពេលវេលា និង​ថវិកា​កាន់តែ​ច្រើន​។ ជាមួយ​គ្នា​នេះ លោក អំ សំអាត យល់ថា ការផ្ទេរ​នេះ​ទៀតសោត ក៏​អាច​ជា​ការ​ឆ្លើយតប​បែប​អវិជ្ជមាន​មួយ ដល់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​តែងតែ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នយោបាយ​តាម​ស្ថានទូត និង​បណ្ដា​ស្ថាប័នរដ្ឋ​នានា នា​កន្លងមក​។ លោក​បន្ថែម​ថា វា​ក៏​អាច​ជា​គោលបំណង​របស់​រដ្ឋាភិបាល ដែល​មិន​ចង់ឱ្យ​សកម្មជន​នយោបាយ​ទាំងនោះ បាន​ជួប​ជាមួយ​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា គឺ​លោក វីទិត មុនតាប៊ន ដើម្បី​ឱ្យ​លោក​បាន​ជួប​សម្ភាសន៍​ពួកគេ​ដែរ៖ «ចំ​ពេល​នេះ​គឺ​យើង​ឃើញថា អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស លោក​មក​ទស្សនកិច្ច ហើយ​លោក​ក៏​មាន​បំណង​ជួប​ទៅលើ​សកម្មជន​គណបក្ស​នយោបាយ​ដែល​ជាប់ឃុំ​ហ្នឹង​មួយចំនួន​ដែរ»។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០​នាក់​ទៀត កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចោទ​ប្រហាក់​ប្រហែល​គ្នា គឺ​បទ​ចោទ​ញុះញង់ នឹង​បទ​រួមគំនិត​ក្បត់ ក្នុង​នោះ​សកម្មជន​មួយចំនួន​ត្រូវ​បាន​តុលាការ​កាត់ក្ដី​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​៧​ឆ្នាំ។

កន្លងទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ចាត់​ទុក​រឿងក្ដី​ក្ដាំ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ទាំងនេះ ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ហើយ​ពួកគេ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​ជន​ជាប់ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។