សាច់ញាតិ លោក ចៅ វាសនា ថា សវនាការ នេះ ពុំមានការវិវត្តអ្វីជាដុំកំភួននោះទេ ដោយខាងសាលាឧទ្ធរណ៍ លើកឡើងសំណួរមកសួរដដែលៗ ជុំវិញយុទ្ធនាការ គូសសន្លឹកឆ្នោតចោល នៅលើបណ្ដាញសង្គម។
នៅក្នុងសំលៀកបំពាក់ពណ៌ស្លាកទុំ លោក ចៅ វាសនា បានឈរនិយាយក្នុងអង្គសវនាការ ជាថ្មីម្ដងទៀត នៅថ្ងៃទី២៩ ខែឧសភាថា ការចាប់ខ្លួនលោក ពាក់ព័ន្ធបទញុះញង់ ដាក់ពន្ធនាគារនេះ គឺជារឿងអយុត្តិធម៌។ លោកថា តុលាការគួរតែទម្លាក់ការចោទប្រកាន់ ហើយត្រូវបង្ហាញភស្តុតាងឱ្យបានច្បាស់ជាជាងធ្វើឡើងក្រោមហេតុផលនយោបាយ។
កូនស្រីលោក ចៅ វាសនា លោកស្រី ចៅ រតនៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែឧសភា ថា សវនាការឪពុករបស់លោកស្រី គឺ លោក ចៅ វាសនា ពុំមានអ្វីវិវត្តន៍ជាដុំកំភួននោះទេ ដោយសាលាឧទ្ធរណ៍ បានដាក់សំណួរសួរដដែល មកលើលោក ចៅ វាសនា ពាក់ព័ន្ធ ក្រុមតេឡេក្រាម(Telegram) រឿងញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល នៅលើបណ្ដាញសង្គម។ រីឯលោក ចៅ វាសនា បានឆ្លើយនៅក្នុងអង្គសវនាការដោយប្រកាន់ជំហរថា លោកពុំពាក់ព័ន្ធនៅក្នុង ក្រុមតេឡេក្រាម ដែលបង្កើតឡើងដោយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្សី នោះឡើយ។ លោកថា តុលាការគួរតែពិចារណាឡើងវិញ ទម្លាក់ការចោទប្រកាន់ និងរកភស្តុតាង ឱ្យបានត្រឹមត្រូវជាជាងធ្វើទុក្ខបុកម្នេញមកលើរូបលោក ជាបន្តបន្ទាប់ដោយយុត្តិធម៌។
លោកស្រី ចៅ រតនៈ៖ «សំណួរដែលគេសួរឪពុកខ្ញុំ គ្មានអីក្រៅពី ថាតើ ជាសមាជិក ក្រុមតេឡេក្រាម ឬក៏អត់?បើសិនជាសមាជិក ឪពុកខ្ញុំនឹងរងការចោទប្រកាន់។ ប៉ុន្តែ ហេតុអ្វី បានជាតុលាការមិនស្រាវជ្រាវសិន បើសិនជាតុលាការមិនទាន់ច្បាស់លាស់។ ព្រោះការឃុំខ្លួន ដោយគ្មានភស្តុតាងច្បាស់ ធ្វើឱ្យឪពុក ខ្ញុំគាត់ត្រូវរងសម្ពាធផ្លូវចិត្ត ព្រោះជាប់ឃុំ ក្នុងពន្ធនាគារ រហូតដល់ឥឡូវចូល១០ខែហើយ»។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ខ្លួនប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ជាលើកទី២ ទាក់ទងនឹងបទញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលកាលពីថ្ងៃទី២៣ ខែ កក្កដា ដែលជាថ្ងៃអតីតរដ្ឋាភិបាលលោក ហ៊ុន សែន រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយគ្មានគូប្រកួត។ តុលាការខេត្តនេះ ក៏បានបង្គាប់ឱ្យឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនរូបនេះបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា។
ទាក់ទងនឹងរឿងនេះ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ គឺលើកកម្ពស់ការចូល រួមផ្នែកនយោបាយដោយស្មើភាពគ្នា ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច។ លោកបន្តថា កម្ពុជាគួរតែ ដល់ពេលបញ្ឈប់ធ្វើទុក្ខបុកម្នេញ គ្នាតាមរយៈប្រព័ន្ធតុលាការបែបនេះ។
លោក ស៊ឹង សែនករុណា៖ «គោលការណ៍នៃការអនុវត្តច្បាប់គឺមិនត្រូវឱ្យជនណាម្នាក់នៅពីលើច្បាប់ទេ ប៉ុន្តែដោយឡែកសមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធហាក់ផ្ដោតតែលើក្រុមគណបក្សប្រឆាំង ឬធ្វើទុក្ខបុកម្នេញតែលើក្រុមគណបក្សប្រឆាំង ទាំងអស់នេះ វាជារឿងមួយដែលធ្វើឱ្យសាធារណជន ក៏ដូចជាមតិជាតិ និងអន្តរជាតិគេរិះគន់ការអនុវត្តច្បាប់របស់ប្រទេសកម្ពុជាហ្នឹងឯងបាទ»។
លោក ចៅ វាសនា ធ្លាប់ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារម្ដងរួចមកហើយ ពីបទញុះញង់ និងបានចេញពីពន្ធនាគារវិញ កាលពីដើមឆ្នាំ២០២២ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ចំនួន រយៈពេល ៥ឆ្នាំពេញ នៅក្នុងពន្ធនាគារ។
កាលពីពេលកន្លងទៅ សាច់ញាតិ សកម្មជនបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ ការឃុំខ្លួន និងការសម្រេចផ្ដន្ទាទោសលោក ចៅ វាសនា ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
