អគ្គនាយកដ្ឋានពន្ធនាគារ បានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិ១៤នាក់ ពីមណ្ឌលកែប្រែព្រៃស នៅក្នុងក្រុងភ្នំពេញ ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែសីហា។ គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិយល់ថា ការផ្ទេរគ្រួសាររបស់គាត់ទៅពន្ធនាគារនៅឯត្រពាំងផ្លុងគឺជា ចេតនាអាក្រក់របស់រដ្ឋាភិបាលក្នុងការធ្វើទុក្ខបុកម្នេញបន្ថែមលើសកម្មជននយោបាយ។ មន្ត្រីពន្ធនាគារលើកឡើងថា ការផ្ទេរអ្នកទោសទៅពន្ធនាគារតាមខេត្តគឺធ្វើឡើងជាធម្មតា នៅពេលដែលមានភាពចង្អៀតណែននៅក្នុងពន្ធនាគារណាមួយ។ ដោយឡែក មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការផ្ទេរអ្នកទោសសកម្មជននយោបាយនេះគឺធ្វើឡើងដើម្បីកុំឱ្យអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ គឺលោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បានជួបសម្ភាសន៍ពួកគេតែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានពន្ធនាគារកាលពីព្រឹកថ្ងៃទី២១ ខែសីហា បានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិសរុប១៤នាក់ ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ។ សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១៤នាក់នោះ រួមមាន លោក ស៊ុន ធន់ លោក កែវ ថៃ ៣.លោក យឹម សារ៉េត លោក ទុំ ប៊ុនថន លោក ពៀត ម៉ាប់ លោក គង់ សំអាន លោក ថៃ គន្ធា លោក ជុំ ច័ន្ទ លោក សុខ ចន្ថា លោក ឃឹម ភាណា និងសកម្មជនបក្សប្រឆាំងមួយចំនួនទៀត។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធធនាគារ លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថា ការផ្ទេរជនជាប់ឃុំពីពន្ធនាគារព្រៃស ទៅពន្ធនាគារតាមខេត្តផ្សេងៗគឺធ្វើឡើងជាធម្មតា នៅពេលដែលមានជនជាប់ឃុំចង្អៀតណែននៅក្នុងពន្ធនាគារ។ លោក នុត សវនា បន្ថែមថា ការផ្ទេរជនជាប់ឃុំទាំងនេះ ធ្វើឡើងដោយមិនមានការរើសអើងនិន្នាការនយោបាយនោះឡើយ ហើយការផ្ទេរនេះ គឺមានចំនួនច្រើនមិនមែនសំដៅតែលើអ្នកទោសសកម្មជននយោបាយនោះទេ៖ «កុំមើលតែមួយជ្រុង ការងារនេះគឺជាការងារបច្ចេកទេស អ៊ីចឹងកុំយកការងារនយោបាយមកឡូកឡំថា ប្រភេទជនជាប់ឃុំនយោបាយ ឬមិននយោបាយ ព្រោះអានេះគឺជាបទល្មើសព្រហ្មទណ្ឌទេ អ៊ីចឹងមិនមែនតែពួកគាត់ប៉ុន្មាននាក់ហ្នឹងទេ ដែលយើងបានស្នើទៅក្រសួងដើម្បីរៀបចំផ្ទេរហ្នឹង»។
ជុំវិញរឿងនេះ ប្រពន្ធលោក កាក់ កុម្ភា គឺលោកស្រី ព្រំ ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបានទៅសួរសុខទុក្ខប្ដីរបស់លោកស្រីកាលពីព្រឹក ថ្ងៃទី២២ ខែសីហា ហើយប្ដីរបស់លោកស្រីបានប្រាប់ថា ខាងពន្ធនាគារក៏មានគម្រោងផ្ទេរអ្នកទោសសកម្មជននយោបាយសរុប១១នាក់បន្ថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយអ្នកទាំងនោះរួមមាន ១. លោក កាក់ កុម្ភា ខ្លួនឯង ២. លោក សៀម ភ្លុក ៣. លោក គង់ ម៉ាស់ ៤. លោក អៀ ចាន់ណា ៥.វឿង សំណាង ជាដើម។ ជាមួយគ្នានេះ លោកស្រី ព្រំ ចន្ថា យល់ឃើញថា ការផ្ទេរពន្ធធនាគារសម្រាប់ក្រុមអ្នកទោសដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ គឺជាការធ្វើទុក្ខបុកម្នេញដល់សកម្មជនគណបក្សប្រឆាំងបន្ថែមទៀត ហើយការផ្ទេរនេះទៀតសោត លោកស្រីថា នឹងធ្វើឱ្យគ្រួសារសកម្មជនទាំងនោះ ប្រឈមការលំបាកបន្ថែមទៀត នៅក្នុងការចំណាយថវិកា ទៅសួរសុខទុក្ខ ផ្ញើថ្នាំ និងម្ហូបអាហារទៅដល់អ្នកទោសដែលកំពុងជាប់ឃុំទាំងនោះ។ តាមរយៈការជជែកជាមួយប្ដីរបស់គាត់ លោកស្រី ព្រំ ចន្ថា ថា ការផ្ទេរពន្ធនាគារលើកនេះគឺធ្វើឡើងដោយទាន់ហន់ខុសពីធម្មតា ដោយកាលពីព្រឹក ថ្ងៃទី២១ ខែសីហា មន្ត្រីពន្ធនាគារបានទៅគោះទ្វា វាយខ្នោះសកម្មជននយោបាយ ហើយប្រាប់ពួកគេថាត្រូវផ្ទេរទៅពន្ធនាគារត្រពាំងផ្លុងវិញ ដោយមិនបានប្រាប់ឱ្យត្រៀមខ្លួនទុកជាមុននោះឡើយ៖ «គឺអូសចេញហ្នឹង ដាក់ខ្នោះចេញហ្នឹង អត់មានថាស្រួលបួល ពួកគាត់ចាស់ៗហើយ គឺអត់មានទេ គឺនិយាយទៅថាធ្វើបាបគាត់ជាងរបប ប៉ុល ពត សូម្បីអ៊ីវ៉ាន់គាត់ក៏យកមិនបានដែរ ថង់ខ្មៅប្ដីខ្ញុំហាសជួយ ជួយរើ ជួយអី ហើយលឿនៗៗ ឱ្យលឿន ! ឱ្យលឿន ! ចាំអីវ៉ាន់យកតាមក្រោយ យកតាមក្រោយម៉េច ហើយគាត់មានអីស្លៀក ខោអាវ ថ្នាំសង្កូវរបស់គាត់ហ្នឹង»។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការផ្ទេរសកម្មជននយោបាយដែលកំពុងជាប់ឃុំនៅពេលនេះ នឹងអាចធ្វើឱ្យពួកគេទាំងនោះឯកា មិនខុសពីករណីកញ្ញា សេង ធារី ដែលត្រូវបានផ្ទេរទៅកាន់ពន្ធនាគារនៅខេត្តព្រះវិហារ ព្រោះលោកថា នឹងធ្វើឱ្យសាច់ញាតិអ្នកជាប់ឃុំទាំងនោះ ពិបាកធ្វើដំណើរទៅសួរសុខទុក្ខ ដោយត្រូវការពេលវេលា និងថវិកាកាន់តែច្រើន។ ជាមួយគ្នានេះ លោក អំ សំអាត យល់ថា ការផ្ទេរនេះទៀតសោត ក៏អាចជាការឆ្លើយតបបែបអវិជ្ជមានមួយ ដល់ក្រុមស្ត្រីថ្ងៃសុក្រ ដែលតែងតែធ្វើយុទ្ធនាការទាមទារឱ្យដោះលែងសកម្មជននយោបាយតាមស្ថានទូត និងបណ្ដាស្ថាប័នរដ្ឋនានា នាកន្លងមក។ លោកបន្ថែមថា វាក៏អាចជាគោលបំណងរបស់រដ្ឋាភិបាល ដែលមិនចង់ឱ្យសកម្មជននយោបាយទាំងនោះ បានជួបជាមួយអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា គឺលោក វីទិត មុនតាប៊ន ដើម្បីឱ្យលោកបានជួបសម្ភាសន៍ពួកគេដែរ៖ «ចំពេលនេះគឺយើងឃើញថា អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស លោកមកទស្សនកិច្ច ហើយលោកក៏មានបំណងជួបទៅលើសកម្មជនគណបក្សនយោបាយដែលជាប់ឃុំហ្នឹងមួយចំនួនដែរ»។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប្រមាណ ៦០នាក់ទៀត កំពុងជាប់ឃុំនៅពន្ធនាគារ។ ពួកគេត្រូវបានចោទប្រកាន់ពីបទចោទប្រហាក់ប្រហែលគ្នា គឺបទចោទញុះញង់ នឹងបទរួមគំនិតក្បត់ ក្នុងនោះសកម្មជនមួយចំនួនត្រូវបានតុលាការកាត់ក្ដីដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ៧ឆ្នាំ។
កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង បានចាត់ទុករឿងក្ដីក្ដាំមកលើសកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលទាំងនេះ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយពួកគេទទូចឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
